ឪពុកម្ដាយទាំងឡាយ ចូរជួយកូនរបស់អ្នកឲ្យមានជំនឿ
«ទាំងមនុស្សកំឡោះ នឹងស្រីក្រមុំ . . . ត្រូវឲ្យទាំងអស់សរសើរដល់ព្រះនាមព្រះយេហូវ៉ាចុះ»។—ទំនុកតម្កើង ១៤៨:១២, ១៣
ចម្រៀងលេខ: ៤១, ៤៨
១, ២. (ក) ហេតុអ្វីឪពុកម្ដាយមិនស្រួលបង្រៀនកូនឲ្យមានជំនឿលើព្រះយេហូវ៉ា ហើយតើអ្វីជាវិធីតែមួយគត់ដែលឪពុកម្ដាយអាចធ្វើដូច្នេះ? (ខ) ឥឡូវនេះ តើយើងនឹងពិចារណាចំណុចបួនយ៉ាងអ្វី?
ឪពុកម្ដាយនៅប្រទេសបារាំងបាននិយាយថា៖ «យើងជឿលើព្រះយេហូវ៉ា ប៉ុន្ដែនេះមិនតែងតែមានន័យថាកូនរបស់យើងនឹងជឿលើលោកឡើយ។ ជំនឿមិនមែនជាអ្វីដែលឪពុកម្ដាយផ្ទេរទៅកូនទេ។ កូនរបស់យើងបណ្ដុះឲ្យមានជំនឿបន្ដិចម្ដងៗ»។ បងប្រុសនៅប្រទេសអូស្ត្រាលីបានសរសេរថា៖ «ការជួយកូនបណ្ដុះឲ្យមានជំនឿក្នុងចិត្ដរបស់គាត់ គឺទំនងជាការពិបាកដ៏ធំបំផុតដែលឪពុកម្ដាយនឹងប្រឈមមុខ»។ បងប្រុសនោះបន្ថែមថា៖ «អ្នកប្រហែលជាគិតថាអ្នកបានឆ្លើយសំណួររបស់កូនរហូតដល់គាត់ពេញចិត្ដហើយ។ ប៉ុន្ដែក្រោយមកអ្នកឃើញថាគាត់លើកឡើងសំណួរដដែលនោះម្ដងទៀត! ចម្លើយដែលធ្វើឲ្យកូនយល់ ហើយលែងឆ្ងល់ថ្ងៃនេះ ប្រហែលជាមិនគ្រប់គ្រាន់សម្រាប់គាត់នៅថ្ងៃស្អែកទេ»។ កាលដែលកូនធំឡើង ឪពុកម្ដាយជាច្រើនឃើញថាពួកគាត់ត្រូវពន្យល់ប្រធានបទដដែលឡើងវិញឲ្យល្អិតល្អន់ជាង។ ម្យ៉ាងទៀត ពួកគាត់ឃើញថាពួកគាត់ត្រូវប្រើវិធីផ្សេងៗដើម្បីបង្រៀនកូនឲ្យស្រឡាញ់ព្រះយេហូវ៉ា។
២ បើអ្នកជាឪពុកឬម្ដាយ ពេលខ្លះតើអ្នកឆ្ងល់ឬទេថាអ្នកពិតជាអាចបង្រៀនកូនយេរេមា ១០:២៣) នេះជាមូលហេតុដែលយើងត្រូវពឹងផ្អែកលើព្រះយេហូវ៉ាដើម្បីជួយយើង។ លោកបានផ្ដល់ការណែនាំជាច្រើនឲ្យឪពុកម្ដាយ។ តើអ្នកអាចជួយកូនរបស់អ្នកយ៉ាងដូចម្ដេច? គឺដោយ៖ (១) ស្គាល់ពួកគេឲ្យបានច្បាស់។ (២) បង្រៀនពួកគេនូវអ្វីៗអំពីព្រះយេហូវ៉ាដែលនៅក្នុងចិត្ដរបស់អ្នក។ (៣) ប្រើឧទាហរណ៍។ (៤) អធិដ្ឋានសុំសកម្មពលបរិសុទ្ធ ហើយមានចិត្ដអត់ធ្មត់នឹងកូនរបស់អ្នក។
របស់អ្នកឲ្យស្រឡាញ់ព្រះយេហូវ៉ានិងបន្ដបម្រើលោក សូម្បីតែនៅពេលដែលពួកគេធំហើយក្ដី? គ្មានអ្នកណាម្នាក់អាចធ្វើដូច្នេះដោយផ្អែកលើសមត្ថភាពខ្លួនបានទេ។ (ចូរស្គាល់កូនរបស់អ្នកឲ្យបានច្បាស់
៣. តើឪពុកម្ដាយអាចធ្វើតាមរបៀបដែលលោកយេស៊ូបានបង្រៀនអ្នកកាន់តាមលោកយ៉ាងដូចម្ដេច?
