លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

វិធីដែលជីវិតរបស់អ្នកអាចមានអត្ថន័យច្រើនជាង

វិធីដែលជីវិតរបស់អ្នកអាចមានអត្ថន័យច្រើនជាង

វិធី​ដែល​ជីវិត​របស់​អ្នក​អាច​មាន​អត្ថន័យ​ច្រើន​ជាង

សុភាសិតបុរាណ​មួយ​ចែង​ប្រាប់​ថា៖ «កុំ​ឲ្យ​នឿយ​ហត់​ដល់​ខ្លួន ដើម្បី​ឲ្យ​បាន​ជា​អ្នក​មាន​ឡើយ ក៏​កុំ​ឲ្យ​ប្រើ​ប្រាជ្ញា​ឲ្យ​បាន​មាន​ឡើង​ដែរ តើ​ចង់​ភ្ជាប់​ភ្នែក​តាម​របស់​ដែល​សោះ​សូន្យ​ឬ ដ្បិត​ទ្រព្យ​សម្បត្ដិ​តែង​តែ​ដុះ​ស្លាប​ជា​មិន​ខាន ក៏​នឹង​ហើរ​ទៅ​លើ​មេឃ បែប​ដូច​ជា​ឥន្ទ្រី»។ (សុភាសិត ២៣:៤, ៥) បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​មិន​មែន​ជា​ការ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ទេ ដែល​យើង​ពង្រីង​កម្លាំង​របស់​ខ្លួន​ដោយ​ខិត​ខំ​ទៅ​ជា​អ្នក​មាន ដោយ​ព្រោះ​ទ្រព្យ​សម្បត្ដិ​អាច​ហើរ​ទៅ​បាត់​ដូច​ជា​នៅ​លើ​ស្លាប​សត្វ​ឥន្ទ្រិយ​អ៊ីចឹង។

ដូច​ជា​ព្រះ​គម្ពីរ​បង្ហាញ​មក នោះ​ទ្រព្យ​សម្បត្ដិ​អាច​ត្រូវ​បាត់​បង់​យ៉ាង​ឆាប់​រហ័ស។ ក្នុង​ពេល​តែ​មួយ​យប់ វា​អាច​ត្រូវ​បាត់​បង់​ដោយ​មហន្តរាយ​ធម្មជាតិ វិបត្ដិ​សេដ្ឋកិច្ច ឬ​ក៏​ព្រឹត្ដិការណ៍​ផ្សេង​ទៀត​ដែល​កើត​ឡើង​ដោយ​មិន​ដឹង​ជា​មុន។ ម្យ៉ាង​ទៀត សូម្បី​តែ​អ្នក​ដែល​មាន​ទ្រព្យ​សម្បត្ដិ​ជា​ច្រើន ក៏​ច្រើន​តែ​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង។ សូម​ពិចារណា​ករណី​របស់​លោក​ចន ដែលកិច្ច​ការរបស់​គាត់​រួម​បញ្ចូល​ការ​ជប់​លៀង​ជា​មួយ​ភ្ញៀវ​ដែល​ជា​អ្នក​នយោបាយ កីឡាករ​កីឡា​ការ​នី​ល្បី​ៗ និង​ពូជ​ពង្ស​ស្តេច។

ចន​ប្រាប់​ថា៖ «ខ្ញុំ​បាន​ខិត​ខំ​អស់​ពី​សមត្ថភាព​ក្នុង​ការងារ​របស់​ខ្ញុំ។ ខ្ញុំ​បាន​ចំរើន​ខាង​ប្រាក់ បាន​ស្នាក់​នៅ​សណ្ឋាគារ​ថ្លៃ​ៗ និង​ជួន​កាល​ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​ដោយ​ជិះ​យន្ត​ហោះ​ឯកជន​ទៀត​ផង។ ដើម​ដំបូង​ខ្ញុំ​បាន​ចូល​ចិត្ត​នឹងកិច្ច​ការនេះ​ណាស់ ក៏​ប៉ុន្តែ​បន្ដិច​ម្ដង​ៗ ខ្ញុំ​បាន​ទៅ​ជា​ធុញ​ទ្រាន់​ទៅ​វិញ។ មនុស្ស​ដែល​ខ្ញុំ​បាន​ខិត​ខំ​បំពេញ​ចិត្ត មើល​ទៅ​ហាក់​ដូច​ជា​ជីវិត​របស់​គេ​គ្មាន​ភាព​ប្រាកដ​ប្រជា​ទាល់​តែ​សោះ។ ជីវិត​ខ្ញុំ​គឺ​គ្មាន​ន័យ​ទេ»។

