«ប្រាជ្ញាតែងនៅជាប់នឹងមនុស្សសុភាពរាបទាប»
«ប្រាជ្ញាតែងនៅជាប់នឹងមនុស្សសុភាពរាបទាប»
«តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្ដេច បើមិនមែនឲ្យប្រព្រឹត្ត . . . ដោយសុភាពរាបទាបប៉ុណ្ណោះ»។—មីកា ៦:៨
១, ២. តើចិត្តសុភាពរាបទាបជាអ្វី ហើយតើនេះខុសគ្នានឹងការបំពានសិទ្ធិយ៉ាងដូចម្ដេច?
សាវ័កដែលមានឋានៈដ៏ធំដុំម្នាក់បដិសេធមិនឲ្យគេចាប់អារម្មណ៍មកលើខ្លួនគាត់ទេ។ ចៅក្រមជនជាតិអ៊ីស្រាអែលដ៏ក្លាហានម្នាក់ ហៅខ្លួនជាបុគ្គលដ៏តូចបំផុតក្នុងផ្ទះរបស់ឪពុកគាត់។ បុរសម្នាក់ដ៏ឧត្តមបំផុតដែលធ្លាប់មានព្រះជន្មរស់នៅ ទទួលស្គាល់ថា ទ្រង់ឥតមានអំណាចដ៏គ្មានព្រំដែននោះទេ។ បុរសម្នាក់ៗក្នុងចំណោមបុរសទាំងនេះសម្ដែងនូវចិត្តសុភាពរាបទាប។
២ ចិត្តសុភាពរាបទាបគឺផ្ទុយនឹងការបំពានសិទ្ធិ។ បុគ្គលដែលមានចិត្តសុភាពរាបទាប មានការប៉ាន់ស្មានត្រឹមត្រូវនឹងសមត្ថភាពនិងតម្លៃរបស់ខ្លួន ហើយរួចផុតពីការមានមោទនភាពហួសហេតុ។ ជាជាងមានចិត្តក្រអឺតក្រអោង ចិត្តអំនួត ឬក៏មហិច្ឆតា នោះបុគ្គលដែលមានចិត្តសុភាពរាបទាប គឺតែងដឹងនូវកំរិតរបស់ខ្លួនជានិច្ច។ ដូច្នេះហើយ គាត់នឹងគោរពថែមទាំងបង្ហាញនូវការចេះគិតដល់អារម្មណ៍និងទស្សនៈរបស់អ្នកដទៃ។
៣. តើតាមរបៀបណាដែល ប្រាជ្ញា«តែងនៅជាប់នឹងមនុស្សសុភាពរាបទាប»?
៣ អ៊ីចឹងហើយ ដោយមានមូលហេតុល្អ នោះព្រះគម្ពីរចែងថា៖ «ប្រាជ្ញាតែងនៅជាប់នឹងមនុស្សសុភាពរាបទាប»។ (សុភាសិត ១១:២, ព.ថ.) បុគ្គលដែលមានចិត្តសុភាពរាបទាបគឺមានប្រាជ្ញា ពីព្រោះគាត់ធ្វើតាមការដែលព្រះយល់ព្រម ហើយគាត់ជៀសវាងពីគតិដ៏អំនួត ដែលនាំឲ្យខូចកិត្ដិយសនោះ។ (សុភាសិត ៨:១៣; ពេត្រុសទី១ ៥:៥) ប្រាជ្ញានៃចិត្តសុភាពរាបទាបគឺបានបញ្ជាក់ដោយដំណើរជីវិតនៃពួកអ្នកបំរើរបស់ព្រះមួយចំនួន។ សូមឲ្យយើងពិចារណាមើលនូវគំរូបីយ៉ាងដែលបានរៀបរាប់ក្នុងវគ្គដំបូងនោះ។
ប៉ុលជា«អ្នកជំនួយ» និងជា«អ្នករ៉ាប់រង»
៤. តើប៉ុលមានឯកសិទ្ធិដ៏ចម្លែកអស្ចារ្យយ៉ាងណា?
៤ សាវ័កប៉ុលជាបុគ្គលម្នាក់ដែលលេចមុខច្រើនជាងគេក្នុងចំណោមពួកគ្រីស្ទានសម័យដើម ហើយយើងអាចយល់ដឹងថាអ៊ីចឹងមែន។ ក្នុងដំណើរនៃកិច្ចបំរើផ្សាយរបស់គាត់ នោះគាត់បានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រតាមសមុទ្រនិងតាមផ្លូវ ហើយគាត់បានស្ថាបនាឡើងនូវក្រុមជំនុំជាច្រើន។ បន្ថែមទៀតនោះ ព្រះយេហូវ៉ាបានប្រទានពរជូនប៉ុលនូវចក្ខុនិមិត្ត និងអំណោយទាននៃការចេះនិយាយភាសាបរទេស។ (កូរិនថូសទី១ ១៤:១៨; កូរិនថូសទី២ ១២:១-៥) ទ្រង់ក៏បានបណ្ដាលឲ្យប៉ុលសរសេរនូវសំបុត្រ១៤ច្បាប់ទៀត ដែលឥឡូវជាផ្នែកនៃបទគម្ពីរគ្រីស្ទានភាសាក្រិក។ យ៉ាងច្បាស់ណាស់ គឺអាច និយាយថា ការងាររបស់ប៉ុលបានលើសជាងពួកសាវ័កទាំងអស់ឯទៀត។—កូរិនថូសទី១ ១៥:១០
៥. តើប៉ុលបានបង្ហាញថាខ្លួនគាត់មានទស្សនៈដ៏សុភាពរាបទាបយ៉ាងដូចម្ដេច?
