លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ខ្ញុំឲ្យព្រះយេហូវ៉ាណែនាំផ្លូវជីវិតរបស់ខ្ញុំ

ខ្ញុំឲ្យព្រះយេហូវ៉ាណែនាំផ្លូវជីវិតរបស់ខ្ញុំ

ពេល​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​បាន​ជ្រើស​រើស​ផ្លូវ​ជីវិត​ដោយ​ខ្លួន​ឯង គឺ​ការ​ងារ​ដែល​ខ្ញុំ​ចូល​ចិត្ត​ខ្លាំង​ណាស់។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ជ្រើស​រើស​ផ្លូវ​ផ្សេង គឺ​ហាក់​ដូច​ជា​លោក​បាន​ប្រាប់​ខ្ញុំ​ថា​៖ ​«​ខ្ញុំ​នឹង​ឲ្យ​អ្នក​មាន​ការ​យល់​ធ្លុះ​ជ្រៅ ហើយ​ណែនាំ​អ្នក​ឲ្យ​ដើរ​តាម​ផ្លូវ​ដែល​គួរ​ដើរ​»។ (​ចសព. ៣២:៨​) ដោយ​សារ​ខ្ញុំ​បាន​ឲ្យ​ព្រះ​យេហូវ៉ា​ណែនាំ​ផ្លូវ​ជីវិត​ខ្ញុំ នោះ​ខ្ញុំ​អាច​ប្រើ​ជីវិត​ក្នុង​កិច្ច​បម្រើ​លោក ហើយ​ទទួល​ពរ​ជា​ច្រើន ដែល​រួម​មាន​ការ​បម្រើ​នៅ​ទ្វីប​អាហ្វ្រិក​អស់​រយៈ​ពេល​៥២​ឆ្នាំ។

ពី​ប្រទេស​អង់គ្លេស​ទៅ​ទ្វីប​អាហ្វ្រិក

ខ្ញុំ​បាន​កើត​នៅ​ឆ្នាំ​១៩៣៥​នា​ក្រុង​ដាឡាស្តិន ក្នុង​តំបន់​មួយ​នៅ​ប្រទេស​អង់គ្លេស​ដែល​គេ​ហៅ​ថា​តំបន់​ខ្មៅ ដោយ​សារ​នៅ​ទី​នោះ​មាន​ផ្សែង​ជា​ច្រើន​ចេញ​ពី​រោង​ចក្រ។ ពេល​ខ្ញុំ​មាន​អាយុ​បួន​ឆ្នាំ ឪពុក​ម្ដាយ​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។ ក្នុង​វ័យ​ជំទង់ ខ្ញុំ​បាន​ជឿ​ជាក់​ថា​នេះ​ជា​សេចក្ដី​ពិត ហើយ​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៥២ កាល​ដែល​ខ្ញុំ​មាន​អាយុ​១៦​ឆ្នាំ។

ប្រហែល​ជា​នៅ​ពេល​នោះ ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ និង​ទទួល​ការ​បង្ហាត់​បង្រៀន​ឲ្យ​មាន​ឋានៈ​ខ្ពស់​ក្នុង​ក្រុម​ហ៊ុន​ធំ​មួយ​ដែល​ផលិត​ឧបករណ៍​ជួស​ជុល​និង​គ្រឿង​រថយន្ត។ ខ្ញុំ​ចូល​ចិត្ត​ការ​ងារ​នោះ​ខ្លាំង​ណាស់។

ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​មួយ​ពេល​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ម្នាក់​បាន​សុំ​ខ្ញុំ​ឲ្យ​ចាប់​ផ្ដើម​ដឹក​នាំ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ នៅ​ក្រុម​ជំនុំ​របស់​ខ្ញុំ​នា​ក្រុង​វីលអិនហុល។ ប៉ុន្តែ ខ្ញុំ​ពិបាក​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ។ នៅ​ពេល​នោះ ខ្ញុំ​ចូល​រួម​ក្រុម​ជំនុំ​ពីរ។ ក្នុង​អំឡុង​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ ខ្ញុំ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ក្រុម​ជំនុំ​ក្រុង​ប្រូមស្ក្រូ ដែល​នៅ​ជិត​កន្លែង​ធ្វើ​ការ​ខ្ញុំ ហើយ​មាន​ចម្ងាយ​ប្រហែល​ជា​៣២​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​ខ្ញុំ។ នៅ​ថ្ងៃ​សៅរ៍​អាទិត្យ ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​វិញ ដូច្នេះ​ខ្ញុំ​ចូល​រួម​ក្រុម​ជំនុំ​នៅ​ក្រុង​វីលអិនហុល។

