លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ការរាតត្បាតដែលបង្កអន្ដរាយដ៏ធំបំផុតប្រចាំប្រវត្ដិសាស្ដ្រមនុស្សជាតិ»

«ការរាតត្បាតដែលបង្កអន្ដរាយដ៏ធំបំផុតប្រចាំប្រវត្ដិសាស្ដ្រមនុស្សជាតិ»

«ការ​រាតត្បាត​ដែល​បង្ក​អន្តរាយ​ដ៏​ធំ​បំផុត​ប្រចាំ​ប្រវត្ដិសាស្ត្រ​មនុស្ស​ជាតិ»

ដោយ​អ្នក​និពន្ធ​ទស្សនាវដ្ដី​ភ្ញាក់រឭក!នៅ​ប្រទេស​អា​ព្រិច​ខាង​ត្បូង

​«គ្មាន​សង្គ្រាម​ណា​សោះ​នៅ​លើ​ផែនដី​នេះ​ដែល​នាំ​ឲ្យ​វិនាស​ដូច​ជា​ការ​រាតត្បាត​នៃ​ជំងឺ​អេដស៍​ទេ»។—លោក​ខូលីន ផូវែល រដ្ឋ​លេខាធិ​ការ​សហរដ្ឋ​អាមេរិក

នៅ​ខែ​មិថុនា ឆ្នាំ​១៩៨១ សេចក្ដី​រាយ​ការណ៍​ជា​ផ្លូវការ​លើក​ដំបូង​ស្តី​អំពី​ជំងឺ​អេដស៍(ជំងឺ​ខូច​ប្រព័ន្ធ​ស៊ាំ)បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ។ លោក​ភីធើ ផ្យូ អនុប្រធាន​នៃ​អង្គការ​កម្មវិធី​រួម​របស់​សហប្រជាជាតិ​ផ្នែក​វីរុ​ស​ហ៊ីវ/ជំងឺ​អេដស៍​(UNAIDS)​បាន​ប្រាប់​ថា​៖​«នៅ​ដើម​ដំបូង​ពេល​ដែល​ជំងឺ​អេដស៍​ទើប​តែ​ចាប់​ផ្ដើម​រាលដាល​នោះ គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួក​យើង​ដែល​ធ្វើ​ការ​ផ្នែក​ជំងឺ​អេដស៍ បាន​នឹក​ស្មាន​ថា​ជំងឺ​នេះ​នឹង​រាលដាល​ដល់​ថ្នាក់​នេះ​ទេ»។ ក្នុង​រយៈ​ពេល​២០​ឆ្នាំ ជំងឺ​អេដស៍​បាន​ក្លាយ​ទៅ​ជា​ជំងឺ​ដែល​រាតត្បាត​បំផុត ហើយ​តាម​ការ​សង្កេត​ឃើញ វា​នឹង​បន្ត​រាលដាល​ត​ទៅ​ទៀត។

តាម​ការ​ប៉ាន់​ស្មាន នោះ​មាន​មនុស្ស​ជាង​៣៦​លាន​នាក់​ដែល​កំពុង​តែ​ផ្ទុក​វីរុ​ស​ហ៊ីវ (វីរុ​ស​ដែល​បណ្ដាល​ឲ្យ​ខូច​ប្រព័ន្ធ​ស៊ាំ​របស់​មនុស្ស) និង​មាន​មនុស្ស​២២​លាន​នាក់​ឯ​ទៀត​ដែល​បាន​ស្លាប់​ដោយសារ​ការ​ប៉ះ​ពាល់​ដែល​បង្ក​ដោយ​ជំងឺ​អេដស៍។ * នៅ​ឆ្នាំ​២០០០ ជំងឺ​អេដស៍​បាន​សម្លាប់​មនុស្ស​៣​លាន​នាក់​ទូទាំង​ពិភពលោក ហើយ​នេះ​ជា​ចំនួន​អ្នក​ស្លាប់​ច្រើន​បំផុត​ក្នុង​មួយ​ឆ្នាំ តាំង​ពី​ជំងឺ​អេដស៍​បាន​ចាប់​ផ្ដើម​ឆ្លង​រាលដាល។ ជំងឺ​នេះ​នៅ​តែ​បន្ត​កើន​ឡើង​ទោះ​ជា​មាន​ការ​ខំ​ព្យាបាល​ជា​ពិសេស​នៅ​ប្រទេស​ជឿនលឿន​ដោយ​ប្រើ​ឱសថ​អង់ទីរ៉េត្រូវីរ៉ល(ថ្នាំ​ពន្យារ​ជីវិត)ក៏​ដោយ។

