លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អនាគតរបស់អ្នក គឺនៅក្នុងដៃអ្នក!

អនាគតរបស់អ្នក គឺនៅក្នុងដៃអ្នក!

តើ​អ្នក​អាច​សម្រេច​ថា​អ្នក​នឹង​មាន​អនាគត​បែប​ណា​ឬ​ទេ? មនុស្ស​ខ្លះ​ជឿ​ថា​ព្រេង​វាសនា​ឬ​ព្រហ្ម​លិខិត​កំណត់​អនាគត​របស់​ពួក​គេ មិន​មែន​ស្រេច​លើ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ទេ។ ពេល​ពួក​គេ​មិន​អាច​សម្រេច​គោល​ដៅ​ណា​មួយ ពួក​គេ​គិត​ថា​នេះ​ជា​ព្រហ្ម​លិខិត​ដែល​មិន​អាច​ជៀស​ផុត។ ពួក​គេ​និយាយ​ថា​៖ ​«​ព្រហ្ម​លិខិត​ចារ​មក​ហើយ​ថា​ត្រូវ​តែ​អ៊ីចឹង!​»។

មនុស្ស​ខ្លះ​ទៀត​ខក​ចិត្ត​ពេល​ដែល​ពួក​គេ​ឃើញ​ការ​សង្កត់​សង្កិន​និង​ភាព​អយុត្ដិធម៌​ក្នុង​ពិភព​លោក​ដែល​យើង​រស់​នៅ។ ពួក​គេ​បាន​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​ប្រសើរ​ឡើង តែ​ដោយ​សារ​សង្គ្រាម ឧក្រិដ្ឋកម្ម មហន្តរាយ​ធម្មជាតិ និង​ជំងឺ នោះ​ធ្វើ​ឲ្យ​គម្រោង​របស់​ពួក​គេ​មិន​បាន​សម្រេច​ម្ដង​ហើយ​ម្ដង​ទៀត។ ពួក​គេ​ប្រាប់​ខ្លួន​ឯង​ថា ‹អ៊ីចឹង ចាំ​បាច់​គិត​ធ្វើ​អី?›។

ពិត​មែន កាលៈទេសៈ​ក្នុង​ជីវិត​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​គម្រោង​របស់​អ្នក។ (​អ្នក​ទូន្មាន ៩:១១​) ប៉ុន្តែ អ្នក​អាច​សម្រេច​ចិត្ត​អំពី​អនាគត​ដ៏​វែង​ឆ្ងាយ​របស់​អ្នក។ តាម​ពិត គម្ពីរ​បង្ហាញ​ថា​អនាគត​របស់​អ្នក​អាស្រ័យ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​អ្នក។ សូម​ពិចារណា​អំពី​អ្វី​ដែល​គម្ពីរ​ចែង។

ម៉ូសេ​ដែល​ជា​អ្នក​ដឹក​នាំ​ប្រជា​ជាតិ​អ៊ីស្រាអែល​នៅ​សម័យបុរាណ បាន​ប្រាប់​អំពី​ពាក្យ​របស់​ព្រះ​យេហូវ៉ា​ដល់​បណ្ដា​ជន​កាល​ដែល​ពួក​គេ​ហៀប​នឹង​ចូល​ស្រុក​ដែល​ព្រះ​បាន​សន្យា​ថា​៖ ​«​ខ្ញុំ​ដាក់​ទាំង​ជីវិត​និង​សេចក្ដី​ល្អ ទាំង​សេចក្ដី​ស្លាប់​និង​សេចក្ដី​អាក្រក់​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ . . . ចូរ​ជ្រើស​យក​ជីវិត​ចុះ ដើម្បី​អ្នក​រាល់​គ្នា​និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អាច​រស់​រាន​មាន​ជីវិត។ ហេតុ​នេះ ចូរ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ព្រម​ទាំង​ស្ដាប់​តាម​លោក និង​នៅ​ជាប់​ជា​មួយ​លោក​ជា​និច្ច​»។—ការ​បំភ្លឺ​ច្បាប់ ៣០:១៥, ១៩, ២០