ខ្ញុំ​ចង់​គាំទ្រ​អង្គការ​របស់​ព្រះ​យេហូវ៉ា ហេតុ​នេះ​ខ្ញុំ​បាន​ព្រម​ទទួល​សំណើ​ពី​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​នោះ ទោះ​ជា​នេះ​មាន​ន័យ​ថា​ខ្ញុំ​ត្រូវ​លា​ឈប់​ពី​ការ​ងារ​ដែល​ខ្ញុំ​ចូល​ចិត្ត​ខ្លាំង​ណាស់​ក្ដី។ ខ្ញុំ​មិន​ដែល​ស្ដាយ​ក្រោយ​ដែល​ខ្ញុំ​បាន​ឲ្យ​ព្រះ​យេហូវ៉ា​ណែនាំ​ផ្លូវ​ជីវិត​ខ្ញុំ​ទេ ដោយ​សារ​នោះ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ដ៏​សប្បាយ​រីករាយ។

កាល​ដែល​ខ្ញុំ​ចូល​រួម​ក្រុម​ជំនុំ​ប្រូមស្ក្រូ ខ្ញុំ​បាន​ជួប​ប្អូន​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​អាន ដែល​ផ្ចង់​អារម្មណ៍​លើ​ការ​បម្រើ​ព្រះ។ យើង​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៥៧។ អាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ពោរ​ពេញ​ដោយ​ភាព​រីករាយ។ យើង​បាន​បម្រើ​ជា​មួយ​គ្នា​ក្នុង​កិច្ច​បម្រើ​ផ្សេង​ៗ​ដូច​ជា​ត្រួស​ត្រាយ​ពេញ​ពេល ត្រួស​ត្រាយ​ពិសេស កិច្ច​ការ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ និង​កិច្ច​ការ​បេតអែល។

នៅ​ឆ្នាំ​១៩៦៦ យើង​រំភើប​ចិត្ត​ចូល​រួម​សាលា​គីលាត​ជំនាន់​ទី​៤២។ យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ប្រទេស​ម៉ាឡាវី ដែល​មនុស្ស​ជា​ច្រើន​ហៅ​ថា​បេះ​ដូង​ដ៏​កក់​ក្ដៅ​នៃ​ទ្វីប​អាហ្វ្រិក ដោយ​សារ​មនុស្ស​នៅ​ទី​នោះ​សប្បុរស​និង​រួស​រាយ​រាក់​ទាក់។ ក៏​ប៉ុន្តែ យើង​ស្មាន​មិន​ដល់​ថា​យើង​មិន​អាច​នៅ​ទី​នោះ​យូរ​ទេ។

ការ​បម្រើ​ក្នុង​អំឡុង​គ្រា​យ៉ាប់​យ៉ឺន​នៅ​ប្រទេស​ម៉ាឡាវី

ឡាន​របស់​យើង​ពេល​ដែល​យើង​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​នៅ​ប្រទេស​ម៉ាឡាវី

យើង​បាន​ទៅ​ដល់​ប្រទេស​ម៉ាឡាវី​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​១៩៦៧។ នៅ​ខែ​ដំបូង យើង​បាន​ចំណាយ​ពេល​ភាគ​ច្រើន​ដើម្បី​រៀន​ភាសា​នៅ​ទី​នោះ។ បន្ទាប់​មក យើង​បាន​ចាប់​ផ្ដើម​កិច្ច​ការ​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់។ យើង​មាន​ឡាន​មួយ​ប្រភេទ​ដែល​មនុស្ស​ខ្លះ​គិត​ថា​អាច​បើក​ទៅ​ទី​ណា​ក៏​បាន ថែម​ទាំង​បើក​កាត់​ទន្លេ​ក៏​បាន​ដែរ។ ប៉ុន្តែ​នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ យើង​អាច​បើក​កាត់​បាន​តែ​ទឹក​រាក់​ប៉ុណ្ណោះ។ ជួន​កាល យើង​ស្នាក់​នៅ​ផ្ទះ​ដី​ឥដ្ឋ​ដែល​ប្រក់​ស្បូវ ហើយ​ដែល​ត្រូវ​ការ​ដាក់​តង់​នៅ​ក្រោម​ដំបូល​ដើម្បី​ការ​ពារ​កុំ​ឲ្យ​ជ្រាប​ទឹក​ក្នុង​អំឡុង​រដូវ​វស្សា។ ការ​ចាប់​ផ្ដើម​នៃ​ភារកិច្ច​យើង​ជា​សាសនទូត​គឺ​មិន​ស្រួល​ប៉ុន្មាន​ទេ ប៉ុន្តែ​យើង​ពិត​ជា​ចូល​ចិត្ត​កិច្ច​បម្រើ​នោះ។