ដូច​ជា​ចន​បាន​រក​ឃើញ នោះ​ជីវិត​ដែល​គ្មាន​អត្ថន័យ​ខាង​វិញ្ញាណ មិន​អាច​បំពេញ​ចិត្ត​យើង​បាន​ឡើយ។ ក្នុង​ធម្មទាន​នៅ​លើ​ភ្នំ​ដ៏​ល្បី​របស់​ព្រះ​យេស៊ូ​គ្រីស្ទ នោះ​ទ្រង់​បាន​បញ្ជាក់​ពី​របៀប​ពិសោធ​សុភមង្គល​ជា​ស្ថាពរ​បាន។ ទ្រង់​បាន​មាន​បន្ទូល​ថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​សេចក្ដី​កំសត់​ខាង​ឯ​វិញ្ញាណ ដ្បិត​នគរ​ស្ថាន​សួគ៌​ជា​របស់​ផង​អ្នក​ទាំង​នោះ»។ (ម៉ាថាយ ៥:៣) ដូច្នេះ គឺ​ច្បាស់​ហើយ​ថា​ការ​ទុក​អ្វី​ៗ​ខាង​វិញ្ញាណ​ជា​អាទិភាព គឺ​ជា​ការ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា។ ក៏​ប៉ុន្តែ កត្ដា​ផ្សេង​ទៀត​ក៏​អាច​បន្ថែម​អត្ថន័យ​ច្រើន​ទៀត​នឹង​ជីវិត​ដែរ។

គ្រួសារ​និង​មិត្ត​របស់​អ្នក​គឺ​សំខាន់​មែន

តើ​អ្នក​សប្បាយ​នឹង​ជីវិត​ឬ​ទេ បើ​សិន​ជា​អ្នក​គ្មាន​ការ​ទាក់​ទង​ជា​មួយ​គ្រួសារ​របស់​អ្នក ហើយ​គ្មាន​មិត្ត​ជិត​ស្និទ្ធ​នោះ? ច្បាស់​ជា​អត់​សប្បាយ​ទេ។ ព្រះ​ដ៏​ជា​អ្នក​បង្កើត​របស់​យើង​បាន​បង្កើត​យើង​មក ទាំង​មាន​សេចក្ដី​ត្រូវ​ការ​ដើម្បី​ស្រឡាញ់​និង​ទទួល​សេចក្ដី​ស្រឡាញ់។ នេះ​ជា​ហេតុ​មួយ​ដែល​ព្រះ​យេស៊ូ​បាន​បញ្ជាក់​នូវ​សារៈ​សំខាន់ នៃ​ការ‹ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​យើង›នោះ។ (ម៉ាថាយ ២២:៣៩) ក្រុម​គ្រួសារ​គឺ​ជា​អំណោយ​មួយ​ពី​ព្រះ ដែល​ជា​កន្លែង​ល្អ​ប្រសើរ​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​មិន​អាត្មា​និយម។—អេភេសូរ ៣:១៤, ១៥