៥ ដោយព្រោះប៉ុលបាននាំមុខក្នុងសកម្មភាពគ្រីស្ទាន អ្នកខ្លះប្រហែលជាគិតថា គាត់ពេញចិត្តនឹងការមានមុខមាត់ព្រមទាំងអួតអំពីអំណាចគ្រប់គ្រងរបស់គាត់។ ក៏ប៉ុន្តែ មិនមែនអ៊ីចឹងទេ ដ្បិតប៉ុលជាមនុស្សដ៏សុភាពរាបទាប។ គាត់បានហៅខ្លួនគាត់‹ជាអ្នកតូចជាងគេ ក្នុងបណ្ដាពួកសាវ័ក› ហើយនិយាយទៀតថា៖ «មិនគួរនឹងហៅខ្ញុំជាសាវកផងទេ ពីព្រោះខ្ញុំបានបៀតបៀនដល់ពួកជំនុំនៃព្រះ»។ (កូរិនថូសទី១ ១៥:៩) ជាអតីតអ្នកបៀតបៀនពួកគ្រីស្ទាន នោះប៉ុលមិនដែលភ្លេចថា គឺដោយសារព្រះគុណដែលគ្មានសិទ្ធិទទួលទេ ដែលគាត់អាចមានទំនាក់ទំនងជាមួយនឹងព្រះ ហើយទទួលនូវឯកសិទ្ធិដ៏ពិសេសនៃកិច្ចបំរើនោះ។ (យ៉ូហាន ៦:៤៤; អេភេសូរ ២:៨) ដូច្នោះហើយ ប៉ុលឥតមានអារម្មណ៍ថាការសម្រេចដ៏អស្ចារ្យរបស់គាត់ក្នុងកិច្ចបំរើផ្សាយ បានធ្វើឲ្យគាត់មានឋានៈធំជាងអ្នកដទៃនោះឡើយ។—កូរិនថូសទី១ ៩:១៦
៦. តើប៉ុលបានបង្ហាញនូវចិត្តសុភាពរាបទាបរបស់គាត់ ក្នុងការប្រស្រ័យទាក់ទងនឹងពួកកូរិនថូសយ៉ាងដូចម្ដេច?
៦ ចិត្តសុភាពរបស់ប៉ុលបានឃើញជាក់ស្តែងជាពិសេស ពេលគាត់ប្រស្រ័យទាក់ទងនឹងពួកកូរិនថូស។ តាមមើលទៅ ពួកគេខ្លះបានស្ងើចនឹងអស់អ្នកដែលពួកគេបានគិតថា ជាអ្នកត្រួតពិនិត្យដែលលេចមុខច្រើនជាងគេ ដែលរួមបញ្ចូលអ័ប៉ុឡូស កេផាស និងប៉ុលនោះដែរ។ (កូរិនថូសទី១ ១:១១-១៥) ក៏ប៉ុន្តែប៉ុលឥតបានសុំការសរសើរពីពួកកូរិនថូស ហើយក៏ឥតបានធ្វើអាជីវកម្មលើសេចក្ដីកោតសរសើរពីពួកគេនោះដែរ។ ពេលទៅលេងពួកគេ នោះគាត់ឥតបង្ហាញខ្លួន«ដោយប្រើវោហារ ឬប្រាជ្ញាដ៏ឧត្តម»នោះទេ។ ផ្ទុយទៅវិញ ប៉ុលបាននិយាយស្តីអំពីខ្លួនគាត់និងពួកគូកនរបស់គាត់ថា៖ «ដូច្នេះ មនុស្សត្រូវរាប់យើងខ្ញុំ ទុកដូចជាអ្នកជំនួយនៃព្រះគ្រីស្ទ ហើយជាអ្នករ៉ាប់រងចំពោះសេចក្ដីអាថ៌កំបាំងនៃព្រះវិញ»។ *—កូរិនថូសទី១ ២:១-៥; ៤:១
៧. តើតាមរបៀបណាដែលប៉ុលបានសម្ដែងនូវចិត្តសុភាពរាបទាប ទោះជាពេលផ្ដល់ឲ្យឱវាទក៏ដោយ?
៧ ប៉ុលព្រមទាំងបានសម្ដែងនូវចិត្តសុភាពរាបទាប ពេលដែលគាត់ត្រូវតែផ្ដល់នូវឱវាទដ៏ធ្ងន់ធ្ងរនិងការដឹកនាំនោះ។ គាត់បានទទូចអង្វរសុំពួកគ្រីស្ទានគ្នីគ្នា «ដោយសេចក្ដីមេត្ដាករុណានៃព្រះ» និង«ដោយសេចក្ដីស្រឡាញ់» មិនមែនដោយប្រើអានុភាពនៃអំណាចគ្រប់គ្រងជាសាវ័កនោះទេ។ (រ៉ូម ១២:១, ២; ភីលេម៉ូន ៨, ៩) ហេតុអ្វីក៏ប៉ុលធ្វើដូច្នេះ? ពីព្រោះគាត់ពិតជាបានចាត់ទុកខ្លួនជា‹អ្នកធ្វើការគ្នីគ្នា›របស់បងប្អូនគាត់ មិនមែនជា‹អ្នកត្រួតត្រាលើជំនឿរបស់គេនោះទេ›។ (កូរិនថូសទី២ ១:២៤) ប្រាកដហើយ គឺដោយចិត្តសុភាពរាបទាបរបស់ប៉ុល ដែលបានធ្វើឲ្យគាត់ក្លាយជាបុគ្គលដ៏ជាទីស្រឡាញ់ដល់ក្រុមជំនុំគ្រីស្ទាននៅសតវត្សទីមួយ។—កិច្ចការ ២០:៣៦-៣៨
ទស្សនៈដ៏សុភាពរាបទាបនឹងឯកសិទ្ធិរបស់យើង
៨, ៩. (ក) ហេតុអ្វីក៏យើងគួរមានទស្សនៈដ៏សុភាពរាបទាបអំពីខ្លួនយើង? (ខ) តើអស់អ្នកដែលមានភារកិច្ចអាចសម្ដែងឲ្យឃើញនូវចិត្តសុភាពរាបទាបយ៉ាងដូចម្ដេច?