នៅ​ខែ​មេសា ខ្ញុំ​បាន​សន្និដ្ឋាន​ថា​មិន​យូរ​ទៀត យើង​នឹង​មាន​បញ្ហា​ពី​រដ្ឋាភិបាល។ ពេល​នោះ ខ្ញុំ​បាន​ឮ​ប្រធានាធិបតី​ប្រទេស​ម៉ាឡាវី​ឈ្មោះ​ហេស្ទីង បាន់ដា​និយាយ​តាម​វិទ្យុ។ គាត់​បាន​អះអាង​ថា​សាក្សី​ព្រះ​យេហូវ៉ា​មិន​បាន​បង់​ពន្ធ ហើយ​ថា​បង​ប្អូន​សាក្សី​ជា​ជន​បង្ក​រឿង​ដល់​រដ្ឋាភិបាល។ ការ​ចោទ​ប្រកាន់​ទាំង​នេះ​គឺ​មិន​ពិត​ទេ។ យើង​ទាំង​អស់​គ្នា​ដឹង​ថា​រដ្ឋាភិបាល​នោះ​មិន​ចូល​ចិត្ត​យើង ដោយ​សារ​យើង​រក្សា​អព្យាក្រឹតភាព​ក្នុង​រឿង​នយោបាយ ហើយ​ជា​ពិសេស​យើង​មិន​ព្រម​ទិញ​កាត​សមាជិក​គណបក្ស​នយោបាយ។

នៅ​ខែ​កញ្ញា យើង​អាន​ក្នុង​កាសែត​ថា​ប្រធានាធិបតី​នោះ​បាន​ចោទ​ប្រកាន់​មក​លើ​បង​ប្អូន​របស់​យើង​ថា ពួក​គេ​បង្ក​បញ្ហា​គ្រប់​ទី​កន្លែង។ គាត់​បាន​ប្រកាស​នៅ​មហា​សន្និបាត​នយោបាយ​មួយ​ថា រដ្ឋាភិបាល​របស់​គាត់​នឹង​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​ដាក់​បម្រាម​លើ​សាក្សី​ព្រះ​យេហូវ៉ា។ បម្រាម​នេះ​ចាប់​ផ្ដើម​អនុវត្ត​ពី​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​១៩៦៧។ មិន​យូរ​ក្រោយ​ពី​នោះ ប៉ូលិស​និង​មន្ត្រី​អន្តោប្រវេសន៍​បាន​មក​បិទ​ការិយាល័យ​សាខា ហើយ​បណ្ដេញ​សាសនទូត​ចេញ​ពី​ប្រទេស។

ពេល​យើង​បាន​ត្រូវ​គេ​ចាប់​ខ្លួន​និង​បណ្ដេញ​ចេញ​ពី​ប្រទេស​ម៉ាឡាវី​នៅ​ឆ្នាំ​១៩៦៧​ជា​មួយ​នឹង​សាសនទូត​ពីរ​នាក់​ទៀត គឺ​បង​ប្រុស​ចាក យ៉ូហានសិន​និង​ប្រពន្ធ​របស់​គាត់​លីនដា

