លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដី​ពិត​នាំ​ឲ្យ​មាន‹ទំនាស់ មិន​មែន​នាំ​ឲ្យ​មាន​សន្ដិ​ភាព​ទេ›

សេចក្ដី​ពិត​នាំ​ឲ្យ​មាន‹ទំនាស់ មិន​មែន​នាំ​ឲ្យ​មាន​សន្ដិ​ភាព​ទេ›

​«​កុំ​គិត​ស្មានថា​ខ្ញុំ​បាន​មក ដើម្បី​នាំ​យក​សន្ដិ​ភាព​មក​ឯ​ផែន​ដី​ឡើយ។ ខ្ញុំ​បាន​មក​ដើម្បី​នាំ​ឲ្យ​មាន​ទំនាស់[​ដាវ​] មិន​មែន​ដើម្បី​នាំ​ឲ្យ​មាន​សន្ដិ​ភាព​ទេ​»។—ម៉ាថាយ ១០:៣៤ កំ.ស.

ចម្រៀង​លេខ: ៤៣, ២៤

១, ២​. (​ក​) តើ​យើង​អាច​មាន​សេចក្ដី​សុខ​សាន្ដ​បែប​ណា​នៅ​ឥឡូវ​នេះ? (​ខ​) ហេតុ​អ្វី​នៅ​ឥឡូវ​នេះ​យើង​មិន​អាច​មាន​សន្ដិ​ភាព​ពេញ​លេញ? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

យើង​ទាំង​អស់​គ្នា​ចង់​មាន​សេចក្ដី​សុខ​សាន្ដ​ក្នុង​ជីវិត ហើយ​យើង​មិន​ចង់​មាន​ទុក្ខ​កង្វល់​ទេ។ ដូច្នេះ យើង​មាន​ចិត្ដ​កតញ្ញូ​ជា​ខ្លាំង​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​យើង​នូវ​«​សេចក្ដី​សុខ​សាន្ដ​របស់​ព្រះ​»។ សេចក្ដី​សុខ​សាន្ដ​នេះ​គឺ​ជា​សេចក្ដី​ស្ងប់​សុខ​ដែល​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​គំនិត​និង​អារម្មណ៍​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ចិត្ដ។ (​ភីលីព ៤:៦, ៧​) ដោយ​សារ​យើង​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា យើង​ក៏​មាន​«​សន្ដិ​ភាព​ជា​មួយ​នឹង​ព្រះ​»។ នេះ​មាន​ន័យ​ថា​យើង​មាន​ចំណង​មិត្ដភាព​ល្អ​ជា​មួយ​នឹង​លោក។—រ៉ូម ៥:១

ប៉ុន្ដែ គឺ​មិន​ទាន់​ដល់​ពេល​ដែល​ព្រះ​នឹង​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព​ពេញ​លេញ​នៅ​លើ​ផែន​ដី​ទេ។ យើង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់ ដូច្នេះ​មាន​បញ្ហា​ជា​ច្រើន​ដែល​នាំ​ឲ្យ​យើង​ខ្វល់​ចិត្ដ។ នៅ​ជុំ​វិញ​យើង​មាន​មនុស្ស​ដែល​សាហាវ​ឃោរ​ឃៅ។ (​ធីម៉ូថេ​ទី២ ៣:១​-​៤​) យើង​ក៏​ត្រូវ​តយុទ្ធ​ប្រឆាំង​នឹង​សាថាន​និង​សេចក្ដី​បង្រៀន​មិន​ពិត​ដែល​វា​លើក​ស្ទួយ​ដែរ។ (​កូរិនថូស​ទី២ ១០:៤, ៥​) ប៉ុន្ដែ អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​ខ្វល់​ចិត្ដ​ខ្លាំង​បំផុត​គឺ​ការ​ប្រឆាំង​ពី​សាច់​ញាតិ​ដែល​មិន​មែន​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ សាច់​ញាតិ​ខ្លះ​ប្រហែល​ជា​សើច​ចំអកឲ្យ​យើង​អំពី​ជំនឿ​របស់​យើង ឬ​ចោទ​ប្រកាន់​ថា​យើង​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បែក​បាក់​គ្នា។ ពួក​គេ​ប្រហែល​ជា​ថែម​ទាំង​និយាយ​ថា​ពួក​គេ​នឹង​កាត់​កាល់​យើង បើ​យើង​មិន​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។ ដូច្នេះ តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ប្រឆាំង​ដែល​មក​ពី​ក្រុម​គ្រួសារ? ម្យ៉ាង​ទៀត ពេល​ដែល​មាន​បញ្ហា​នេះ​កើត​ឡើង តើ​យើង​អាច​រក្សា​សេចក្ដី​សុខ​សាន្ដ​ក្នុង​ចិត្ដ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ប្រឆាំង​ដែល​មក​ពី​ក្រុម​គ្រួសារ?

