របៀបរកផ្លូវដែលនាំឲ្យមានសុភមង្គល
សេចក្ដីស្រឡាញ់
មនុស្សចង់បានសេចក្ដីស្រឡាញ់យ៉ាងខ្លាំង។ បើគ្មានសេចក្ដីស្រឡាញ់ នោះអាពាហ៍ពិពាហ៍ ទំនាក់ទំនងក្នុងគ្រួសារ ឬមិត្ដភាពមិនអាចបន្ដទៅមុខរួចទេ។ ដូច្នេះ គឺសមហេតុផលដែលសេចក្ដីស្រឡាញ់គឺចាំបាច់ចំពោះសុខភាពផ្លូវចិត្ដនិងសុភមង្គល។ ប៉ុន្ដែ តើ«សេចក្ដីស្រឡាញ់»មានន័យដូចម្ដេច?
សេចក្ដីស្រឡាញ់ដែលយើងកំពុងរៀបរាប់នេះមិនមែនជាស្នេហាទេ តែស្នេហាក៏ជាអ្វីដែលល្អដែរ។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់នេះគឺវិសេសវិសាលជាង ព្រោះអាចធ្វើឲ្យមនុស្សយកចិត្ដទុកដាក់យ៉ាងស្មោះចំពោះអ្នកឯទៀត រហូតដល់ចាត់ទុកប្រយោជន៍របស់អ្នកឯទៀតថាសំខាន់ជាងខ្លួន។ នេះជាសេចក្ដីស្រឡាញ់ផ្អែកលើគោលការណ៍ពីព្រះ ប៉ុន្ដែក៏រួមបញ្ចូលភាពកក់ក្ដៅនិងមនោសញ្ចេតនាផងដែរ។
ការពិពណ៌នាដ៏ពីរោះមួយអំពីសេចក្ដីស្រឡាញ់ ថា៖ «សេចក្ដីស្រឡាញ់មានចិត្ដធ្ងន់ហើយក៏សប្បុរស។ សេចក្ដីស្រឡាញ់មិនចេះច្រណែន មិនចេះនិយាយអួតអាង មិនចេះក្រអឺតក្រអោង មិនប្រព្រឹត្ដឥតសមរម្យ មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនឆាប់ខឹង។ សេចក្ដីស្រឡាញ់មិនចាំទុកក្នុងចិត្ដនូវអ្វីដែលគេធ្វើឲ្យយើងឈឺចិត្ដ។ សេចក្ដីស្រឡាញ់មិនអរសប្បាយអំពីអ្វីដែលមិនសុចរិតឡើយ តែអរសប្បាយអំពីសេចក្ដីពិត។ សេចក្ដីស្រឡាញ់អត់ធន់នឹងអ្វីៗទាំងអស់ . . . សង្ឃឹមលើអ្វីៗទាំងអស់ ស៊ូទ្រាំនឹងអ្វីៗទាំងអស់។ សេចក្ដីស្រឡាញ់មិនចេះសាបសូន្យឡើយ»។—កូរិនថូសទី១ ១៣:៤-៨
សេចក្ដីស្រឡាញ់បែបនេះ«មិនចេះសាបសូន្យ»ទេ។ ម្យ៉ាងទៀត សេចក្ដីស្រឡាញ់នេះកាន់តែខ្លាំងឡើងកាលដែលពេលវេលាកន្លងទៅ។ ដោយសារសេចក្ដីស្រឡាញ់នេះនាំឲ្យមានចិត្ដធ្ងន់ សប្បុរស និងអភ័យទោស នោះជា«ចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។ (កូឡុស ៣:១៤) ដូច្នេះ ទំនាក់ទំនងដែលមកពីសេចក្ដីស្រឡាញ់បែបនេះគឺមាំមួននិងមានសុភមង្គល ទោះជាម្នាក់ៗមានគុណវិបត្ដិក៏ដោយ។ ជាឧទាហរណ៍ សូមពិចារណាអំពីចំណងអាពាហ៍ពិពាហ៍។
«ចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»
