លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើរាជាណាចក្ររបស់ព្រះនឹងសម្រេចអ្វីខ្លះ?

តើរាជាណាចក្ររបស់ព្រះនឹងសម្រេចអ្វីខ្លះ?

លោក​យេស៊ូ​បាន​បង្រៀន​ឲ្យ​អ្នក​កាន់​តាម​លោក​អធិដ្ឋាន​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​បាន​មក​ដល់ ដោយ​សារ​លោក​ដឹង​ថា​ស្ថានភាព​ដ៏​អាក្រក់​នៅ​ផែន​ដី គឺ​មិន​មែន​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​ទេ ហើយ​ដឹង​ថា​មាន​តែ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ។ តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​អ្វី​ខ្លះ?

តើ​រាជាណាចក្រ​របស់​ព្រះ​បាន​សម្រេច​អ្វី​រួច​ទៅ​ហើយ?

នៅ​អត្ថបទ​មុន យើង​បាន​ពិចារណា​អំពី​សញ្ញា​សម្គាល់​ដែល​លោក​យេស៊ូ​បាន​ផ្ដល់។ សញ្ញា​សម្គាល់​នោះ​បញ្ជាក់​ភ័ស្តុតាង​ថា រាជាណាចក្រ​របស់​ព្រះ​បាន​តាំង​ឡើង​នៅ​ស្ថាន​សួគ៌ ដោយ​មាន​លោក​យេស៊ូ​គ្រិស្ត​ជា​ស្ដេច។

គម្ពីរ​ចែង​ថា ពេល​លោក​យេស៊ូ​ចាប់​ផ្ដើម​មាន​អំណាច​ជា​ស្ដេច​ក្នុង​រាជាណាចក្រ​របស់​ព្រះ លោក​នឹង​ទម្លាក់​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ចេញ​ពី​ស្ថាន​សួគ៌។ ឥឡូវ​នេះ ពួក​វា​អាច​មាន​សកម្មភាព​នៅ​ផែន​ដី​ប៉ុណ្ណោះ ហើយ​នេះ​គឺ​ជា​មូលហេតុ​មួយ​ដែល​ស្ថានភាព​នៅ​ផែន​ដី​កាន់​តែ​អាក្រក់​ទៅ​ៗ​តាំង​ពី​ឆ្នាំ​១៩១៤​មក។—ការ​បើក​បង្ហាញ ១២:៧,

ទោះ​ជា​ពិភព​លោក​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ក៏​ដោយ លោក​យេស៊ូ​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ បាន​ធ្វើអ្វី​ផ្សេង​ៗ​ដើម្បី​ជួយ​មនុស្ស​នៅ​ទូទាំង​ផែនដី។ ដោយ​ជួយ​មនុស្ស​ទូ​ទាំង​ពិភព​លោក​ឲ្យ​ទទួល​ចំណេះ​ពី​គម្ពីរ​បរិសុទ្ធ នោះ​មនុស្ស​ជា​ច្រើន​កំពុង​រៀន​និង​អនុវត្ត​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។ (​អេសាយ ២:២​-​៤​) មនុស្ស​រាប់​លាន​នាក់​បាន​រៀន​ឲ្យ​ចេះ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​ការ​ងារ មាន​ជីវិត​គ្រួសារ​ល្អ​ប្រសើរ​ជាង និង​មាន​ទ្រព្យ​សម្បត្តិ​ដោយ​មិន​ក្លាយ​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ទាំង​នោះ។ មនុស្ស​ទាំង​នេះ​កំពុង​រៀន​អំពី​របៀប​ដែល​ពួក​គេ​អាច​ទទួល​ប្រយោជន៍​នៅ​ពេល​ឥឡូវ​នេះ និង​ក្លាយ​ទៅ​ជា​ប្រភេទ​មនុស្ស​ដែល​ព្រះ​ចង់​មាន​ជា​រាស្ត្រ​ក្រោម​រាជាណាចក្រ​របស់​លោក។

នៅ​ថ្ងៃ​ខាង​មុខ តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​អ្វី?

