តើការភាន់ច្រឡំជារឿងតូចតាចឬ?
ក្មេងស្រីម្នាក់បានឃើញផ្សែងចេញពីបំពង់ផ្សែងនៃរោងចក្រមួយ ហើយមើលទៅផ្សែងនោះបានក្លាយទៅជាពពក។ ដូច្នេះ នាងគិតថារោងចក្រនោះជារោងចក្រផលិតពពក។ ការយល់ច្រឡំដូចនេះរបស់ក្មេងៗគឺពិតជាគួរចង់សើចមែន។ ក៏ប៉ុន្ដែ ការភាន់ច្រឡំធំដុំអាចមានឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតរបស់យើង។ ជាឧទាហរណ៍ បើយើងច្រឡំថ្នាំដែលយើងត្រូវលេប នោះអាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរដល់សុខភាព។
ផ្ទុយទៅវិញ ការភាន់ច្រឡំអំពីសេចក្ដីបង្រៀនខាងសាសនាអាចនាំឲ្យមានគ្រោះថ្នាក់ខ្លាំងជាងនោះទៅទៀត។ ជាឧទាហរណ៍ មនុស្សខ្លះយល់ច្រឡំសេចក្ដីបង្រៀនរបស់លោកយេស៊ូ។ (យ៉ូហាន ៦:៤៨-៦៨) ប៉ុន្ដែ ជាជាងស្វែងយល់ថែមទៀត ពួកគេបដិសេធអ្វីៗទាំងអស់ដែលលោកយេស៊ូបានបង្រៀន។ គួរឲ្យសោកស្តាយមែន!
តើអ្នកអានគម្ពីរដើម្បីទទួលការណែនាំឬទេ? បើអ្នកធ្វើដូច្នេះ នោះគួរឲ្យសរសើរមែន។ ប៉ុន្ដែ តើអាចមានគ្រោះថ្នាក់ដោយសារអ្នកភាន់ច្រឡំនូវអ្វីដែលអ្នកបានអានឬទេ? នេះបានកើតឡើងចំពោះមនុស្សជាច្រើន។ សូមឲ្យយើងពិចារណានូវការភាន់ច្រឡំបីយ៉ាង។
-
មនុស្សខ្លះភាន់ច្រឡំបង្គាប់ពីគម្ពីរដែលថា៖ «ចូរកោតខ្លាចដល់ព្រះ»។ ពួកគេស្មានថាពួកគេត្រូវភ័យញ័ររន្ធត់ចំពោះព្រះ។ (សាស្តា ១២:១៣) ប៉ុន្ដែ ព្រះមិនចង់ឲ្យអ្នកគោរពប្រណិប័តន៍លោកមានអារម្មណ៍ដូចនោះឡើយ។ ព្រះមានប្រសាសន៍ថា៖ ‹កុំឲ្យភ័យខ្លាចឡើយ ដ្បិតខ្ញុំនៅជាមួយនឹងអ្នក កុំឲ្យស្រយុតចិត្ដឲ្យសោះ ពីព្រោះខ្ញុំជាព្រះនៃអ្នក ខ្ញុំនឹងចំរើនកំឡាំងដល់អ្នក ខ្ញុំនឹងជួយអ្នក›។ (អេសាយ ៤១:១០) ដូច្នេះ ការកោតខ្លាចព្រះគឺជាអារម្មណ៍ស្ញប់ស្ញែង និងការគោរពយ៉ាងជ្រាលជ្រៅចំពោះលោក។
-
មនុស្សខ្លះទៀតយល់ច្រឡំពេលពួកគេអានបណ្ដាំព្រះដែលថា៖ «មានពេលសំរាប់គ្រប់ទាំងអស់ . . . មានពេលសំរាប់កើតមក នឹងពេលសំរាប់ស្លាប់ទៅ»។ ពួកគេសន្និដ្ឋានថាព្រះបានកំណត់ពេលទុកជាមុនឲ្យមនុស្សម្នាក់ៗស្លាប់។ (សាស្តា ៣:១, ២) ក៏ប៉ុន្ដែ បណ្ដាំនោះគ្រាន់តែបញ្ជាក់អំពីកំណើតនិងសេចក្ដីស្លាប់ដែលជាដំណើរធម្មតានៃជីវិតមនុស្ស។ ម្យ៉ាងទៀត បណ្ដាំរបស់ព្រះបង្រៀនយើងថាការសម្រេចចិត្ដរបស់យើងក៏អាចមានឥទ្ធិពលមកលើជីវិតយើងដែរ។ ជាឧទាហរណ៍ គម្ពីរចែងថា៖ «សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះចំរើនថ្ងៃអាយុ»។ (សុភាសិត ១០:២៧; ទំនុកតម្កើង ៩០:១០; អេសាយ ៥៥:៣) តើតាមរបៀបណា? បើយើងគោរពនិងធ្វើតាមបណ្ដាំព្រះ នោះយើងនឹងជៀសវាងពីការប្រព្រឹត្ដស្មោកគ្រោកដូចជាការស្រវឹងស្រា និងអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាដើម។—កូរិនថូសទី១ ៦:៩, ១០
-
ម្យ៉ាងទៀត ពេលអ្នកខ្លះអានគម្ពីរដែលចែងថាមេឃនិងផែនដី«បានត្រូវទុកដោយឡែកសម្រាប់ឲ្យភ្លើងឆេះ» ពួកគេយល់ន័យត្រង់ដោយជឿថាព្រះនឹងបំផ្លាញផែនដីនេះចោល។ (ពេត្រុសទី២ ៣:៧) ប៉ុន្ដែ ព្រះសន្យាថាលោកនឹងមិនអនុញ្ញាតឲ្យផែនដីយើងត្រូវបំផ្លាញឡើយ។ ព្រះ«បានតាំងឫសផែនដី ដើម្បីឲ្យបានមាំ មិនឲ្យត្រូវរញ្ជួយនៅអស់កល្ប»។ (ទំនុកតម្កើង ១០៤:៥; អេសាយ ៤៥:១៨) តើអ្វីនឹងត្រូវបំផ្លាញចោល? គឺរបៀបរបបពិភពលោកដ៏អាក្រក់នេះនឹងត្រូវទុកដោយឡែកសម្រាប់ឲ្យភ្លើងឆេះ ពោលគឺបំផ្លាញចោលជារៀងរហូត មិនមែនផែនដីយើងទេ។ ដូចគ្នាដែរ មេឃដែលជាកន្លែងមានភពផ្កាយនានាក៏នឹងមិនត្រូវបំផ្លាញចោលដែរ។
ហេតុអ្វីពេលខ្លះមនុស្សភាន់ច្រឡំ សេចក្ដីបង្រៀនក្នុងគម្ពីរ?
ដូចដែលអ្នកបានឃើញក្នុងបទពិសោធន៍ខាងលើ ជាញឹកញយមនុស្សភាន់ច្រឡំផ្នែកណាមួយពីអំណានគម្ពីរ។ ប៉ុន្ដែ ហេតុអ្វីព្រះអនុញ្ញាតឲ្យមានការយល់ច្រឡំដូច្នេះ? មនុស្សខ្លះប្រហែលជាវែកញែកថា៖ ‹បើព្រះពោរពេញដោយប្រាជ្ញានិងជ្រាបអ្វីទាំងអស់ នោះលោកប្រហែលជាអាចផ្ដល់ឲ្យយើងនូវសៀវភៅមួយដែលច្បាស់និងស្រួលយល់សម្រាប់មនុស្សទាំងអស់ មែនទេ? ហេតុអ្វីក៏លោកមិនធ្វើដូច្នេះ?›។ សូមឲ្យយើងពិចារណាមូលហេតុបីយ៉ាងដែលនាំឲ្យមនុស្សច្រើនតែភាន់ច្រឡំសេចក្ដីបង្រៀនក្នុងគម្ពីរ។
-
គម្ពីរបានត្រូវរៀបចំឡើងដើម្បីឲ្យមនុស្សមានចិត្ដរាបទាបនិងចង់រៀនអាចយល់បាន។ លោកយេស៊ូបានមានប្រសាសន៍ទៅកាន់បិតាលោកលូកា ១០:២១) គម្ពីរបានត្រូវសរសេរតាមរបៀបមួយដែលមានតែអ្នកមានចិត្ដគំនិតត្រឹមត្រូវប៉ុណ្ណោះដែលអាចយល់ដំណឹងក្នុងនោះបាន។ រីឯ«អ្នកប្រាជ្ញនិងអ្នកចេះដឹង»ដែលធម្មតាជាមនុស្សមានអំនួត ជារឿយៗមិនអាចយល់ដំណឹងក្នុងគម្ពីរបានឡើយ។ ផ្ទុយទៅវិញ អ្នកអានគម្ពីរដែលមានចិត្ដគំនិតដូច«កូនតូចៗ» ពោលគឺមានចិត្ដរាបទាបនិងចង់រៀនយ៉ាងខ្លាំង អាចត្រូវបើកបង្ហាញឲ្យយល់ច្បាស់អំពីដំណឹងរបស់ព្រះ។ ព្រះដែលជាអ្នកនិពន្ធគម្ពីរពិតជាមានប្រាជ្ញាណាស់!