៣, ៤​. (​ក​) តើ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​នាំ​ឲ្យ​មាន​អ្វី? (​ខ​) តើ​ការ​កាន់​តាម​លោក​យេស៊ូ​គឺ​កាន់​តែ​ពិបាក​នៅ​ពេល​ណា?

លោក​យេស៊ូ​បាន​ដឹង​ថា​មិន​មែន​មនុស្ស​ទាំង​អស់​នឹង​ទទួល​យក​សេចក្ដី​បង្រៀន​របស់​លោក​ទេ។ លោក​ក៏​ដឹង​ដែរ​ថា​អ្នក​កាន់​តាម​លោក​នឹង​ត្រូវ​ការ​ចិត្ដ​ក្លាហាន ដោយ​សារ​មនុស្ស​ខ្លះ​នឹង​ប្រឆាំង​ពួក​គេ។ ការ​ប្រឆាំង​នេះ​អាច​ប៉ះ​ពាល់​ដល់​សន្ដិ​ភាព​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​គិត​ស្មានថា​ខ្ញុំ​បាន​មក ដើម្បី​នាំ​យក​សន្ដិ​ភាព​មក​ឯ​ផែន​ដី​ឡើយ។ ខ្ញុំ​បាន​មក​ដើម្បី​នាំ​ឲ្យ​មាន​ទំនាស់ មិន​មែន​ដើម្បី​នាំ​ឲ្យ​មាន​សន្ដិ​ភាព​ទេ។ ព្រោះ​ខ្ញុំ​បាន​មក​ដើម្បី​នាំ​ឲ្យ​កូន​ប្រុស​ទាស់​នឹង​ឪ​ពុក​ខ្លួន កូន​ស្រី​ទាស់​នឹង​ម្ដាយ​ខ្លួន ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក។ ដូច្នេះ សត្រូវ​របស់​មនុស្ស នឹង​មក​ពី​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​ពួក​គេ​»។—ម៉ាថាយ ១០:៣៤​-​៣៦

ពេល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​គិត​ស្មានថា​ខ្ញុំ​បាន​មក ដើម្បី​នាំ​យក​សន្ដិ​ភាព​»​ តើ​លោក​ចង់​មាន​ន័យ​យ៉ាង​ណា? លោក​ចង់​ឲ្យ​មនុស្ស​ដឹង​ថា​បើ​ពួក​គេ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក នោះ​ពួក​គេ​នឹង​ជួប​ការ​ពិបាក។ គោល​បំណង​របស់​លោក​យេស៊ូ​គឺ​ដើម្បី​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ​ដល់​មនុស្ស មិន​មែន​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​គេ​បែក​បាក់​គ្នា​នោះ​ទេ។ (​យ៉ូហាន ១៨:៣៧​) ប៉ុន្ដែ អ្នក​កាន់​តាម​លោក​ត្រូវ​ដឹង​ថា នឹង​មិន​តែង​តែ​ស្រួល​ឲ្យ​ពួក​គេ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​ទេ ជា​ពិសេស​បើ​មិត្ដ​ភក្ដិ​ជិត​ស្និទ្ធ​ឬ​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ​មិន​ទទួល​យក​សេចក្ដី​ពិត។

៥​. តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​អ្វី?

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​អ្នក​កាន់​តាម​លោក​ត្រូវ​សុខ​ចិត្ដ​ស៊ូ​ទ្រាំ​នឹង​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ។ (​ម៉ាថាយ ១០:៣៨​) ដើម្បី​ទទួល​ការ​ពេញ​ចិត្ដ​ពី​លោក​យេស៊ូ អ្នក​កាន់​តាម​លោក​បាន​ស៊ូ​ទ្រាំ​ពេល​ដែល​ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន​សើច​ចំអក​ឲ្យ​ពួក​គេ ឬ​ថែម​ទាំង​កាត់​កាល់​ពួក​គេ​ទៀត​ផង។ ប៉ុន្ដែ ពួក​គេ​បាន​ទទួល​ច្រើន​ជាង​អ្វី​ដែល​ពួក​គេ​បាន​បាត់​បង់​ឆ្ងាយ​ណាស់។—សូម​អាន ម៉ាកុស ១០:២៩, ៣០

៦​. បើ​សាច់​ញាតិ​របស់​យើង​ប្រឆាំង​នឹង​យើង តើ​យើង​ត្រូវ​ចាំ​អំពី​អ្វី?

យើង​នៅ​តែ​ស្រឡាញ់​សាច់​ញាតិ​របស់​យើង ទោះ​ជា​ពួក​គេ​ប្រឆាំង​យើង​ដោយ​សារ​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ក្ដី។ ប៉ុន្ដែ យើង​ត្រូវ​ចាំ​ថា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​និង​គ្រិស្ដ​ត្រូវ​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​អ្នក​ឯ​ទៀត។ (​ម៉ាថាយ ១០:៣៧​) យើង​ក៏​ត្រូវ​ដឹង​ថា​សាថាន​អាច​ប្រើ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើ​ឲ្យ​យើង​លែង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ សូម​យើង​ពិចារណា​អំពី​ស្ថានភាព​ដ៏​ពិបាក​មួយ​ចំនួន​និង​អំពី​របៀប​ដែល​យើង​អាច​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​ទាំង​នោះ។

ពេល​គូ​អាពាហ៍​ពិពាហ៍​មិន​មែន​ជា​អ្នក​ជឿ

៧​. តើ​អ្នក​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ស្ថានភាព​របស់​អ្នក បើ​គូ​អាពាហ៍​ពិពាហ៍​របស់​អ្នក​មិន​បម្រើ​ព្រះ​យេហូវ៉ា?

