ជំងឺអេដស៍រាលដាលនៅទ្វីបអាព្រិច
ជំងឺអេដស៍រាលដាលនៅទ្វីបអាព្រិច
«យើងកំពុងតែប្រឈមមុខនឹងមហន្តរាយនៅសម័យបច្ចុប្បន្ន»។
ពាក្យសំដីនេះរបស់លោកស្ទេផាន លូអិស ដែលជាតំណាងពិសេសរបស់សហប្រជាជាតិផ្នែកវីរុសហ៊ីវ/ជំងឺអេដស៍នៅទ្វីបអាព្រិច ក៏បង្ហាញពីអារម្មណ៍របស់មនុស្សជាច្រើនឯទៀតដែលកំពុងតែបារម្ភអំពីបញ្ហាជំងឺអេដស៍នៅទ្វីបអាព្រិចប៉ែកខាងត្បូងសមុទ្រខ្សាច់សាហារ៉ា។
មានកត្ដាមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការរាលដាលនៃវីរុសហ៊ីវ។ ជាលទ្ធផលជំងឺអេដស៍បានធ្វើឲ្យបញ្ហាឯទៀតទៅជាធ្ងន់ធ្ងរឡើង។ ស្ថានការណ៍ដែលមានទូទាំងប្រទេសខ្លះនៅទ្វីបអាព្រិចនិងតំបន់ឯទៀតលើពិភពលោកដែលមានជំងឺអេដស៍កំពុងរាលដាលនោះ គឺជាស្ថានការណ៍ដែលច្រើនតែជាប់ទាក់ទងនឹងកត្ដាដូចតទៅនេះ។
សីលធម៌ ដោយសារការរួមភេទគឺជាវិធីចំបងដែលវីរុសហ៊ីវឆ្លង នោះការខ្វះខាតនូវខ្នាតតម្រាដ៏ជាក់ច្បាស់ស្តីអំពីសីលធម៌ទំនងជាបណ្ដាលឲ្យជំងឺនេះរាលដាល។ ប៉ុន្តែ មនុស្សជាច្រើនគិតថា ការខំជំរុញមនុស្សដែលមិនទាន់រៀបការមិនឲ្យរួមភេទគឺអ្វីដែលមិនសមហេតុសមផលទេ។ ក្នុងអត្ថបទកាសែតមួយនៅទីក្រុងជោហានេសបួនៅប្រទេសអាព្រិចខាងត្បូង លោកហ្វ្រងស្វា ឌូហ៊្វឺ បានសរសេរថា៖«ការគ្រាន់តែព្រមានពួកយុវវ័យមិនឲ្យរួមភេទនោះគ្មានប្រសិទ្ធភាពទេ។ ជារៀងរាល់ថ្ងៃ ពួកយុវវ័យមើលរូបជាច្រើនរាប់ពុំអស់ដែលបណ្ដាលឲ្យស្រើបស្រាលនិងរូបទាំងនោះបង្ហាញពួកគេនូវអាការៈក្រៅដែលគេគួរមាននិងអ្វីដែលពួកគេគួរធ្វើ»។ (The Star)
ការវិភាគនេះមើលទៅដូចជាត្រឹមត្រូវបើយកមកប្រៀបធៀបនឹងការប្រព្រឹត្តរបស់ពួកយុវវ័យ។ ជាឧទាហរណ៍ ការស្ទង់មតិនៅប្រទេសមួយបានឲ្យដឹងថា ប្រមាណ១ភាគ៣នៃពួកយុវវ័យដែលស្ថិតក្នុងអាយុ១២ដល់១៧ឆ្នាំបានរួមភេទរួចហើយ។
នៅប្រទេសអាព្រិចខាងត្បូង ការចាប់រំលោភបានត្រូវគេចាត់ទុកជាបញ្ហាដ៏ធំស្មើនឹងរឿងអាសន្នជាតិទាំងមូល។ សេចក្ដីរាយការណ៍ពីសារពត៌មាន
