តើលោកអ្នកដឹងឬទេ?
តើអ្វីជាដើមកំណើតសាលាប្រជុំ?
ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«សាលាប្រជុំ» មានអត្ថន័យថា«ជួបជុំគ្នា»។ នេះគឺសមត្រឹមត្រូវដោយសារតាំងពីសម័យបុរាណ សាលាប្រជុំគឺជាកន្លែងប្រជុំគ្នារបស់ជនជាតិយូដាដើម្បីទទួលការណែនាំនិងគោរពប្រណិប័តន៍ព្រះ។ បទគម្ពីរភាសាហេប្រឺមិនបានសរសេរអំពីសាលាប្រជុំទេ ប៉ុន្តែយើងអាចឃើញច្បាស់ពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចថាជនជាតិយូដាមានកន្លែងជួបជុំគ្នាបែបនោះរួចហើយនៅសតវត្សរ៍ទី១ គ.ស.។
បណ្ឌិតភាគច្រើនគិតថាចាប់ផ្ដើមមានសាលាប្រជុំក្នុងអំឡុងគ្រាដែលជនជាតិយូដាបានធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។ សព្វវចនាធិប្បាយមួយពន្យល់ថា៖ «ដោយសារនិរទេសជននោះនៅក្រៅប្រទេស គ្មានវិហារ និងមានអារម្មណ៍ថាត្រូវការការសម្រាលទុក្ខ នោះពួកគេបានជួបជុំគ្នាម្ដងម្កាលដើម្បីអានបទគម្ពីរ។ នេះទំនងជាបានត្រូវធ្វើឡើងនៅថ្ងៃឈប់សម្រាក»។ (Encyclopaedia Judaica) តាមមើលទៅ ពេលជនជាតិយូដាបានត្រូវដោះលែង ពួកគេបានបន្តជួបជុំគ្នាដើម្បីអធិដ្ឋាននិងអានបទគម្ពីរ ហើយបានបង្កើតសាលាប្រជុំនៅគ្រប់កន្លែងដែលពួកគេរស់នៅ។
នៅសតវត្សរ៍ទី១ គ.ស. សាលាប្រជុំជាកន្លែងដ៏សំខាន់សម្រាប់ការគោរពប្រណិប័តន៍និងសម្រាប់សកម្មភាពផ្សេងៗនៃសហគមន៍របស់ជនជាតិយូដាដែលនៅជុំវិញសមុទ្រមេឌីទែរ៉ានេ នៅមជ្ឈិមបូព៌ាប្រទេស និងនៅស្រុកអ៊ីស្រាអែល។ សាស្ដ្រាចារ្យម្នាក់ឈ្មោះលី លិវីនដែលមកពីសកលវិទ្យាល័យហេប្រឺនៅក្រុងហ៊្សេរុយសាឡិម និយាយថា៖ «[សាលាប្រជុំ]គឺជាកន្លែងសិក្សា បរិភោគអាហារពិសិដ្ឋ កាត់ក្ដី ដាក់ប្រាក់សម្រាប់សហគមន៍ និងប្រជុំគ្នាសម្រាប់រឿងនយោបាយឬសហគមន៍»។ គាត់បន្ថែមថា៖ «អ្វីដែលសំខាន់បំផុតគឺកម្មវិធីគោរពប្រណិប័តន៍»។ យ៉ាងនេះ យើងមិនភ្ញាក់ផ្អើលទេដែលលោកយេស៊ូបានទៅសាលាប្រជុំជារឿយៗ។ (ម៉ាក. ១:២១; ៦:២; លូក. ៤:១៦) លោកបានបង្រៀន ដាស់តឿន និងលើកទឹកចិត្តបណ្ដាជនដែលនៅទីនោះ។ ក្រោយពីក្រុមជំនុំគ្រិស្តសាសនិកបានត្រូវបង្កើតឡើង សាវ័កប៉ូលក៏បានផ្សព្វផ្សាយច្រើនក្នុងសាលាប្រជុំដែរ។ មនុស្សដែលចង់ចូលទៅជិតព្រះបានទៅសាលាប្រជុំ ដូច្នេះតាមធម្មតាពេលប៉ូលចូលក្នុងក្រុងណាមួយ គាត់បានទៅសាលាប្រជុំជាមុនសិនដើម្បីផ្សព្វផ្សាយ។—សកម្ម. ១៧:១, ២; ១៨:៤