គម្ពីរ​ប្រាប់​យើង​ថា​អ្នក​ណា​ដែល​រៀប​ការ​«​នឹង​មាន​ការ​លំបាក​»​ឬ​មាន​បញ្ហា។ (​កូរិនថូស​ទី១ ៧:២៨​) បើ​គូ​អាពាហ៍​ពិពាហ៍​របស់​អ្នក​មិន​បម្រើ​ព្រះ​យេហូវ៉ា នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​មាន​ការ​តាន​តឹង​ចិត្ដ​និង​ទុក្ខ​កង្វល់​ច្រើន​ជាង​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍​របស់​អ្នក។ ក៏​ប៉ុន្ដែ គឺ​ជា​ការ​សំខាន់​ដែល​អ្នក​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ស្ថានភាព​របស់អ្នក។ លោក​មិន​អនុញ្ញាត​ឲ្យ​យើង​រស់​នៅ​បែក​ពី​គូ​អាពាហ៍​ពិពាហ៍​ឬ​លែង​លះ​គ្នា​ដោយ​សារ​គូ​របស់​យើង​មិន​បម្រើ​ព្រះ​យេហូវ៉ា​នោះ​ទេ។ (​កូរិនថូស​ទី១ ៧:១២​-​១៦​) បើ​ប្ដី​របស់​អ្នក​មិន​បម្រើ​ព្រះ​យេហូវ៉ា ហើយ​មិន​នាំ​មុខ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត អ្នក​នៅ​តែ​ត្រូវ​គោរព​គាត់​ជា​ប្រមុខ​គ្រួសារ។ ម្យ៉ាង​ទៀត បើ​ប្រពន្ធ​របស់​អ្នក​មិន​បម្រើ​ព្រះ​យេហូវ៉ា អ្នក​នៅ​តែ​ត្រូវ​ស្រឡាញ់​និង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​គាត់។—អេភេសូរ ៥:២២, ២៣, ២៨, ២៩

៨​. បើ​គូ​អាពាហ៍​ពិពាហ៍​ព្យាយាម​ដាក់​កម្រិត​លើ​ការ​គោរព​ប្រណិប័តន៍​របស់​អ្នក តើ​អ្នក​អាច​សួរ​ខ្លួន​អ្នក​នូវ​សំណួរ​អ្វី​ខ្លះ?

ចុះ​យ៉ាង​ណា​បើ​គូ​អាពាហ៍​ពិពាហ៍​ព្យាយាម​ដាក់​កម្រិត​លើ​ការ​គោរព​ប្រណិប័តន៍​របស់​អ្នក តើ​អ្នក​គួរ​ធ្វើ​អ្វី? ប្ដី​របស់​បង​ស្រី​ម្នាក់​បាន​ប្រាប់​គាត់​អំពី​ថ្ងៃ​ណា​ខ្លះ​ដែល​គាត់​អាច​ផ្សព្វ​ផ្សាយ​ក្នុង​មួយ​សប្ដាហ៍។ បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ស្រដៀង​នឹង​នេះ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​គូ​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​សុំ​ខ្ញុំ​ឲ្យ​ឈប់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទាំង​ស្រុង​ឬ​ទេ? បើ​មិន​មែន​ដូច្នេះ​ទេ តើ​ខ្ញុំ​អាច​ធ្វើ​តាម​អ្វី​ដែល​គូ​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​សុំ​ឬ​ទេ?›។ បើ​អ្នក​ជា​មនុស្ស​សម​ហេតុ​ផល អ្នក​នឹង​មាន​បញ្ហា​តិច​ជាង​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍​របស់​អ្នក។—ភីលីព ៤:៥

៩​. តើ​គ្រិស្ដ​សាសនិក​អាច​បង្រៀន​កូន​ៗ​ឲ្យ​គោរព​ឪ​ពុក​ឬ​ម្ដាយ​ដែល​មិន​មែន​ជា​អ្នក​ជឿ​យ៉ាង​ដូច​ម្ដេច?