ទោះ​ជា​លោក​យេស៊ូ​កំពុង​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ក្ដី តែ​រដ្ឋាភិបាល​មនុស្ស​នៅ​តែ​គ្រប់​គ្រង​នៅ​ផែន​ដី។ ក៏​ប៉ុន្តែ ព្រះ​បាន​បង្គាប់​លោក​យេស៊ូ​ថា​៖ ​«​ចូរ​ទៅ​កណ្ដាល​ពួក​សត្រូវ​របស់​អ្នក ហើយ​បង្ក្រាប​ពួក​គេ​»។ (​ចម្រៀង​សរសើរ​ព្រះ ១១០:​២​) បន្តិច​ទៀត លោក​យេស៊ូ​នឹង​បំផ្លិច​បំផ្លាញ​អ្នក​ប្រឆាំង​ទាំង​អស់ និង​បំបាត់​ទុក្ខ​លំបាក​របស់​អ្នក​ដែល​សុខ​ចិត្ត​ស្ដាប់​បង្គាប់​ព្រះ។

ក្នុង​អំឡុង​គ្រា​នោះ រាជាណាចក្រ​របស់​ព្រះ​នឹង​ចាត់​វិធានការ​ដើម្បី

  • បំផ្លាញ​ចោល​សាសនា​មិន​ពិត។ សាសនា​ដែល​បង្រៀន​សេចក្ដី​មិន​ពិត​អំពី​ព្រះ ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​មាន​ជីវិត​ពិបាក​នឹង​លែង​មាន​ទៀត។ គម្ពីរ​ប្រៀប​ធៀប​សាសនា​មិន​ពិត​ទៅ​នឹង​ស្ត្រី​ពេស្យា។ ការ​បំផ្លាញ​ចោល​សាសនា​មិន​ពិត​នឹង​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល។—ការ​បើក​បង្ហាញ ១៧:១៥, ១៦

  • បំបាត់​ចោល​ការ​គ្រប់​គ្រង​របស់​មនុស្ស។ រាជាណាចក្រ​របស់​ព្រះ​នឹង​ចាត់​វិធានការ ដើម្បី​បំផ្លាញ​ចោល​ការ​គ្រប់​គ្រង​ទាំង​អស់​របស់​មនុស្ស។—ការ​បើក​បង្ហាញ ១៩:១៥, ១៧, ១៨

  • ធ្វើ​ឲ្យ​លែង​មាន​មនុស្ស​ទុច្ចរិត។ ចុះ​យ៉ាង​ណា​ពួក​អ្នក​ដែល​តាំង​ចិត្ត​ធ្វើ​អាក្រក់ ហើយ​មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះ? គម្ពីរ​ចែង​ថា​៖ ​«​ចំណែក​ឯ​ជន​ទុច្ចរិត ពួក​គេ​នឹង​ត្រូវ​កាត់​ចេញ​ពី​ផែន​ដី​»។—សុភាសិត ២:២២

  • បំផ្លាញ​ចោល​សាថាន​និង​ពួក​វិញ្ញាណ​កំណាច។ សាថាន​និង​ពួក​វិញ្ញាណ​កំណាច​នឹង​មិន​អាច​«​បំភាន់​ប្រជា​ជាតិ​នានា​ទៀត​»​ឡើយ។—ការ​បើក​បង្ហាញ ២០:៣, ១០

តើ​អ្វី​ទាំង​អស់​នេះ​នឹង​មាន​ន័យ​អ្វី​ចំពោះ​ពួក​អ្នក​ដែល​ទទួល​យក​ការ​គ្រប់​គ្រង​របស់​រាជាណាចក្រ​ព្រះ?

តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​អ្វី​ដើម្បី​មនុស្សជាតិ?

