គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
សំណួរបីបានផ្លាស់ប្ដូរជីវិតខ្ញុំ
-
ឆ្នាំកំណើត: ១៩៤៩
-
ប្រទេសកំណើត: សហរដ្ឋអាម៉េរិក
-
ប្រវត្ដិ: ស្វែងរកអត្ថន័យនៃជីវិត
អតីតកាលរបស់ខ្ញុំ:
ខ្ញុំធំឡើងក្នុងក្រុងតូចមួយឈ្មោះអេនក្រឹម ដែលនៅខាងជើងរដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក។ ក្នុងក្រុងនោះភាគច្រើនមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ បើនិយាយឲ្យចំទៅនៅទីនោះមានសត្វគោច្រើនជាងមនុស្សទៅទៀត។
ក្នុងក្រុងនោះមានវិហារតែមួយគត់ ហើយក្រុមគ្រួសារខ្ញុំបានទៅវិហារនោះ។ ជារៀងរាល់ព្រឹកថ្ងៃអាទិត្យ តារបស់ខ្ញុំបានខាត់ស្បែកជើងឲ្យខ្ញុំ បន្ទាប់មកខ្ញុំធ្វើដំណើរទៅវិហារដោយយកគម្ពីរពណ៌សតូចមួយដែលជាអំណោយពីយាយរបស់ខ្ញុំ។ ខ្ញុំនិងប្អូនៗខ្ញុំបានត្រូវបង្រៀនឲ្យធ្វើជាមនុស្សឧស្សាហ៍ធ្វើការ ចេះគោរពនិងជួយអ្នកជិតខាង ហើយចេះអរគុណសម្រាប់អ្វីដែលយើងបានទទួល។
ពេលខ្ញុំធំឡើង ខ្ញុំបានរើទៅនៅឆ្ងាយពីផ្ទះ ហើយខ្ញុំក៏បានធ្វើការងារជាគ្រូបង្រៀន។ ខ្ញុំមានសំណួរជាច្រើនអំពីព្រះនិងអំពីជីវិត។ ខ្ញុំសង្កេតឃើញថា សិស្សខ្លះមានទេពកោសល្យ រីឯសិស្សខ្លះទៀតមិនសូវមានទេពកោសល្យទេ តែពួកគេព្យាយាមខ្លាំងណាស់។ ចំណែកសិស្សខ្លះពិការ តែខ្លះទៀតមានរាងកាយមាំមួន។ ដូច្នេះ ខ្ញុំមានអារម្មណ៍ថានោះគឺមិនយុត្ដិធម៌ទេ។ ពេលខ្លះ ឪពុកម្ដាយរបស់សិស្សដែលមិនសូវមានទេពកោសល្យបាននិយាយថា៖ «នេះជាបំណងរបស់ព្រះចំពោះកូនខ្ញុំ»។ ហេតុនេះ ខ្ញុំឆ្ងល់ថា ហេតុអ្វីព្រះអនុញ្ញាតឲ្យកូនខ្លះកើតមកជាមនុស្សពិការ? ពីព្រោះកូនក្មេងទាំងនោះមិនបានធ្វើអ្វីខុសទាល់តែសោះ។
ម្យ៉ាងទៀត ខ្ញុំឆ្ងល់ថា ‹តើខ្ញុំគួរធ្វើអ្វីដើម្បីឲ្យជីវិតខ្ញុំមានន័យខ្លឹមសារ?›។ ខ្ញុំមានអារម្មណ៍ថាជីវិតខ្ញុំកន្លងទៅលឿនណាស់ ពីព្រោះខ្ញុំធំឡើងក្នុងក្រុមគ្រួសារល្អ ទៅរៀននៅសាលាល្អ ហើយឥឡូវធ្វើការដែលខ្លួនចូលចិត្ដ ប៉ុន្ដែមើលទៅជីវិតខ្ញុំនៅតែគ្មានន័យខ្លឹមសារ។ អ្វីល្អបំផុតដែលខ្ញុំគិតថាអាចធ្វើបានគឺរៀបការ មានផ្ទះស្អាត មានកូន ហើយបន្ដធ្វើការរហូតដល់ចូលនិវត្ដន៍ រួចពេលចាស់ទៅនៅមណ្ឌលថែទាំសុខភាព។ ខ្ញុំឆ្ងល់ថា តើជីវិតមានតែប៉ុណ្ណឹងឬ?