បើ​គូ​អាពាហ៍​ពិពាហ៍​របស់​អ្នក​មិន​បម្រើ​ព្រះ​យេហូវ៉ា ការ​បង្ហាត់​បង្រៀន​កូន​ៗ​អាច​ជា​អ្វី​ដ៏​ពិបាក។ ជា​ឧទាហរណ៍ អ្នក​ត្រូវ​បង្រៀន​កូន​ៗ​ឲ្យ​ធ្វើ​តាម​បង្គាប់​ពី​គម្ពីរ​ដែល​ថា​៖ ​«​ចូរ​គោរព​ឪ​ពុក​និង​ម្ដាយ​របស់​អ្នក​»។ (​អេភេសូរ ៦:១​-​៣​) ប៉ុន្ដែ បើ​គូ​អាពាហ៍​ពិពាហ៍​របស់​អ្នក​មិន​ធ្វើ​តាម​ខ្នាត​តម្រា​ពី​គម្ពីរ តើ​អ្នក​គួរ​ធ្វើ​អ្វី? អ្នក​អាច​ទុក​គំរូ​ល្អ​ឲ្យ​កូន​ៗ​ដោយ​គោរព​គូ​របស់​អ្នក។ សូម​គិត​អំពី​គុណ​សម្បត្ដិ​របស់​គាត់ ហើយ​ប្រាប់​គាត់​ថា​អ្នក​ដឹង​គុណ​គាត់​ជា​ខ្លាំង​ចំពោះ​អ្វី​ល្អ​ៗ​ទាំង​អស់​ដែល​គាត់​ធ្វើ។ សូម​កុំ​និយាយ​អ្វី​ដែល​មិន​ល្អ​អំពី​គូ​របស់​អ្នក​នៅ​មុខ​កូន​ៗ​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​ពន្យល់​ពួក​គេ​ថា​មនុស្ស​ម្នាក់​ៗ​ត្រូវ​សម្រេច​ចិត្ដ​ថា​ពួក​គេ​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។ បើ​អ្នក​បង្ហាត់​បង្រៀន​កូន​ៗ​របស់​អ្នក​ឲ្យ​គោរព​ឪ​ពុក​ឬ​ម្ដាយ​ដែល​មិន​មែន​ជា​អ្នក​ជឿ នោះ​គំរូ​ល្អ​របស់​កូន​ៗ​ប្រហែល​ជា​នឹង​ធ្វើ​ឲ្យ​គូ​របស់​អ្នក​ចង់​រៀន​អំពី​ព្រះ​យេហូវ៉ា។

ចូរ​បង្រៀន​កូន​ៗ​របស់​អ្នក​អំពី​គម្ពីរ​នៅ​ពេល​ណា​ដែល​អាច​ធ្វើ​បាន (​សូម​មើល​វគ្គ​១០​)

១០​. តើ​តាម​របៀប​ណា​ឪ​ពុក​ឬ​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក​អាច​បង្រៀន​កូន​ៗ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា?

១០ ប្ដី​ឬ​ប្រពន្ធ​ខ្លះ​ដែល​មិន​មែន​ជា​អ្នក​ជឿ ប្រហែល​ជា​ចង់​ឲ្យ​កូន​ៗ​របស់​ពួក​គេ​ចូល​រួម​ពិធី​បុណ្យ​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​សាសនា​មិន​ពិត ឬ​រៀន​សេចក្ដី​បង្រៀន​របស់​សាសនា​មិន​ពិត។ ប្ដី​ខ្លះ​ក៏​ប្រហែល​ជា​ហាម​មិន​ឲ្យ​ប្រពន្ធ​ដែល​ជា​គ្រិស្ដ​សាសនិក​បង្រៀន​កូន​ៗ​អំពី​គម្ពីរ។ ប៉ុន្ដែ សូម្បី​តែ​ក្នុង​ស្ថានភាព​នោះ​ក្ដី នាង​នឹង​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន​ដើម្បី​បង្រៀន​កូន​ៗ​អំពី​សេចក្ដី​ពិត។ (​សកម្មភាព ១៦:១; ធីម៉ូថេ​ទី២ ៣:១៤, ១៥​) ជា​ឧទាហរណ៍ ប្ដី​ដែល​មិន​មែន​ជា​អ្នក​ជឿ​ប្រហែល​ជា​មិន​ចង់​ឲ្យ​ប្រពន្ធ​របស់​គាត់​សិក្សា​គម្ពីរ​ជា​មួយ​នឹង​កូន​ៗ ឬ​នាំ​ពួក​គេ​ទៅ​កិច្ច​ប្រជុំ​ឡើយ។ ទោះ​ជា​នាង​គោរព​ការ​សម្រេច​ចិត្ដ​របស់​គាត់​ក្ដី នាង​នៅ​តែ​អាច​និយាយ​ជា​មួយ​នឹង​កូន​ៗ​អំពី​ជំនឿ​របស់​នាង​នៅ​ពេល​ណា​ដែល​អាច​ធ្វើ​បាន។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​អាច​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​ខ្នាត​តម្រា​របស់​លោក​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ (​សកម្មភាព ៤:១៩, ២០​) នៅ​ទី​បំផុត កូន​ៗ​នឹង​ត្រូវ​សម្រេច​ចិត្ដ​ថា​ពួក​គេ​នឹង​បម្រើ​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា * (​សូម​មើល​កំណត់​សម្គាល់​)។—ចោទិយកថា ៣០:១៩, ២០

ពេល​សាច់​ញាតិ​ប្រឆាំង​នឹង​ការ​គោរព​ប្រណិប័តន៍​ពិត

១១​. តើ​អ្វី​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ជា​មួយ​នឹង​សាច់​ញាតិ​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា?

