អត្ថបទសិក្សា ១១
ចម្រៀងលេខ១២៩ យើងនឹងស៊ូទ្រាំ
អ្នកអាចស៊ូទ្រាំទោះជាខកចិត្តក្ដី
«អ្នក . . . បានទ្រាំការលំបាកជាច្រើនដើម្បីឈ្មោះរបស់ខ្ញុំ»។—បប. ២:៣
ចំណុចផ្ដោត
យើងអាចតស៊ូព្យាយាមក្នុងកិច្ចបម្រើព្រះយេហូវ៉ា ទោះជាជួបប្រទះអ្វីដែលធ្វើឲ្យយើងខកចិត្តក្ដី។
១. តើយើងទទួលពរអ្វីខ្លះដោយសារនៅក្នុងអង្គការរបស់ព្រះយេហូវ៉ា?
គឺពិតជាពរមែនដែលយើងនៅក្នុងអង្គការរបស់ព្រះយេហូវ៉ាក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះដែលលំបាកណាស់។ កាលដែលស្ថានភាពពិភពលោកកាន់តែយ៉ាប់យ៉ឺនទៅៗ ព្រះយេហូវ៉ាផ្ដល់ឲ្យយើងនូវក្រុមគ្រួសាររួមជំនឿដែលមានសាមគ្គីភាព។ (ចសព. ១៣៣:១) លោកជួយយើងឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារ។ (អេភ. ៥:៣៣–៦:១) ម្យ៉ាងទៀត លោកឲ្យយើងមានការយល់ធ្លុះជ្រៅនិងប្រាជ្ញាដែលយើងត្រូវការដើម្បីមានសេចក្ដីសុខសាន្តពិតប្រាកដក្នុងចិត្ត។
២. តើយើងត្រូវធ្វើអ្វី ហើយហេតុអ្វី?
២ ក៏ប៉ុន្តែ យើងត្រូវខំព្យាយាមដើម្បីបន្តបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។ ហេតុអ្វី? ពីព្រោះពេលខ្លះយើងប្រហែលជាទើសចិត្តដោយសារភាពមិនល្អឥតខ្ចោះរបស់អ្នកឯទៀត។ យើងក៏ប្រហែលជាពិបាកទ្រាំនឹងកំហុសរបស់ខ្លួន ជាពិសេសបើយើងធ្វើខុសដដែលៗម្ដងហើយម្ដងទៀត។ យើងត្រូវតស៊ូព្យាយាមក្នុងកិច្ចបម្រើព្រះយេហូវ៉ា (១) ពេលបងប្អូនរួមជំនឿធ្វើឲ្យយើងទើសចិត្ត (២) ពេលគូរបស់យើងធ្វើឲ្យយើងខកចិត្ត និង(៣) ពេលយើងខកចិត្តនឹងខ្លួនឯង។ ក្នុងអត្ថបទនេះ យើងនឹងគិតអំពីស្ថានភាពនីមួយៗទាំងនេះ។ យើងក៏នឹងពិចារណាអំពីអ្វីដែលយើងអាចរៀនពីបុគ្គលដ៏ស្មោះត្រង់ក្នុងគម្ពីរ។
ចូរស៊ូទ្រាំពេលបងប្អូនរួមជំនឿធ្វើឲ្យអ្នកទើសចិត្ត
៣. តើរាស្ត្ររបស់ព្រះយេហូវ៉ាមានការពិបាកអ្វីខ្លះ?
៣ ការពិបាក។ បងប្អូនរួមជំនឿខ្លះមានបុគ្គលិកលក្ខណៈដែលនាំឲ្យយើងខឹង។ អ្នកឯទៀតប្រហែលជាធ្វើអ្វីដែលនាំឲ្យយើងខកចិត្ត ឬពួកគេប្រហែលជាប្រព្រឹត្តមកលើយើងតាមរបៀបមិនសប្បុរស។ ម្យ៉ាងទៀត ពួកអ្នកនាំមុខប្រហែលជាធ្វើខុស។ បញ្ហាទាំងនេះអាចនាំឲ្យអ្នកខ្លះមិនប្រាកដថាអង្គការនេះគឺជាអង្គការរបស់ព្រះឬយ៉ាងណា។ ជាជាងបន្តបម្រើព្រះ«ដោយសាមគ្គីភាព»ជាមួយបងប្អូនរួមជំនឿ ពួកគេប្រហែលជាឈប់សេពគប់ជាមួយពួកអ្នកដែលបានធ្វើឲ្យពួកគេទើសចិត្ត ឬថែមទាំងឈប់ទៅកិច្ចប្រជុំទៀតផង។ (សេផ. ៣:៩) តើនេះជាការឈ្លាសវៃទេ? សូមគិតអំពីអ្វីដែលយើងអាចរៀនពីបុគ្គលម្នាក់ក្នុងគម្ពីរដែលជួបបញ្ហាស្រដៀងនឹងនេះ។
៤. តើសាវ័កប៉ូលជួបការពិបាកអ្វីខ្លះ?