នៅទីក្រុងជោហានេសបួបានប្រាប់ថា ការចាប់រំលោភ«នៅប្រទេសនេះមានច្រើនដល់ម្ល៉េះ ដែលវាគឺជាបញ្ហាដ៏ធំលើសជាងបញ្ហាណាផ្សេងទៀតដែលបង្កការគំរាមកំហែងដល់សុខភាពស្ត្រីនិងសុខភាពកុមារាកុមារីកាន់តែច្រើនផងដែរ»។ អត្ថបទដដែលនេះបានកត់សម្គាល់ថា៖«ការចាប់រំលោភកុមារបានកើនទ្វេឡើងមួយជាពីរនៅពេលថ្មីៗនេះ . . . តាមមើលទៅ អំពើទាំងនេះគឺក្នុងបំណងប្រព្រឹត្តតាមជំនឿមិនពិតថា អ្នកផ្ទុកវីរុសហ៊ីវដែលចាប់រំលោភស្ត្រីក្រមុំបរិសុទ្ធនឹងបានជាឡើងវិញ»។ (Citizen)ជំងឺកាមរោគ អត្រានៃការឆ្លងជំងឺកាមរោគនៅតំបន់នេះគឺខ្ពស់ណាស់។ សារពត៌មានមួយបានប្រាប់ថា៖ «ដោយសារមានជំងឺកាមរោគនោះលទ្ធភាពឆ្លងវីរុសហ៊ីវប្រភេទទីមួយគឺច្រើនជាងធម្មតាពី២ទៅ៥ដង»។ (South African Medical Journal)
ភាពក្រីក្រ ប្រទេសជាច្រើននៅទ្វីបអាព្រិចកំពុងតែតស៊ូពុះពារនឹងភាពក្រីក្រ ហើយនេះជាកត្ដាមួយដ៏អំណោយផលសំរាប់ការរាលដាលនៃជំងឺអេដស៍។ អ្វីដែលមនុស្សនៅប្រទេសជឿនលឿនចាត់ទុកជាអ្វីដ៏ចាំបាច់នោះ ជាអ្វីដែលមនុស្សនៅប្រទេសកំពុងអភិវឌ្ឍពុំមាននោះ។ សហគមន៍ធំៗគ្មានអគ្គីសនីនិងគ្មានលទ្ធភាពបានទឹកផឹកស្អាតទេ។ នៅតាមជនបទ គ្មានផ្លូវលំ ហើយបើមាន ផ្លូវលំនោះគឺមិនមានគ្រប់គ្រាន់ទេ។ អ្នករស់នៅទីនោះរងគ្រោះដោយសារគ្មានអាហារូបត្ថម្ភគ្រប់គ្រាន់ ហើយមន្ទីរថែទាំសុខភាពមានតិចណាស់។
ជំងឺអេដស៍បានជះឥទ្ធិពលអាក្រក់មកលើពាណិជ្ជកម្មនិងឧស្សាហកម្ម។ កាលដែលបុគ្គលិកកាន់តែច្រើនឆ្លងជំងឺអេដស៍ នោះក្រុមហ៊ុនអណ្ដូងរ៉ែកំពុងតែទទួលឥទ្ធិពលពីការចុះអន់ថយផ្នែកផលិតកម្ម។ ក្រុមហ៊ុនខ្លះកំពុងរកវិធីប្រើស្វ័យប្រវត្ដិកម្មនិងប្រើម៉ាស៊ីនជំនួសមនុស្សដើម្បីទប់ទល់ការខាតបង់ផ្នែកផលិតកម្ម។ មានគេប៉ាន់ស្មានថា ក្នុងកំឡុងឆ្នាំ២០០០នៅអណ្ដូងរ៉ែប្លាទីនមួយ ករណីនៃការកើតជំងឺអេដស៍ក្នុងចំណោមបុគ្គលិកបានកើនជិតទ្វេឡើង ហើយមានបុគ្គលិកប្រមាណ២៦ភាគរយបានឆ្លងជំងឺនេះ។