១១ ពេល​យើង​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ដំបូង​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា យើង​ប្រហែល​ជា​មិន​បាន​ប្រាប់​ក្រុម​គ្រួសារ​របស់​យើង​ទេ។ ប៉ុន្ដែ កាល​ដែល​ជំនឿ​របស់​យើង​មាំ​មួន​ឡើង យើង​ដឹង​ថា​យើង​ត្រូវ​ប្រាប់​ពួក​គេ​ថា​យើង​ចង់​បម្រើ​ព្រះ​យេហូវ៉ា។ (​ម៉ាកុស ៨:៣៨​) ភក្ដី​ភាព​របស់​អ្នក​ចំពោះ​ព្រះ​ប្រហែល​ជា​បាន​ធ្វើ​ឲ្យ​អ្នក​និង​ក្រុម​គ្រួសារ​មាន​បញ្ហា​ជា​មួយ​គ្នា។ សូម​យើង​ពិចារណា​អំពី​អ្វី​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​មាន​សន្ដិ​ភាព ហើយ​នៅ​តែ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។

បើ​យើង​យល់​អំពី​អារម្មណ៍​របស់​សមាជិក​ក្រុម​គ្រួសារ​យើង យើង​នឹង​ស្រួល​បង្រៀន​ពួក​គេ​អំពី​សេចក្ដី​ពិត​ជាង

១២​. ហេតុ​អ្វី​សាច់​ញាតិ​របស់​យើង​ប្រហែល​ជា​ប្រឆាំង​នឹង​យើង? ប៉ុន្ដែ តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អារម្មណ៍​របស់​ពួក​គេ?

១២ សូម​ព្យាយាម​យល់​អារម្មណ៍​របស់​សាច់​ញាតិ​ដែល​មិន​ជឿ។ យើង​សប្បាយ​ចិត្ដ​ណាស់​ដែល​យើង​ស្គាល់​សេចក្ដី​ពិត​ពី​គម្ពីរ។ ប៉ុន្ដែ សាច់​ញាតិ​របស់​យើង​ប្រហែល​ជា​គិត​ថា​យើង​បាន​ត្រូវ​គេ​បោក ឬ​បាន​ចូល​ជា​សមាជិក​សាសនា​មួយ​ដ៏​ចម្លែក។ ពួក​គេ​ប្រហែល​ជា​គិត​ថា​យើង​លែង​ស្រឡាញ់​ពួក​គេ​ទៀត ដោយ​សារ​យើង​មិន​ចូល​រួម​ពិធី​បុណ្យ​ផ្សេង​ៗ​ជា​មួយ​នឹង​ពួក​គេ។ ពួក​គេ​ប្រហែល​ជា​ថែម​ទាំង​ខ្លាច​ថា​ក្រោយ​ពី​យើង​ស្លាប់​ទៅ​នឹង​មាន​អ្វី​អាក្រក់​កើត​ឡើង​ចំពោះ​យើង។ យើង​ត្រូវ​ព្យាយាម​យល់​អារម្មណ៍​របស់​ពួក​គេ ហើយ​ស្តាប់​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្វី​ដែល​ពួក​គេ​និយាយ ដើម្បី​ដឹង​អំពី​មូលហេតុ​ដែល​ពួក​គេ​ព្រួយ​បារម្ភ​អំពី​យើង។ (​សុភាសិត ២០:៥​) សាវ័ក​ប៉ូល​បាន​ព្យាយាម​យល់​អំពី​«​មនុស្ស​គ្រប់​ប្រភេទ​»​ ដើម្បី​គាត់​អាច​បង្រៀន​ពួក​គេ​អំពី​ដំណឹង​ល្អ។ បើ​យើង​ព្យាយាម​យល់​អារម្មណ៍​របស់​សមាជិក​ក្រុម​គ្រួសារ នេះ​អាច​ជួយ​យើង​ដឹង​អំពី​របៀប​បង្រៀន​ពួក​គេ​អំពី​សេចក្ដី​ពិត។—កូរិនថូស​ទី១ ៩:១៩​-​២៣

១៣​. តើ​យើង​គួរ​និយាយ​ជា​មួយ​នឹង​សាច់​ញាតិ​របស់​យើង​ដែល​មិន​ជឿ​យ៉ាង​ដូច​ម្ដេច?