៤ គំរូក្នុងគម្ពីរ។ សាវ័កប៉ូលដឹងថាបងប្អូនរួមជំនឿមិនមែនជាមនុស្សល្អឥតខ្ចោះទេ។ ជាឧទាហរណ៍ មិនយូរក្រោយពីគាត់បានចាប់ផ្ដើមសេពគប់ជាមួយក្រុមជំនុំ បងប្អូនខ្លះបានយល់ច្រឡំគាត់។ (សកម្ម. ៩:២៦) ក្រោយមក អ្នកខ្លះបាននិយាយអំពីគាត់នៅពីក្រោយខ្នងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះគាត់។ (២កូ. ១០:១០) ប៉ូលបានឃើញបងប្រុសដែលនាំមុខម្នាក់ធ្វើការសម្រេចចិត្តខុសដែលអាចនាំឲ្យអ្នកឯទៀតជំពប់ដួល។ (កាឡ. ២:១១, ១២) ម្យ៉ាងទៀត ម៉ាកុសដែលជាដៃគូដ៏ជិតស្និទ្ធម្នាក់របស់គាត់បានធ្វើឲ្យគាត់ខកចិត្តជាខ្លាំង។ (សកម្ម. ១៥:៣៧, ៣៨) ប៉ូលអាចអនុញ្ញាតឲ្យរឿងណាមួយទាំងនេះធ្វើឲ្យគាត់ឈប់សេពគប់ជាមួយពួកអ្នកដែលបានធ្វើឲ្យគាត់ទើសចិត្ត។ ក៏ប៉ុន្តែ គាត់រក្សាទស្សនៈត្រឹមត្រូវចំពោះបងប្អូន ហើយបន្តបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់។ តើអ្វីបានជួយប៉ូលឲ្យស៊ូទ្រាំ?
៥. តើអ្វីបានជួយប៉ូលឲ្យនៅជិតស្និទ្ធនឹងបងប្អូនរួមជំនឿ? (កូឡុស ៣:១៣, ១៤) (សូមមើលរូបភាពផងដែរ)
៥ ប៉ូលស្រឡាញ់បងប្អូនរួមជំនឿ។ សេចក្ដីស្រឡាញ់របស់គាត់ចំពោះអ្នកឯទៀតបានជួយគាត់ឲ្យផ្ដោតអារម្មណ៍ទៅលើគុណសម្បត្តិរបស់ពួកគេ មិនមែនភាពមិនល្អឥតខ្ចោះរបស់ពួកគេទេ។ សេចក្ដីស្រឡាញ់ក៏បានជួយប៉ូលឲ្យធ្វើតាមអ្វីដែលគាត់ផ្ទាល់បានសរសេរនៅកូឡុស ៣:១៣, ១៤។ (សូមអាន) សូមគិតអំពីរបៀបដែលប៉ូលបានប្រព្រឹត្តចំពោះម៉ាកុស។ ទោះជាម៉ាកុសបានបោះបង់ចោលប៉ូលក្នុងអំឡុងដំណើរលើកទី១ជាសាសនទូតក្ដី ប៉ូលមិនបានខឹងរហូតទេ។ នៅពេលក្រោយមក ពេលប៉ូលបានសរសេរសំបុត្រដ៏កក់ក្ដៅមួយទៅក្រុមជំនុំនៅក្រុងកូឡុស គាត់បានសរសើរម៉ាកុសជាអ្នករួមការងារដ៏មានតម្លៃ ដោយហៅម៉ាកុសថា«ប្រភពនៃការសម្រាលទុក្ខដ៏ធំ»។ (កូឡ. ៤:១០, ១១) កាលដែលប៉ូលជាប់គុកនៅរ៉ូម គាត់បានស្នើសុំចំៗឲ្យម៉ាកុសមកជួយគាត់។ (២ធី. ៤:១១) ច្បាស់ណាស់ ប៉ូលបានអភ័យទោសឲ្យបងប្អូនរួមជំនឿ ហើយបន្តនៅជាប់នឹងពួកគេ។ តើយើងអាចរៀនអ្វីពីប៉ូល?