វិធីដែលគម្ពីរបានជួយខ្ញុំឲ្យកែប្រែជីវិត:
នាពេលមួយនៅរដូវក្ដៅ ខ្ញុំបានទៅទេសចរនៅអឺរ៉ុបជាមួយនឹងគ្រូបង្រៀនឯទៀត។ យើងបានទៅមើលវិហារល្បីៗដូចជា វិហារWestminster Abbey វិហារNotre-Dame de Paris និងវិហារវ៉ាទីកង់ រួមទាំងវិហារតូចៗជាច្រើនទៀត។ គ្រប់វិហារដែលខ្ញុំទៅ ខ្ញុំបានសួរសំណួរអំពីព្រះនិងអំពីជីវិត។ ក្រោយពីត្រឡប់ទៅផ្ទះនៅស្លូដបឺត រដ្ឋញូវយ៉កវិញ ខ្ញុំក៏បានទៅវិហារមួយចំនួនទៀតដែរ។ ប៉ុន្ដែ គ្មានអ្នកណាអាចផ្ដល់ចម្លើយដែលធ្វើឲ្យខ្ញុំអស់ចិត្ដឡើយ។
នៅថ្ងៃមួយ មានកូនសិស្សស្រីម្នាក់អាយុ១២ឆ្នាំបានមកជួបខ្ញុំ ហើយសួរខ្ញុំនូវសំណួរបី។ ទី១ នាងសួរថា ‹តើអ្នកគ្រូដឹងទេថាខ្ញុំជាសាក្សីព្រះយេហូវ៉ា?› ខ្ញុំឆ្លើយថាដឹង។ ទី២ នាងសួរថា ‹តើអ្នកគ្រូចង់ស្គាល់សាក្សីព្រះយេហូវ៉ាឲ្យបានច្បាស់ជាងទេ?› ខ្ញុំឆ្លើយថាចាស។ ទី៣ នាងសួរថា ‹តើផ្ទះអ្នកគ្រូនៅឯណា?› ក្រោយពីខ្ញុំបានប្រាប់អាសយដ្ឋានដល់នាង ទើបយើងដឹងថាផ្ទះខ្ញុំនៅម្តុំផ្ទះរបស់នាង។ ខ្ញុំមិននឹកស្មានសោះថាសំណួរបីពីក្មេងស្រីនោះបានកែប្រែជីវិតរបស់ខ្ញុំទាំងស្រុងក្រោយមក។
មិនយូរក្រោយមក នាងជិះកង់មកផ្ទះរបស់ខ្ញុំ ហើយចាប់ផ្ដើមបង្រៀនគម្ពីរដល់ខ្ញុំ។ ខ្ញុំសួរសំណួរនាងដូចដែលខ្ញុំបានសួរអ្នកដឹកនាំសាសនាឯទៀតដែរ។ ខុសពីពួកគេ នាងបានបង្ហាញចម្លើយយ៉ាងច្បាស់ពីគម្ពីររបស់ខ្ញុំ នោះជាចម្លើយដែលធ្វើឲ្យខ្ញុំអស់ចិត្ដ ខ្ញុំមិនធ្លាប់ឃើញចម្លើយទាំងនោះពីមុនទេ!