ដោយ​សារ​លោក​យេស៊ូ​គ្រប់​គ្រង​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌ លោក​នឹង​សម្រេច​អ្វី​ច្រើន​ជាង​អ្នក​គ្រប់​គ្រង​ដែល​ជា​មនុស្ស។ ម្យ៉ាង​ទៀត នឹង​មាន​មនុស្ស​១៤៤.០០០​នាក់​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​លោក ដែល​បាន​ត្រូវ​ជ្រើស​រើស​ពី​ចំណោម​មនុស្សជាតិ។ (​ការ​បើក​បង្ហាញ ៥:៩, ១០; ១៤:១,​) លោក​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​បំណង​ប្រាថ្នា​របស់​ព្រះ​នឹង​សម្រេច​នៅ​ផែន​ដី។ តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​អ្វី​សម្រាប់​អ្នក​ដែល​រស់​នៅ​ផែន​ដី?

  • បំបាត់​ចោល​ជំងឺ និង​សេចក្ដី​ស្លាប់។ ​«​រីឯ​បណ្ដាជន​ដែល​រស់​នៅ​ក្នុង​ស្រុក ពួក​គេ​នឹង​មិន​និយាយ​ថា​៖ ‹ខ្ញុំ​ឈឺ›​ទៀត​ឡើយ​»​ ហើយ​«​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត​»។—អេសាយ ៣៣:២៤; ការ​បើក​បង្ហាញ ២១:៤

  • នាំ​ឲ្យ​មាន​សន្តិភាព​និង​សន្តិសុខ​ពិត​ប្រាកដ។ ​«​សេចក្ដី​សុខ​សាន្ត​របស់​ពួក​គេ​នឹង​មាន​ជា​បរិបូរ​»​ ហើយ​«​ពួក​គេ​នឹង​អង្គុយ​នៅ​ក្រោម​ដើម​ទំពាំង​បាយ​ជូរ​និង​ដើម​ល្វា​របស់​ខ្លួន ហើយ​នឹង​គ្មាន​អ្នក​ណា​មក​បំភ័យ​ពួក​គេ​ឡើយ​»។—អេសាយ ៥៤:១៣; មីកា ៤:៤

  • ផ្ដល់​ឲ្យ​មនុស្ស​មាន​ការ​ងារ​ដែល​ស្កប់​ចិត្ត។ ​«​ឯ​ពួក​អ្នក​ដែល​ខ្ញុំ​ជ្រើស​រើស ពួក​គេ​នឹង​មាន​អំណរ​យ៉ាង​ពេញ​លេញ ចំពោះ​ស្នា​ដៃ​របស់​ខ្លួន។ ពួក​គេ​នឹង​មិន​ខំ​ប្រឹង​ធ្វើ​ការ​នឿយ​ហត់​ដោយ​ឥត​ប្រយោជន៍​ទេ​»។—អេសាយ ៦៥:​២២, ២៣

  • ដោះ​ស្រាយ​បញ្ហា​បរិស្ថាន។ ​«​តំបន់​ស្ងាត់​ជ្រងំ​និង​តំបន់​ហួត​ហែង​នឹង​អរ​សប្បាយ វាល​រហោស្ថាន​នឹង​ត្រេក​អរ ហើយ​មាន​ផ្កា​រីក​ស្គុស​ស្គាយ​»។—អេសាយ ៣៥:១

  • បង្រៀន​មនុស្ស​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដើម្បី​រស់​ជា​រៀង​រហូត។ ​«​អស់​អ្នក​ដែល​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់ និង​ត្រូវ​ស្គាល់​យេស៊ូ​គ្រិស្ត​ដែល​លោក​បាន​ចាត់​ឲ្យ​មក​»។—យ៉ូហាន ១៧:៣

ព្រះ​ចង់​ឲ្យ​អ្នក​រីករាយ​នឹង​ពរ​ទាំង​នោះ។ (​អេសាយ ៤៨:​១៨​) អត្ថបទ​បន្ទាប់​នឹង​ពន្យល់​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​នៅ​ពេល​ឥឡូវ​នេះ​ដើម្បី​រួម​ចំណែក​ក្នុង​អនាគត​ដ៏​អស្ចារ្យ។