ផលវិបាកគួរឲ្យសោកស្ដាយមួយដែលបណ្ដាលមកពីជំងឺអេដស៍គឺថាកុមារាកុមារីជាច្រើននាក់ទៅជាកូនកំព្រាពេលមាតាបិតាស្លាប់ដោយសារជំងឺអេដស៍។ បន្ថែមពីលើការបាត់បង់នូវមាតាបិតានិងលុយចិញ្ចឹមជីវិត កុមារទាំងនេះត្រូវស៊ូទ្រាំនឹងភាពអាម៉ាស់មុខនិងការមើលងាយដែលជំងឺអេដស៍នាំមក។ ជាញយៗ ញាតិមិត្តឬក៏សហគមន៍គឺក្រពេក ជួយកូនកំព្រាមិនបានឬក៏មិនសុខចិត្តជួយតែម្ដង។ កូនកំព្រាជាច្រើនឈប់រៀនសូត្រ។ កូនកំព្រាខ្លះទៀតបែរជាលក់ខ្លួន ជាហេតុនាំឲ្យជំងឺនេះរាលដាលតទៅទៀត។ ប្រទេសជាច្រើនបានរៀបចំកម្មវិធីរដ្ឋឬក៏ឯកជនដើម្បីផ្ដល់ជំនួយដល់កូនកំព្រាទាំងនេះ។
ភាពល្ងង់ខ្លៅ មនុស្សមួយចំនួននៃអ្នកដែលមានវីរុសហ៊ីវមិនដឹងថាខ្លួនមានទេ។ ពួកគេជាច្រើនមិនចង់ឲ្យពេទ្យធ្វើតែសឈាមទេព្រោះខ្លាចមនុស្សមើលងាយនិងខ្លាចអាម៉ាស់មុខបើពិនិត្យឈាមឃើញថាមានជំងឺនេះ។ អង្គការកម្មវិធីរួមរបស់សហប្រជាជាតិផ្នែកវីរុសហ៊ីវ/ជំងឺអេដស៍ (UNAIDS)បានប្រាប់សារពត៌មានថា៖«មនុស្សដែលមានវីរុសហ៊ីវឬក៏ត្រូវគេសង្ស័យថាមានវីរុសហ៊ីវអាចត្រូវគេមិនព្រមទទួលនៅមន្ទីរថែទាំសុខភាព ឬត្រូវគេបដិសេធមិនឲ្យរស់នៅឬធ្វើការនៅកន្លែងខ្លះ ឬក៏
ត្រូវមិត្តភក្ដិនិងអ្នកធ្វើការជាមួយឈប់រាប់រកមិនចង់ជួបមុខ ឬមួយក៏ត្រូវគេច្រានចោលនូវការដាក់ពាក្យសូមដើម្បីទទួលបានការធានារ៉ាប់រង ឬមិនអនុញ្ញាតឲ្យទៅប្រទេសក្រៅ»។ មនុស្សខ្លះរហូតដល់ត្រូវគេសម្លាប់ទៀតផងពេលគេដឹងឮថាមនុស្សនោះមានវីរុសហ៊ីវ។វប្បធម៌ ក្នុងវប្បធម៌អាព្រិចជាច្រើន ស្ត្រីគ្មានលទ្ធភាពសួរប្ដីខ្លួនអំពីការរួមភេទក្រៅអាពាហ៍ពិពាហ៍ និងគ្មានលទ្ធភាពបដិសេធមិនព្រមរួមភេទទេ និងក៏គ្មានលទ្ធភាពសុំឲ្យមានសុវត្ថិភាពក្នុងការរួមភេទដែរ។ ភាគច្រើន ជំនឿវប្បធម៌មានមូលដ្ឋានលើភាពល្ងង់ខ្លៅនិងការមិនព្រមទទួលស្គាល់ការពិតអំពីជំងឺអេដស៍។ ជាឧទាហរណ៍ ជួនកាលពួកគេគិតថានេះមកពីអំពើអាបធ្មប់ ហើយប្រហែលជាសុំគ្រូមន្តអាគមជួយទៅវិញ។