៦-៧. តើអ្វីអាចជួយយើងឲ្យបន្តស្រឡាញ់បងប្អូនរបស់យើងទោះជាពួកគេជាមនុស្សមិនល្អឥតខ្ចោះក្ដី? (យ៉ូហានទី១ ៤:៧)
៦ មេរៀន។ ព្រះយេហូវ៉ាចង់ឲ្យយើងតស៊ូព្យាយាមក្នុងការបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿ។ (សូមអាន យ៉ូហានទី១ ៤:៧) បើបុគ្គលណាម្នាក់មិនបង្ហាញគុណសម្បត្តិណាមួយជាគ្រិស្តសាសនិក យើងអាចសន្និដ្ឋានថាគាត់ចង់ធ្វើតាមគោលការណ៍គម្ពីរ ហើយថាគាត់គ្រាន់តែធ្វើដូច្នេះដោយមិនបានគិត។ (សុភ. ១២:១៨) ព្រះស្រឡាញ់ អ្នកបម្រើដ៏ស្មោះត្រង់របស់លោក ទោះជាពួកគេធ្វើខុសក្ដី។ លោកមិនបោះបង់ចោលយើងពេលយើងធ្វើខុសទេ ហើយលោកក៏មិនខឹងរហូតដែរ។ (ចសព. ១០៣:៩) គឺសំខាន់ឲ្យយើងយកតម្រាប់បិតារបស់យើងដែលចេះអភ័យទោស។—អេភ. ៤:៣២–៥:១
៧ សូមចាំដែរថាកាលដែលទីបញ្ចប់កាន់តែជិតមកដល់ យើងត្រូវនៅជិតស្និទ្ធនឹងបងប្អូនរបស់យើង។ យើងអាចរំពឹងថាយើងនឹងជួបការបៀតបៀនកាន់តែខ្លាំងឡើង។ យើងប្រហែលជាថែមទាំងនឹងជាប់គុកដោយសារជំនឿ។ បើនេះកើតឡើង យើងនឹងត្រូវការបងប្អូនរបស់យើងខ្លាំងជាងពេលណាទាំងអស់។ (សុភ. ១៧:១៧) សូមគិតអំពីអ្វីដែលកើតឡើងដល់បងប្រុសជូសេព aដែលជាអ្នកចាស់ទុំនៅប្រទេសអេស្ប៉ាញ។ គាត់និងបងប្អូនឯទៀតបានជាប់គុកជាមួយគ្នាដោយសារពួកគេកាន់ជំហរអព្យាក្រឹតភាព។ គាត់និយាយថា៖ «នៅក្នុងគុក យើងរស់នៅជុំគ្នា។ ដូច្នេះ ជួនកាលយើងទើសចិត្តគ្នា។ យើងត្រូវទ្រាំទ្រ ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ។ នេះបានជួយយើងឲ្យរក្សាសាមគ្គីភាព ហើយចេះការពារគ្នាពីអ្នកទោសផ្សេងទៀតដែលមិនបម្រើព្រះយេហូវ៉ា។ នៅពេលមួយ ខ្ញុំរបួសដៃ ហើយត្រូវប្រើបង់រុំ ដូច្នេះខ្ញុំធ្វើអ្វីដោយខ្លួនឯងមិនកើតទេ។ តែបងប្រុសម្នាក់បានបោកខោអាវឲ្យខ្ញុំ ហើយជួយខ្ញុំតាមរបៀបផ្សេងៗ។ ខ្ញុំបានភ្លក់សេចក្ដីស្រឡាញ់ដ៏ស្មោះពេលដែលខ្ញុំត្រូវការបំផុត»។ យើងឃើញថាយើងមានមូលហេតុល្អដើម្បីដោះស្រាយបញ្ហាជាមួយគ្នានៅឥឡូវនេះ។
ចូរស៊ូទ្រាំពេលគូអាពាហ៍ពិពាហ៍ធ្វើឲ្យអ្នកខកចិត្ត
៨. តើគូអាពាហ៍ពិពាហ៍ជួបការពិបាកអ្វី?