តើ​គ្រួសារ​របស់​យើង​អាច​បន្ថែម​អត្ថន័យ​នឹង​ជីវិត​របស់​យើង​យ៉ាង​ដូច​ម្ដេច​បាន? គ្រួសារ​មួយ​ដែល​មាន​ឯកភាព​អាច​ប្រៀប​នឹង​សួន​ច្បារ​មួយ​ដ៏​ស្អាត ដែល​ផ្ដល់​នូវ​ការ​ជ្រក​កោន​ដ៏​ត្រជាក់​ត្រ​ជុំ​ពី​ភាព​តាន​តឹង​នៃ​ជីវិត​ប្រចាំ​ថ្ងៃ។ ស្រដៀង​គ្នា​ដែរ ក្នុង​ក្រុម​គ្រួសារ យើង​អាច​មាន​ភាព​ស្និទ្ធ​ស្នាល​និង​ភាព​កក់​ក្ដៅ​ដែល​ធ្វើ​ឲ្យ​មាន​ចិត្ត​ត្រជាក់​ត្រ​ជុំ ដែល​បំបាត់​នូវ​អារម្មណ៍​ថា​ខ្លួន​នៅ​តែ​ឯង។ ពិត​មែន គ្រួសារ​មួយ​មិន​ផ្ដល់​នូវ​ទី​ជម្រក​ជា​ស្វ័យប្រវត្ត​នោះ​ទេ។ ពេល​ដែល​យើង​ពង្រឹង​ទំនាក់​ទំនង​ក្នុង​ក្រុម​គ្រួសារ​ឲ្យ​ខ្លាំង​ឡើង នោះ​យើង​ទៅ​ជា​ជិត​ស្និទ្ធ​ខ្លាំង​ឡើង ហើយ​ជីវិត​ក៏​មាន​ខ្លឹម​សារ​ច្រើន​ទៀត​ដែរ។ ជា​ឧទាហរណ៍ ការ​យក​ចិត្ត​ទុក​ដាក់​និង​ពេល​ដែល​យើង​ចំណាយ ក្នុង​ការ​សម្ដែង​សេចក្ដី​ស្រឡាញ់​ចំពោះ​គូ​អាពាហ៍ពិពាហ៍​របស់​យើង គឺ​ជា​ការ​ចំណាយ​មួយ​ដែល​នៅ​ទី​បំផុត​នឹង​ផ្ដល់​នូវ​លទ្ធផល​ល្អ​ប្រសើរ​យ៉ាង​វិសេស។—អេភេសូរ ៥:៣៣

បើ​សិន​ជា​យើង​មាន​កូន យើង​គួរ​ខិត​ខំ​ផ្ដល់​ឲ្យ​បរិយាកាស​ដ៏​ល្អ​ត្រឹម​ត្រូវ​សំរាប់​ការ​ចិញ្ចឹម​អប់រំ​កូន។ ដោយ​ការ​ចំណាយ​ពេល​ជា​មួយ​កូន ការ​រក្សា​ឲ្យ​មាន​ការ​ប្រស្រ័យ​ទាក់​ទង​ល្អ និង​ការ​ផ្ដល់​នូវ​សេចក្ដី​ណែនាំ​ខាង​វិញ្ញាណ​វិញ។ ក៏​ប៉ុន្តែ ការ​ចំណាយ​ពេល​និង​ការ​ខិត​ខំ​បែប​នេះ អាច​នាំ​ឲ្យ​យើង​មាន​ការ​ពេញ​ចិត្ត​ជា​ខ្លាំង។ ពួក​មាតា​បិតា​ដែល​បាន​ទទួល​ជោគ​ជ័យ​ចាត់​ទុក​កូន​ថា ជា​ពរ​និង​ជា​មរតក​ពី​ព្រះ ដែល​គួរ​នឹង​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ល្អ។—ទំនុកដំកើង ១២៧:៣

មិត្ត​ល្អ​ៗ​ក៏​ជួយ​ឲ្យ​ជីវិត​ទៅ​ជា​អ្វី​ដែល​ពេញ​ចិត្ត​និង​មាន​ខ្លឹម​សារ​ដែរ។ (សុភាសិត ២៧:៩) យើង​អាច​មាន​មិត្ត​ជា​ច្រើន ដោយ​បង្ហាញ​នូវ​ចិត្ត​អាណិត​អាសូរ។ (ពេត្រុស​ទី​១ ៣:៨) មិត្ត​ពិត​ប្រាកដ​ជួយ​លើក​ទឹក​ចិត្ត​យើង​ពេល​យើង​ធ្លាក់​ទឹក​ចិត្ត។ (សាស្ដា ៤:៩, ១០) ហើយ‹មិត្ត ជា​បង​ប្អូន​ក៏​កើត​មក​សំរាប់​គ្រា​លំបាក​ដែរ›។—សុភាសិត ១៧:១៧