៨ ប៉ុលបានទុកគំរូដ៏ល្អសំរាប់ពួកគ្រីស្ទានសព្វថ្ងៃនេះ។ យើងម្នាក់ៗមិនគួរមានអារម្មណ៍ថាយើងធំជាងអ្នកដទៃ ទោះជាយើងបានទទួលនូវភារកិច្ចណាមួយក៏ដោយ។ ប៉ុលបានសរសេរថា៖ «ដ្បិតបើអ្នកណាគិតស្មានថាខ្លួនជាអ្វីៗ តែមិនជាអ្វីសោះ អ្នកនោះឈ្មោះថាបញ្ឆោតខ្លួនឯងហើយ»។ (កាឡាទី ៦:៣) តើហេតុអ្វី? ពីព្រោះ«គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ»។ (រ៉ូម ៣:២៣; ៥:១២) ត្រូវហើយ យើងមិនគួរភ្លេចថាយើងគ្រប់គ្នាមានអំពើបាបនិងសេចក្ដីស្លាប់ជាមរតកពីអ័ដាមនោះទេ។ ឯកសិទ្ធិដ៏ពិសេស មិនធ្វើឲ្យយើងខ្ពស់ជាងពីសភាពដ៏មានបាបរបស់យើងនោះដែរ។ (សាស្ដា ៩:២) ដូចជាការពិតចំពោះករណីរបស់ប៉ុល គឺដោយសារតែព្រះគុណដែលគ្មានសិទ្ធិទទួលទេ ដែលមនុស្សជាតិអាចមានទំនាក់ទំនងជាមួយនឹងព្រះ ហើយមានឯកសិទ្ធិបំរើទ្រង់តាមបែបសំខាន់ណាមួយនោះ។—រ៉ូម ៣:១២, ២៤
៩ ដោយដឹងអំពីរឿងនេះ បុគ្គលម្នាក់ដែលសុភាពរាបទាប មិនមានចិត្តអួតនឹងឯកសិទ្ធិរបស់គាត់ ហើយក៏មិនអួតក្អេងក្អាងអំពីសមិទ្ធផលរបស់ខ្លួននោះដែរ។ (កូរិនថូសទី១ ៤:៧) ពេលផ្ដល់ឲ្យនូវឱវាទឬក៏ការណែនាំ គាត់ធ្វើឡើងដោយចាត់ទុកខ្លួនជាអ្នកធ្វើការគ្នីគ្នា មិនមែនជាអ្នកត្រួតត្រានោះឡើយ។ យ៉ាងប្រាកដហើយ គឺជាការខុស បើបុគ្គលម្នាក់ដែលពូកែខ្លាំងនឹងកិច្ចការអ្វីមួយ ខំរកការសរសើរឬយកប្រយោជន៍ពីពួកអ្នកជឿគ្នីគ្នានោះ។ (សុភាសិត ២៥:២៧; ម៉ាថាយ ៦:២-៤) ការសរសើរដែលមានតម្លៃគឺមកតែពីអ្នកដទៃ ហើយនោះគឺគួរមានដោយឥតសុំពីគេ។ ប្រសិនបើមានអ៊ីចឹងមែន យើងមិនគួរអនុញ្ញាតឲ្យនេះធ្វើឲ្យយើងគិតហួសហេតុអំពីខ្លួនយើងឡើយ។—សុភាសិត ២៧:២; រ៉ូម ១២:៣
១០. ចូរពន្យល់នូវរបៀបដែលអ្នកខ្លះ ប្រហែលហាក់ដូចជាមានចិត្តសុភាពរាបទាប តែពិតជា«អ្នកមានខាងសេចក្ដីជំនឿ»?