១៣ ចូរ​និយាយ​ដោយ​ស្លូតបូត។ គម្ពីរ​ចែង​ថា​៖ ​«​ចូរ​ឲ្យសម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស​»។ (​កូឡុស ៤:៦​) នេះ​ប្រហែល​ជា​មិន​ស្រួល​ទេ។ យើង​អាច​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក ដើម្បី​ជួយ​យើង​ឲ្យ​មាន​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​សប្បុរស​ចំពោះ​សាច់​ញាតិ​របស់​យើង។ យើង​មិន​គួរ​ចាប់​ចំណុច​នីមួយ​ៗ​អំពី​សេចក្ដី​បង្រៀន​មិន​ពិត​ដែល​ពួក​គេ​ជឿ ហើយ​ខំ​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​ពួក​គេ​អំពី​ចំណុច​ទាំង​នោះ​ឡើយ។ បើ​យើង​ឈឺ​ចិត្ដ​ចំពោះ​អ្វី​ដែល​ពួក​គេ​និយាយ​ឬ​ធ្វើ យើង​អាច​យក​តម្រាប់​ពួក​សាវ័ក។ ប៉ូល​បាន​និយាយ​ថា​៖ ​«​កាល​ដែល​ត្រូវ​គេ​ជេរ​ប្រមាថ យើង​ជូន​ពរ​គេ​វិញ។ កាល​ដែល​ត្រូវ​គេ​បៀត​បៀន យើង​ស៊ូ​ទ្រាំ។ កាល​ដែល​យើង​ត្រូវ​គេ​បង្កាច់​បង្ខូច យើង​ប្រើ​សម្ដី​សប្បុរស​»។—កូរិនថូស​ទី១ ៤:១២, ១៣

១៤​. តើ​ការ​ប្រព្រឹត្ដ​ល្អ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី?

១៤ ចូរ​រក្សា​ការ​ប្រព្រឹត្ដ​ល្អ។ ហេតុ​អ្វី​នេះ​គឺ​សំខាន់? ការ​និយាយ​ដោយ​ស្លូតបូត​អាច​ជួយ​យើង​ឲ្យ​រក្សា​សន្ដិ​ភាព​ជា​មួយ​នឹង​សាច់​ញាតិ​របស់​យើង តែ​ការ​ប្រព្រឹត្ដ​ល្អ​របស់​យើង​អាច​មាន​ឥទ្ធិពល​ខ្លាំង​ជាង​នោះ​ទៅ​ទៀត។ (​សូម​អាន ពេត្រុស​ទី១ ៣:១, ២, ១៦) ចូរ​ឲ្យ​សាច់​ញាតិ​របស់​អ្នក​ឃើញ​ពី​គំរូ​របស់​អ្នក​ថា​សាក្សី​ព្រះ​យេហូវ៉ា​មាន​សុភមង្គល​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍ ថែ​រក្សា​កូន​ៗ​យ៉ាង​ល្អ រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ និង​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ។ សូម្បី​តែ​សាច់​ញាតិ​របស់​យើង​មិន​ទទួល​យក​សេចក្ដី​ពិត​ក៏​ដោយ យើង​នៅ​តែ​អាច​មាន​ចិត្ដ​សប្បាយ​ដោយ​ដឹង​ថា​ការ​ប្រព្រឹត្ដ​ល្អ​របស់​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ។

១៥​. តើ​យើង​អាច​គិត​ទុក​ជា​មុន​យ៉ាង​ដូច​ម្ដេច​ដើម្បី​យើង​អាច​ជៀស​វាង​ពី​ការ​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​សាច់​ញាតិ​របស់​យើង?

១៥ ចូរ​គិត​ទុក​ជា​មុន។ សូម​គិត​អំពី​ស្ថានភាព​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​ជា​មួយ​នឹង​សាច់​ញាតិ​របស់​អ្នក។ បន្ទាប់​មក សម្រេច​ចិត្ដ​អំពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ។ (​សុភាសិត ១២:១៦, ២៣​) បង​ស្រី​ម្នាក់​នៅ​ប្រទេស​អូស្ត្រាលី​បាន​ធ្វើ​ដូច្នេះ។ ឪ​ពុក​ក្មេក​របស់​គាត់​បាន​ប្រឆាំង​នឹង​សេចក្ដី​ពិត​ជា​ខ្លាំង ហើយ​ជួន​កាល​បាន​ខឹង​ទៀត​ផង។ ដូច្នេះ មុន​នឹង​ទូរស័ព្ទ​ទៅ​ឪ​ពុក​ក្មេក​របស់​គាត់ គាត់​និង​ប្ដី​គាត់​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ពួក​គាត់​ជៀស​វាង​ពី​ការ​តប​ឆ្លើយ​ដោយ​កំហឹង​ទៅ​កាន់​ឪ​ពុក​ក្មេក។ ពួក​គាត់​បាន​គិត​អំពី​អ្វី​ដែល​ពួក​គាត់​អាច​និយាយ​ដើម្បី​ធ្វើ​ឲ្យ​មាន​បរិយាកាស​សប្បាយ​រីក​រាយ។ ម្យ៉ាង​ទៀត ពួក​គាត់​បាន​កំណត់​រយៈ​ពេល​សម្រាប់​និយាយ​គ្នា​តាម​ទូរស័ព្ទ​ជា​មួយ​នឹង​ឪ​ពុក​ក្មេក​គាត់ ដើម្បី​ជៀស​វាង​ពី​ការ​និយាយ​គ្នា​យូរ​ពេក​ដែល​ច្រើន​តែ​នាំ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​អំពី​សាសនា។

ភក្ដី​ភាព​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ក្រុម​គ្រួសារ

១៦​. ពេល​អ្នក​បន្ទោស​ខ្លួន​ចំពោះ​ការ​ធ្វើ​ឲ្យ​សាច់​ញាតិ​មិន​ពេញ​ចិត្ដ តើ​អ្នក​អាច​យក​ឈ្នះ​អារម្មណ៍​នេះ​យ៉ាង​ដូច​ម្ដេច?