លោកយេស៊ូគ្រិស្ដបានបង្រៀនគោលការណ៍សំខាន់អំពីអាពាហ៍ពិពាហ៍។ ជាឧទាហរណ៍ លោកបានមានប្រសាសន៍ថា៖ «‹បុរសនឹងចាកចេញពីឪពុកនិងម្ដាយខ្លួន ហើយនឹងនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់ រួចពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ› . . . ម៉្លោះហើយ កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំឡើយ»។ (ម៉ាថាយ ១៩:៥, ៦) មានគោលការណ៍សំខាន់ពីរក្នុងខទាំងនេះ។
«ពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ»។ អាពាហ៍ពិពាហ៍ជាទំនាក់ទំនងជិតស្និទ្ធបំផុតរវាងមនុស្សពីរនាក់ ហើយសេចក្ដីស្រឡាញ់អាចជួយការពារប្ដីប្រពន្ធមិនឲ្យផិតក្បត់គ្នា ពោលគឺទៅជា«រូបកាយតែមួយ»ជាមួយអ្នកផ្សេងដែលមិនមែនជាគូរបស់ខ្លួន។ (កូរិនថូសទី១ ៦:១៦; ហេប្រឺ ១៣:៤) ភាពមិនស្មោះត្រង់អាចបំផ្លាញទំនុកចិត្ដ និងបង្ខូចចំណងអាពាហ៍ពិពាហ៍។ បើមានកូន នោះអាចប៉ះពាល់ដល់សតិអារម្មណ៍របស់កូន ដូចជាមានអារម្មណ៍ថាខ្វះសេចក្ដីស្រឡាញ់ពីឪពុកម្ដាយ ឯកោ ឬថែមទាំងខឹងងំទៀតផង។
«គូដែលព្រះបានផ្សំផ្គុំ»។ អាពាហ៍ពិពាហ៍ក៏ជាចំណងដ៏ល្អប្រពៃ។ ប្ដីប្រពន្ធដែលមានទស្សនៈដូចនេះព្យាយាមពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ ពួកគេមិនរកវិធីចែកផ្លូវគ្នាពេលមានបញ្ហាកើតឡើងនោះទេ។ សេចក្ដីស្រឡាញ់របស់ពួកគេគឺមាំមួននិងមិនងាយដាច់។ សេចក្ដីស្រឡាញ់បែបនេះ«អត់ធន់នឹងអ្វីៗទាំងអស់» ពោលគឺព្យាយាមដោះស្រាយបញ្ហាដើម្បីរក្សាក្ដីសុខនិងសាមគ្គីភាពក្នុងអាពាហ៍ពិពាហ៍។
ពេលឪពុកនិងម្ដាយស្រឡាញ់គ្នាដោយសុខចិត្ដលះបង់ប្រយោជន៍ខ្លួន នោះផ្ដល់ប្រយោជន៍ជាច្រើនដល់កូនៗក្នុងក្រុមគ្រួសារ។ ស្ដ្រីវ័យក្មេងម្នាក់ឈ្មោះជេស៊ីកា បានរៀបរាប់ថា៖ «ឪពុកម្ដាយខ្ញុំពិតជាស្រឡាញ់គ្នានិងគោរពគ្នា។ ពេលខ្ញុំឃើញម្ដាយខ្ញុំគោរពឪពុកខ្ញុំ ជាពិសេសពេលប្រដៅយើងដែលជាកូន នោះធ្វើឲ្យខ្ញុំចង់ធ្វើដូចម្ដាយខ្ញុំដែរ»។
សេចក្ដីស្រឡាញ់ជាគុណសម្បត្ដិដ៏លេចធ្លោបំផុតរបស់ព្រះ។ តាមពិត គម្ពីរចែងថា៖ «ព្រះគឺជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨) ហេតុនេះ យើងមិនភ្ញាក់ផ្អើលទេដែលព្រះយេហូវ៉ាក៏បានត្រូវហៅថា«ព្រះដែលមានសេចក្ដីសប្បាយ»។ (ធីម៉ូថេទី១ ១:១១) យើងក៏នឹងសប្បាយដែរ ពេលយើងខំមានគុណសម្បត្ដិដូចព្រះដែលជាអ្នកបង្កើតយើង ជាពិសេសសេចក្ដីស្រឡាញ់។ អេភេសូរ ៥:១, ២ ចែងថា៖ «ចូរយកតម្រាប់តាមព្រះ ក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក ចូរបន្ដរស់នៅដោយបង្ហាញសេចក្ដីស្រឡាញ់»។