៨ ការពិបាក។ គ្រប់អាពាហ៍ពិពាហ៍តែងមានបញ្ហា។ គម្ពីរប្រាប់ចំៗថាអ្នកដែលរៀបការនឹងមាន«ការលំបាកផ្សេងៗក្នុងជីវិត»។ (១កូ. ៧:២៨) ហេតុអ្វី? ដោយសារការរៀបការគឺរវាងមនុស្សមិនល្អឥតខ្ចោះពីរនាក់ ហើយម្នាក់ៗមានបុគ្គលិកលក្ខណៈ និងចំណង់ចំណូលចិត្តខុសៗគ្នា។ គូខ្លះប្រហែលជាមកពីវប្បធម៌ឬមានប្រវត្តិខុសពីគ្នា។ យូរៗទៅ ពួកគេប្រហែលជាឃើញគុណវិបត្តិរបស់គូដែលពួកគេមិនបានកត់សម្គាល់មុនរៀបការ។ អ្វីទាំងនេះអាចធ្វើឲ្យមានបញ្ហា។ ជាជាងទទួលស្គាល់ថាម្នាក់ៗមានចំណែកក្នុងបញ្ហា ហើយព្យាយាមរកដំណោះស្រាយ ពួកគេបន្ទោសគូរបស់ខ្លួន។ ពួកគេប្រហែលជាថែមទាំងគិតថាការរស់នៅបែកពីគ្នាឬការលែងលះគឺជាដំណោះស្រាយ។ ប៉ុន្តែ តើការឈប់ព្យាយាមក្នុងចំណងអាពាហ៍ពិពាហ៍គឺជាវិធីល្អឬទេ? b សូមយើងរៀនអំពីគំរូរបស់បុគ្គលម្នាក់ក្នុងគម្ពីរដែលតស៊ូនៅក្នុងចំណងអាពាហ៍ពិពាហ៍ដែលពិបាកយ៉ាងខ្លាំង។
៩. តើអាប៊ីកែលមានការពិបាកអ្វី?
៩ គំរូក្នុងគម្ពីរ។ អាប៊ីកែលបានរៀបការជាមួយណាបាលដែលគម្ពីររៀបរាប់ថាជាមនុស្សកោងកាចនិងមានកិរិយាអាក្រក់ខ្លាំងណាស់។ (១សាំ. ២៥:៣) អាប៊ីកែលច្បាស់ជាពិបាករស់នៅជាមួយបុរសបែបនេះ។ តើនាងអាចរកវិធីដើម្បីបញ្ចប់អាពាហ៍ពិពាហ៍របស់នាងឬទេ? នាងមានឱកាសធ្វើដូច្នេះពេលដាវីឌដែលជាអនាគតស្ដេចនៃស្រុកអ៊ីស្រាអែលបានមកសម្លាប់ប្ដីរបស់នាង ដោយសារណាបាលបានជេរប្រមាថដាវីឌនិងពួកបុរសរបស់គាត់។ (១សាំ. ២៥:៩-១៣) អាប៊ីកែលអាចរត់គេចខ្លួនទុកឲ្យដាវីឌសម្រេចគម្រោងការរបស់គាត់ក៏បាន ក៏ប៉ុន្តែនាងបានចាត់វិធានការ ហើយព្យាយាមលើកហេតុផលទៅដាវីឌដើម្បីឲ្យគាត់ទុកជីវិតឲ្យណាបាល។ (១សាំ. ២៥:២៣-២៧) ហេតុអ្វីនាងធ្វើដូច្នេះ?
១០. តើអ្វីទំនងជាបានជំរុញចិត្តអាប៊ីកែលឲ្យស៊ូទ្រាំក្នុងអាពាហ៍ពិពាហ៍ដែលពិបាក?
