លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្នក​កំពុង​ទុក​ផ្លូវ​បែប​ណា​ឲ្យ​កូន​របស់​អ្នក​ដើរ​តាម?

សម្រាប់​ឪពុក​ម្ដាយ

៨ គំរូ

៨ គំរូ

តើ​មាន​ន័យ​យ៉ាង​ណា?

ឪពុក​ម្ដាយ​ដែល​ជា​គំរូ រស់​នៅ​ស្រប​តាម​អ្វី​ដែល​ពួក​គាត់​បង្រៀន។ ជា​ឧទាហរណ៍ អ្នក​ពិបាក​រំពឹង​ថា​កូន​ប្រុស​របស់​អ្នក​នឹង​ទៅ​ជា​មនុស្ស​ស្មោះ​ត្រង់ បើ​អ្នក​ឲ្យ​គាត់​និយាយ​កុហក​ទៅ​អ្នក​ណា​ម្នាក់​ថា​អ្នក​មិន​នៅ​ផ្ទះ កាល​ដែល​អ្នក​គ្រាន់​តែ​មិន​ចង់​និយាយ​ជា​មួយ​បុគ្គល​នោះ។

ដាវីឌ​និយាយ​ថា​៖ ​«​ឪពុក​ម្ដាយ​មិន​អាច​រំពឹង​ឲ្យ​កូន​ធ្វើ​តាម​អ្វី​ដែល​ពួក​គាត់​និយាយ​ទេ​បើ​ពួក​គាត់​ខ្លួន​ឯង​មិន​ធ្វើ​នោះ។ កូន​គឺ​ប្រៀប​ដូច​ជា​អេប៉ុង។ ពួក​គេ​ស្រូប​យក​អ្វី​ទាំង​អស់​ដែល​យើង​និយាយ​និង​ធ្វើ ហើយ​ពេល​យើង​មិន​ធ្វើ​តាម​អ្វី​ដែល​យើង​ព្យាយាម​បង្រៀន​ពួក​គេ ពួក​គេ​នឹង​និយាយ​បក​មក​យើង​វិញ​»។

គោល​ការណ៍​គម្ពីរ​៖«​បើ​អ្នក​ផ្សព្វ​ផ្សាយ​ថា​៖ ‹កុំ​លួច› តើ​ខ្លួន​អ្នក​លួច​ឬ?​»។—រ៉ូម ២:២១

ហេតុ​អ្វី​សំខាន់?

កូន​ក្មេង​និង​ពួក​យុវវ័យ​ទទួល​ឥទ្ធិពល​ច្រើន​ពី​ឪពុក​ម្ដាយ​ជាង​អ្នក​ណា​ទាំង​អស់ សូម្បី​តែ​មនុស្ស​ដែល​អាយុ​ស្រករ​នឹង​ពួក​គេ។ នោះ​មាន​ន័យ​ថា​អ្នក​មាន​តួ​នាទី​សំខាន់​បំផុត​ដើម្បី​ដឹក​នាំ​កូន​របស់​អ្នក​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រឹម​ត្រូវ ពោល​គឺ​គំរូ​របស់​អ្នក។

ស្ត្រី​ម្នាក់​ឈ្មោះ​នីខូល​ប្រាប់​ថា​៖ ​«​យើង​អាច​និយាយ​អ្វី​មួយ​ដដែល​ៗ​រាប់​រយ​ដង ហើយ​ឆ្ងល់​ថា​កូន​របស់​យើង​កំពុង​ស្ដាប់​ឬ​យ៉ាង​ណា តែ​ពេល​យើង​មិន​ធ្វើ​តាម​អ្វី​ដែល​យើង​និយាយ សូម្បី​តែ​ម្ដង នោះ​កូន​នឹង​លើក​ឡើង។ កូន​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ទាំង​អស់​ដែល​យើង​ធ្វើ សូម្បី​តែ​ពេល​ដែល​យើង​គិត​ថា​ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ក្ដី​»។

គោល​ការណ៍​គម្ពីរ​៖«​ប្រាជ្ញា​ពី​ស្ថាន​លើ . . . [​គឺ​]​គ្មាន​ពុត​ត្បុត​»។—យ៉ាកុប ៣:១៧

អ្វី​ដែល​អ្នក​អាច​ធ្វើ

ពិនិត្យ​ពិចារណា​អំពី​ខ្នាត​តម្រា​របស់​អ្នក។ តើ​អ្នក​មើល​ការ​កម្សាន្ត​បែប​ណា? តើ​អ្នក​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​គូ​និង​កូន​របស់​អ្នក? តើ​អ្នក​មាន​មិត្ត​ភក្ដិ​បែប​ណា? តើ​អ្នក​ចេះ​គិត​គូរ​ដល់​អ្នក​ឯ​ទៀត​ឬ​ទេ? សរុប​មក តើ​អ្នក​ជា​មនុស្ស​ដែល​អ្នក​ចង់​ឲ្យ​កូន​របស់​អ្នក​យក​តម្រាប់​ឬ​ទេ?

គ្រីស្ទីន​រៀប​រាប់​ថា​៖ ​«​ប្ដី​របស់​ខ្ញុំ​និង​ខ្ញុំ​មិន​តម្រូវ​ឲ្យ​កូន​របស់​យើង​ធ្វើ​តាម​ខ្នាត​តម្រា​ដែល​យើង​ផ្ទាល់​មិន​រស់​នៅ​ស្រប​តាម​នោះ​ទេ​»។

ចេះ​សុំ​ទោស​ពេល​ធ្វើ​ខុស។ កូន​របស់​អ្នក​ដឹង​ស្រាប់​ហើយ​ថា​អ្នក​ក៏​មាន​គុណ​វិបត្តិ​ដែរ។ ពេល​អ្នក​ធ្វើ​ខុស​ហើយ​និយាយ​«​សុំ​ទោស​»​ចំពោះ​គូ​និង​កូន​របស់​អ្នក នោះ​អ្នក​នឹង​ផ្ដល់​មេ​រៀន​ដ៏​មាន​តម្លៃ​ស្ដី​អំពី​ភាព​ស្មោះ​ត្រង់​និង​ចិត្ត​រាប​ទាប។

ស្ត្រី​ម្នាក់​ឈ្មោះ​រូប៊ីន​និយាយ​ថា​៖ ​«​កូន​របស់​យើង​ត្រូវ​ការ​ឮ​យើង​សារភាព​កំហុស​ពេល​ធ្វើ​ខុស ហើយ​ពួក​គេ​ត្រូវ​ការ​ឮ​យើង​និយាយ​សុំ​ទោស។ បើ​មិន​ដូច្នេះ​ទេ ពួក​គេ​នឹង​រៀន​លាក់​បាំង​កំហុស​របស់​ខ្លួន​ពេល​ធ្វើ​ខុស​»។

បុរស​ម្នាក់​ឈ្មោះ​វេន​ដឺ​ល​ប្រាប់​ថា​៖ ​«​ក្នុង​នាម​ជា​ឪពុក​ម្ដាយ យើង​គឺ​ជា​អ្នក​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ទៅ​លើ​កូន​របស់​យើង ហើយ​គំរូ​របស់​យើង​គឺ​ជា​ឧបករណ៍​ដ៏​ល្អ​បំផុត​ដែល​យើង​មាន ដោយ​សារ​កូន​អាច​ឃើញ​គំរូ​គ្រប់​ពេល​វេលា។ របៀប​រស់​នៅ​របស់​ឪពុក​ម្ដាយ​គឺ​ប្រៀប​ដូច​ជា​សេចក្ដី​បង្រៀន​គ្រប់​ពេល​»។