១០ នៅពេលដែលយើងបានទទួលនូវភារកិច្ចមួយចំនួន ចិត្តសុភាពរាបទាបនឹងជួយយើងឲ្យជៀសវាងពីការគិតហួសហេតុពេកអំពីខ្លួនយើង ដោយធ្វើឲ្យមានគំនិតថា ក្រុមជំនុំគឺកំពុងតែលូតលាស់ដោយសារតែការខំប្រឹងនិងសមត្ថភាពរបស់យើង។ ជាឧទាហរណ៍ យើងប្រហែល ជាប៉ិនប្រសប់នឹងការបង្រៀន។ (អេភេសូរ ៤:១១, ១២) ប៉ុន្តែ បើយើងមានចិត្តសុភាពរាបទាប យើងត្រូវតែទទួលស្គាល់ថា មេរៀនដ៏ធំបំផុតដែលបានរៀននៅឯកិច្ចប្រជុំក្នុងក្រុមជំនុំ គឺមិនមែនមកពីវេទិកានោះទេ។ ជាឧទាហរណ៍ តើអ្នកមិនលើកទឹកចិត្តទេឬ ពេលអ្នកឃើញឪពុកឬម្ដាយដែលគ្មានគូ ដែលមកសាលព្រះរាជាណាចក្រជាទៀងទាត់ជាមួយកូនរបស់គាត់នោះ? ឬក៏តើអ្នកមិនលើកទឹកចិត្តទេឬ ពេលឃើញមនុស្សដែលមានចិត្តក្រៀមក្រំដែលមកប្រជុំ ទោះជាមានអារម្មណ៍ដ៏ឥតឈប់ឈរថាខ្លួនឥតមានតម្លៃនោះ? ឬក៏តើអ្នកមិនលើកទឹកចិត្តទេឬ ពេលឃើញយុវជនដែលខំធ្វើការរីកចំរើនខាងវិញ្ញាណ ទោះជាមានអានុភាពដ៏អាក្រក់នៅឯសាលានិងកន្លែងផ្សេងៗនោះ? (ទំនុកដំកើង ៨៤:១០) បុគ្គលទាំងនេះប្រហែលជាមិនចេញមុខមាត់នោះទេ។ ការសាកល្បងនៃចិត្តស្មោះគ្រប់ល័ក្ខណ៍ដែលគេប្រឈមមុខ គឺសឹងតែគ្មានអ្នកណាបានកត់សម្គាល់នោះទេ។ ក៏ប៉ុន្តែ ពួកគេប្រហែលជា«អ្នកមានខាងសេចក្ដីជំនឿ» ដូចអស់អ្នកដែលលេចមុខច្រើនជាងនោះ។ (យ៉ាកុប ២:៥) យ៉ាងណាមិញ ដល់ទីបំផុត ព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីស្មោះត្រង់។—ម៉ាថាយ ១០:២២; កូរិនថូសទី១ ៤:២
គេឌាន—«ជាអ្នកតូចបំផុត»ក្នុងពួកផ្ទះឪពុករបស់គាត់
១១. តើតាមរបៀបណាដែលគេឌានបង្ហាញនូវចិត្តសុភាពរាបទាប ពេលនិយាយជាមួយទេវតារបស់ព្រះ?
១១ គេឌាន ជាយុវបុរសដ៏មាំម្នាក់ពីកុលសម្ព័ន្ធម៉ាន៉ាសេ បានរស់នៅក្នុងកំឡុងពេលដ៏ចលាចលនៃប្រវត្ដិសាស្ត្ររបស់អ៊ីស្រាអែល។ អស់ប្រាំពីរឆ្នាំ រាស្ត្ររបស់ព្រះបានរងទុក្ខក្រោមការជិះជាន់របស់ពួកម៉ាឌាន។ ក៏ប៉ុន្តែ ពេលវេលាគឺបានមកដល់ឲ្យព្រះយេហូវ៉ារំដោះរាស្ត្ររបស់ទ្រង់។ ដូច្នេះហើយ ទេវតាមួយបានលេចខ្លួនឲ្យគេឌានឃើញ ហើយមានប្រសាសន៍ថា៖ «នែ! អ្នកពូកែក្លាហានអើយ! ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង»។ គេឌានមានចិត្តសុភាពរាបទាប ដូច្នេះគាត់មិនសប្បាយរីករាយដោយទទួលនូវសិរីរុងរឿងនៃពាក្យសរសើរ ដែលឥតសង្ឃឹមទុកជាមុននោះទេ។ ផ្ទុយទៅវិញ គាត់បានមានប្រសាសន៍ដោយគោរពដល់ទេវតានេះថា៖ «ឱព្រះអម្ចាស់នៃទូលបង្គំអើយ! បើសិនជាព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងពួកទូលបង្គំពិត នោះហេតុអ្វីបានជាការទាំងអស់នេះកើតឡើងដល់ពួកទូលបង្គំដូច្នេះ?»។ ទេវតានេះបានបញ្ជាក់រឿងនោះ ហើយបានប្រាប់គេឌានថា៖ «ឯងនេះហើយ ជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃនៃពួកម៉ាឌាន»។ តើគេឌានបានតបឆ្លើយយ៉ាងដូចម្ដេច? ជាជាងយកដោយខ្នះខ្នែងនូវកិច្ចការនេះ ទុកជាឱកាសដើម្បីធ្វើឲ្យខ្លួនជាវីរបុរសជាតិ នោះគេឌានបានតបឆ្លើយថា៖ «ឱព្រះអម្ចាស់អើយ! ធ្វើដូចម្ដេចឲ្យទូលបង្គំជួយសង្គ្រោះ ដល់សាសន៍អ៊ីស្រាអែលបាន? មើល! ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាន៉ាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង»។ គាត់ពិតមានចិត្តសុភាពរាបទាបម្ល៉េះហ្ន៎!—ពួកចៅហ្វាយ ៦:១១-១៥
១២. តើគេឌានបានបង្ហាញនូវការប្រុងប្រយ័ត្ន ពេលធ្វើកិច្ចការរបស់គាត់យ៉ាងដូចម្ដេច?