៣ លោកយេស៊ូច្រើនតែសួរអ្នកកាន់តាមលោកអំពីអ្វីដែលពួកគេជឿ។ (ម៉ាថាយ ១៦:១៣-១៥) អ្នកអាចធ្វើតាមគំរូរបស់លោក។ ពេលអ្នកនិយាយជាមួយនឹងកូនរបស់អ្នក ឬធ្វើអ្វីមួយជាមួយគ្នា ចូរសួរពួកគេអំពីទស្សនៈរបស់ពួកគេ ហើយឲ្យពួកគេប្រាប់អ្នកថាពួកគេពិតជាមានអារម្មណ៍យ៉ាងណា។ តើពួកគេប្រហែលជាមានការសង្ស័យខ្លះឬទេ? នៅប្រទេសអូស្ត្រាលី ប្អូនប្រុសម្នាក់ដែលមានអាយុ១៥ឆ្នាំបាននិយាយថា៖ «ឪពុកខ្ញុំច្រើនតែនិយាយជាមួយខ្ញុំអំពីជំនឿរបស់ខ្ញុំ ហើយជួយខ្ញុំឲ្យវែកញែក។ គាត់សួរថា៖ ‹តើគម្ពីរចែងយ៉ាងណា?› ‹តើកូនជឿអ្វីដែលគម្ពីរចែងឬទេ?› ‹ហេតុអ្វីកូនជឿដូច្នេះ?›។ គាត់ចង់ឲ្យខ្ញុំឆ្លើយចេញពីចិត្ដ ហើយមិនគ្រាន់តែឆ្លើយតាមគាត់ឬម៉ែទេ។ កាលដែលខ្ញុំកាន់តែធំឡើង ខ្ញុំត្រូវឆ្លើយដោយពន្យល់ច្រើនជាង»។
៤. ហេតុអ្វីគឺសំខាន់ដែលអ្នកមានចិត្ដអត់ធ្មត់ ហើយឆ្លើយសំណួររបស់កូន? សូមលើកឧទាហរណ៍មួយ។
៤ សូមមានចិត្ដអត់ធ្មត់ បើកូនរបស់អ្នកមិនជឿភ្លាមៗនូវអ្វីមួយដែលគម្ពីរបង្រៀន។ ចូរជួយពួកគេឲ្យរកចម្លើយចំពោះសំណួររបស់ពួកគេ។ ឪពុកម្នាក់បាននិយាយថា៖ «ចូរយកចិត្ដទុកដាក់ចំពោះសំណួររបស់កូន។ កុំគិតថាសំណួរនោះមិនសូវសំខាន់ ហើយកុំគេចវេះមិនព្រមនិយាយអំពីរឿងណាមួយដោយសារតែរឿងនោះធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួល»។ តាមពិត គឺជាការល្អដែលកូនរបស់អ្នកសួរអ្នកសំណួរផ្សេងៗ ដោយសារនេះមានន័យថាពួកគេចង់ដឹង។ សូម្បីតែលោកយេស៊ូក៏បានសួរសំណួរពេលលោកនៅវ័យក្មេង។ (សូមអាន លូកា ២:៤៦) ប្អូនវ័យក្មេងម្នាក់ដែលនៅប្រទេសដាណឺម៉ាកបាននិយាយថា៖ «ពេលខ្ញុំបាននិយាយថាខ្ញុំឆ្ងល់ថាយើងកាន់សាសនាពិតឬយ៉ាងណា ឪពុកម្ដាយខ្ញុំមិនខឹងទេ ទោះជាពួកគាត់ប្រហែលជាបារម្ភអំពីខ្ញុំក៏ដោយ។ ពួកគាត់បានឆ្លើយសំណួរទាំងអស់របស់ខ្ញុំដោយប្រើគម្ពីរ»។
រាល់ថ្ងៃចូរនិយាយអំពីព្រះយេហូវ៉ាពេលធ្វើអ្វីផ្សេងៗជាមួយនឹងកូន
៥. ទោះជាកូនមើលទៅដូចជាមានជំនឿលើព្រះយេហូវ៉ាក៏ដោយ តើឪពុកម្ដាយគួរធ្វើអ្វីខ្លះ?