មិត្តភាព​ពិត​ប្រាកដ​អាច​ជា​អ្វី​ដែល​ពេញ​ចិត្ត​ណាស់​ហ្ន៎! ពេល​ដែល​យើង​មាន​មិត្ត​នៅ​ជា​មួយ​យើង នោះ​ថ្ងៃ​លិច​គឺ​ស្អាត​ជាង ម្ហូប​គឺ​ឈ្ងុយ​ឆ្ងាញ់​ជាង និងបទភ្លេង​ក៏​ពីរោះ​ជាង​ដែរ។ ពិត​មែន គ្រួសារ​មួយ​ដ៏​ជិត​ស្និទ្ធ​និង​មិត្ត​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត គ្រាន់​តែ​ជា​ផ្នែក​ពីរ​នៃ​ជីវិត​មួយ​ដែល​មាន​ខ្លឹម​សារ។ តើ​អ្វី​ទៀត​ជា​សំ​វិធានការ​ដែល​ព្រះ​បាន​ប្រទាន​មក ដែល​អាច​ជួយ​ជីវិត​របស់​យើង​ឲ្យ​មាន​ខ្លឹម​សារ​ច្រើន​ទៀត​នោះ?

ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​យើង​ខាង​វិញ្ញាណ

ដូច​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​មាន​បន្ទូល​ខាង​លើ​នេះ នោះ​សុភមង្គល​គឺ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​ស្គាល់​នូវ​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ខាង​វិញ្ញាណ។ យើង​បាន​ត្រូវ​បង្កើត​មក​ទាំង​មាន​សមត្ថភាព​ខាង​វិញ្ញាណ​និង​សីលធម៌។ ដូច្នេះ ព្រះ​គម្ពីរ​សំដៅ​ទៅ«មនុស្ស​ខាង​វិញ្ញាណ»និង«មនុស្ស​លាក់​កំបាំង​ក្នុង​ចិត្ត»។—កូរិនថូស​ទី​១ ២:១៥; ពេត្រុស​ទី​១ ៣:៣, ៤

យោង​ទៅ​តាម​វចនានុក្រម​អធិប្បាយ​ពី​ពាក្យ​ក្នុង​សញ្ញា​ថ្មី និពន្ធ​ដោយ វីល្លាម វ៉ែន នោះ​ចិត្ត​តំណាង«សកម្មភាព​ទាំង​មូល​ខាង​គំនិត​និង​ផ្លូវ​ចិត្ត​របស់​មនុស្សជាតិ។ ទាំង​វិចារ​ញ្ញា​ណ​និង​អារម្មណ៍​ផង»។ លោក​វ៉ែន​បាន​ពន្យល់​ថែម​ទៀត​ថា៖ «បើ​និយាយ​រួម ចិត្ត​ត្រូវ​ប្រើ​ជា​អត្ថបដិរូប​តំណាង​ប្រភព​នៃ​បុគ្គលិក​លក្ខណៈ​សម្ងាត់»។ សៀវភៅ​ដដែល​នោះ​ក៏​ពន្យល់​ថា៖ «ដោយ​ព្រោះ​ចិត្ត​គឺ​ជា​អ្វី​ដែល​នៅ​ក្នុង​យ៉ាង​ជ្រៅ នោះ​ចិត្ត​នៅ​ជាប់​ជា​មួយ‹លក្ខណៈ​សម្ងាត់​របស់​មនុស្ស› . . . មនុស្ស​ពិត​ប្រាកដ»។

តើ​យ៉ាង​ដូច​ម្ដេច​ដែល​យើង​អាច បំពេញ​សេចក្ដី​ត្រូវ​ការ​របស់«មនុស្ស​ខាង​វិញ្ញាណ» ឬ​ក៏«លក្ខណៈ​សម្ងាត់​របស់​មនុស្ស»ដែល​ជា«មនុស្ស​លាក់​កំបាំង»នោះ? យើង​យក​មួយ​ជំហាន​សំខាន់​ក្នុង​ការ​បំពេញ​សេចក្ដី​ត្រូវ​ការ​នេះ ពេល​យើង​ទទួល​ស្គាល់​ចំណុច​ដែល​អ្នក​តែងបទ​ទំនុកដំកើងបាន​ច្រៀង​ថា៖ «ត្រូវ​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើង​ខ្ញុំ យើង​ខ្ញុំ​ជា​របស់​ផង​ទ្រង់ យើង​ខ្ញុំ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​របស់​ទ្រង់»។ (ទំនុកដំកើង ១០០:៣) ការ​ទទួល​ស្គាល់​ចំណុច​នេះ នាំ​ឲ្យ​យើង​យល់​ដឹង​ចំណុច​ដ៏​សម​ហេតុ​សម​ផល​ដែល​ថា យើង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ។ បើ​សិន​ជា​យើង​ចង់​ចូល​រួម​ជា​មួយ‹រាស្ត្រ​របស់​ទ្រង់ ហើយ​ហ្វូង​ចៀម​នៅ​ទី​គង្វាល​របស់​ទ្រង់› យើង​ត្រូវ​តែ​ប្រព្រឹត្ត​សម​ស្រប​នឹង​ព្រះ​បន្ទូល​របស់​ទ្រង់ ជា​ព្រះ​គម្ពីរ។