ថា៖ «ឱបិតា ជាម្ចាស់ស្ថានសួគ៌និងផែនដី ខ្ញុំសូមសរសើរលោកនៅមុខមនុស្ស ពីព្រោះលោកបានលាក់អ្វីៗទាំងនេះយ៉ាងល្អពីអ្នកប្រាជ្ញនិងអ្នកចេះដឹង ហើយបានបើកសម្ដែងឲ្យកូនតូចៗយល់វិញ»។ ( -
គម្ពីរបានត្រូវរៀបចំឡើងសម្រាប់មនុស្សដែលមានចិត្ដស្មោះចង់ទទួលជំនួយពីព្រះដើម្បីយល់ដំណឹងក្នុងគម្ពីរ។ លោកយេស៊ូបានប្រាប់ថាមនុស្សត្រូវការជំនួយដើម្បីយល់ច្បាស់នូវអ្វីដែលលោកបានបង្រៀន។ តើពួកគេទទួលជំនួយតាមរបៀបណា? លោកយេស៊ូពន្យល់ថា៖ «អ្នកជួយដែលជាសកម្មពលបរិសុទ្ធរបស់ព្រះ ដែលបិតានៅស្ថានសួគ៌នឹងចាត់ឲ្យមកក្នុងឈ្មោះខ្ញុំ នឹងបង្រៀនអ្នករាល់គ្នានូវអ្វីៗទាំងអស់»។ (យ៉ូហាន ១៤:២៦) ដូច្នេះ ព្រះផ្ដល់ឲ្យសកម្មពលបរិសុទ្ធដ៏ខ្លាំងក្លារបស់លោក ដើម្បីជួយមនុស្សយល់អ្វីដែលពួកគេអានក្នុងគម្ពីរ។ ក៏ប៉ុន្ដែ ព្រះមិនផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដល់អស់អ្នកដែលមិនសុំជំនួយពីលោកទេ ដូច្នេះជាញឹកញយមើលទៅពួកគេពិបាកយល់សេចក្ដីបង្រៀនក្នុងគម្ពីរ។ សកម្មពលបរិសុទ្ធជំរុញចិត្ដគ្រិស្ដសាសនិកដែលមានចំណេះច្រើនពីគម្ពីរ ឲ្យជួយអ្នកដែលចង់យល់គម្ពីរច្រើនជាង។—សកម្មភាព ៨:២៦-៣៥
-
អ្នកអានអាចយល់ផ្នែកខ្លះនៃគម្ពីរបានលុះត្រាតែដល់ពេលត្រឹមត្រូវ។ ជាឧទាហរណ៍ អ្នកប្រកាសទំនាយម្នាក់ឈ្មោះដានីយ៉ែល បានត្រូវបង្គាប់ឲ្យសរសេរដំណឹងក្នុងគម្ពីរសម្រាប់គ្រាអនាគត។ ទេវតាមួយរូបបានប្រាប់គាត់ថា៖ «ឱដានីយ៉ែលអើយ ចូរបិទបាំងពាក្យទាំងនេះ ហើយបិទត្រាសៀវភៅនេះទុក ដរាបដល់គ្រាចុងបំផុតចុះ»។ អស់រាប់សតវត្សរ៍ មនុស្សជាច្រើនបានអានសៀវភៅដានីយ៉ែល តែពិបាកយល់ណាស់។ តាមពិត សូម្បីតែដានីយ៉ែលផ្ទាល់ក៏មិនយល់ដំណឹងទាំងអស់ដែលគាត់បានកត់ទុកដែរ។ គាត់ទទួលស្គាល់ដោយចិត្ដរាបទាបថា៖ «ខ្ញុំបានឮ តែមិនបានយល់សោះ»។ នៅទីបំផុត ដល់ពេលវេលាដែលព្រះបានជ្រើសរើស នោះមនុស្សនឹងអាចយល់យ៉ាងត្រឹមត្រូវនូវដំណឹងដែលដានីយ៉ែលបានសរសេរទុក។ ទេវតានោះពន្យល់ថា៖ «ដានីយ៉ែលអើយ ចូរទៅចុះ ដ្បិតសេចក្ដីទាំងនេះត្រូវបិទបាំង ហើយបិទត្រាទុក ដរាបដល់គ្រាចុងបំផុត»។ តើអ្នកណានឹងយល់ដំណឹងរបស់ព្រះ? គម្ពីរចែងថា៖ «គ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ»។ (ដានីយ៉ែល ១២:៤, ៨-១០) ដូច្នេះ ទាល់តែដល់ពេលត្រឹមត្រូវ ទើបព្រះបើកបង្ហាញឲ្យយល់អត្ថន័យនៃផ្នែកខ្លះក្នុងគម្ពីរ។
តើសាក្សីព្រះយេហូវ៉ាធ្លាប់យល់ច្រឡំសេចក្ដីបង្រៀនក្នុងគម្ពីរដោយសារតែមិនទាន់ដល់ពេលត្រឹមត្រូវឬទេ? ពិតជាធ្លាប់។ ប៉ុន្ដែ ពេលដល់ពេលរបស់ព្រះ នោះពួកគេយល់សេចក្ដីបង្រៀនក្នុងគម្ពីរកាន់តែច្បាស់ ហើយពួកគេក៏កែប្រែការយល់ដឹងរបស់ពួកគេដែរ។ ពួកគេជឿថាដោយធ្វើដូច្នេះ ពួកគេយកតម្រាប់ពួកសាវ័ករបស់គ្រិស្ដ ដែលបានផ្លាស់ប្ដូរគំនិតរបស់ពួកគាត់ដោយចិត្ដរាបទាប នៅពេលណាដែលលោកយេស៊ូបានកែតម្រង់ពួកគាត់។—សកម្មភាព ១:៦, ៧
ការដែលកូនក្មេងយល់ច្រឡំថាពពកមកពីរោងចក្រមួយ គឺជាការភាន់ច្រឡំតូចតាច។ ប៉ុន្ដែ ការយល់ច្រឡំអ្វីដែលគម្ពីរបង្រៀនគឺមិនមែនជារឿងស្រាលទេសម្រាប់អ្នក ពីព្រោះដំណឹងក្នុងគម្ពីរគឺសំខាន់ណាស់ ដូច្នេះបើគ្រាន់តែអានដោយខ្លួនឯង នោះអ្នកអាចភាន់ច្រឡំបាន។ ហេតុនេះ សូមស្វែងរកជំនួយដើម្បីអ្នកអាចយល់អំពីអ្វីដែលអ្នកកំពុងអាន។ សូមរកជំនួយពីអស់អ្នកដែលសិក្សាគម្ពីរដោយមានចិត្ដរាបទាប និងដែលពឹងផ្អែកលើសកម្មពលបរិសុទ្ធរបស់ព្រះដើម្បីយល់អំណានគម្ពីរ ថែមទាំងដែលជឿជាក់ថាយើងកំពុងរស់ក្នុងគ្រាមួយដែលព្រះចង់ឲ្យយើងយល់គម្ពីរកាន់តែច្បាស់ជាង។ សូមកុំស្ទាក់ស្ទើរនិយាយជាមួយនឹងសាក្សីព្រះយេហូវ៉ា ឬអានអត្ថបទផ្សេងៗក្នុងគេហទំព័រjw.org ដែលពួកគេបានធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់។ គម្ពីរសន្យាថា៖ «បើឯងស្រែកហៅរកដំរិះ . . . នោះឯងនឹង . . . ប៉ះប្រទះនឹងសេចក្ដីស្គាល់ដល់ព្រះអង្គ»។—សុភាសិត ២:៣-៥