៥ ចូរស្គាល់កូនរបស់អ្នកឲ្យបានច្បាស់។ សូមកុំស្មានថាពួកគេមានជំនឿលើព្រះយេហូវ៉ាដោយសារតែពួកគេទៅផ្សព្វផ្សាយនិងទៅកិច្ចប្រជុំឡើយ។ តើពួកគេពិតជាមានអារម្មណ៍យ៉ាងណាចំពោះព្រះយេហូវ៉ា ហើយតើពួកគេគិតយ៉ាងណាអំពីគម្ពីរ? សូមខំព្យាយាមស្វែងយល់ឲ្យដឹងថាមានអ្វីដែលធ្វើឲ្យពួកគេពិបាករក្សាចិត្ដស្មោះត្រង់ចំពោះព្រះយេហូវ៉ាឬយ៉ាងណា។ រាល់ថ្ងៃចូរនិយាយអំពីព្រះយេហូវ៉ាពេលធ្វើអ្វីផ្សេងៗជាមួយនឹងកូន។ ចូរអធិដ្ឋានអំពីកូនរបស់អ្នក ទាំងពេលដែលនៅជាមួយនឹងពួកគេ ទាំងពេលដែលនៅម្នាក់ឯង។
ចូរបង្រៀនកូននូវអ្វីៗអំពីព្រះយេហូវ៉ាដែលនៅក្នុងចិត្ដរបស់អ្នក
៦. ពេលឪពុកម្ដាយបន្ដរៀនអំពីព្រះយេហូវ៉ានិងអំពីគម្ពីរ តើនេះជួយពួកគាត់បង្រៀនកូនយ៉ាងដូចម្ដេច?
៦ មនុស្សចូលចិត្ដស្តាប់លោកយេស៊ូ ព្រោះលោកស្រឡាញ់ព្រះយេហូវ៉ា ហើយស្គាល់បទគម្ពីរច្បាស់។ ពួកគេក៏ដឹងថាលោកយេស៊ូស្រឡាញ់ពួកគេ។ ដូច្នេះ ពួកគេបានស្តាប់លោកដោយយកចិត្ដទុកដាក់។ (លូកា ២៤:៣២; យ៉ូហាន ៧:៤៦) ស្រដៀងគ្នាដែរ ពេលកូនរបស់អ្នកឃើញថាអ្នកស្រឡាញ់ព្រះយេហូវ៉ា នេះជួយពួកគេឲ្យស្រឡាញ់លោកដែរ។ (សូមអាន ចោទិយកថា ៦:៥-៨; លូកា ៦:៤៥) ដូច្នេះ ចូរបន្ដសិក្សាគម្ពីរយ៉ាងយកចិត្ដទុកដាក់ ហើយអានសៀវភៅរបស់យើងជាទៀងទាត់។ សូមស្វែងយល់ឲ្យដឹងច្រើនជាងអំពីអ្វីដែលព្រះយេហូវ៉ាបានបង្កើត។ (ម៉ាថាយ ៦:២៦, ២៨) ពេលអ្នកកាន់តែស្គាល់ព្រះយេហូវ៉ា អ្នកកាន់តែអាចបង្រៀនកូនរបស់អ្នកអំពីលោក។—លូកា ៦:៤០
សូមប្រាប់កូនរបស់អ្នកអំពីអ្វីៗដែលអ្នកកំពុងរៀនអំពីព្រះយេហូវ៉ា
៧, ៨. ពេលអ្នករៀនអ្វីមួយអំពីព្រះយេហូវ៉ា តើអ្នកអាចធ្វើយ៉ាងណា? តើឪពុកម្ដាយខ្លះបានធ្វើដូច្នេះយ៉ាងដូចម្ដេច?