១០ អាប៊ីកែលស្រឡាញ់ព្រះយេហូវ៉ា ហើយឲ្យតម្លៃទៅលើខ្នាតតម្រារបស់លោកសម្រាប់អាពាហ៍ពិពាហ៍។ នាងច្បាស់ជាដឹងអំពីអ្វីដែលព្រះបានមានប្រសាសន៍ទៅកាន់អាដាមនិង អេវ៉ាពេលលោកបានផ្ដើមឲ្យមានអាពាហ៍ពិពាហ៍ដំបូង។ (ដក. ២:២៤) អាប៊ីកែលដឹងថាព្រះយេហូវ៉ាចាត់ទុកអាពាហ៍ពិពាហ៍ជាការរៀបចំដ៏ពិសិដ្ឋ។ នាងចង់ធ្វើឲ្យព្រះពេញចិត្ត ហើយនោះច្បាស់ជាបានជំរុញចិត្តនាងឲ្យធ្វើអ្វីដែលនាងអាចធ្វើបានដើម្បីសង្គ្រោះពួកអ្នកផ្ទះរបស់នាង រួមទាំងប្ដីនាង។ នាងបានចាត់វិធានការភ្លាមៗដើម្បីរារាំងដាវីឌមិនឲ្យសម្លាប់ណាបាល។ នាងក៏សុខចិត្តទៅសុំទោសដាវីឌចំពោះកំហុសដែលនាងមិនបានធ្វើ។ ច្បាស់ណាស់ ព្រះយេហូវ៉ាស្រឡាញ់ស្ត្រីដ៏ក្លាហាននិងមិនគិតប្រយោជន៍ខ្លួនម្នាក់នេះ។ តើប្ដីប្រពន្ធអាចរៀនអ្វីពីគំរូរបស់អាប៊ីកែល?
១១. (ក) តើព្រះយេហូវ៉ាតម្រូវអ្វីពីបុគ្គលដែលបានរៀបការ? (អេភេសូរ ៥:៣៣) (ខ) តើអ្នកបានរៀនអ្វីពីរបៀបដែលបងខាមែនបានខំប្រឹងក្នុងអាពាហ៍ពិពាហ៍របស់គាត់? (សូមមើលរូបភាពផងដែរ)
១១ មេរៀន។ ព្រះយេហូវ៉ាចង់ឲ្យប្ដីប្រពន្ធបន្តរួមរស់ជាមួយគ្នាទោះជាគូរបស់ពួកគេជាមនុស្សពិបាករស់នៅជាមួយក្ដី។ ព្រះច្បាស់ជាពេញចិត្តពេលលោកឃើញបុគ្គលដែលបានរៀបការខំប្រឹងដោះស្រាយបញ្ហា ហើយបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួនចំពោះគ្នានិងគោរពគ្នាទៅវិញទៅមក។ (សូមអាន អេភេសូរ ៥:៣៣) សូមគិតអំពីគំរូរបស់បងស្រីខាមែន។ ប្រហែលជា៦ឆ្នាំក្រោយពីរៀបការ បងខាមែនបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា ហើយក្រោយមកបានទទួលការជ្រមុជទឹក។ បងខាមែននិយាយថា៖ «ប្ដីខ្ញុំមិនសប្បាយចិត្តចំពោះការសម្រេចចិត្តរបស់ខ្ញុំទេ។ គាត់ច្រណែននឹងព្រះយេហូវ៉ា។ គាត់ជេរប្រមាថខ្ញុំ ហើយគំរាមចុះចោលខ្ញុំ»។ ទោះជាដូច្នេះក្ដី បងខាមែនស៊ូទ្រាំក្នុងអាពាហ៍ពិពាហ៍របស់គាត់។ អស់រយៈពេល៥០ឆ្នាំ គាត់ខំប្រឹងយ៉ាងខ្លាំងដើម្បីស្រឡាញ់និងគោរពប្ដីគាត់។ គាត់ថា៖ «យូរៗទៅ ខ្ញុំស្គាល់អារម្មណ៍របស់ប្ដីខ្ញុំច្បាស់ជាង ហើយអាចនិយាយដោយសប្បុរសទៅគាត់។ ខ្ញុំខំអស់ពីសមត្ថភាពដើម្បីការពារចំណងអាពាហ៍ពិពាហ៍នោះ ព្រោះខ្ញុំដឹងថាអាពាហ៍ពិពាហ៍គឺពិសិដ្ឋចំពោះព្រះយេហូវ៉ា។ ខ្ញុំមិនដែលព្យាយាមបោះបង់ចោលប្ដីខ្ញុំទេ ដោយសារខ្ញុំស្រឡាញ់ព្រះយេហូវ៉ា»។ c បើអាពាហ៍ពិពាហ៍របស់អ្នកមានភាពរកាំរកូស អ្នកអាចទុកចិត្តថាព្រះយេហូវ៉ានឹងគាំទ្រអ្នក ហើយជួយអ្នកឲ្យស៊ូទ្រាំ។
ចូរស៊ូទ្រាំពេលអ្នកខកចិត្តនឹងខ្លួនឯង
១២. តើយើងប្រហែលជាជួបការពិបាកអ្វីបើយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ?