១២ មុននឹងបញ្ជូនគេឌានឲ្យទៅច្បាំង នោះព្រះយេហូវ៉ាបានល្បងលគាត់។ តើតាមរបៀបណាទៅ? គេឌានបានត្រូវប្រាប់ឲ្យកំទេចចោលនូវអាសនៈរបស់ឪពុកគាត់ ដែលថ្វាយទៅព្រះបាល ហើយកាប់បំផ្លាញបង្គោលដ៏ពិសិដ្ឋ ដែលនៅជិតខាងនោះ។ កិច្ចការនេះតម្រូវឲ្យមានចិត្តក្លាហាន ក៏ប៉ុន្តែគេឌានក៏បានបង្ហាញនូវចិត្តសុភាពរាបទាប និងការប្រុងប្រយ័ត្ននឹងរបៀបដែលគាត់បំពេញកិច្ចការនេះ។ ជាជាងធ្វើឆោឡោដោយប្រព្រឹត្តឡើងតាមសាធារណៈ នោះគេឌានបានធ្វើការនេះនៅពេលយប់ ពេលដែលជាធម្មតាគ្មានអ្នកណាមើលឃើញគាត់នោះទេ។ ម្យ៉ាងវិញទៀត គេឌានបានចាប់ផ្ដើមធ្វើកិច្ចការរបស់គាត់ ដោយប្រយ័ត្នប្រយែង។ គាត់បានយកអ្នកបំរើដប់នាក់ទៅជាមួយ ប្រហែលជាដើម្បីឲ្យអ្នកខ្លះឈរចាំយាម កាលដែលពួកទាំងប៉ុន្មានជួយគាត់កំទេចចោលនូវអាសនៈនិងបង្គោលដ៏ពិសិដ្ឋនោះ។ * យ៉ាងណាក៏ដោយ ដោយមានប្រសិទ្ធិពរពីព្រះយេហូវ៉ា នោះគេឌានបានសម្រេចនូវកិច្ចការរបស់គាត់ ហើយក្រោយមក ព្រះបានប្រើគាត់ឲ្យរំដោះសាសន៍អ៊ីស្រាអែលពីពួកម៉ាឌាន។—ពួកចៅហ្វាយ ៦:២៥-២៧
ការបង្ហាញចិត្តសុភាពរាបទាបនិងការប្រុងប្រយ័ត្ន
១៣, ១៤. (ក) តើតាមរបៀបណាដែលយើងអាចបង្ហាញនូវចិត្តសុភាពរាបទាប ពេលដែលឯកសិទ្ធិនៃកិច្ចបំរើបានប្រគល់ឲ្យយើងនោះ? (ខ) តើតាមរបៀបណាដែលបងប្រុសម៉ាក់មីល្លិនបានទុកគំរូដ៏ល្អ ស្តីអំពីការបង្ហាញនូវចិត្តសុភាពរាបទាប?
១៣ យើងអាចរៀនបានច្រើនពីចិត្តសុភាពរាបទាបរបស់គេឌាន។ ជាឧទាហរណ៍ តើយើងប្រព្រឹត្តយ៉ាងណា ពេលដែលឯកសិទ្ធិនៃកិច្ចបំរើបានប្រគល់ឲ្យយើងនោះ? តើយើងគិតមុនដំបូងអំពីការចេញមុខមាត់ឬក៏កិត្យានុភាព ដែលនឹងមានជាលទ្ធផលនោះឬ? ឬក៏តើយើងពិចារណាដោយចិត្តសុភាពរាបទាបនិងដោយសេចក្ដីអធិស្ឋាន ថាតើយើងអាចបំពេញនូវតម្រូវការពីកិច្ចការនោះវិញ? បងប្រុស អាលេក្សានដឺ ម៉ាក់មីល្លិន ដែលដំណើរជីវិតរបស់គាត់នៅលើផែនដីបានមកដល់ទីបញ្ចប់ក្នុងឆ្នាំ១៩៦៦ ទុកគំរូដ៏ល្អស្តីអំពីរឿងនេះ។ ឆាល្ស ថេហ្ស រ៉ាសិល ជាប្រធានទីមួយនៃសមាគមប៉មយាមខាងខិត្តប័ណ្ណ នៅពេលមួយបានសួរ បងប្រុសម៉ាក់មីល្លិនអំពីគំនិតគាត់ ថាអ្នកណាប្រហែលជាកាន់កាប់កិច្ចការ ពេលដែលគាត់មិននៅនោះ។ នៅក្នុងការពិគ្រោះដែលមានជាបន្ទាប់នោះ បងប្រុសម៉ាក់មីល្លិនឥតបានលើកខ្លួនគាត់ទេ សូម្បីតែម្ដងក៏គ្មានដែរ ទោះជាស្រួលឲ្យគាត់ធ្វើដូច្នោះក៏ដោយ។ នៅចុងក្រោយ នោះបងប្រុសរ៉ាសិលបានអញ្ជើញបងប្រុសម៉ាក់មីល្លិន ឲ្យគិតទទួលយកកិច្ចការនេះ។ ជាច្រើនឆ្នាំក្រោយមក នោះបងប្រុសម៉ាក់មីល្លិនបានសរសេរថា៖ «ខ្ញុំបានឈរនៅទីនោះដោយភាំងស្មារតី។ ខ្ញុំបានគិតយ៉ាងប្រាកដប្រជាមែនទែន ហើយបានអធិស្ឋានលើរឿងនេះអស់មួយរយៈយូរ មុននឹងខ្ញុំបានប្រាប់គាត់ថា ខ្ញុំមានចិត្តរីករាយក្នុងការជួយគាត់ អស់ពីសមត្ថភាពរបស់ខ្ញុំ»។