៧ ពេលអ្នករៀនអ្វីមួយអំពីព្រះយេហូវ៉ា សូមប្រាប់កូនរបស់អ្នកអំពីអ្វីនោះ។ អ្នកអាចធ្វើដូច្នេះនៅពេលណាក៏ដោយដែលអ្នកនៅជាមួយនឹងពួកគេ មិនគ្រាន់តែនៅពេលរៀបចំកិច្ចប្រជុំ ឬក្នុងអំឡុងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារទេ។ ឪពុកម្ដាយនៅសហរដ្ឋអាម៉េរិកធ្វើដូច្នេះ។ ពួកគាត់និយាយអំពីព្រះយេហូវ៉ាជាមួយនឹងកូនពេលពួកគេឃើញអ្វីស្អាតក្នុងធម្មជាតិ ឬពេលពួកគេបរិភោគអាហារដ៏ឈ្ងុយឆ្ងាញ់។ ពួកគាត់បាននិយាយថា៖ «យើងរំលឹកកូនរបស់យើងអំពីរបៀបដែលសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ានិងការគិតគូរទុកជាមុនរបស់លោកអាចសឲ្យឃើញតាមរយៈអ្វីៗទាំងអស់ដែលលោកបានផ្ដល់ឲ្យយើង»។ ប្ដីប្រពន្ធមួយគូនៅប្រទេសអាហ្វ្រិកខាងត្បូង ចូលចិត្ដនិយាយអំពីអ្វីៗដែលព្រះបានបង្កើតពេលពួកគាត់ថែសួនជាមួយនឹងកូនស្រីពីរនាក់។ ជាឧទាហរណ៍ ពួកគាត់ប្រហែលជានិយាយអំពីភាពអស្ចារ្យនៃរបៀបដែលគ្រាប់ពូជចេញពន្លក។ ឪពុកម្ដាយនោះនិយាយថា៖ «យើងព្យាយាមជួយកូនបណ្ដុះឲ្យមានទស្សនៈថាជីវិតនិងភាពសាំញ៉ាំដ៏អស្ចារ្យនៃជីវិតគឺជាអ្វីដែលមានតម្លៃខ្ពស់»។
៨ នៅប្រទេសអូស្ត្រាលី ឪពុកម្នាក់បានយកកូនប្រុសគាត់ដែលមានអាយុប្រហែលជា១០ឆ្នាំទៅសារមន្ទីរ។ គាត់បានសម្រេចចិត្ដប្រើពេលនោះដើម្បីជួយកូនឲ្យពង្រឹងជំនឿ ហើយឃើញទីសំអាងដែលបញ្ជាក់ថាព្រះយេហូវ៉ាគឺជាអ្នកបង្កើត។ គាត់បាននិយាយថា៖ «នៅទីនោះ យើងបានឃើញការតាំងបង្ហាញសត្វសមុទ្របុរាណ . . .។ យើងកោតស្ងើចចំពោះសត្វផុតពូជទាំងនោះដែលសាបសូន្យអស់ទៅហើយ ដែលស្អាត សាំញ៉ាំ និងមិនខ្វះអវយវៈណាឡើយ អ្វីៗទាំងនេះគឺដូចគ្នានឹងសត្វដែលយើងឃើញនៅសព្វថ្ងៃនេះ។ ដូច្នេះ បើជីវិតបានវិវត្ដន៍ពីអ្វីដ៏សាមញ្ញទៅអ្វីដែលសាំញ៉ាំជាង ហេតុអ្វីសត្វបុរាណទាំងនោះគឺមានភាពសាំញ៉ាំខ្លាំងណាស់រួចហើយ? នេះជាចំណុចដែលបានធ្វើឲ្យខ្ញុំកោតស្ងើចខ្លាំងមែន ហើយខ្ញុំបានប្រាប់កូនអំពីចំណុចនោះដែរ»។
ចូរប្រើឧទាហរណ៍
៩. ហេតុអ្វីការប្រើឧទាហរណ៍គឺជាការល្អ? តើម្ដាយម្នាក់បានប្រើឧទាហរណ៍អ្វី?
៩ លោកយេស៊ូច្រើនតែប្រើឧទាហរណ៍។ លោកបានបង្រៀនមេរៀនសំខាន់ដោយប្រាប់អំពីរឿងណាមួយ ឬដោយលើកឧទាហរណ៍។ (ម៉ាថាយ ១៣:៣៤, ៣៥) ពេលអ្នកប្រើឧទាហរណ៍ អ្នកជួយកូនរបស់អ្នកឲ្យស្រមៃ ឃើញអ្វីដែលអ្នកកំពុងបង្រៀនពួកគេ។ នេះនឹងជួយពួកគេឲ្យគិតអំពីមេរៀនដែលអ្នកកំពុងបង្រៀនពួកគេ យល់មេរៀននោះច្បាស់ និងចងចាំមេរៀននោះ។ ពួកគេក៏នឹងចូលចិត្ដរៀនដែរ។ ជាឧទាហរណ៍ ម្ដាយម្នាក់នៅប្រទេសជប៉ុនចង់ឲ្យកូនប្រុសពីរនាក់របស់គាត់រៀនអំពីរបៀបដែលព្រះយេហូវ៉ាបានបង្កើតបរិយាកាសផែនដីបង្ហាញថាលោកយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះយើង។ កូនប្រុសម្នាក់មានអាយុ៨ឆ្នាំ ហើយម្នាក់ទៀតមានអាយុ១០ឆ្នាំ។ ដូច្នេះម្ដាយនោះបានប្រើឧទាហរណ៍មួយដែលពួកគេអាចយល់បានសម្រាប់វ័យពួកគេ។ គាត់ឲ្យពួកគេទឹកដោះគោ ស្ករ និងកាហ្វេ។ ក្រោយមកគាត់បានសុំកូនម្នាក់ៗឲ្យឆុងកាហ្វេឲ្យគាត់។ គាត់ពន្យល់ថា៖ «ពួកគេបានយកចិត្ដទុកដាក់យ៉ាងខ្លាំង។ ពេលខ្ញុំសួរពួកគេអំពីមូលហេតុដែលពួកគេបានយកចិត្ដទុកដាក់យ៉ាងខ្លាំងដូច្នេះ នោះពួកគេបាននិយាយថាពួកគេចង់ឆុងកាហ្វេតាមរសជាតិដែលខ្ញុំចូលចិត្ដ។ ខ្ញុំពន្យល់ថាព្រះបានលាយឧស្ម័នក្នុងបរិយាកាសដោយយកចិត្ដទុកដាក់ដូច្នេះដែរ ស្របតាមអ្វីដែលយើងត្រូវការដើម្បីរស់នៅ»។ កូនប្រុសរបស់គាត់ចូលចិត្ដរៀនមេរៀននោះ ហើយពួកគេមិនបានភ្លេចមេរៀននោះទេ!