១២ ការពិបាក។ បើយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ យើងប្រហែលជាធ្លាក់ទឹកចិត្តខ្លាំងណាស់។ គម្ពីរប្រាប់ថាអំពើខុសឆ្គងរបស់យើងអាចបន្សល់ទុកឲ្យយើងនូវ«ចិត្តខ្ទេចខ្ទាំនិងចិត្តទន់ទាប»។ (ចសព. ៥១:១៧) បងប្រុសម្នាក់ឈ្មោះរ៉ូបឺតបានខំព្យាយាមអស់ជាច្រើនឆ្នាំដើម្បីមានគុណសម្បត្តិគ្រប់គ្រាន់ទៅជាជំនួយការខាងកិច្ចបម្រើ។ ប៉ុន្តែ គាត់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ហើយនោះក៏ធ្វើឲ្យគាត់យល់ថាគាត់បានក្បត់ព្រះយេហូវ៉ា។ គាត់និយាយថា៖ «សមត្ថភាពវិនិច្ឆ័យរបស់ខ្ញុំ ធ្លាក់មកលើខ្ញុំដូចជាថ្មមួយតោន ហើយក្រោយមក ខ្ញុំមានអារម្មណ៍អួលណែនដើមទ្រូង។ ខ្ញុំអធិដ្ឋានទាំងយំដង្ហក់ទៅព្រះយេហូវ៉ា។ តែខ្ញុំក៏នឹកឃើញថាតើលោកម្ដេចនឹងស្ដាប់ខ្ញុំទៀតទៅដោយសារខ្ញុំបានធ្វើឲ្យលោកខកចិត្ត?»។ បើយើងប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ យើងប្រហែលជាឈឺចិត្តជាខ្លាំងបានជាចាប់ផ្ដើមគិតថាព្រះយេហូវ៉ាបោះបង់ចោលយើង ហើយគ្មានមូលហេតុឲ្យយើងបម្រើលោកទៀតទេ។ (ចសព. ៣៨:៤) បើអ្នកមានអារម្មណ៍បែបនេះ សូមគិតអំពីបុគ្គលដ៏ស្មោះត្រង់នៅក្នុងគម្ពីរដែលបានតស៊ូក្នុងការបម្រើព្រះយេហូវ៉ា ទោះជាបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរក្ដី។
១៣. តើពេត្រុសបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរអ្វី ហើយតើអ្វីបាននាំឲ្យគាត់ប្រព្រឹត្តអំពើនោះ?
១៣ គំរូក្នុងគម្ពីរ។ នៅយប់មុនលោកយេស៊ូត្រូវគេប្រហារជីវិត ពេត្រុសបានធ្វើខុសជាបន្តបន្ទាប់ ហើយដោយសារកំហុសទាំងនោះ គាត់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ។ ដំបូងពេត្រុសមានទំនុកចិត្តហួសហេតុពេកដោយនិយាយអួតអាងថា គាត់នឹងរក្សាភាពស្មោះត្រង់ទោះជាសាវ័កឯទៀតបោះបង់ចោលលោកយេស៊ូក៏ដោយ។ (ម៉ាក. ១៤:២៧-២៩) បន្ទាប់មក កាលដែលនៅសួនកេតសេម៉ានី ពេត្រុសមិនបានចាំយាមម្ដងហើយម្ដងទៀត។ (ម៉ាក. ១៤:៣២, ៣៧-៤១) បន្ទាប់មកទៀត ពេត្រុសបានរត់ចោលលោកយេស៊ូពេលដែលមនុស្សមួយក្រុមធំមក។ (ម៉ាក. ១៤:៥០) ចុងក្រោយ ពេត្រុសបានបដិសេធមិនស្គាល់លោកយេស៊ូអស់បីដង ហើយថែមទាំងបានស្បថចំពោះការកុហកនោះទៀតផង។ (ម៉ាក. ១៤:៦៦-៧១) តើពេត្រុសមានប្រតិកម្មយ៉ាងណាពេលគាត់យល់ថាគាត់បានធ្វើខុសធ្ងន់ធ្ងរដូចនេះ? គាត់រំជួលចិត្តក្រៃលែង ហើយក៏យំនឹកស្ដាយជាខ្លាំង។ (ម៉ាក. ១៤:៧២) សូមស្រមៃគិតអំពីអារម្មណ៍ឈឺចាប់របស់ពេត្រុសនៅប៉ុន្មានម៉ោងក្រោយមក ពេលលោកយេស៊ូដែលជាមិត្តសម្លាញ់របស់គាត់បានត្រូវគេប្រហារជីវិត។ ពេត្រុសច្បាស់ជាមានអារម្មណ៍ថាខ្លួនគ្មានបានការសោះ!