ជំងឺ​អេដស៍​រុក​រាន​ទ្វីប​អា​ព្រិច

នៅ​ទ្វីប​អា​ព្រិច តំបន់​ប៉ែក​ខាង​ត្បូង​សមុទ្រ​ខ្សាច់​សា​ហា​រ៉ា​បាន​ក្លាយ​ទៅ​ជា​ទី​រងគ្រោះ​ជាង​គេ​បំផុត​ដោយសារ​ការ​រាតត្បាត​នេះ ព្រោះ​តាម​ការ​ប៉ាន់​ស្មាន​នោះ មាន​២៥,៣​លាន​នាក់​កំពុង​ផ្ទុក​ជំងឺ​នេះ។ ក្នុង​កំឡុង​ឆ្នាំ​២០០០ នៅ​តំបន់​មួយ​នេះ​ប៉ុណ្ណោះ មាន​មនុស្ស​២,៤​លាន​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​អេដស៍ ដែល​ចំនួន​នេះ​ស្មើ​នឹង​៨០​ភាគ​រយ​នៃ​ចំនួន​អ្នក​ស្លាប់​សរុប​ទូទាំង​ពិភពលោក។ ជំងឺ​អេដស៍​គឺ​ជា​ហេតុ​ដ៏​ចំ​បង​ដែល​មនុស្ស​ស្លាប់​នៅ​តំបន់​នេះ។ *

ប្រទេស​អា​ព្រិច​ខាង​ត្បូង​មាន​ចំនួន​អ្នក​ផ្ទុក​ជំងឺ​នេះ​ច្រើន​ជាង​ប្រទេស​ណា​ផ្សេង​ទៀត​លើ​ពិភពលោក តាម​ការ​ប៉ាន់​ស្មាន​មាន​៤,៧​លាន​នាក់។ នៅ​ប្រទេស​នេះ រៀង​រាល់​ខែ​មាន​កូនង៉ា​៥.០០០​នាក់​កើត​មក​ហ៊ីវ​វិជ្ជមាន​ឬ​ថា​ផ្ទុក​វីរុ​ស​ហ៊ីវ។ នៅ​សន្និសីទ​អន្តរជាតិ​លើក​ទី១៣​ស្តី​អំពី​ជំងឺ​អេដស៍ ដែល​ត្រូវ​ប្រារព្ធ​នៅ​ខែ​កក្កដា​ឆ្នាំ​២០០០​នៅ​ទី​ក្រុង​ដឺបាន លោក​ណែលសុន ម៉ង់ដេឡា អតីត​ប្រធានាធិបតី​នៃ​ប្រទេស​អា​ព្រិច​ខាង​ត្បូង​បាន​មាន​ប្រសាសន៍​ថា​៖​«យើង​បាន​រន្ធត់​ណាស់​ពេល​ដែល​ដឹង​ថា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់ គឺ​ថា​ពាក់​កណ្ដាល​នៃ​ចំនួន​ពួក​យុវ​វ័យ​របស់​យើង​នៅ​អា​ព្រិច​ខាង​ត្បូង​នឹង​ស្លាប់​ដោយសារ​ជំងឺ​អេដស៍។ អ្វី​ដ៏​គួរ​ឲ្យ​រន្ធត់​ជាង​នោះ​ទៅ​ទៀត​គឺ​ថា ការ​ឆ្លង​ជំងឺ​នេះ​ដែល​ស្ថិតិ​បង្ហាញ​ឲ្យ​យើង​ដឹង​នោះ​ហើយ​ការ​ឈឺចាប់​របស់​មនុស្ស​ដែល​មាន​ជំងឺ​នេះ . . . ជា​អ្វី​ដែល​គេ​អាច​បាន​បង្ការ​ជា​មុន និង​នៅ​តែ​អាច​បង្ការ​បាន»។

ការ​វាយ​លុក​ដោយ​ជំងឺ​អេដស៍​ទៅ​លើ​ប្រទេស​ឯ​ទៀត

អត្រា​នៃ​ការ​ឆ្លង​ជំងឺ​នេះ​ក៏​កំពុង​តែ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​អឺរ៉ុប​ប៉ែក​ខាង​កើត ទ្វីប​អាស៊ី និង​កោះ​ការីប។ * នៅ​ដាច់​ឆ្នាំ​១៩៩៩ ចំនួន​អ្នក​ផ្ទុក​ជំងឺ​នេះ​នៅ​ប្រទេស​អឺរ៉ុប​ខាង​កើត​គឺ​មាន​៤២០.០០០​នាក់។ ជិត​ដល់​ដំណាច់​ឆ្នាំ​២០០០ ចំនួន​នោះ​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​បាន​ឡើង​ដល់​៧០០.០០០​នាក់​យ៉ាង​តិច។