១៦ អ្នក​មិន​អាច​ជៀស​វាង​ទាំង​ស្រុង​ពី​ការ​ខ្វែង​គំនិត​ជា​មួយ​នឹង​សាច់​ញាតិ​ដែល​មិន​ជឿ​ទេ។ ដូច្នេះ ពេល​មាន​ការ​ខ្វែង​គំនិត​គ្នា អ្នក​ប្រហែល​ជា​បន្ទោស​ខ្លួន​ដោយ​សារ​អ្នក​ស្រឡាញ់​សាច់​ញាតិ​របស់​អ្នក ហើយ​ចង់​ធ្វើ​ឲ្យ​ពួក​គេ​ពេញ​ចិត្ដ។ ប៉ុន្ដែ សូម​ចាំ​ថា​ភក្ដី​ភាព​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ខ្លាំង​ជាង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ក្រុម​គ្រួសារ។ ពេល​សាច់​ញាតិ​របស់​អ្នក​យល់​អំពី​រឿង​នេះ ពួក​គេ​ប្រហែល​ជា​ដឹង​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​គឺ​សំខាន់​យ៉ាង​ណា។ អ្នក​មិន​អាច​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​ទទួល​យក​សេចក្ដី​ពិត​បាន​ឡើយ។ ក៏​ប៉ុន្ដែ អ្នក​អាច​ធ្វើ​ឲ្យ​ពួក​គេ​ឃើញ​ថា​ការ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ផ្ដល់​ឱកាស​ដល់​ពួក​គេ​ដូច​លោក​ផ្ដល់​ឱកាស​ឲ្យ​យើង ដើម្បី​សម្រេច​ចិត្ដ​ថា​ពួក​គេ​ចង់​បម្រើ​លោក​ឬ​យ៉ាង​ណា។—អេសាយ ៤៨:១៧, ១៨

បើ​សមាជិក​ក្រុម​គ្រួសារ ឈប់​បម្រើ​ព្រះ​យេហូវ៉ា

១៧, ១៨​. បើ​សមាជិក​ណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​ឈប់​បម្រើ​ព្រះ​យេហូវ៉ា តើ​អ្វី​អាច​ជួយ​អ្នក?

១៧ គឺ​ពិបាក​ណាស់ ពេល​សមាជិក​ណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព​ឬ​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុម​ជំនុំ។ យើង​ប្រហែល​ជា​ឈឺ​ចិត្ដ​ជា​ខ្លាំង​ប្រៀប​ដូច​ជា​គេ​យក​ដាវ​មក​ចាក់។ តើ​អ្នក​អាច​ស៊ូ​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​នេះ​យ៉ាង​ដូច​ម្ដេច?

១៨ ចូរ​បន្ដ​ផ្ដោត​អារម្មណ៍​លើ​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ពេល​ដែល​អ្នក​មាន​អារម្មណ៍​ឈឺ​ចាប់​បែប​នេះ អ្នក​ត្រូវ​ពង្រឹង​ជំនឿ​របស់​អ្នក។ សូម​អាន​គម្ពីរ​ជា​ទៀង​ទាត់ រៀប​ចំ​និង​ទៅ​កិច្ច​ប្រជុំ បន្ដ​ផ្សព្វ​ផ្សាយ ហើយ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​អ្នក​ដើម្បី​ស៊ូ​ទ្រាំ។ (​យូដាស ២០, ២១​) ចុះ​បើ​អ្នក​ធ្វើ​អ្វី​ៗ​ទាំង​អស់​នេះ​រួច​ហើយ ប៉ុន្ដែ​អ្នក​នៅ​តែ​ឈឺ​ចាប់ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា? កុំ​ឈប់​ព្យាយាម​ឡើយ! ចូរ​បន្ដ​ផ្ដោត​អារម្មណ៍​លើ​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ យូរ​ៗ​ទៅ នេះ​នឹង​ជួយ​អ្នក​ឲ្យ​គ្រប់​គ្រង​គំនិត​និង​អារម្មណ៍​របស់​អ្នក។ នេះ​បាន​កើត​ឡើង​ចំពោះ​អ្នក​សរសេរ​ទំនុក​តម្កើង ៧៣។ ក្នុង​ជីវិត​របស់​គាត់ មាន​ពេល​មួយ​ដែល​គាត់​ពិបាក​គ្រប់​គ្រង​គំនិត​និង​អារម្មណ៍​របស់​គាត់។ ប៉ុន្ដែ ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ឡើង​វិញ។ (​ទំនុក​តម្កើង ៧៣:១៦, ១៧​) នេះ​ក៏​អាច​ជួយ​អ្នក​ដែរ។

១៩​. តើ​តាម​របៀប​ណា​អ្នក​អាច​បង្ហាញ​ការ​គោរព​ចំពោះ​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា?