១៤ មិនយូរប៉ុន្មានក្រោយមក នោះបងប្រុសរ៉ាសិលបានទទួលមរណភាព ហើយក៏ទុកទំនេរនូវមុខតំណែងនៃប្រធានសមាគមប៉មយាម។ ដោយព្រោះបងប្រុសម៉ាក់មីល្លិនបានកាន់កាប់ ក្នុងកំឡុងដំណើរចុងក្រោយនៃការផ្សព្វផ្សាយរបស់បងប្រុសរ៉ាសិល នោះបងប្រុសម្នាក់បាននិយាយប្រាប់គាត់ថា៖ «បងប្រុសម៉ាក់មីល្លិន បងមានឱកាសល្អក្នុងការទទួលតំណែងនេះ។ បងបានធ្វើជាអ្នកតំណាងដ៏ពិសេសរបស់បងប្រុសរ៉ាសិល ហើយពេលគាត់អវត្តមាន នោះគាត់ប្រាប់យើងរាល់គ្នាឲ្យធ្វើតាមបងទាំងអស់។ អ៊ីចឹង គាត់បានចេញទៅ ហើយមិនត្រឡប់មកវិញទេ។ គឺទំនងថាបងគឺជាបុរសដែលនឹងបន្តកិច្ចការនេះហើយ»។ បងប្រុសម៉ាក់មីល្លិនបានតបឆ្លើយថា៖ «បងប្រុសអើយ! នេះមិនមែនជារបៀបដែលត្រូវមានលើរឿងនេះឡើយ។ នេះជាកិច្ចការរបស់ព្រះអម្ចាស់ ហើយឋានៈដែលអ្នកទទួលក្នុងអង្គការរបស់ព្រះអម្ចាស់ នោះគឺអ្វីដែលព្រះអម្ចាស់នឹងឲ្យអ្នកតាមព្រះទ័យទ្រង់។ ហើយខ្ញុំដឹងប្រាកដក្នុងចិត្តថា ខ្ញុំមិនមែនជាបុរសសំរាប់មុខតំណែងនេះឡើយ»។ រួចមក បងប្រុសម៉ាក់មីល្លិនបានឲ្យបុគ្គលម្នាក់ទៀត កាន់កាប់មុខតំណែងនេះ។ ដូចគេឌាន គាត់មានទស្សនៈដ៏សុភាពរាបទាបអំពីខ្លួនគាត់ ជាទស្សនៈដែលយើងរាល់គ្នាគួរយកមកអនុវត្តតាមដែរ។
១៥. តើមានវិធីដ៏មានប្រយោជន៍ណាខ្លះ ដែលយើងអាចប្រើការយោគយល់ ពេលយើងផ្សព្វផ្សាយប្រាប់អ្នកដទៃ?
១៥ យើងក៏គួរមានចិត្តសុភាពរាបទាប ក្នុងរបៀបដែលយើងធ្វើកិច្ចការរបស់យើងដែរ។ គេឌានមានសុភនិច្ឆ័យ ហើយគាត់បានខំកុំឲ្យពួកអ្នកប្រឆាំងនឹងគាត់ខឹង ដោយឥតចាំបាច់។ ស្រដៀងគ្នាដែរ ក្នុងកិច្ចការផ្សព្វផ្សាយរបស់យើង យើងគួរប្រកបដោយចិត្តសុភាពរាបទាបនិងគួរមានសុភនិច្ឆ័យ អំពីរបៀបដែលយើងនិយាយដល់អ្នកដទៃ។ ពិតមែន យើងកំពុងតែនៅក្នុងចម្បាំងខាងវិញ្ញាណ ដើម្បីរំលំ«ទីមាំមួន» និង‹អស់ទាំងគំនិតរិះគិត›។ (កូរិនថូសទី២ ១០:៤, ៥) ក៏ប៉ុន្តែ យើងមិនគួរនិយាយមើលងាយអ្នកដទៃ ឬក៏ឲ្យគេនូវបុព្វហេតុដែលមានទីសំអាង ដែលគេអាក់អន់ចិត្តនឹងសាររបស់យើងនោះ។ ផ្ទុយទៅវិញ យើងគួរគោរពដល់ទស្សនៈរបស់គេ ដោយបញ្ជាក់នូវអ្វីដែលយើងយល់ស្របគ្នា ហើយរួចមក ផ្ដោតអារម្មណ៍ទៅលើលក្ខណៈដ៏វិជ្ជមាននៃសាររបស់យើងវិញ។—កិច្ចការ ២២:១-៣; កូរិនថូសទី១ ៩:២២; វិវរណៈ ២១:៤
ព្រះយេស៊ូជាគំរូដ៏ខ្ពស់ឧត្តមខាងចិត្តសុភាពរាបទាប
១៦. តើព្រះយេស៊ូបានបង្ហាញថា ទ្រង់មានទស្សនៈដ៏សុភាពរាបទាបអំពីខ្លួនទ្រង់យ៉ាងដូចម្ដេច?
១៦ គំរូដ៏ល្អបំផុតខាងចិត្តសុភាពរាបទាប នោះគឺព្រះយេស៊ូគ្រីស្ទ។ * ទោះជាទ្រង់មានទំនាក់ទំនងដ៏ស្និទ្ធស្នាលនឹងព្រះវរបិតាក៏ដោយ ក៏ព្រះយេស៊ូឥតមានព្រះទ័យស្ទាក់ស្ទើរ ក្នុងការទទួលស្គាល់ថា រឿងខ្លះៗគឺហួសពីអំណាចគ្រប់គ្រងរបស់ទ្រង់។ (យ៉ូហាន ១:១៤) ជាឧទាហរណ៍ ពេលដែលម្ដាយរបស់យ៉ាកុបនិងយ៉ូហាន បានស្នើសុំឲ្យកូនប្រុសពីរនាក់របស់គាត់ អង្គុយជិតព្រះយេស៊ូក្នុងព្រះរាជាណាចក្ររបស់ទ្រង់ នោះព្រះយេស៊ូបានមានបន្ទូលថា៖ «តែដែលអង្គុយខាងស្ដាំឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ»។ (ម៉ាថាយ ២០:២០-២៣) នៅគ្រាមួយទៀត ព្រះយេស៊ូបានសារភាពយ៉ាងស្មោះត្រង់ថា៖ «ខ្ញុំពុំអាចនឹងធ្វើការអ្វី ដោយខ្លួនខ្ញុំបានទេ . . . ខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក»។—យ៉ូហាន ៥:៣០; ១៤:២៨; ភីលីព ២:៥, ៦
១៧. តើព្រះយេស៊ូបានបង្ហាញនូវចិត្តសុភាពរាបទាប ពេលប្រស្រ័យទាក់ទងនឹងអ្នកដទៃយ៉ាងដូចម្ដេច?