​«​ខ្ញុំ​បាន​ដាក់​ជីវិត​និង​សេចក្ដី​ស្លាប់ ពរ​និង​បណ្ដាសា​នៅ​មុខ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ​ចូរ​ជ្រើស​យក​ជីវិត​ចុះ​»។—ការ​បំភ្លឺ​ច្បាប់ ៣០:១៩

មែន! ព្រះ​បាន​រំដោះ​ជន​ជាតិ​អ៊ីស្រាអែល​ឲ្យ​រួច​ពី​ភាព​ជា​ខ្ញុំ​បម្រើ​នៅ​ស្រុក​អេស៊ីប ហើយ​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​សេចក្ដី​សង្ឃឹម​ដែល​នាំ​ឲ្យ​មាន​សេរី​ភាព​និង​ជីវិត​ដ៏​សប្បាយ​នៅ​ក្នុង​ស្រុក​ដែល​លោក​បាន​សន្យា។ ប៉ុន្តែ​ពួក​គេ​មិន​មែន​ទទួល​អ្វី​ទាំង​អស់​នោះ​ដោយ​ស្វ័យប្រវត្ដិ​នោះ​ទេ។ ដើម្បី​ទទួល​ពរ​ទាំង​អស់​នោះ ពួក​គេ​ត្រូវ​តែ​«​ជ្រើស​យក​ជីវិត​»។ តើ​តាម​របៀប​ណា? គឺ​ដោយ​‹ស្រឡាញ់​ព្រះ ព្រម​ទាំង​ស្ដាប់​តាម​លោក និង​នៅ​ជាប់​ជា​មួយ​លោក​ជា​និច្ច›។

សព្វ​ថ្ងៃ​នេះ អ្នក​ក៏​ត្រូវ​សម្រេច​ចិត្ត​ស្រដៀង​គ្នា​ដែរ ហើយរបៀប​ដែល​អ្នក​សម្រេច​ចិត្ត​នឹង​បង្ហាញ​ថា​អ្នក​នឹង​មាន​អនាគត​បែប​ណា។ ដោយ​សម្រេច​ចិត្ត​ស្រឡាញ់​ព្រះ ស្ដាប់​តាម​លោក ហើយ​នៅ​ជាប់​ជា​មួយ​លោក គឺ​ហាក់​ដូច​ជា​អ្នក​កំពុង​ជ្រើស​រើស​យក​ជីវិត ពោល​គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ផែនដី​ដែល​ជា​សួន​ឧទ្យាន។ ប៉ុន្តែ តើ​ការ​ស្រឡាញ់​ព្រះ ការ​ស្ដាប់​តាម​លោក ហើយ​ការ​នៅ​ជាប់​ជា​មួយ​លោក​រួម​បញ្ចូល​អ្វី​ខ្លះ?

ចូរ​សម្រេច​ចិត្ត​ស្រឡាញ់​ព្រះ

សេចក្ដី​ស្រឡាញ់​គឺ​ជា​គុណ​សម្បត្តិ​សំខាន់​ចម្បង​របស់​ព្រះ។ សាវ័ក​យ៉ូហាន​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ថា​៖ ​«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»។ (​យ៉ូហាន​ទី១ ៤:៨​) ដោយ​ហេតុ​នេះ​ហើយ ពេល​មាន​គេ​សួរ​ថា​អ្វី​ជា​បញ្ញត្ដិ​សំខាន់​បំផុត លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត និង​អស់​ពី​សមត្ថភាព​រិះ​គិត​»។ (​ម៉ាថាយ ២២:៣៧​) ចំណង​មិត្តភាព​ពិត​ប្រាកដ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ត្រូវ​តែ​មក​ពី​សេចក្ដី​ស្រឡាញ់ មិន​មែន​មក​ពី​ការ​ភ័យ​ខ្លាច​ឬ​ការ​ស្ដាប់​បង្គាប់​ដោយ​មិន​គិត​ពិចារណា​នោះ​ទេ។ ដូច្នេះ ហេតុ​អ្វី​យើង​គួរ​សម្រេច​ចិត្ត​ស្រឡាញ់​ព្រះ?

ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្សជាតិ​ដូច​ឪពុក​ម្ដាយ​ស្រឡាញ់​កូន។ ទោះ​ជា​ឪពុក​ម្ដាយ​មាន​គុណ​វិបត្តិ​ក៏​ដោយ ឪពុក​ម្ដាយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នឹង​ណែនាំ លើក​ទឹក​ចិត្ត គាំទ្រ និង​ប្រដៅ​កូន ដោយ​សារ​ពួក​គាត់​ចង់​ឲ្យ​កូន​មាន​សុភមង្គល​និង​ជោគ​ជ័យ​ក្នុង​ជីវិត។ តើ​ឪពុក​ម្ដាយ​ចង់​បាន​អ្វី​ពី​កូន​វិញ? ពួក​គាត់​ចង់​ឲ្យ​កូន​ស្រឡាញ់​ពួក​គាត់ ហើយ​ចង​ចាំ​នូវ​អ្វី​ដែល​ពួក​គាត់​បាន​បង្រៀន​ដើម្បី​ចង់​ឲ្យ​កូន​ល្អ។ ដូច្នេះ គឺ​សម​ហេតុ​ផល​ដែល​បិតា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​យើង ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ តម្រូវ​ឲ្យ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ដឹង​គុណ​ចំពោះ​អ្វី​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​សម្រាប់​យើង មែន​ទេ?

ចូរ​ស្ដាប់​តាម​លោក

ក្នុង​គម្ពីរ​ភាសា​ដើម ពាក្យ​«​ស្ដាប់​»​ច្រើន​តែ​រួមបញ្ចូល​«​ការស្ដាប់​បង្គាប់​»។ នេះ​គឺ​ដូច​ជា​ពេល​ដែល​យើង​និយាយ​ទៅ​កាន់​កូន​ក្មេង​ថា ​«​ចូរ​ស្ដាប់​ឪពុក​ម្ដាយ​»។ ដូច្នេះ ដើម្បី​ស្ដាប់​តាម​ព្រះ យើង​ត្រូវ​រៀន​និង​ស្ដាប់​បង្គាប់​លោក។ ដោយ​សារ​យើង​មិន​អាច​ឮ​សំឡេង​របស់​ព្រះ ដូច្នេះ​យើង​ស្ដាប់​លោក​ដោយ​អាន​និង​ធ្វើ​តាម​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។—យ៉ូហាន​ទី១ ៥:៣

ដើម្បី​បង្ហាញ​អំពី​សារៈ​សំខាន់​នៃ​ការ​ស្ដាប់​ព្រះ មាន​ពេល​មួយ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​មិន​ត្រូវ​រស់​ដោយ​សារ​តែ​នំ​ប៉័ង​ប៉ុណ្ណោះ​ទេ តែ​ដោយ​សារ​គ្រប់​ទាំង​ប្រសាសន៍​ដែល​ចេញ​ពី​មាត់​របស់​ព្រះ​យេហូវ៉ា​»។ (​ម៉ាថាយ ៤:៤​) អាហារ​គឺ​សំខាន់​ណាស់​សម្រាប់​យើង។ តាម​ពិត​ការ​មាន​ចំណេះ​អំពី​ព្រះ​គឺ​សំខាន់​ជាង​នេះ​ទៅ​ទៀត។ ហេតុ​អ្វី? ស្ដេច​សាឡូម៉ូន​ដ៏​ឈ្លាស​វៃ​បាន​ពន្យល់​ថា​៖ ​«​ប្រាជ្ញា​ជា​គ្រឿង​ការ​ពារ ដូច​ប្រាក់​ក៏​ជា​គ្រឿង​ការ​ពារ​ដែរ។ ប៉ុន្តែ ការ​មាន​ចំណេះ​និង​ប្រាជ្ញា​គឺ​ប្រសើរ​ជាង ដោយ​សារ​នោះ​រមែង​ជួយ​រក្សា​ជីវិត​របស់​អ្នក​ដែល​មាន​អ្វី​ទាំង​នោះ​»។ (​អ្នក​ទូន្មាន ៧:១២​) ចំណេះ​និង​ប្រាជ្ញា​ពី​ព្រះ​អាច​ការ​ពារ​យើង​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​ជួយ​យើង​ឲ្យ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​ដែល​នាំ​ឲ្យ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ថ្ងៃ​អនាគត។