អ្វីដែលខ្ញុំបានរៀនពីគម្ពីរធ្វើឲ្យខ្ញុំមានអំណរនិងស្កប់ចិត្ដ។ ពេលដែលខ្ញុំអានយ៉ូហានទី១ ៥:១៩ ដែលថា៖ «ពិភពលោកទាំងមូលនៅក្រោមអំណាចរបស់មេកំណាច» នោះធ្វើឲ្យខ្ញុំធូរចិត្ដណាស់ ពីព្រោះខ្ញុំយល់ថាព្រះមិនមែនជាដើមហេតុនៃទុក្ខវេទនាទាំងអស់ដែលយើងមាននៅសព្វថ្ងៃនេះទេ តែគឺជាសាថានវិញ ហើយថាព្រះនឹងដោះស្រាយបញ្ហាទាំងអស់។ (ការបើកបង្ហាញ ២១:៣, ៤) ខ្ញុំដឹងថាគម្ពីរគឺសមហេតុសមផលនិងស្រួលយល់ពេលមានអ្នកណាម្នាក់ពន្យល់យ៉ាងច្បាស់។ ពិតមែនតែអ្នកដែលបង្រៀនគម្ពីរខ្ញុំមានអាយុតែ១២ឆ្នាំក៏ដោយ ខ្ញុំគិតថាសេចក្ដីពិតនៅតែជាសេចក្ដីពិត មិនថាអ្នកបង្រៀននោះចាស់ឬក្មេងទេ។
ទោះជាយ៉ាងនោះក្ដី ខ្ញុំចង់ដឹងថា តើសាក្សីព្រះយេហូវ៉ាធ្វើតាមអ្វីដែលពួកគេផ្សព្វផ្សាយឬទេ? ដោយសារក្មេងស្រីនោះប្រាប់ថាគ្រិស្ដសាសនិកពិតនឹងបង្ហាញគុណសម្បត្ដិដូចជាចិត្ដអត់ធ្មត់និងចិត្ដសប្បុរសជាដើម។ (កាឡាទី ៥:២២, ២៣) ដូច្នេះ ខ្ញុំក៏សម្រេចចិត្ដសាកល្បងនាងដើម្បីដឹងថានាងមានគុណសម្បត្ដិទាំងនោះឬក៏មិនមាន។ នៅថ្ងៃមួយពេលត្រូវរៀនគម្ពីរជាមួយនាង ខ្ញុំធ្វើជាមកយឺត ពីព្រោះខ្ញុំចង់ដឹងថា ‹តើនាងនឹងរង់ចាំខ្ញុំទេ? បើនាងចាំខ្ញុំមែន តើនាងនឹងខឹងខ្ញុំដែលមកយឺតឬទេ?› ពេលដែលខ្ញុំបើកឡានមកដល់ ខ្ញុំឃើញនាងកំពុងឈរចាំខ្ញុំនៅខាងមុខផ្ទះរបស់ខ្ញុំ។ ពេលនោះនាងរត់មកឡានខ្ញុំហើយនិយាយថា៖ «ខ្ញុំប្រុងនឹងទៅផ្ទះប្រាប់ម្ដាយខ្ញុំថាយើងត្រូវទូរស័ព្ទទៅមន្ទីរពេទ្យនិងប៉ូលិសដើម្បីដឹងថាអ្នកគ្រូយ៉ាងម៉េចហើយ ពីព្រោះអ្នកគ្រូមិនដែលមករៀនគម្ពីរយឺតឡើយ។ ខ្ញុំបារម្ភអំពីអ្នកគ្រូណាស់!»។
នៅពេលមួយទៀត ខ្ញុំបានសួរសំណួរមួយដែលខ្ញុំគិតថាក្មេងស្រីអាយុ១២ឆ្នាំមិនអាចឆ្លើយបានទេ។ ខ្ញុំចង់ដឹងថានាងនឹងឆ្លើយតាមចិត្ដនាងឬយ៉ាងណា។ ពេលខ្ញុំសួរសំណួរនាង នាងមើលមុខខ្ញុំទាំងរិះគិតយ៉ាងខ្លាំងហើយនិយាយថា៖ «នេះជាសំណួរពិបាកឆ្លើយ។ តែខ្ញុំចង់កត់ទុកសិនហើយទៅសួរឪពុកម្ដាយខ្ញុំ»។ ពិតមែន ក្រោយមកពេលនាងមកបង្រៀនគម្ពីរខ្ញុំ នាងបានយកទស្សនាវដ្ដីប៉មយាមដែលមានចម្លើយចំពោះសំណួររបស់ខ្ញុំ។ សៀវភៅរបស់សាក្សីព្រះយេហូវ៉ាមានមូលដ្ឋានលើគម្ពីរដែលមានចម្លើយចំពោះសំណួរទាំងអស់ដែលខ្ញុំឆ្ងល់ នេះហើយជាអ្វីដែលធ្វើឲ្យខ្ញុំចង់ស្គាល់សាក្សីព្រះយេហូវ៉ាថែមទៀត។ ដូច្នេះ ខ្ញុំបន្ដរៀនគម្ពីរជាមួយនឹងក្មេងស្រីនោះ ហើយមួយឆ្នាំក្រោយមកខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា។ *
