សម្រាប់ឪពុកម្ដាយ
៥ ការប្រាស្រ័យទាក់ទង
តើមានន័យយ៉ាងណា?
នៅពេលអ្នកនិងកូនរបស់អ្នកប្រាប់អំពីគំនិតនិងអារម្មណ៍ដល់គ្នាទៅវិញទៅមក នោះគឺជាការប្រាស្រ័យទាក់ទងដោយឥតលាក់លៀម។
ហេតុអ្វីសំខាន់?
ការប្រាស្រ័យទាក់ទងជាមួយកូនៗអាចជាការពិបាក ជាពិសេសកូនវ័យជំទង់។ ពេលកូនរបស់អ្នកនៅតូច ពួកគេប្រាប់រឿងគ្រប់យ៉ាងដល់អ្នក។ តែពេលពួកគេកាន់តែធំឡើង ពួកគេមិនសូវប្រាប់ទេ ដូច្នេះអ្នកពិបាកដឹងអំពីគំនិតនិងអារម្មណ៍របស់កូនណាស់។ នេះគឺប្រៀបដូចជាអ្នកនិងកូនជំទង់របស់អ្នកកំពុងឈរនៅត្រើយម្ខាងម្នាក់នៃទន្លេដ៏ធំមួយ។ ទោះជាមើលទៅកូនរបស់អ្នកមិនចង់និយាយ តាមពិតនោះជាពេលដែលកូនរបស់អ្នកត្រូវការការប្រាស្រ័យទាក់ទងខ្លាំងបំផុត។
អ្វីដែលអ្នកអាចធ្វើ
សម្របតាមពេលដែលកូនចង់និយាយ។ សូមធ្វើដូច្នេះទោះជាត្រូវនិយាយនៅពេលយប់ជ្រៅក៏ដោយ។
ស្ត្រីម្នាក់ឈ្មោះលីសាប្រាប់ថា៖ «យើងប្រហែលជាចង់ប្រាប់កូនថា ‹នៅជាមួយកូនពេញមួយថ្ងៃហើយ ម៉េចក៏មិននិយាយពេលនោះ›។ ទោះជាយ៉ាងនេះក្ដី បើកូនរបស់យើងចង់និយាយអំពីគំនិតនិងអារម្មណ៍របស់ពួកគេ នោះល្អហើយ។ ព្រោះធម្មតាឪពុកម្ដាយគ្រប់រូបចង់ឲ្យកូននិយាយជាមួយ មែនទេ?»។
បុរសម្នាក់ឈ្មោះហឺបឺតនិយាយថា៖ «កូនជំទង់របស់ខ្ញុំនិយាយរហូតដល់យប់ជ្រៅ សូម្បីតែនោះជាពេលដែលខ្ញុំចង់ចូលគេងក៏ដោយ»។
គោលការណ៍គម្ពីរ៖ «ចូរឲ្យគ្រប់គ្នាសុខចិត្តលះបង់ប្រយោជន៍ខ្លួន ដើម្បីប្រយោជន៍អ្នកឯទៀត»។—កូរិនថូសទី១ ១០:២៤
កុំឲ្យអ្វីបំបែរអារម្មណ៍។ ឪពុកម្នាក់សារភាពថា៖ «ជួនកាលអារម្មណ៍របស់ខ្ញុំមិននៅក្នុងខ្លួនទេ ពេលកូនខ្ញុំកំពុងនិយាយអ្វីមួយមកខ្ញុំ។ ពួកគេអាចមើលដឹងថាខ្ញុំមិនស្ដាប់ពួកគេ ហើយបែរជាគិតអ្វីផ្សេង»។
បើអ្នកកំពុងមើលទូរទស្សន៍ឬគ្រឿងអេឡិចត្រូនិកផ្សេងៗដូចជាទូរស័ព្ទជាដើម នោះសូមបិទឬដាក់ចុះសិន។ សូមផ្ដោតអារម្មណ៍ទៅលើអ្វីដែលកូនកំពុងនិយាយ ហើយយកចិត្តទុកដាក់ស្ដាប់អំពីការព្រួយបារម្ភរបស់ពួកគេ ទោះជាមើលទៅរឿងនោះគឺតូចតាចក្ដី។
ស្ត្រីម្នាក់ឈ្មោះម៉ារេនដារៀបរាប់ថា៖ «យើងត្រូវពង្រឹងទំនុកចិត្តរបស់កូនយើងថាយើងពិតជាគិតអំពីអារម្មណ៍របស់ពួកគេ។ បើពួកគេឃើញថាយើងមិនធ្វើដូច្នេះទេ នោះពួកគេនឹងលាក់អារម្មណ៍ ឬសុំជំនួយពីអ្នកដទៃវិញ»។
បុរសម្នាក់ឈ្មោះអានថូនីនិយាយថា៖ «កុំឆាប់មានប្រតិកម្មពេក ទោះជាពេលកូនរបស់អ្នកគិតផ្ដេសផ្ដាសក៏ដោយ»។
គោលការណ៍គម្ពីរ៖ «អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់ស្ដាប់»។—លូកា ៨:១៨
ឆ្លៀតនិយាយគ្នាពេលធ្វើសកម្មភាពផ្សេងៗ។ ពេលខ្លះកូនស្រួលនិយាយជាង បើឪពុកម្ដាយនិងកូនមិនមែនអង្គុយនិយាយតទល់គ្នា។
ស្ត្រីម្នាក់ឈ្មោះនីខូលប្រាប់ថា៖ «យើងប្រើឱកាសពេលជិះឡានដើម្បីនិយាយគ្នា ព្រោះយើងអង្គុយជាប់គ្នា ជាជាងអង្គុយនៅមុខក្រោយ ដូច្នេះនោះនាំឲ្យមានការពិភាក្សាល្អ»។
ពេលពិសាអាហារក៏ជាឱកាសល្អមួយទៀតដើម្បីសន្ទនាគ្នាដែរ។
បុរសម្នាក់ឈ្មោះរូប៊ីនរៀបរាប់ថា៖ «រាល់ពេលញ៉ាំអាហារល្ងាច យើងម្នាក់ៗប្រាប់គ្នាអំពីអ្វីដែលកើតឡើងចំពោះយើងនៅថ្ងៃនោះ មិនថារឿងអាក្រក់រឿងល្អទេ។ ទម្លាប់នេះធ្វើឲ្យយើងមានសាមគ្គីភាព ហើយឲ្យយើងម្នាក់ៗដឹងថាយើងមិនមែនប្រឈមមុខនឹងបញ្ហាតែម្នាក់ឯងនោះទេ»។
គោលការណ៍គម្ពីរ៖ «ត្រូវរហ័សស្ដាប់ [ហើយ]មិនរហ័សនិយាយ»។—យ៉ាកុប ១:១៩