ការ​ស្ទង់​មតិ​មួយ​នៅ​ប្រាំ​មួយ​ទី​ក្រុង​ធំៗ​នៅ​ទ្វីប​អាមេរិក​បាន​បង្ហាញ​ឲ្យ​ដឹង​ថា អត្រា​នៃ​ការ​ឆ្លង​រីរុស​ហ៊ីវ​គឺ​១២,៣​ភាគ​រយ​ក្នុង​ចំណោម​ពួក​បុរស​ដែល​រួម​ភេទ​ដូច​គ្នា។ ម្យ៉ាង​ទៀត មាន​តែ​២៩​ភាគ​រយ​នៃ​អ្នក​ហ៊ីវ​វិជ្ជមាន​ដែល​ដឹង​ថា​ខ្លួន​បាន​ឆ្លង​វីរុ​ស​នេះ។ អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​រាលដាល​នៃ​ជំងឺ​ដែល​បាន​ដឹក​នាំ​ការ​ស្ទង់​មតិ​នេះ​បាន​ប្រាប់​ថា​៖ «យើង​បាន​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង កាល​ដឹង​ថា​ក្នុង​ចំណោម​បុរស​ហ៊ីវ​វិជ្ជមាន មាន​តិច​ណាស់​ដែល​ដឹង​ថា​ខ្លួន​បាន​ឆ្លង​វីរុ​ស​នេះ។ នេះ​បាន​ន័យ​ថា អ្នក​ដែល​ទើប​តែ​ឆ្លង​ថ្មីៗ​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឆ្លង​វីរុ​ស​នេះ​ដោយ​មិន​ដឹង​ខ្លួន​ឡើយ»។

នៅ​ឯ​ការ​ប្រជុំ​របស់​អ្នក​ជំនាញ​ផ្នែក​ជំងឺ​អេដស៍​នៅ​ប្រទេស​ស្វីស ក្នុង​កំឡុង​ខែ​ឧសភា​ឆ្នាំ​២០០១ ជំងឺ​នេះ​បាន​ត្រូវ​គេ​ប្រកាស​ហៅ​ថា​«ការ​រាតត្បាត​ដែល​បង្ក​អន្តរាយ​ដ៏​ធំ​បំផុត​ប្រចាំ​ប្រវត្ដិសាស្ត្រ​មនុស្ស​ជាតិ»។ ដូច​បាន​កត់​សម្គាល់​ហើយ ការ​វាយ​លុក​ដោយ​ជំងឺ​អេដស៍​គឺ​ជា​ការ​វាយ​លុក​ដ៏​សាហាវ​បំផុត​នៅ​តំបន់​អា​ព្រិច​ប៉ែក​ខាង​ត្បូង​សមុទ្រ​ខ្សាច់​សា​ហា​រ៉ា។ អត្ថបទ​ជា​បន្ទាប់​របស់​យើង​នឹង​ពន្យល់​នូវ​មូលហេតុ។

[កំណត់​សម្គាល់]

^ វគ្គ 5 ស្ថិតិ​នេះ​គឺ​តាម​ការ​ប៉ាន់​ស្មាន​ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​អង្គការ UNAIDS

^ វគ្គ 7 សូម​មើល​ទស្សនាវដ្ដី​ភ្ញាក់រឭក! ជា​ភាសា​អង់គ្លេស​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ​២០០១ ទំព័រ​១៤​-​១៥។

^ វគ្គ 10 នៅ​ប្រទេស​កម្ពុជា ស្ថិតិ​ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​ឲ្យ​ដឹង​ថា ក្នុង​កំឡុង​ឆ្នាំ​២០០២​មាន​មនុស្ស​១៥៧.០០០​នាក់​ហ៊ីវ​វិជ្ជមាន។

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ៣]

​«អ្វី​ដ៏​គួរ​ឲ្យ​រន្ធត់​ជាង​នោះ​ទៅ​ទៀត​គឺ​ថា ការ​ឆ្លង​ជំងឺ​នេះ . . . ហើយ​ការ​ឈឺចាប់​របស់​មនុស្ស​ដែល​មាន​ជំងឺ​នេះ . . . ជា​អ្វី​ដែល​អាច​បង្ការ​បាន​ជា​មុន និង​នៅ​តែ​អាច​បង្ការ​បាន»—ណែលសុន ម៉ង់ដេឡា

[រូបភាព​នៅ​ទំព័រ​៣]

មនុស្ស​ជា​ច្រើន កំពុង​តែ​ផ្ទុក​វីរុស​ហ៊ីវ ដោយ​មិន​ដឹង​ខ្លួន

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៣]

UN/DPI Photo 198594​C/Greg Kinch