១០, ១១. (ក) តើអ្នកអាចប្រើឧទាហរណ៍អ្វីដើម្បីបង្ហាញកូនរបស់អ្នកថាត្រូវតែមានអ្នកបង្កើត? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) តើអ្នកបានប្រើឧទាហរណ៍អ្វីខ្លះ?
១០ ដើម្បីបង្ហាញកូនរបស់អ្នកថាត្រូវតែមានអ្នកបង្កើត តើអ្នកអាចប្រើឧទាហរណ៍អ្វី? អ្នកអាចធ្វើបង្អែមជាមួយកូនតាមរូបមន្ដ។ អ្នកអាចពន្យល់អំពីមូលហេតុដែលការធ្វើតាមរូបមន្ដយ៉ាងដិតដល់គឺសំខាន់។ ក្រោយមកសូមឲ្យកូនរបស់អ្នកផ្លែប៉ោមឬផ្លែផ្សេងទៀត ហើយសួរថា៖ «តើកូនដឹងថាផ្លែប៉ោមនេះមានរូបមន្ដទេ?»។ បន្ទាប់មក កាត់ផ្លែប៉ោមនោះជាពីរ ឲ្យគ្រាប់មួយដល់គាត់ ហើយពន្យល់ថាគ្រាប់នេះគឺប្រៀបដូចជារូបមន្ដ។ គ្រាប់នេះមានការណែនាំអំពីរបៀបធ្វើផ្លែប៉ោម។ ប៉ុន្ដែ ការណែនាំទាំងនោះគឺសាំញ៉ាំជាងការណែនាំសម្រាប់ធ្វើបង្អែមឆ្ងាយណាស់។ អ្នកអាចសួរគាត់ថា៖ «មានអ្នកដែលបានសរសេររូបមន្ដធ្វើបង្អែម ដូច្នេះតើអ្នកណាបានសរសេររូបមន្ដសម្រាប់ផ្លែប៉ោម?»។ បើកូនរបស់អ្នកធំជាង អ្នកអាចពន្យល់ថាសូម្បីតែការណែនាំដើម្បីធ្វើដើមផ្លែប៉ោមដែលអាចបង្កើតផ្លែប៉ោមថែមទៀត គឺនៅក្នុងឌីអិនអេ (DNA) ដែលស្ថិតក្នុងគ្រាប់របស់វា។ អ្នកក៏អាចបង្ហាញពួកគេនូវវីដេអូដែលមានចំណងជើងថាអ្វីៗដ៏អស្ចារ្យដែលព្រះបានបង្កើតបង្ហាញអំពីសិរីរុងរឿងរបស់លោក នៅក្នុងផ្នែក«កម្មវិធីបន្ថែម» សូមមើល«បែបផែននៃជីវិត»។
១១ ឪពុកម្ដាយជាច្រើនអានអត្ថបទវិទ្យាសាស្ដ្ររបស់យើងអំពីការបង្កើតជាមួយនឹងកូនរបស់ពួកគាត់ ដូចជាសៀវភៅស្ដើងដែលមានចំណងជើងថា តើជីវិតទាំងឡាយមានអ្នកបង្កើតឬទេ? បើកូនរបស់ពួកគាត់នៅតូច ឪពុកម្ដាយអាចពន្យល់ព័ត៌មាននោះតាមរបៀបដែលស្រួលយល់។ ជាឧទាហរណ៍ ប្ដីប្រពន្ធមួយគូនៅប្រទេសដាណឺម៉ាកបានប្រៀបធៀបយន្ដហោះទៅនឹងសត្វស្លាប។ ពួកគាត់បានសុភាសិត ២:១០-១២