មន្ទីរថែទាំសុខភាពមិនមានគ្រប់គ្រាន់ មន្ទីរថែទាំសុខភាពតិចតួចដែលមានកំពុងតែដាក់អ្នកជំងឺអេដស៍ហួសកំណត់។ មន្ទីរពេទ្យធំពីរកន្លែងបានរាយការណ៍ថា ជាងពាក់កណ្ដាលចំនួនអ្នកជំងឺដែលដេកពេទ្យគឺជាអ្នកហ៊ីវវិជ្ជមាន។ មេត្រួតពិនិត្យនៅមន្ទីរពេទ្យមួយនៅខេត្ត ក្វាស៊ូលូណាតាល ប្រាប់ថាមន្ទីរពេទ្យរបស់គាត់កំពុងតែធ្វើការហួសកំណត់៤០ភាគរយ។ ជួនកាលអ្នកជំងឺពីរនាក់ដេកគ្រែតែមួយ ហើយអ្នកជំងឺម្នាក់ទៀតត្រូវដេកក្រោមគ្រែវិញ!—South African Medical Journal
នៅទ្វីបអាព្រិច ទោះជាមានហេតុការណ៍ដ៏គួរឲ្យខ្លោចផ្សាដូច្នេះក៏ដោយ តែមុខសញ្ញាបង្ហាញថាបញ្ហានេះអាចធំជាងនេះទៅទៀត។ លោកភីធើ ផ្យូខាងអង្គការUNAIDSបានកត់សម្គាល់ថា៖«នេះគ្រាន់តែជាទីចាប់ផ្ដើមនៃការរាលដាលទេ»។
តាមការសង្កេត ប្រទេសខ្លះកំពុងព្យាយាមតយុទ្ធនឹងជំងឺនេះ។ ហើយជាលើកទីមួយ នៅខែមិថុនា ឆ្នាំ២០០១ មហាសន្និបាតរបស់អង្គការសហប្រជាជាតិបានធ្វើសន្និសីទដ៏ពិសេសមួយដើម្បីពិភាក្សាអំពីវីរុសហ៊ីវ/ជំងឺអេដស៍។ តើការព្យាយាមរបស់មនុស្សនឹងទទួលបានជោគជ័យឬទេ? តើការសម្លាប់រង្គាលដោយជំងឺអេដស៍នឹងត្រូវបញ្ឈប់នៅពេលណាទៅ?
[ប្រអប់/រូបភាពនៅទំព័រ៦]
វីរុសដ៏ឆ្លាតមួយបញ្ឆោតកោសិកា
យើងសូមក្រឡេកមើលមួយភ្លែតទៅក្នុងពិភពតូចល្អិតជាទីបំផុតរបស់វីរុសហ៊ីវ(វីរុសដែលបណ្ដាលឲ្យខូចប្រព័ន្ធស៊ាំរបស់មនុស្ស)។ អ្នកវិទ្យាសាស្ត្រម្នាក់បានពោលថា៖«ក្រោយរាប់សិបឆ្នាំដែលខ្ញុំបានសម្លឹងមើលវីរុសដែលមានភាគល្អិតតាមរយៈមីក្រូទស្សន៍អេឡិចត្រូនិច ខ្ញុំនៅតែនឹកអស្ចារ្យនិងរំភើបចិត្តពេលឃើញថាអ្វីដ៏តូចល្អិតជាទីបំផុតនេះ មានភាពសាំញ៉ាំនិងឥតខ្ចោះយ៉ាងនេះ»។