តើ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​ជា​ការ​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ដល់​ខ្លួន​ទេ? អត់​ទេ ពីព្រោះ​ការ​ទទួល​ស្គាល់​ថា​ការ​ប្រព្រឹត្ត​របស់​យើង​គឺ​សំខាន់​ចំពោះ​ព្រះ បន្ថែម​ខ្លឹម​សារ​នឹង​ជីវិត​របស់​យើង។ ហេតុ​ការណ៍​នេះ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ធ្វើ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង។ នេះ​ពិត​ជា​គោល​ដៅ​សម​គួរ​មែន។ ទំនុកដំកើង ១១២:១ ចែង​ថា៖ «មាន​ពរ​ហើយ អ្នក​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ហើយ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង ចំពោះ​សេចក្ដី​បង្គាប់​របស់​ទ្រង់»។ ការ​កោត​ខ្លាច​ព្រះ​និង​ការ​ស្ដាប់​បង្គាប់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អាច​បន្ថែម​ខ្លឹម​សារ​នឹង​ជីវិត​របស់​យើង។

តើ​ហេតុ​ដូច​ម្ដេច​ដែល​ការ​ស្ដាប់​បង្គាប់​ព្រះ​ធ្វើ​ឲ្យ​យើង​ពេញ​ចិត្ត? ពីព្រោះ​យើង​មាន​មនសិការ​មួយ ដែល​ជា​អំណោយ​ពី​ព្រះ​ដល់​មនុស្សជាតិ​ទាំង​មូល។ មនសិការ​គឺ​ជា​គ្រឿង​ត្រួត​ពិនិត្យ​មួយ​ក្នុង​ចិត្ត ដែល​សម្ដែង​ការ​ពេញ​ចិត្ត​ឬ​ក៏​មិន​ពេញ​ចិត្ត​នឹង​អ្វី​ដែល​យើង​បាន​ធ្វើ ឬ​ក៏​កំពុង​តែ​គិត​ចង់​ធ្វើ។ យើង​ទាំង​អស់​គ្នា​ធ្លាប់​ពិសោធន៍​ការ​អៀន​ខ្មាស​ពីព្រោះ​មនសិការ​មាន​ការ​ឈឺ​ចាប់។ (រ៉ូម ២:១៥) ក៏​ប៉ុន្តែ មនសិការ​របស់​យើង​ក៏​អាច​ផ្ដល់​រង្វាន់​ដល់​យើង​ដែរ។ ពេល​យើង​ប្រព្រឹត្ត​ដោយ​គ្មាន​អត្តទត្ថភាព​ចំពោះ​ព្រះ​និង​មនុស្ស​ឯ​ទៀត នោះ​យើង​មាន​អារម្មណ៍​ពេញចិត្ត​និង​សប្បាយ​ទៀត​ផង។ យើង​សង្កេត​ឃើញ​ថា«ដែល​ឲ្យ នោះ​បាន​ពរ​ជា​ជាង​ទទួល»។ (កិច្ច​ការ ២០:៣៥) មាន​មូលហេតុ​សំខាន់​ដែល​នេះ​កើត​មាន​ឡើង។