១៤. តើអ្វីបានជួយពេត្រុសឲ្យបន្តតស៊ូព្យាយាមក្នុងការបម្រើព្រះយេហូវ៉ា? (សូមមើលរូបភាព)
១៤ ពេត្រុសអាចបន្តតស៊ូព្យាយាមក្នុងការបម្រើព្រះយេហូវ៉ា ដោយសារមូលហេតុមួយចំនួន។ គាត់មិនញែកខ្លួនចេញពីអ្នកឯទៀតទេ តែគាត់បានទៅជួបបងប្អូនរួមជំនឿរបស់គាត់ ហើយទំនងជាបានទទួលការសម្រាលទុក្ខពីពួកគេ។ (លូក. ២៤:៣៣) បន្ថែមទៅទៀត ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ លោកបានលេចមកជួបពេត្រុស ទំនងជាដើម្បីលើកទឹកចិត្តគាត់។ (លូក. ២៤:៣៤; ១កូ. ១៥:៥) ក្រោយមក ជាជាងស្ដីបន្ទោសពេត្រុសចំពោះការខុសឆ្គងរបស់គាត់ លោកយេស៊ូបានប្រាប់មិត្តភក្ដិរបស់លោកនេះថាគាត់នឹងទទួលភារកិច្ចច្រើនជាង។ (យ៉ូន. ២១:១៥-១៧) ពេត្រុសដឹងថាគាត់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ ប៉ុន្តែគាត់បន្ដព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ។ ហេតុអ្វី? ពីព្រោះគាត់ជឿជាក់ថាលោកយេស៊ូដែលជាម្ចាស់របស់គាត់មិនបានបោះបង់ ចោលគាត់ទេ។ ម្យ៉ាងទៀត បងប្អូនរួមជំនឿបានបន្តគាំទ្រពេត្រុស។ តើយើងអាចរៀនអ្វីពីគំរូរបស់ពេត្រុស?
១៥. តើព្រះយេហូវ៉ាចង់ឲ្យយើងជឿជាក់អំពីអ្វី? (ចម្រៀងសរសើរព្រះ ៨៦:៥; រ៉ូម ៨:៣៨, ៣៩) (សូមមើលរូបភាពផងដែរ)
១៥ មេរៀន។ ព្រះយេហូវ៉ាចង់ឲ្យយើងជឿជាក់ថាលោកស្រឡាញ់យើង ហើយបម្រុងតែនឹងអភ័យទោសឲ្យយើង។ (សូមអាន ចម្រៀងសរសើរព្រះ ៨៦:៥; រ៉ូម ៨:៣៨, ៣៩) ពេលយើងប្រព្រឹត្តអំពើខុសឆ្គង យើងបន្ទោសខ្លួន។ នេះគឺជាអារម្មណ៍ធម្មតានិងសមត្រឹមត្រូវ។ ប៉ុន្តែ យើងមិនត្រូវគិតថាយើងលែងទទួលសេចក្ដីស្រឡាញ់ឬការអភ័យទោសពីព្រះយេហូវ៉ាទេ។ ផ្ទុយទៅវិញ យើងគួររកជំនួយភ្លាមៗ។ បងរ៉ូបឺតដែលបានត្រូវរៀបរាប់នៅខាងលើនិយាយថា៖ «ខ្ញុំបានប្រព្រឹត្តអំពើខុសឆ្គង ដោយសារខ្ញុំពឹងផ្អែកលើកម្លាំងខ្លួនឯងដើម្បីទប់ទល់នឹងការល្បួង»។ គាត់យល់ថាគាត់ត្រូវទៅនិយាយជាមួយពួកអ្នកចាស់ទុំ។ គាត់ថា៖ «ពេលខ្ញុំធ្វើដូច្នេះ ភ្លាមៗខ្ញុំមានអារម្មណ៍ថាខ្ញុំអាចឃើញសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាតាមរយៈពួកគេ។ ពួកអ្នកចាស់ទុំមិនអស់សង្ឃឹមចំពោះខ្ញុំទេ។ ពួកគេបានជួយខ្ញុំឲ្យជឿថាព្រះយេហូវ៉ាមិនបានបោះបង់ចោលខ្ញុំ»។ យើងក៏អាចជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើងយ៉ាងជ្រាលជ្រៅនិងអភ័យទោសឲ្យយើង បើយើងប្រែចិត្តចំពោះការខុសឆ្គងរបស់យើង ស្វែងរកជំនួយដែលយើងត្រូវការ និងខំព្យាយាមមិនធ្វើខុសម្ដងទៀត។ (១យ៉ូន. ១:៨, ៩) បើយើងជឿជាក់ថាព្រះយេហូវ៉ាស្រឡាញ់យើង ហើយចង់អភ័យទោសឲ្យយើង នោះយើងនឹងមិនឈប់បម្រើលោកទោះជាក្រោយពីយើងធ្វើខុសក្ដី។
១៦. ហេតុអ្វីអ្នកតាំងចិត្តតស៊ូព្យាយាមក្នុងកិច្ចបម្រើព្រះយេហូវ៉ា?