១៧ ព្រះយេស៊ូគឺខ្ពង់ខ្ពស់ជាងមនុស្សដ៏ឥតគ្រប់ល័ក្ខណ៍ក្នុងគ្រប់ប្រការ ហើយទ្រង់មានអំណាចគ្រប់គ្រងដែលរកផ្ទឹមមិនបាន ពីព្រះយេហូវ៉ាដ៏ជាព្រះវរបិតា។ យ៉ាងណាក៏ដោយ ព្រះយេស៊ូមានព្រះទ័យសុភាពរាបទាប ពេលទ្រង់ប្រស្រ័យទាក់ទងនឹងពួកអ្នកកាន់តាមទ្រង់។ ទ្រង់មិនគ្របសង្កត់ទាំងស្រុងលើគេដោយបង្ហាញនូវចំណេះដ៏អស្ចារ្យនោះឡើយ។ ទ្រង់បានបង្ហាញនូវភាពឆាប់ដឹង និងយកមកពិនិត្យដោយសេចក្ដីអាណិតអាសូរនូវសេចក្ដីត្រូវការខាងមនុស្សរបស់គេ។ (ម៉ាថាយ ១៥:៣២; ២៦:៤០, ៤១; ម៉ាកុស ៦:៣១) ដូច្នេះហើយ ទោះជាព្រះយេស៊ូជាបុគ្គលគ្រប់ល័ក្ខណ៍ ទ្រង់មិនមែនជាអ្នកសុក្រឹតនិយមទេ។ ទ្រង់មិនដែលតម្រូវពីសិស្សរបស់ទ្រង់ច្រើនជាងអ្វីដែលគេអាចឲ្យនោះទេ។ ហើយទ្រង់ក៏មិនបានដាក់លើគេជាងអ្វីដែលគេអាចទ្រាំទ្របាននោះដែរ។ (យ៉ូហាន ១៦:១២) អ៊ីចឹងហើយបានជាមនុស្សជាច្រើន ចាត់ទុកទ្រង់ជាបុគ្គលដែលអាចធ្វើឲ្យគេបានស្បើយ!—ម៉ាថាយ ១១:២៩
ចូរត្រាប់តាមគំរូរបស់ព្រះយេស៊ូស្តីអំពីចិត្តសុភាពរាបទាប
១៨, ១៩. តើតាមរបៀបណាដែលយើងអាចត្រាប់តាមចិត្តសុភាពរាបទាបរបស់ព្រះយេស៊ូ (ក) តាមរបៀបដែលយើងមានទស្សនៈនឹងខ្លួនយើង និង(ខ) តាមរបៀបដែលយើងប្រព្រឹត្តលើអ្នកដទៃ?
១៨ ប្រសិនបើបុរសម្នាក់ដ៏ឧត្តមបំផុតដែលធ្លាប់មានព្រះជន្មរស់នៅ បានបង្ហាញនូវចិត្តសុភាពរាបទាប នោះយើងក៏គួរតែបង្ហាញចិត្តសុភាពរាបទាបនោះដែរ។ មនុស្សឥតគ្រប់ល័ក្ខណ៍ច្រើនតែមានចិត្តស្ទាក់ស្ទើរនឹងសារភាពថា ពួកគេពុំមានអំណាចគ្រប់គ្រងទាំងស្រុងនោះឡើយ។ ក៏ប៉ុន្តែ ក្នុងការយកតម្រាប់តាមព្រះយេស៊ូ នោះពួកគ្រីស្ទានខំប្រឹងឲ្យមានចិត្តសុភាពទាបរាប។ ពួកគេពុំមានចិត្តមានះហួសហេតុ ក្នុងការឲ្យភារកិច្ចដល់អ្នកដែលមានគុណវុឌ្ឍិនោះទេ។ ហើយពួកគេក៏មិនក្រអឺតនិងឥតសុខចិត្តទទួលការណែនាំពីអស់អ្នក ដែលមានអំណាចក្នុងការឲ្យនោះដែរ។ ដោយបង្ហាញនូវគតិរួបរួមគ្នា នោះគេអនុញ្ញាតឲ្យរឿងទាំងអស់ក្នុងក្រុមជំនុំ កើតមានឡើងតាមបែប«គួរសម ហើយដោយលំដាប់លំដោយផង»។—កូរិនថូសទី១ ១៤:៤០
១៩ ចិត្តសុភាពរាបទាបក៏នឹងជំរុញយើងឲ្យប្រកបដោយការសមហេតុផល ពេលយើងតម្រូវពីអ្នកដទៃ ហើយឲ្យចេះគិតដល់សេចក្ដីត្រូវការរបស់គេ។ (ភីលីព ៤:៥) យើងប្រហែលជាមានសមត្ថភាពនិងកម្លាំងណាខ្លះ ដែលអ្នកដទៃឥតមាននោះ។ ក៏ប៉ុន្តែ ប្រសិនបើយើងមានចិត្តសុភាពរាបទាប នោះយើងនឹងមិនតម្រូវពីអ្នកដទៃឲ្យគេប្រព្រឹត្តតាមតែយើងចង់ឲ្យគេប្រព្រឹត្តនោះឡើយ។ ដោយដឹងថាបុគ្គលម្នាក់ៗមានកំរិតរបស់ខ្លួន នោះដោយចិត្តសុភាពរាបទាប យើងនឹងគិត ហើយយល់អំពីគុណវិបត្ដិរបស់អ្នកដទៃដែរ។ ពេត្រុសបានសរសេរថា៖ «តែមុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្ដីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត»។—ពេត្រុសទី១ ៤:៨
២០. តើយើងអាចធ្វើយ៉ាងណា ដើម្បីឲ្យឈ្នះលើការទោរទន់ទៅរកការគ្មានចិត្តសុភាពរាបទាបនោះ?