វីរុសគឺតូចជាងបាក់តេរី ហើយបាក់តេរីគឺតូចជាងកោសិកាធម្មតារបស់មនុស្សឆ្ងាយណាស់។ យោងទៅតាមប្រភពមួយដែលអាចយកជាការបាន វីរុសហ៊ីវគឺតូចល្អិតដល់ម្ល៉េះដែល«[វីរុសហ៊ីវ]២៣០លានអាចដាក់បានក្នុងសញ្ញាចុចនេះ‹.›»។ វីរុសមួយមិនអាចបន្តពូជបានទេ លុះត្រាតែវាលបចូលក្នុងកោសិកាមួយហើយឈ្លៀសយកមកប្រើនូវសំភារៈនៅក្នុងកោសិកានោះ។
ពេលវីរុសហ៊ីវរុករានចូលក្នុងរូបកាយមនុស្ស វាត្រូវតយុទ្ធនឹងកម្លាំងខ្លាំងរបស់ប្រព័ន្ធស៊ាំជំងឺ។ * ខួរឆ្អឹងផលិតគោលិកាសដែលរួមគ្នាធ្វើជាប្រព័ន្ធការពារ។ គោលិកាសមានឡាំផូស៊ីតពីរប្រភេទដ៏សំខាន់ ដែលត្រូវហៅថាគោលិកាTនិងគោលិកាB។ គោលិកាសខ្លះទៀតហៅថាផាកូស៊ីត ដែលមានន័យថា«អ្នកស៊ីកោសិកា»។
គោលិកាTបែបផ្សេងៗមានមុខងារខុសៗគ្នា។ គោលិកាដែលហៅថាគោលិកាTជំនួយ មានតួនាទីសំខាន់ក្នុងយុទ្ធសាស្ត្រនេះ។ គោលិកាTជំនួយជួយសម្គាល់មេរោគដែលរុករានចូលរូបកាយ ហើយក៏បញ្ជារូបកាយឲ្យបង្កើតនូវគោលិកាដែលវាយប្រហារនិងសម្លាប់សត្រូវ។ វីរុសហ៊ីវវាយប្រហារទៅលើគោលិកាTជំនួយទាំងនេះជាពិសេស។ គោលិកាដែលហៅថាគោលិកាTដែលសម្លាប់កោសិកាទៅជាសកម្មឡើងដើម្បីបំផ្លាញនូវកោសិការូបកាយដែលបានត្រូវវីរុសរុករានចូលហើយ។ គោលិកាBផលិតអង់ទីករដែលត្រូវកេណ្ឌដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស។
ភាពឆ្លៀវឆ្លាតខាងយុទ្ធសាស្ត្រ
វីរុសហ៊ីវត្រូវដាក់ក្នុងចំណែកថ្នាក់រ៉េត្រូវីរុស។ ពត៌មានសេនេទិចរបស់វីរុសហ៊ីវគឺជាARN(អាស៊ីតរីបូនុយក្លេអ៊ិច) មិនមែនADN(អាស៊ីតដេអុកស៊ីរីបូនុយក្លេអ៊ិច)ទេ។ វីរុសហ៊ីវស្ថិតនៅក្នុងចំណែកថ្នាក់រ៉េត្រូវីរុសបែបពិសេសមួយដែលអាចនៅកំបាំងក្នុងរូបកាយមួយរយៈយូរ ដោយមិនបង្កឲ្យមានរោគសញ្ញាធ្ងន់ធ្ងរជាក់ស្តែងទេ។
ពេលវីរុសហ៊ីវចូលទៅក្នុងកោសិការួច វាអាចប្រើសំភារៈក្នុងកោសិកានោះដើម្បីបំរើប្រយោជន៍វា។ វាបញ្ជាឲ្យADNរបស់កោសិកានោះផលិតវីរុសហ៊ីវថ្មីៗជាច្រើន។ ប៉ុន្តែ មុនដែលហ៊ីវអាចធ្វើដូច្នេះបាន វាត្រូវប្រើភាសាថ្មីមួយ។ វាត្រូវតែផ្លាស់ប្ដូរARNរបស់វាទៅជាADNវិញដើម្បីឲ្យសំភារៈក្នុងកោសិកាអាចអាននិងយល់បាន។ ដើម្បីសម្រេចគោលដៅនេះ វីរុសហ៊ីវប្រើអង់ស៊ីមវ៉ីរសមួយហៅថាការចម្លងច្រាស(ត្រង់ស្គ្រីបតាសច្រាស)។ ក្រោយមក កោសិកានោះស្លាប់ បន្ទាប់ពីបានផលិតភាគល្អិតវីរុសហ៊ីវថ្មីៗរាប់ពាន់។ ភាគល្អិតថ្មីៗនេះរុករានចូលកោសិកាឯទៀត។