ព្រះ​ដ៏​ជា​អ្នក​បង្កើត​របស់​យើង​បាន​បង្កើត​យើង ទាំង​មាន​សមត្ថភាព​ទទួល​ឥទ្ធិពល​ពី​ចំណង់​និង​សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​ឯ​ទៀត។ ការ​ជួយ​អ្នក​ដទៃ​នាំ​ឲ្យ​យើង​សប្បាយ​ចិត្ត​ដែរ។ មួយ​ទៀត ព្រះ​គម្ពីរ​ធានា​ថា ពេល​ដែល​យើង​ជួយ​អ្នក​ណា​ដែល​មាន​ការ​ខ្វះ​ខាត នោះ​ព្រះ​ចាត់​ទុក​នោះ​ជា​ការ​ធ្វើ​ទាន​ដល់​ទ្រង់។—សុភាសិត ១៩:១៧

ក្រៅ​ពី​ការ​ផ្ដល់​នូវ​ការ​ពេញ​ចិត្ត តើ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​ខាង​វិញ្ញាណ​របស់​យើង អាច​ជួយ​យើង​តាម​របៀប​ដែល​មាន​ប្រយោជន៍​ទេ? ពាណិជ្ជករ​ម្នាក់​ឈ្មោះ​រេមិន នៅ​មជ្ឈិមបូព៌ាប្រទេស​ជឿ​ថា នោះ​អាច​ផ្ដល់​ប្រយោជន៍​មែន។ គាត់​មាន​ប្រសាសន៍​ថា៖ «គោល​ដៅ​តែ​មួយ​គត់​របស់​ខ្ញុំ​ដែល​ធ្លាប់​មាន​នោះ​គឺ​ជា​ការ​រក​លុយ។ ក៏​ប៉ុន្តែ ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ​បាន​ទទួល​ស្គាល់​ក្នុង​ចិត្ត​ថា មាន​ព្រះ​និង​ព្រះ​គម្ពីរ​សម្ដែង​ពី​ព្រះ​ហឫទ័យ​របស់​ទ្រង់ នោះ​ខ្ញុំ​បាន​ទៅ​ជា​បុរស​ផ្សេង។ ឥឡូវ​នេះ ការ​រក​ស៊ី​មាន​សារៈ​សំខាន់​តែ​បន្ទាប់​បន្សំ​ក្នុង​ជីវិត​ខ្ញុំ។ ដោយ​ខ្ញុំ​ខិត​ខំ​ផ្គាប់​ព្រះ​ហឫទ័យ​របស់​ព្រះ នោះ​ខ្ញុំ​បាន​រួច​ពី​អារម្មណ៍​នៃ​ការ​ស្អប់​ដែល​ចេះ​តែ​បំផ្លិច​បំផ្លាញ។ ទោះ​បី​ឪពុក​របស់​ខ្ញុំ​បាន​ស្លាប់​ក្នុង​ចំបាំង​ក៏​ដោយ ក៏​ខ្ញុំ​គ្មាន​ចំណង់​សង​សឹក​ដល់​អ្នក​ដែល​ទទួល​ខុស​ត្រូវ​នោះ​ឡើយ»។

ដូច​ជា​រេមិន​បាន​រក​ឃើញ ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​របស់«មនុស្ស​ខាង​វិញ្ញាណ» អាច​ជួយ​ធ្វើ​ឲ្យ​របួស​ខាង​ផ្លូវ​ចិត្ត​បាន​ជា​វិញ។ ក៏​ប៉ុន្តែ លុះ​ត្រា​តែ​យើង​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ដែល​មាន​ជា​រៀង​រាល់​ថ្ងៃ ជីវិត​មិន​មែន​ជា​គ្រឿង​ដែល​ធ្វើ​ឲ្យ​ពេញ​ចិត្ត​ទាំង​ស្រុង​នោះ​ទេ។

យើង​ក៏​អាច​មាន«សេចក្ដី​សុខ​សាន្ត​របស់​ព្រះ»

ក្នុង​ពិភព​លោក​ដ៏​ច្របូក​ច្របល់​នេះ គឺ​កម្រ​ណាស់​ដែល​មាន​ថ្ងៃ​មួយ​មិន​មាន​បញ្ហា​ណា​សោះ។ មាន​គ្រោះ​ថ្នាក់ មាន​ការ​រៀបចំ​ដែល​មិន​សម្រេច​ដូច​បំណង និង​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត។ បញ្ហា​នេះ​អាច​ធ្វើ​ឲ្យ​យើង​លែង​សប្បាយ​ចិត្ត។ ក៏​ប៉ុន្តែ ចំពោះ​អ្នក​ដែល​បំរើ​ព្រះ​យេហូវ៉ា ព្រះ​គម្ពីរ​សន្យា​ថា​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត ជា«សេចក្ដី​សុខ​សាន្ត​របស់​ព្រះ»។ តើ​យើង​ទទួល​សេចក្ដី​សុខ​សាន្ត​នេះ​យ៉ាង​ដូច​ម្ដេច?

