លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើសេចក្ដីសុខរបស់អ្នកពឹងទៅលើអ្វី?

តើសេចក្ដីសុខរបស់អ្នកពឹងទៅលើអ្វី?

តើ​សេចក្ដី​សុខ​របស់​អ្នក​ពឹង​ទៅ​លើ​អ្វី?

នៅ​ភូមិ​តូច​មួយ​នា​ទ្វីប​អាហ្វ្រិក​ប៉ែក​ខាង​លិច យុវបុរស​ម្នាក់​ឈ្មោះ​យ៉ូស្វេ បាន​លា​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​គាត់​ហើយ​ធ្វើ​ដំណើរ​ទៅ​ទី​ក្រុង​ដ៏​ធំ​មួយ ដើម្បី​រក​ការ​ងារ​ធ្វើ​ដែល​ជាប់​លាប់​នឹង​ដែល​អាច​នាំ​ឲ្យ​គាត់​មាន​សេចក្ដី​សុខ។ a ប៉ុន្តែ មិន​យូរ​ក្រោយ​មក សេចក្ដី​សង្ឃឹម​របស់​គាត់​បាន​រលាយ​សាប​សូន្យ​អស់​ទៅ ពេល​គាត់​សង្កេត​ឃើញ​ថា ទី​ក្រុង​មិន​មែន​ជា​កន្លែង​ស្រួល​រក​លុយ​នោះ​ទេ។

ពេល​ដែល​គាត់​ខំ​ប្រឹង​ទម្លាប់​ខ្លួន​នឹង​ជីវភាព​រស់​នៅ​ក្នុង​ទី​ក្រុង គាត់​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង ពីព្រោះ​ទី​ក្រុង​គឺ​ខុស​គ្នា​ពី​ការ​សង្ឃឹម​របស់​គាត់​ឆ្ងាយ​ណាស់។ ចន្លោះ​ពេល​នោះ យ៉ូស្វេ​មាន​ចិត្ត​អន្ទះអន្ទែង​យ៉ាង​ខ្លាំង​ចង់​ត្រឡប់​ទៅ​ជួប​ជុំ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​គាត់​នៅ​ក្នុង​ភូមិ​ដ៏​តូច​ដែល​គាត់​បាន​ចាក​ចេញ​នោះ។ ប៉ុន្តែ យ៉ូស្វេ​ខ្លាច​ថា​អ្នក​ខ្លះ​នៅ​ស្រុក​គាត់​នឹង​សើច​ចំអក​ឲ្យ​គាត់។ គាត់​ខ្វល់​ខ្វាយ​ថា​៖ ‹គេ​នឹង​និយាយ​ថា ខ្ញុំ​ជា​មនុស្ស​មិន​បាន​ការ​សោះ ពីព្រោះ​ខ្ញុំ​មិន​បាន​ជោគ​ជ័យ​ក្នុង​ការ​រក​ស៊ី​នៅ​ទី​ក្រុង​ទេ›។

អ្វី​ដែល​សង្កត់​ធ្ងន់​ជាង​នេះ​ទៅ​ទៀត​ទៅ​លើ​ចិត្ត​របស់​យ៉ូស្វេ​គឺ​ថា មាតា​បិតា​របស់​គាត់​ប្រហែល​ជា​នឹង​ខក​ចិត្ត​នឹង​គាត់​ផង​ដែរ ដោយ​ព្រោះ​ពួក​គាត់​បាន​ពឹង​ពាក់​យ៉ូស្វេ​ឲ្យ​ជួយ​រក​លុយ។ ដំណាល​គ្នា​ដែល​យ៉ូស្វេ​ខំ​ទ្រាំ​នឹង​ការ​ឈឺ​ផ្សា​ក្នុង​ចិត្ត​នេះ គាត់​ក៏​រក​បាន​ការ​ងារ​មួយ​ដ៏​ទាប​ថោក ដែល​តម្រូវ​ឲ្យ​គាត់​ធ្វើ​ការ​ច្រើន​ម៉ោង ហើយ​បាន​ប្រាក់​ខែ​តែ​បន្ដិច​បន្តួច​ផ្ទុយ​ពី​បំណង​ប្រាថ្នា​របស់​គាត់។ គាត់​ធ្វើ​ការ​ហួស​កម្លាំង​រហូត​ដល់​បាក់​កម្លាំង។ រៀង​រាល់​សប្ដាហ៍ គាត់​មាន​ពេល​កាន់​តែ​តិច​ទៅ​ៗ​ដើម្បី​ចូល​រួម​កិច្ច​ការ​គ្រីស្ទាន​ដែល​គាត់​ស្រឡាញ់​ពេញ​ចិត្ត​នោះ។ គាត់​កំសត់​កណ្ដោច​កណ្ដែង​ដោយ​ព្រោះ​គាត់​នៅ​ឆ្ងាយ​ពី​ភាព​កក់​ក្ដៅ​ក្នុង​ក្រុម​គ្រួសារ​និង​ពី​សំឡាញ់​ជិត​ស្និទ្ធ​របស់​គាត់។ នៅ​ទី​បំផុត គាត់​ទទួល​ស្គាល់​ថា ទី​ក្រុង​មិន​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​តាម​បំណង​ប្រាថ្នា​របស់​គាត់​នោះ​ទេ។