និយាយថា៖ «យន្ដហោះមើលទៅដូចជាសត្វស្លាប។ ប៉ុន្ដែ តើយន្ដហោះអាចមានពង ហើយញាស់ចេញជាយន្ដហោះតូចបានទេ? តើសត្វស្លាបត្រូវការផ្លូវសម្រាប់ចុះចតទេ? ម្យ៉ាងទៀត តើកូននឹងប្រៀបធៀបយ៉ាងម៉េចរវាងសំឡេងយន្ដហោះនិងសំឡេងសត្វស្លាបយំ? ដូច្នេះ តើអ្នកណាឆ្លាតជាង អ្នកដែលធ្វើយន្ដហោះឬអ្នកបង្កើតសត្វស្លាប?»។ ពេលអ្នកសួរសំណួរនិងវែកញែកជាមួយនឹងកូនរបស់អ្នក អ្នកជួយពួកគេឲ្យមាន«គំនិតវាងវៃ»ឬប្រើសមត្ថភាពរិះគិត ហើយពង្រឹងជំនឿរបស់ពួកគេលើព្រះយេហូវ៉ា។—១២. តើតាមរបៀបណាអ្នកអាចប្រើឧទាហរណ៍ដើម្បីបង្រៀនកូនរបស់អ្នកថាអ្វីក៏ដោយដែលគម្ពីរចែងគឺត្រឹមត្រូវ?
១២ អ្នកអាចប្រើឧទាហរណ៍ដើម្បីបង្រៀនកូនថាអ្វីក៏ដោយដែលគម្ពីរចែងគឺត្រឹមត្រូវ។ ជាឧទាហរណ៍ អ្នកអាចអានយ៉ូប ២៦:៧។ (សូមអាន) សូមកុំគ្រាន់តែប្រាប់កូនថាព័ត៌មានក្នុងខនេះត្រូវតែមកពីព្រះយេហូវ៉ា។ ប៉ុន្ដែ សូមជួយពួកគេឲ្យស្រមៃឃើញអំពីអ្វីនោះ។ អ្នកអាចប្រាប់កូនរបស់អ្នកថានៅសម័យយ៉ូប មនុស្សប្រហែលជាមិនជឿថាផែនដីនៅល្ហល្ហេវក្នុងលម្ហអាកាសទេ។ មនុស្សនៅពេលនោះដឹងថាវត្ថុណាក៏ដោយ ដូចជាបាល់ឬថ្មត្រូវមានអ្វីមួយទ្រវា។ នៅសម័យនោះ គ្មានអ្នកណាដែលផ្ដល់ទីសំអាងថាផែនដីនៅល្ហល្ហេវក្នុងលម្ហអាកាសទេ ដោយសារមិនមានកែវយឺត ឬយានអវកាសឡើយ។ យើងចង់ឲ្យកូនរៀនថា ទោះជាគម្ពីរបានត្រូវសរសេរជាយូរហើយក៏ដោយ គម្ពីរតែងតែត្រឹមត្រូវ ព្រោះមកពីព្រះយេហូវ៉ា។—នេហេមា ៩:៦
ចូរបង្រៀនពួកគេអំពីមូលហេតុដែលការឲ្យគម្ពីរណែនាំជីវិតគឺជាការល្អ
១៣, ១៤. តើតាមរបៀបណាឪពុកម្ដាយអាចបង្រៀនកូនឲ្យធ្វើតាមអ្វីដែលគម្ពីរចែង?