សាវ័ក​ប៉ុល​បាន​សរសេរ​ថា៖ «កុំ​ឲ្យ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្ដី​សំណូម​របស់​អ្នក​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន នឹង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ​គុណ​ផង យ៉ាង​នោះ សេចក្ដី​សុខ​សាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់​ទាំង​គំនិត នឹង​ជួយ​ការ​ពារ​ចិត្ត ហើយ​នឹង​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ»។ (ភីលីព ៤:៦, ៧) ជា​ជាង​ខិត​ខំ​ទ្រាំ​ទ្រ​នឹង​បញ្ហា​ទាំង​ប៉ុន្មាន​របស់​យើង​ដោយ​ខ្លួន​ឯង យើង​ត្រូវ​តែ​អធិស្ឋាន​អស់​ពី​ចិត្ត ដោយ​ផ្ទេរ​បន្ទុក​របស់​យើង​ទៅ​លើ​ព្រះ។ (ទំនុកដំកើង ៥៥:២២) ជំនឿ​ថា​ទ្រង់​នឹង​តប​នូវ​ទំនូល​អង្វរ​បែប​នេះ​តាម​រយៈ​ព្រះ​រាជបុត្រា​របស់​ទ្រង់ ព្រះ​យេស៊ូ​គ្រីស្ទ នឹង​ទៅ​ជា​កាន់​តែ​ខ្លាំង ពេល​ដែល​យើង​លូត​លាស់​ខាង​វិញ្ញាណ និង​សង្កេត​ឃើញ​របៀប​ដែល​ព្រះ​ជួយ​យើង។—យ៉ូហាន ១៤:៦, ១៤; ថែស្សាឡូនីច​ទី​២ ១:៣

ក្រោយ​ពី​យើង​បាន​ស្អាង​ឡើង​នូវ​ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា ដែល​ជា«ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន» នោះ​យើង​មាន​សមត្ថភាព​ច្រើន​ទៀត​ដើម្បី​ស៊ូ​ទ្រាំ​ការ​ល្បង​ល​ដូច​ជា​ការ​ឈឺ​អស់​មួយ​រយៈ​យូរ ភាព​ចាស់​ជរា ឬ​ក៏​សេចក្ដី​ស្លាប់​របស់​អ្នក​ជា​ទី​ស្រឡាញ់។ (ទំនុកដំកើង ៦៥:២) ក៏​ប៉ុន្តែ ដើម្បី​មាន​ជីវិត​មួយ​ដែល​ពិត​ជា​មាន​ខ្លឹម​សារ នោះ​យើង​ត្រូវ​តែ​គិត​ពី​អនាគត​ផង​ដែរ។

ចូរ​អរ​សប្បាយ​ឡើង​នឹង​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត

ព្រះ​គម្ពីរ​សន្យា​ថា​នឹង​មាន«ផ្ទៃ​មេឃ​ថ្មី​និង​ផែនដី​ថ្មី» ជា​រដ្ឋាភិបាល​មួយ​ដ៏​សុចរិត​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ នឹង​គ្រប់​គ្រង​លើ​មនុស្សជាតិ​ដែល​ស្ដាប់​បង្គាប់។ (ពេត្រុស​ទី​២ ៣:១៣) ក្នុង​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា នោះ​សង្គ្រាម​និង​អយុត្ដិធម៌​នឹង​ត្រូវ​ជំនួស​ដោយ​សន្ដិភាព​និង​យុត្ដិធម៌។ នេះ​មិន​គ្រាន់​តែ​ជា​ចំណង់​រវើ​រវាយ​ទេ ក៏​ប៉ុន្តែ​ជា​ជំនឿ​ស៊ប់​មួយ​ដែល​អាច​កើន​កាន់​តែ​ខ្លាំង​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ នេះ​ពិត​ជា​ដំណឹងល្អ​និង​ពិត​ជា​ហេតុ​មួយ​ដើម្បី​អរ​សប្បាយ​មែន។—រ៉ូម ១២:១២; ទីតុស ១:២

