លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​សហការ​គ្នា​រវាង​ប្ដី​និង​ប្រពន្ធ​គឺ​ប្រៀប​ដូច​ជា​អ្នក​បើក​យន្ត​ហោះ​និង​ជំនួយ​ការ​អ្នក​បើក​យន្ត​ហោះ​ដែល​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ដោយ​មាន​ទិស​ដៅ​តែ​មួយ

សម្រាប់​ប្ដី​ប្រពន្ធ

២ ការរួមសហការគ្នា

២ ការរួមសហការគ្នា

តើ​មាន​ន័យ​យ៉ាង​ណា?

ពេល​ប្ដី​ប្រពន្ធ​ចេះ​សហការ​គ្នា​ក្នុង​អាពាហ៍ពិពាហ៍ ពួក​គេ​គឺ​ប្រៀប​ដូច​ជា​អ្នក​បើក​យន្ត​ហោះ​និង​ជំនួយ​ការ​អ្នក​បើក​យន្ត​ហោះ​ដែល​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ទៅ​ទិស​ដៅ​តែ​មួយ។ ស្រដៀង​គ្នា​ដែរ គូ​ម្នាក់​ៗ​គិត​និង​ធ្វើ​ជា​មួយ​គ្នា មិន​មែន​តែ​ម្នាក់​ឯង​ទេ សូម្បី​តែ​ពេល​មាន​បញ្ហា​កើត​ឡើង​ក្ដី។

គោល​ការណ៍​គម្ពីរ​៖«​ពួក​គេ​លែង​ជា​ពីរ​ទៀត​ហើយ ប៉ុន្តែ​ជា​សាច់​ឈាម​តែ​មួយ​វិញ​»។—ម៉ាថាយ ១៩:៦

បុរស​ម្នាក់​ឈ្មោះ​គ្រិស្តតូហ្វើ​និយាយ​ថា​៖ ​«​ប្ដី​ប្រពន្ធ​ត្រូវ​សហការ​គ្នា​ដើម្បី​ឲ្យ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ជោគ​ជ័យ​»។

ហេតុ​អ្វី​សំខាន់?

ពេល​មាន​ជម្លោះ ប្ដី​និង​ប្រពន្ធ​ដែល​មិន​សហការ​គ្នា​នឹង​ខំ​យក​ឈ្នះ​ចាញ់​គ្នា​ជា​ជាង​ដោះ​ស្រាយ​បញ្ហា​នោះ។ បញ្ហា​តូច​តាច​នឹង​ទៅ​ជា​បញ្ហា​ធំ។

អាឡិចសាន់ត្រា​រៀប​រាប់​ថា​៖ ​«​ការ​សហការ​គ្នា​គឺ​សំខាន់​ណាស់​ក្នុង​អាពាហ៍ពិពាហ៍។ បើ​ខ្ញុំ​និង​ប្ដី​ខ្ញុំ​មិន​សហការ​គ្នា​ទេ យើង​គឺ​ដូច​ជា​មនុស្ស​ពីរ​នាក់​ដែល​គ្រាន់​តែ​រស់​នៅ​ក្រោម​ដំបូល​តែ​មួយ​ប៉ុណ្ណោះ។ ដូច្នេះ​គឺ​ពិបាក​ពេល​យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ៗ​»។

អ្វី​ដែល​អ្នក​អាច​ធ្វើ

សូម​ពិសោធ​អំពី​ខ្លួន​អ្នក

  • តើ​លុយ​ទាំង​អស់​ដែល​ខ្ញុំ​រក​បាន​ត្រូវ​តែ​ជា​«​របស់​ខ្ញុំ​»​ឬ​ទេ?

  • បើ​ខ្ញុំ​ចង់​សម្រាក​យ៉ាង​ស្រួល តើ​ខ្ញុំ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គូ​របស់​ខ្ញុំ​ឬ​ទេ?

  • តើ​ខ្ញុំ​រក្សា​គម្លាត​ពី​សាច់​ញាតិ​របស់​គូ​ខ្ញុំ​ឬ​ទេ ទោះ​ជា​ពួក​គេ​ស្និទ្ធ​ស្នាល​ជា​មួយ​គូ​ខ្ញុំ​ក្ដី?

សូម​ពិភាក្សា​ជា​មួយ​គូ​របស់​អ្នក​អំពី​សំណួរ​ដូច​ត​ទៅ​នេះ

  • ក្នុង​អាពាហ៍ពិពាហ៍ តើ​យើង​សហការ​គ្នា​ក្នុង​រឿង​ណា​ខ្លះ?

  • តើ​ក្នុង​រឿង​ណា​ខ្លះ​ដែល​យើង​អាច​រៀន​ឲ្យ​ចេះ​សហការ​គ្នា​ថែម​ទៀត?

  • តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​កាន់​តែ​ចេះ​សហការ​គ្នា?

យោបល់

  • សូម​កុំ​ធ្វើ​ដូច​ជា​កីឡាករ​វាយ​កូន​បាល់​ដែល​នៅ​ម្នាក់​ម្ខាង​ដើម្បី​ប្រកួត​គ្នា​នោះ​ឡើយ តែ​សូម​ធ្វើ​ដូច​ជា​កីឡាករ​ដែល​ចេះ​សហការ​ក្នុង​ក្រុម​ជា​មួយ​គ្នា។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

  • ជា​ជាង​គិត​ថា ‹តើ​ខ្ញុំ​អាច​ឈ្នះ​យ៉ាង​ដូច​ម្ដេច?› សូម​គិត​ថា ‹តើ​យើង​ទាំង​ពីរ​អាច​ឈ្នះ​យ៉ាង​ដូច​ម្ដេច?›

បុរស​ម្នាក់​ឈ្មោះ​អ៊ីថិន​ប្រាប់​ថា​៖ ​«​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​គឺ​មិន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់​គឺ​ការ​មាន​ភាព​សុខ​សាន្ត​និង​សាមគ្គីភាព​ក្នុង​អាពាហ៍ពិពាហ៍​»។

គោល​ការណ៍​គម្ពីរ​៖«​ចូរ​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​តែ​អំពី​រឿង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ​»។—ភីលីព ២:៣, ៤