១៣ ការបង្រៀនកូនរបស់អ្នកថាពួកគេនឹងសប្បាយបំផុតពេលពួកគេធ្វើតាមអ្វីដែលគម្ពីរចែង ក៏ជាការសំខាន់ដែរ។ (សូមអាន ទំនុកតម្កើង ១:១-៣) ជាឧទាហរណ៍ អ្នកអាចសុំកូនឲ្យស្រមៃគិតថាពួកគេនឹងទៅរស់នៅលើកោះមួយ។ ពួកគេត្រូវជ្រើសរើសមនុស្សខ្លះឲ្យទៅរស់នៅទីនោះជាមួយនឹងពួកគេ។ បន្ទាប់មកអ្នកអាចសួរថា៖ «បើកូនចង់ឲ្យទាំងអស់គ្នាមានទំនាក់ទំនងល្អជាមួយគ្នា តើកូននឹងយកមនុស្សបែបណាឲ្យទៅជាមួយ?»។ នៅទីបំផុត អ្នកអាចអានកាឡាទី ៥:១៩-២៣ ដើម្បីឃើញថាព្រះយេហូវ៉ាចង់ឲ្យមនុស្សបែបណារស់នៅក្នុងពិភពលោកថ្មី។
១៤ យ៉ាងនេះ អ្នកនឹងបង្រៀនកូនមេរៀនដ៏សំខាន់ពីរ។ ទី១ ព្រះយេហូវ៉ាកំពុងបង្រៀនយើងអំពីរបៀបមានជីវិតដ៏សប្បាយនៅឥឡូវនេះ និងរបៀបមានសន្ដិភាពជាមួយនឹងអ្នកឯទៀត។ ទី២ លោកកំពុងបង្រៀនយើងឲ្យត្រៀមខ្លួនសម្រាប់ជីវិតនៅពិភពលោកថ្មី។ (អេសាយ ៥៤:១៣; យ៉ូហាន ១៧:៣) អ្នកក៏អាចបង្ហាញកូនអំពីរបៀបដែលគម្ពីរបានជួយបងប្អូនរួមជំនឿរបស់យើង។ ជាឧទាហរណ៍ អ្នកអាចមើលជីវប្រវត្ដិក្នុងសៀវភៅមួយរបស់យើង ប្រហែលជាពីអត្ថបទតភាគដែលមានចំណងជើងថា«គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត»នៅក្នុងទស្សនាវដ្ដីប៉មយាម ឬអ្នកអាចសុំបងប្អូនណាម្នាក់ពីក្រុមជំនុំរបស់អ្នកឲ្យប្រាប់អ្នកនិងកូនៗអំពីរបៀបដែលគម្ពីរបានជួយគាត់ធ្វើការកែប្រែដ៏ធំដើម្បីឲ្យព្រះយេហូវ៉ាពេញចិត្ដ។—ហេប្រឺ ៤:១២
១៥. តើអ្វីនឹងជួយអ្នកឲ្យបង្រៀនកូនរបស់អ្នក?
១៥ សូមព្យាយាមគិតអំពីវិធីថ្មីៗដើម្បីធ្វើឲ្យមេរៀនដែលអ្នកបង្រៀនកូនកាន់តែគួរឲ្យចាប់អារម្មណ៍និងរំភើបចិត្ដ។ សូមគិតអំពីរបៀបផ្សេងៗដែលអ្នកអាចជួយពួកគេឲ្យចូលចិត្ដរៀនអំពីព្រះយេហូវ៉ា ហើយចូលកាន់តែជិតលោក។ ម្យ៉ាងទៀតសូមបន្ដធ្វើដូច្នេះកាលដែលពួកគេកាន់តែធំឡើង។ ឪពុកម្នាក់និយាយថា៖ «កុំឈប់ព្យាយាមសាកល្បងវិធីថ្មីដើម្បីបង្រៀនប្រធានបទចាស់ៗ»។
ចូរអធិដ្ឋានសុំសកម្មពលរបស់ព្រះយេហូវ៉ា ហើយមានចិត្ដអត់ធ្មត់នឹងកូន
១៦. ហេតុអ្វីគឺសំខាន់ឲ្យមានចិត្ដអត់ធ្មត់ពេលបង្រៀនកូន? តើឪពុកម្ដាយខ្លះបានបង្ហាញចិត្ដអត់ធ្មត់យ៉ាងដូចម្ដេច?