ក្រោយ​ពី​ជាប់​គុក​អស់​បី​ថ្ងៃ យើង​បាន​ត្រូវ​បណ្ដេញ​ចេញ​ឲ្យ​ទៅ​ប្រទេស​មួយ​ដែល​នៅ​ក្រោម​អាណានិគម​ប្រទេស​អង់គ្លេស គឺ​កោះ​ម៉ូរីស។ ប៉ុន្តែ ពួក​អាជ្ញាធរ​នៅ​កោះ​ម៉ូរីស​មិន​អនុញ្ញាត​ឲ្យ​យើង​ស្នាក់​នៅ​ជា​សាសនទូត​ទេ។ ដូច្នេះ យើង​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ប្រទេស​ស៊ីមបាវ៉េ។ ពេល​ទៅ​ដល់​ទី​នោះ យើង​បាន​ជួប​មន្ត្រី​អន្តោប្រវេសន៍​កាច​ម្នាក់ ដែល​មិន​ព្រម​ឲ្យ​យើង​ចូល​ក្នុង​ប្រទេស​នោះ។ គាត់​និយាយ​ថា​៖ ​«​អ្នក​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​ម៉ាឡាវី កោះ​ម៉ូរីស​ក៏​មិន​ឲ្យ​អ្នក​ស្នាក់​នៅ តែ​ឥឡូវ​អ្នក​ឯង​មក​ទី​នេះ ព្រោះ​តែ​ប្រទេស​ផ្សេង​មិន​ឲ្យ​នៅ​មែន?​»។ អាន​បាន​ចាប់​ផ្ដើម​យំ។ តាម​មើល​ទៅ គ្មាន​ប្រទេស​ណា​ចង់​ឲ្យ​យើង​ស្នាក់​នៅ​ទេ! នៅ​ពេល​នោះ ខ្ញុំ​ចង់​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ​តែ​ម្ដង។ យើង​អស់​កម្លាំង ប៉ុន្តែ​យើង​បាន​បន្ត​រង់​ចាំ​មើល​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង។ នៅ​ទី​បំផុត អាជ្ញាធរ​អន្តោប្រវេសន៍​បាន​អនុញ្ញាត​ឲ្យ​យើង​ស្នាក់​នៅ​ការិយាល័យ​សាខា​មួយ​យប់។ ប៉ុន្តែ ពួក​គេ​បាន​និយាយ​ថា​យើង​ត្រូវ​រាយ​ការណ៍​ទៅ​ទី​ចាត់​ការ​របស់​ពួក​គេ​នៅ​ថ្ងៃ​បន្ទាប់។ នៅ​ពេល​រសៀល​បន្ទាប់​នោះ ដោយ​មិន​នឹក​ស្មាន យើង​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ប្រទេស​ស៊ីមបាវ៉េ​អស់​មួយ​រយៈ​ពេល។ ខ្ញុំ​មិន​ដែល​ភ្លេច​អំពី​អារម្មណ៍​របស់​ខ្ញុំ​នៅ​ថ្ងៃ​នោះ​ទេ។ ខ្ញុំ​បាន​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​កំពុង​ណែនាំ​ផ្លូវ​ជីវិត​របស់​យើង។

ភារកិច្ច​ថ្មី​៖ យើង​ជួយ​កិច្ច​ការ​ប្រទេស​ម៉ាឡាវី​ពី​ប្រទេស​ស៊ីមបាវ៉េ

ខ្ញុំ​និង​អាន​នៅ​បេតអែល​ស៊ីមបាវ៉េ​ឆ្នាំ​១៩៦៨

នៅ​ការិយាល័យ​សាខា​ស៊ីមបាវ៉េ ខ្ញុំ​ធ្វើ​ការ​នៅ​ផ្នែក​ការិយាល័យ​ខាង​កិច្ច​បម្រើ ដែល​មើល​ការ​ខុស​ត្រូវ​លើ​ប្រទេស​ម៉ាឡាវី​និង​ប្រទេស​ម៉ូសំប៊ិក។ បង​ប្អូន​នៅ​ប្រទេស​ម៉ាឡាវី​បាន​ទទួល​ការ​បៀតបៀន​យ៉ាង​ព្រៃ​ផ្សៃ។ ភារកិច្ច​មួយ​របស់​ខ្ញុំ​គឺ​បក​ប្រែ​សេចក្ដី​រាយ​ការណ៍​ពី​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ជន​ជាតិ​ម៉ាឡាវី។ នៅ​យប់​មួយ ពេល​ខ្ញុំ​កំពុង​ធ្វើ​ការ ខ្ញុំ​យំ​កាល​ដែល​ខ្ញុំ​អាន​អំពី​អំពើ​ហិង្សា​ដ៏​សាហាវ​ដែល​មាន​ទៅ​លើ​បង​ប្អូន​របស់​យើង។ ប៉ុន្តែ ខ្ញុំ​ក៏​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ពី​ភក្ដី​ភាព ជំនឿ និង​ការ​ស៊ូ​ទ្រាំ​របស់​ពួក​គេ​ដែរ។—២កូ. ៦:៤, ៥