១៦ ព្រះយេហូវ៉ាឲ្យតម្លៃយ៉ាងខ្លាំងចំពោះការខំប្រឹងរបស់យើងដើម្បីបម្រើលោកក្នុងអំឡុងគ្រាចុងក្រោយដ៏លំបាកនេះ។ ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចស៊ូទ្រាំទោះជាមានការខកចិត្តក្ដី។ យើងអាចបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ចំពោះបងប្អូនរបស់យើងនិងអភ័យទោសឲ្យពួកគេ ទោះជាពួកគេធ្វើឲ្យយើងទើសចិត្តក្ដី។ យើងអាចបង្ហាញសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់យើងចំពោះព្រះនិងឲ្យតម្លៃចំពោះអាពាហ៍ពិពាហ៍ ដោយធ្វើអ្វីណាក៏ដោយដែលយើងអាចធ្វើបានដើម្បីដោះស្រាយបញ្ហាដែលប្រហែលជាកើតឡើងក្នុងអាពាហ៍ពិពាហ៍របស់យើង។ ម្យ៉ាងទៀត បើយើងប្រព្រឹត្តអំពើខុសឆ្គង យើងអាចស្វែងរកជំនួយពីព្រះយេហូវ៉ា ទទួលសេចក្ដីស្រឡាញ់និងការអភ័យទោសពីលោក ហើយបន្តជឿនទៅមុខក្នុងកិច្ចបម្រើរបស់លោក។ យើងអាចប្រាកដថាយើងនឹងទទួលពរជាបរិបូរ បើយើងមិន«ឈប់ព្យាយាមធ្វើអ្វីដែលល្អប្រសើរ»។—កាឡ. ៦:៩
តើយើងអាចតស៊ូព្យាយាមក្នុងកិច្ចបម្រើព្រះយេហូវ៉ាយ៉ាងដូចម្ដេច . . .
-
ពេលបងប្អូនរួមជំនឿធ្វើឲ្យយើងទើសចិត្ត?
-
ពេលគូអាពាហ៍ពិពាហ៍ធ្វើឲ្យយើងខកចិត្ត?
-
ពេលខកចិត្តនឹងខ្លួនឯង?
ចម្រៀងលេខ១៣៩ សូមស្រមៃឃើញខ្លួននៅពិភពលោកថ្មី
a ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
b បណ្ដាំរបស់ព្រះមិនលើកទឹកចិត្តឲ្យប្ដីប្រពន្ធរស់នៅបែកពីគ្នាទេ ហើយបញ្ជាក់ថាការរស់នៅបែកពីគ្នាមិនអនុញ្ញាតឲ្យគូមានសិទ្ធិរៀបការម្ដងទៀតឡើយ។ ប៉ុន្តែ មានស្ថានភាពធ្ងន់ធ្ងរខ្លះដែលបាននាំឲ្យគ្រិស្តសាសនិកមួយចំនួនគិតអំពីការរស់នៅបែកពីគ្នា (សូមមើលកំណត់នៅចុងសៀវភៅ ចំណុចទី៤ដែលមានចំណងជើងថា «ការបែកលំនៅសង្វាស» ក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!)។
c ដើម្បីគិតអំពីគំរូមួយទៀត សូមមើលវីដេអូដែលមានចំណងជើងថា ចូរកុំឲ្យសេចក្ដីសុខសាន្តក្លែងក្លាយបំភាន់អ្នកឡើយ! ដារ៉េលនិងដេបូរ៉ា ហ្វ្រែសីងឺក្នុងគេហទំព័រjw.org/km។