១៩ ចូរ​គោរព​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា។ ព្រះ​ដឹង​ថា​ការ​ប្រៀន​ប្រដៅ​របស់​លោក​នឹង​ផ្ដល់​ប្រយោជន៍​ដល់​បុគ្គល​គ្រប់​រូប រួម​ទាំង​អ្នក​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព​ផង​ដែរ។ ទោះ​ជា​យើង​ឈឺ​ចាប់​ជា​ខ្លាំង​នៅ​ពេល​ដែល​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ទទួល​ការ​ប្រៀន​ប្រដៅ​ក្ដី នេះ​អាច​ជួយ​គាត់​ឲ្យ​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ​នៅ​ថ្ងៃ​ណា​មួយ។ (​សូម​អាន ហេប្រឺ ១២:១១) ទម្រាំ​ដល់​ពេល​នោះ យើង​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​ដែល​ឲ្យ​យើង​«​ឈប់​ចូល​លាយ​ឡំ​»​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព។ (​កូរិនថូស​ទី១ ៥:១១​-​១៣​) នេះ​គឺ​មិន​ស្រួល​ទេ។ ប៉ុន្ដែ យើង​ត្រូវ​ជៀស​វាង​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ពួក​គេ​តាម​ទូរស័ព្ទ ការ​ផ្ញើ​សារ សំបុត្រ អ៊ីមែល ឬ​តាម​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា។

យើង​បន្ដ​សង្ឃឹម​ជា​និច្ច​ថា​បុគ្គល​ដែល​យើង​ស្រឡាញ់​នឹង​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ

២០​. តើ​យើង​គួរ​បន្ដ​មាន​សេចក្ដី​សង្ឃឹម​អ្វី?

២០ ចូរ​កុំ​អស់​សង្ឃឹម! សេចក្ដី​ស្រឡាញ់​«​សង្ឃឹម​លើ​អ្វី​ៗ​ទាំង​អស់​»​ ដូច្នេះ​យើង​បន្ដ​សង្ឃឹម​ជា​និច្ច​ថា​បុគ្គល​ដែល​យើង​ស្រឡាញ់​នឹង​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ។ (​កូរិនថូស​ទី១ ១៣:៧​) បើ​អ្នក​ឃើញ​ថា​សមាជិក​គ្រួសារ​មាន​ចិត្ដ​គំនិត​ល្អ​ប្រសើរ​ជាង​មុន អ្នក​អាច​អធិដ្ឋាន​ឲ្យ​គាត់​ទទួល​កម្លាំង​ចិត្ដ​ដែល​មក​ពី​គម្ពីរ ហើយ​ទទួល​យក​ការ​អញ្ជើញ​ពី​ព្រះ​យេហូវ៉ា​ដែល​ថា​៖ ​«​ចូរ​វិល​មក​ឯ​អញ​វិញ​»។—អេសាយ ៤៤:២២

២១​. បើ​ក្រុម​គ្រួសារ​របស់​អ្នក​ប្រឆាំង​នឹង​អ្នក​ដោយ​សារ​អ្នក​កាន់​តាម​លោក​យេស៊ូ តើ​អ្នក​គួរ​ធ្វើ​អ្វី?

២១ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​យើង​ត្រូវ​ស្រឡាញ់​លោក​ច្រើន​ជាង​មនុស្ស​ណា​ទាំង​អស់។ ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​ជឿ​ជាក់​ថា​អ្នក​កាន់​តាម​លោក​នឹង​មាន​ចិត្ដ​ក្លាហាន​ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​លោក សូម្បី​តែ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ប្រឆាំង​ក៏​ដោយ។ ដូច្នេះ បើ​ក្រុម​គ្រួសារ​របស់​អ្នក​ប្រឆាំង​អ្នក​ដោយ​សារ​អ្នក​កាន់​តាម​លោក​យេស៊ូ សូម​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ ចូរ​សុំ​លោក​ជួយ​អ្នក​ដើម្បី​ស៊ូ​ទ្រាំ។ (​អេសាយ ៤១:១០, ១៣​) សូម​រីក​រាយ​ដោយ​ដឹង​ថា​អ្នក​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ពេញ​ចិត្ដ ហើយ​ថា​លោក​ទាំង​ពីរ​នឹង​ឲ្យ​ពរ​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​អ្នក។

^ វគ្គ 10 ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​ការ​អប់រំ​កូន​ពេល​ដែល​មាន​តែ​ឪ​ពុក​ឬ​ម្ដាយ​ដែល​បម្រើ​ព្រះ​យេហូវ៉ា សូម​មើល​សៀវភៅ​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ ជំពូក​១១ វគ្គ​១២​-​១៥