ការ​នៅ​ជាប់​ជា​មួយ​លោក

សូម​គិត​អំពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​ដែល​យើង​បាន​ពិចារណា​នៅ​អត្ថបទ​មុន លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ផ្លូវ​ដែល​ទៅ​ឯ​ជីវិត នោះ​ចង្អៀត ក៏​មាន​ខ្លោង​ទ្វារ​តូច​ផង ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ​»។ (​ម៉ាថាយ ៧:១៣, ១៤​) បើ​យើង​ចង់​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​នោះ​រហូត​ដល់​គោល​ដៅ​របស់​យើង ពោល​គឺ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ នោះ​យើង​ច្បាស់​ជា​ទទួល​ប្រយោជន៍​បើ​មាន​អ្នក​នាំ​ផ្លូវ​ដ៏​ជំនាញ​នៅ​ជិត​យើង។ ដូច្នេះ មាន​មូលហេតុ​ល្អ​ដែល​យើង​ត្រូវ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ។ (​ចម្រៀង​សរសើរ​ព្រះ ១៦:៨​) ប៉ុន្តែ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

រាល់​ថ្ងៃ មាន​អ្វី​ជា​ច្រើន​ដែល​យើង​ត្រូវ​ធ្វើ​និង​ចង់​ធ្វើ។ អ្វី​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​យើង​សល់​ពេល​តិច​តួច​ឬ​គ្មាន​ពេល​ដើម្បី​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ។ នេះ​ជា​មូលហេតុ​ដែល​គម្ពីរ​រំលឹក​យើង​ថា​៖ ​«​ចូរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិត​ដល់​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន កុំ​ប្រព្រឹត្ត​ដូច​មនុស្ស​ឥត​ប្រាជ្ញា តែ​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​មាន​ប្រាជ្ញា​វិញ ដោយ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត ព្រោះ​យើង​រស់​នៅ​សម័យ​ដ៏ទុច្ចរិត​»។ (​អេភេសូរ ៥:១៥, ១៦​) យើង​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​ដោយ​ចាត់​ទុក​ចំណង​មិត្តភាព​ជា​មួយ​លោក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​យើង។—ម៉ាថាយ ៦:៣៣

ការ​សម្រេច​ចិត្ត​គឺ​ជា​របស់​អ្នក

ទោះ​ជា​អ្នក​មិន​អាច​ផ្លាស់​ប្ដូរ​អតីតកាល​របស់​អ្នក​ក្ដី អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​មាន​អនាគត​ដ៏​ភ្លឺ​ស្វាង​បាន។ គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហើយ​ថា​លោក​ប្រាប់​យើង​នូវ​អ្វី​ដែល​លោក​ចង់​ឲ្យ​យើង​ធ្វើ។ សូម​កត់​សម្គាល់​ពាក្យ​សម្ដី​របស់​មីកា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖

​«​ឱ​មនុស្ស​អើយ! លោក​បាន​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​អំពី​អ្វី​ដែល​ល្អ។ តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​អ្នក​រាល់​គ្នា? គឺ​លោក​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ ស្រឡាញ់​ភក្ដី​ភាព និង​ដើរ​ជា​មួយ​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​សុភាព​ប៉ុណ្ណោះ!​»។មីកា ៦:៨

តើ​អ្នក​នឹង​ទទួល​សេចក្ដី​អញ្ជើញ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ដើរ​ជា​មួយ​លោក ហើយ​ទទួល​ពរ​ដ៏​ស្ថិត​ស្ថេរ​ពី​លោក​ឬ​ទេ? ការ​សម្រេច​ចិត្ត​គឺ​ជា​របស់​អ្នក​ហើយ!