២០ ដូចជាយើងបានរៀន នោះប្រាជ្ញាតែងនៅនឹងមនុស្សសុភាពរាបទាបមែន។ ចុះយ៉ាងណាវិញ បើអ្នកឃើញថាអ្នកទោរទន់ទៅខាងការគ្មានចិត្តសុភាពរាបទាបឬមានចិត្តអំនួតនោះ? ចូរកុំឲ្យធ្លាក់ទឹកចិត្តនោះឡើយ។ ផ្ទុយទៅវិញ ចូរធ្វើតាមគំរូរបស់ដាវីឌ ដែលបានអធិស្ឋានថា៖ «សូមរាំងរាទូលបង្គំ ជាអ្នកបំរើទ្រង់ ឲ្យរួចពីបាបដែលធ្វើដោយល្មើសដែរ កុំឲ្យបាបនោះមានអំណាចលើទូលបង្គំឡើយ»។ (ទំនុកដំកើង ១៩:១៣) ដោយត្រាប់តាមជំនឿរបស់ពួកបុរសដូចជាប៉ុល គេឌាន និងព្រះយេស៊ូគ្រីស្ទដែលខ្ពស់ជាងមនុស្សឯទៀត នោះយើងនឹងពិសោធផ្ទាល់ខ្លួននូវសច្ចៈភាពនៃពាក្យដូចនេះថា៖ «ប្រាជ្ញា តែងនៅនឹងមនុស្សសុភាពរាបទាប»។—សុភាសិត ១១:២, ព.ថ.
[កំណត់សម្គាល់]
^ ពាក្យក្រិកដែលបានបកប្រែ«អ្នកជំនួយ» អាចសំដៅទៅនឹងអ្នកបំរើដែលចែវទូកនៅជាន់ក្រោមក្នុងទូកដ៏ធំមួយ។ ផ្ទុយទៅវិញ «អ្នករ៉ាប់រង» ប្រហែលជាបានទទួលនូវភារកិច្ចច្រើនជាង ដូចជាការមើលខុសត្រូវទ្រព្យសម្បត្ដិ។ យ៉ាងណាក៏ដោយ តាមទស្សនៈរបស់ចៅហ្វាយភាគច្រើន នោះអ្នករ៉ាប់រងម្នាក់ក៏ដូចជាអ្នកចែវទូកដែលជាអ្នកបំរើនោះដែរ។
^ ការប្រុងប្រយ័ត្នរបស់គេឌានមិនគួរយល់ខុសជាសញ្ញានៃសេចក្ដីកំសាកឡើយ។ ផ្ទុយទៅវិញ ចិត្តក្លាហានរបស់គាត់បានបញ្ជាក់ប្រាប់នៅហេព្រើរ ១១:៣២-៣៨ ដែលរួមបញ្ចូលគេឌានក្នុងចំណោមអស់អ្នកដែល«មានកំឡាំង» ហើយ«ត្រឡប់ជាពូកែក្នុងចំបាំង»។
^ ដោយព្រោះចិត្តសុភាពរាបទាបរួមបញ្ចូលការដឹងនូវកំរិតរបស់ខ្លួន នោះមិនអាចនិយាយដោយត្រឹមត្រូវថា ព្រះយេហូវ៉ាមានព្រះទ័យដ៏សុភាពរាបទាបនោះទេ។ ក៏ប៉ុន្តែ ទ្រង់មានព្រះទ័យរាបទាប។—ទំនុកដំកើង ១៨:៣៥
តើអ្នកនឹកឃើញឡើងវិញឬទេ?
• តើអ្វីទៅជាចិត្តសុភាពរាបទាប?
• តើយើងអាចត្រាប់តាមគំរូនៃចិត្តសុភាពរាបទាបរបស់ប៉ុលយ៉ាងដូចម្ដេច?
• តើយើងអាចរៀនអ្វីអំពីចិត្តសុភាពរាបទាបពីគំរូរបស់គេឌាន?
• តើតាមរបៀបណាដែលព្រះយេស៊ូបានទុកគំរូដ៏ឧត្តមបំផុតស្តីអំពីចិត្តសុភាពរាបទាប?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៥]
ចិត្តសុភាពរាបទាបរបស់ប៉ុល បានធ្វើឲ្យពួកគ្រីស្ទានគ្នីគ្នាស្រឡាញ់ចូលចិត្តគាត់
[រូបភាពនៅទំព័រ១៦]
គេឌានបានប្រើការប្រុងប្រយ័ត្ន ពេលបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះ
[រូបភាពនៅទំព័រ១៧]
ព្រះយេស៊ូជាបុត្រារបស់ព្រះ បង្ហាញនូវចិត្តសុភាពរាបទាបក្នុងគ្រប់ប្រការ