លោក​ចន ដែល​បាន​រៀប​រាប់​ពី​ខាង​លើ​នេះ ឥឡូវ​មាន​អារម្មណ៍​ថា ជីវិត​របស់​គាត់​មាន​ខ្លឹម​សារ​ច្រើន​ជាង​មុន។ គាត់​ប្រាប់​ថា៖ «ខ្ញុំ​ធ្លាប់​ជឿ​ថា​មាន​ព្រះ ទោះ​បី​ពី​មុន​ខ្ញុំ​មិន​ធ្លាប់​កាន់​សាសនា​ក៏​ដោយ។ ក៏​ប៉ុន្តែ ខ្ញុំ​មិន​បាន​អនុវត្ត​ជំនឿ​នេះ​ទេ ទាល់​តែ​ខ្ញុំ​បាន​ជួប​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពីរ​នាក់។ ខ្ញុំ​បាន​សួរ​សំនួរ​ជា​ច្រើន ដូច​ជា‹ហេតុ​អ្វី​មាន​យើង​នៅ​លើ​ផែនដី​នេះ? តើ​អ្វី​នឹង​កើត​ឡើង​នៅ​អនាគត›? ចម្លើយ​របស់​គេ​ពី​ព្រះ​គម្ពីរ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា នេះ​ជា​លើក​ទី​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ ដែល​ជីវិត​ខ្ញុំ​មាន​គោល​បំណង។ នោះ​គ្រាន់​តែ​ជា​ដើម​ដំបូង​ទេ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ស្រេក​ឃ្លាន​សេចក្ដី​ពិត ដែល​នាំ​ឲ្យ​ខ្ញុំ​កែ​ប្រែ​គោល​ការណ៍​ទាំង​អស់​របស់​ខ្ញុំ។ ទោះ​បី​ឥឡូវ​ខ្ញុំ​លែង​ជា​អ្នក​មាន​ខាង​ទ្រព្យ​សម្បត្ដិ​ទៀត​ក៏​ដោយ ក៏​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​អ្នក​មាន​ខាង​វិញ្ញាណ»។

ដូច​លោក​ចន ប្រហែល​ជា​អ្នក​ក៏​បាន​អនុញ្ញាត​ឲ្យ​សមត្ថភាព​របស់​អ្នក​ខាង​វិញ្ញាណ នៅ​ឥត​សកម្ម​អស់​ជា​ច្រើន​ឆ្នាំ​ហើយ។ ក៏​ប៉ុន្តែ ដោយ​ការ​បណ្ដុះ​បណ្ដាល«ចិត្ត​ខ្មី​ឃ្មាត ឲ្យ​បាន​សតិបញ្ញា» នោះ​អ្នក​ក៏​អាច​ធ្វើ​ឲ្យ​សមត្ថភាព​ខាង​វិញ្ញាណ​នោះ​មាន​សកម្មភាព​ឡើង​វិញ​ដែរ។ (ទំនុកដំកើង ៩០:១២) ដោយ​ការ​តាំង​ចិត្ត​និង​ការ​ព្យាយាម អ្នក​អាច​មាន​អំណរ សន្ដិសុខ និង​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ។ (រ៉ូម ១៥:១៣) ត្រូវ​ហើយ ជីវិត​របស់​អ្នក​អាច​មាន​ខ្លឹម​សារ​ច្រើន​ទៀត​មែន។

[រូប​ភាព​នៅ​ទំព័រ​៦]

ការ​អធិស្ឋាន​អាច​នាំ​ឲ្យ​យើង​ទទួល​នូវ«សេចក្ដី​សុខ​សាន្ត​របស់​ព្រះ»

[រូប​ភាព​នៅ​ទំព័រ​៧]

តើ​អ្នក​ដឹង​នូវ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ជា​អ្វី​ដែល​ពេញ​ចិត្ត​ទេ?