ផលប្រយោជន៍ដែលខ្ញុំទទួល:
នៅទីបំផុត ខ្ញុំបានទទួលចម្លើយចំពោះសំណួររបស់ខ្ញុំដែលធ្វើឲ្យខ្ញុំអស់ចិត្ដ ហើយខ្ញុំចង់ប្រាប់ចម្លើយទាំងនោះដល់មនុស្សទាំងអស់។ (ម៉ាថាយ ១២:៣៥) មុនដំបូងក្រុមគ្រួសារខ្ញុំប្រឆាំងនឹងជំនឿថ្មីរបស់ខ្ញុំ តែក្រោយមកពួកគាត់មិនសូវប្រឆាំងទេ។ ពេលម្ដាយខ្ញុំជិតស្លាប់ គាត់បានចាប់ផ្ដើមរៀនគម្ពីរ។ ទោះជាគាត់មិនបានរស់យូររហូតដល់ទទួលការជ្រមុជទឹកក៏ដោយ តែខ្ញុំប្រាកដថាគាត់បានសម្រេចចិត្ដបម្រើព្រះយេហូវ៉ាហើយ។
នៅឆ្នាំ១៩៧៨ ខ្ញុំបានរៀបការជាមួយសាក្សីព្រះយេហូវ៉ាម្នាក់ឈ្មោះអ៊ីលាយអឺស ខាហ្សាន។ លុះដល់ឆ្នាំ១៩៨១ អ៊ីលាយអឺសនិងខ្ញុំបានត្រូវអញ្ជើញឲ្យធ្វើជាសមាជិកក្រុមគ្រួសារបេតអែលនៅសហរដ្ឋអាម៉េរិក។ * ប៉ុន្ដែគួរឲ្យស្តាយណាស់ ក្រោយពីយើងបានបម្រើនៅទីនោះអស់បួនឆ្នាំ អ៊ីលាយអឺសបានស្លាប់ទៅ។ ទោះបើខ្ញុំនៅមេម៉ាយក៏ដោយ ខ្ញុំបន្ដបំពេញភារកិច្ចខ្ញុំនៅបេតអែល។ នេះបានជួយខ្ញុំឲ្យផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើព្រះ ព្រមទាំងបានជួយសម្រាលទុក្ខខ្ញុំមួយកម្រិត។
ក្នុងឆ្នាំ២០០៦ ខ្ញុំបានរៀបការជាមួយនឹងរីឆឺដ អ៊ែលឌ្រឺដ គាត់ក៏ជាសមាជិកក្រុមគ្រួសារបេតអែលដែរ។ រីឆឺដនិងខ្ញុំបន្ដបម្រើនៅបេតអែលដោយអំណរ។ ពេលខ្ញុំបានដឹងសេចក្ដីពិតអំពីព្រះ ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនគ្រាន់តែបានរកឃើញចម្លើយដែលខ្ញុំបានស្វែងរកប៉ុណ្ណោះទេ តែខ្ញុំក៏បានរកឃើញគោលបំណងពិតក្នុងជីវិតផងដែរ។ អ្វីៗទាំងអស់នេះកើតឡើងដោយសារតែសំណួរបីពីក្មេងស្រីម្នាក់។
^ វគ្គ 16 សរុបទៅ ក្មេងស្រីនោះនិងបងៗរបស់នាងបានជួយគ្រូបង្រៀនប្រាំនាក់ឲ្យរៀនគម្ពីរនិងចាប់ផ្ដើមគោរពប្រណិប័តន៍ព្រះយេហូវ៉ា។
^ វគ្គ 18 «បេតអែល»មានន័យថា«ដំណាក់នៃព្រះ» នេះគឺជាពាក្យដែលសាក្សីព្រះយេហូវ៉ាប្រើសំដៅលើអគារការិយាល័យសាខានៅទូទាំងពិភពលោក។ (លោកុប្បត្ដិ ២៨:១៧, ១៩) សមាជិកក្រុមគ្រួសារបេតអែលមានភារកិច្ចផ្សេងៗ ដែលគាំទ្រកិច្ចការអប់រំអំពីគម្ពីរ។