ក្រោយចំនួនគោលិកាTបានថយចុះយ៉ាងច្រើនហើយ មេរោគឯទៀតអាចរាតត្បាតក្នុងរូបកាយដោយមិនខ្លាចការវាយប្រហារទេ។ រូបកាយធ្លាក់ខ្លួនឈឺដោយសារជំងឺនិងវីរុសសព្វបែបយ៉ាង។ បុគ្គលដែលបានឆ្លងវីរុសហ៊ីវឥឡូវមានជំងឺអេដស៍ទាំងស្រុង។ វីរុសហ៊ីវបានធ្វើឲ្យខូចប្រព័ន្ធស៊ាំជំងឺអស់រលីង។
នេះជាការពន្យល់ឲ្យស្រួលយល់។ យើងត្រូវចាំថា មានអ្វីជាច្រើនដែលអ្នកស្រាវជ្រាវមិនដឹងអំពីប្រព័ន្ធស៊ាំជំងឺនិងអំពីដំណើរការនៃជំងឺហ៊ីវ។
ស្ទើរតែពីរទសវត្សមកហើយ វីរុសដ៏តូចល្អិតនេះបានធ្វើឲ្យអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រព្យាយាមអស់ពីគំនិតនិងអស់ធនធាន ដោយត្រូវចំណាយប្រាក់អស់យ៉ាងច្រើន។ ជាលទ្ធផល ពួកគេបានរៀនច្រើនអំពីវីរុសហ៊ីវ។ លោកគ្រូពេទ្យ ហ្សឺវិញ ប. ញូឡង់ដែលជាគ្រូពេទ្យខាងវះកាត់បានមានប្រសាសន៍ប៉ុន្មានឆ្នាំមុនថា៖ «ចំនួនពត៌មានដែលបានត្រូវ . . . ប្រមូលអំពីវីរុសដែលធ្វើឲ្យខូចប្រព័ន្ធស៊ាំជំងឺរបស់មនុស្ស ថែមទាំងការឈានទៅមុខក្នុងការតយុទ្ធប្រឆាំងនឹងការវាយប្រហារដោយវីរុសនេះ គឺគួរឲ្យកោតស្ងើចណាស់»។
យ៉ាងណាក៏ដោយ ការសម្លាប់រង្គាលដោយជំងឺអេដស៍នៅតែឈានទៅមុខយ៉ាងលឿនគួរឲ្យរន្ធត់ណាស់។
[កំណត់សម្គាល់]
^ វគ្គ 21 សូមមើលទស្សនាវដ្ដីភ្ញាក់រឭក! ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០១ ទំព័រ១៣-១៥ (ជាភាសាអង់គ្លេស)។
[រូបភាព]
វីរុសហ៊ីវជ្រៀតចូលទៅក្នុងឡាំផូស៊ីតក្នុងប្រព័ន្ធស៊ាំជំងឺ ហើយបញ្ជាវាឲ្យផលិតវីរុសហ៊ីវ
[អ្នកផ្ដល់សិទ្ធិ]
CDC, Atlanta, Ga
[រូបភាពនៅទំព័រ៥]
យុវវ័យរាប់ពាន់នាក់ ពិតជាកាន់តាមខ្នាតតម្រា ក្នុងព្រះគម្ពីរ