ការ​ពិសោធន៍​របស់​យ៉ូស្វេ​គឺ​ដូច​គ្នា​នឹង​ការ​ពិសោធន៍​របស់​មនុស្ស​ជា​ច្រើន​ឯ​ទៀត​នៅ​ប្រទេស​ផ្សេង​ៗ។ យ៉ូស្វេ​មិន​បាន​មក​ទី​ក្រុង​ដោយ​ចិត្ត​មហិច្ឆតា​នោះ​ទេ គាត់​គ្រាន់​តែ​ចង់​បាន​សេចក្ដី​សុខ​ប៉ុណ្ណោះ។ គាត់​ពិត​ជា​បាន​ជឿ​ជាក់​ថា ទី​ក្រុង​មាន​លទ្ធភាព​ផ្ដល់​ឲ្យ​សេចក្ដី​សុខ​ច្រើន​ជាង​ភូមិ​ដ៏​តូច​របស់​គាត់។ ជួន​កាល មនុស្ស​ម្នាក់​អាច​រក​ស៊ី​បាន​ធូរ​ធារ​ជាង​ពិត​មែន ប៉ុន្តែ​នេះ​មិន​មែន​ជា​សេចក្ដី​សុខ​ពិត​ប្រាកដ​នោះ​ទេ។ វា​ពិត​ជា​មិន​បាន​ធ្វើ​ឲ្យ​យ៉ូស្វេ​មាន​សេចក្ដី​សុខ​ពិត​ប្រាកដ​នោះ​ទេ ហើយ​ក៏​ទំនង​ជា​នឹង​មិន​ក្លាយ​ជា​ការ​ពិត​ដែរ​សំរាប់​មនុស្ស​ភាគ​ច្រើន​ដែល​ដើរ​តាម​គន្លង​នេះ។ នេះ​ធ្វើ​ឲ្យ​យើង​ចង់​សួរ​ថា​៖ ‹តើ​សេចក្ដី​សុខ​គឺ​ជា​អ្វី​ទៅ?›។

សេចក្ដី​សុខ​មាន​អត្ថន័យ​ផ្សេង​ៗ​អាស្រ័យ​នឹង​យោបល់​មនុស្ស​ម្នាក់​ៗ។ វចនានុក្រម​មួយ​បក​ស្រាយ​ពាក្យ​សេចក្ដី​សុខ សំដៅ​ទៅ​លើ​ការ​ផុត​ពី​គ្រោះ​ថ្នាក់ ការ​និរភ័យ​ឬ​ផុត​ពី​ការ​ខ្វល់​ខ្វាយ​ព្រួយ​បារម្ភ។ មនុស្ស​ភាគ​ច្រើន​ទទួល​ស្គាល់​ថា គ្មាន​អ្នក​ណា​ម្នាក់​អាច​រស់​ដោយ​ផុត​ពី​គ្រោះ​ថ្នាក់​ទាំង​ស្រុង​បាន​ទេ។ ប៉ុន្តែ មនុស្ស​តែង​ស្កប់​ចិត្ត​ឲ្យ​តែ​គេ​អាច​មាន​អារម្មណ៍​ថា​គេ​មាន​សេចក្ដី​សុខ ទោះ​ជា​មាន​ស្ថានភាព​ប្រកប​ទៅ​ដោយ​គ្រោះ​ថ្នាក់​នៅ​ជុំ​វិញ​គេ​ក៏​ដោយ។

ចុះ​អ្នក​វិញ? ដើម្បី​បាន​សេចក្ដី​សុខ តើ​អ្នក​ពឹង​អ្វី​ទៅ? តើ​សេចក្ដី​សុខ​ស្ថិត​ក្នុង​ទី​ក្រុង​ជា​ជាង​នៅ​ក្នុង​ភូមិ​ដ៏​តូច ដូច​ជា​យ៉ូស្វេ​បាន​នឹក​ស្មាន​នោះ​ទេ? មិន​ថា​អ្នក​ត្រូវ​រក​លុយ​នៅ​កន្លែង​ណា​ឬ​តាម​វិធី​ណា​ក្ដី តើ​លុយ​ជា​ប្រភព​នៃ​សេចក្ដី​សុខ​ឬ? តើ​អ្នក​ប្រហែល​ជា​ខំ​រក​សេចក្ដី​សុខ​ដោយ​ធ្វើ​ជា​អ្នក​មាន​មុខ​មាត់​ធំ​ដុំ​ក្នុង​សង្គម​ឬ? មិន​ថា​អ្នក​គិត​រក​សេចក្ដី​សុខ​ពី​ប្រភព​ណា​ក៏​ដោយ តើ​សេចក្ដី​សុខ​នោះ​នឹង​គង់​វង្ស​សំរាប់​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​អស់​រយៈ​ពេល​ប៉ុន្មាន​ទៅ?

យើង​សូម​ពិចារណា​វិធី​បី​យ៉ាង​ដែល​មនុស្ស​ជា​ច្រើន​ខំ​រក​សេចក្ដី​សុខ ពោល​គឺ ទី​អាស្រ័យ​នៅ លុយ ឬ​ក៏​ឋានៈ​ក្នុង​សង្គម។ បន្ទាប់​ពី​នោះ យើង​នឹង​ពិចារណា​ប្រភព​នៃ​សេចក្ដី​សុខ​ដ៏​ពិត​ប្រាកដ​និង​ដែល​គង់​វង្ស​ជា​និច្ច។

[​កំណត់​សម្គាល់​]

a មិន​មែន​ឈ្មោះ​ពិត​ប្រាកដ​ទេ