១៦ ដោយមានជំនួយពីសកម្មពលរបស់ព្រះយេហូវ៉ា កូនរបស់អ្នកអាចមានជំនឿមាំមួន។ (កាឡាទី ៥:២២, ២៣) ប៉ុន្ដែ ត្រូវការពេលដើម្បីឲ្យពួកគេមានជំនឿមាំមួន។ ដូច្នេះ សូមមានចិត្ដអត់ធ្មត់នឹងកូនរបស់អ្នក ហើយបន្ដបង្រៀនពួកគេ។ ឪពុកម្នាក់នៅប្រទេសជប៉ុនដែលមានកូនប្រុសម្នាក់និងកូនស្រីម្នាក់បាននិយាយថា៖ «ខ្ញុំនិងប្រពន្ធខ្ញុំគ្រាន់តែបានយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះកូនរបស់យើង។ តាំងពីពួកគេនៅតូច ខ្ញុំបានសិក្សាជាមួយនឹងពួកគេរាល់ថ្ងៃសម្រាប់រយៈពេល១៥នាទី លើកលែងតែថ្ងៃដែលយើងមានកិច្ចប្រជុំគ្រិស្ដសាសនិក។ ដប់ប្រាំនាទីមិនពិបាកពេកសម្រាប់យើង ឬសម្រាប់ពួកគេទេ»។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលម្នាក់បានសរសេរថា៖ «កាលដែលខ្ញុំនៅវ័យជំទង់ ខ្ញុំមានសំណួរឬការសង្ស័យជាច្រើនដែលខ្ញុំមិនសូវបានប្រាប់អ្នកឯទៀត។ យូរៗទៅ សំណួរនិងការសង្ស័យជាច្រើនទាំងនោះបានត្រូវពិចារណានៅកិច្ចប្រជុំ ឬក្នុងអំឡុងពេលយើងគោរពប្រណិប័តន៍ជាក្រុមគ្រួសារ ឬពេលសិក្សាផ្ទាល់ខ្លួន។ នេះជាមូលហេតុដែលការបន្ដបង្រៀនកូនគឺសំខាន់ចំពោះឪពុកម្ដាយ»។
១៧. ហេតុអ្វីគឺសំខាន់ដែលឪពុកម្ដាយពង្រឹងជំនឿរបស់ខ្លួន? តើតាមរបៀបណាឪពុកម្ដាយនៅប្រទេសប៊ែមូដាជួយកូនស្រីៗរបស់ពួកគាត់ឲ្យមានជំនឿទៅលើព្រះយេហូវ៉ា?
១៧ កូនរបស់អ្នកច្បាស់ជាអាចរៀនច្រើនពេលពួកគេឃើញថាអ្នកមានជំនឿមាំមួនទៅលើព្រះយេហូវ៉ា។ ពួកគេនឹងសង្កេតមើលអ្វីដែលអ្នកធ្វើ។ ដូច្នេះ ចូរបន្ដពង្រឹងជំនឿរបស់អ្នក។ ចូរឲ្យកូនអ្នកឃើញថាអ្នកចាត់ទុកព្រះយេហូវ៉ាជាព្រះដ៏ពិតប្រាកដ។ ជាឧទាហរណ៍ ពេលឪពុកម្ដាយនៅប្រទេសប៊ែមូដាខ្វល់អំពីរឿងណាមួយ ពួកគាត់អធិដ្ឋានជាមួយនឹងកូនស្រីៗរបស់ពួកគាត់ ហើយសុំព្រះយេហូវ៉ាឲ្យណែនាំពួកគាត់។ ពួកគាត់ក៏លើកទឹកចិត្ដកូនៗឲ្យអធិដ្ឋានដោយខ្លួនឯងដែរ។ ពួកគាត់និយាយថា៖ «យើងក៏ប្រាប់កូនច្បងរបស់យើងថា៖ ‹ចូរទុកចិត្ដទាំងស្រុងលើព្រះយេហូវ៉ា ជាប់រវល់ក្នុងកិច្ចបម្រើរាជាណាចក្រ ហើយកុំខ្វល់ខ្វាយច្រើនពេក›។ ពេលគាត់ឃើញលទ្ធផល គាត់ដឹងថាព្រះយេហូវ៉ាកំពុងជួយយើង។ នេះបានពង្រឹងជំនឿរបស់គាត់ខ្លាំងណាស់ទៅលើព្រះនិងគម្ពីរ»។
១៨. តើឪពុកម្ដាយមិនគួរភ្លេចអ្វី?
១៨ ឪពុកម្ដាយទាំងឡាយ ចូរកុំភ្លេចថាអ្នកមិនអាចបង្ខំកូនរបស់អ្នកឲ្យមានជំនឿបានទេ។ អ្នកគឺជាអ្នកដាំនិងស្រោច ប៉ុន្ដែមានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលអាចធ្វើឲ្យដុះលូតលាស់។ (កូរិនថូសទី១ ៣:៦) ដូច្នេះ ចូរខំប្រឹងបង្រៀនកូនដ៏ថ្លៃវិសេសរបស់អ្នកអំពីលោក ហើយអធិដ្ឋានសុំសកម្មពលរបស់លោកដើម្បីជួយពួកគេឲ្យមានជំនឿ។ អ្នកអាចប្រាកដថាព្រះយេហូវ៉ានឹងឲ្យពរអ្នកចំពោះការខំប្រឹងទាំងអស់របស់អ្នក។—អេភេសូរ ៦:៤