យើង​បាន​ខំ​អស់​ពី​សមត្ថភាព​ធ្វើ​អ្វី​ៗ​ទាំង​អស់ ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​បង​ប្អូន​ដែល​នៅ​តែ​ស្នាក់​នៅ​ប្រទេស​ម៉ាឡាវី ព្រម​ទាំង​ពួក​អ្នក​ដែល​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ម៉ូសំប៊ិក ដើម្បី​គេច​ពី​អំពើ​ហិង្សា។ ក្រុម​បក​ប្រែ​ភាសា​ឈិឆេវ៉ា ដែល​ជា​ភាសា​គេ​និយាយ​ច្រើន​ជាង​គេ​នៅ​ប្រទេស​ម៉ាឡាវី បាន​ផ្លាស់​ប្ដូរ​ទី​តាំង​ទៅ​កសិដ្ឋាន​ដ៏​ធំ​មួយ​របស់​បង​ប្រុស​ម្នាក់​នៅ​ប្រទេស​ស៊ីមបាវ៉េ។ គាត់​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​សង់​ផ្ទះ​និង​កន្លែង​ធ្វើ​ការ​សម្រាប់​ពួក​គេ។ នៅ​ទី​នោះ ពួក​គេ​បាន​បន្ត​ធ្វើ​កិច្ច​ការ​សំខាន់​ចាំ​បាច់ គឺ​ការ​បក​ប្រែ​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ។

យើង​បាន​រៀបចំ​ឲ្យ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ជន​ជាតិ​ម៉ាឡាវី​ចូល​រួម​មហា​សន្និបាត​ប្រចាំ​តំបន់​ភាសា​ឈិឆេវ៉ា​ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​ស៊ីមបាវ៉េ។ នៅ​ទី​នោះ ពួក​គេ​បាន​ទទួល​គម្រោង​សុន្ទរកថា​មហា​សន្និបាត។ កាល​ដែល​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​ម៉ាឡាវី​វិញ ពួក​គេ​ខំ​ព្យាយាម​ចែក​រំលែក​ព័ត៌មាន​ជា​មួយ​បង​ប្អូន។ នៅ​ឆ្នាំ​មួយ ពេល​ពួក​គេ​មក​ប្រទេស​ស៊ីមបាវ៉េ យើង​បាន​រៀបចំ​ឲ្យ​មាន​សាលា​កិច្ច​បម្រើ​រាជាណាចក្រ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ដ៏​ក្លាហាន​ទាំង​នេះ។

ខ្ញុំ​ថ្លែង​សុន្ទរកថា​ជា​ភាសា​ឈិឆេវ៉ា​នៅ​មហា​សន្និបាត​នា​ប្រទេស​ស៊ីមបាវ៉េ ដែល​បាន​ត្រូវ​ធ្វើ​ឡើង​ជា​ភាសា​ឈិឆេវ៉ា​និង​ភាសា​សូណា

នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៧៥ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​សាក្សី​ពី​ប្រទេស​ម៉ាឡាវីដែល​បាន​ភៀស​ខ្លួន​ទៅ​ជំរំ​នា​ប្រទេស​ម៉ូសំប៊ិក។ បង​ប្អូន​ទាំង​នោះ​ធ្វើ​តាម​ការ​ណែនាំ​ថ្មី​ៗ​ពី​អង្គការ​ព្រះ​យេហូវ៉ា រួម​មាន​ការ​រៀបចំ​ឲ្យ​មាន​ក្រុម​ពួក​អ្នក​ចាស់​ទុំ។ ពួក​អ្នក​ចាស់​ទុំ​ថ្មី​បាន​រៀបចំ​ឲ្យ​មាន​សកម្មភាព​ជា​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ ដែល​រួម​មាន​ការ​ថ្លែង​សុន្ទរកថា​សាធារណៈ ការ​ពិគ្រោះ​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ​និង​ទស្សនាវដ្ដី​ប៉ម​យាម ព្រម​ទាំង​ការ​ធ្វើ​សន្និបាត។ ពួក​គេ​បាន​រៀបចំ​ទី​បោះ​ជំរំ​ឲ្យ​មាន​ផ្នែក​សម្អាត ផ្នែក​ចែក​អាហារ និង​ផ្នែក​សុវត្ថិភាព ដូច​ដែល​មាន​នៅ​មហា​សន្និបាត។ បង​ប្រុស​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ បាន​សម្រេច​កិច្ច​ការ​ជា​ច្រើន​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​ខ្ញុំ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​ណាស់​ពី​ការ​ទៅ​សួរ​សុខ​ទុក្ខ​ពួក​គេ។

នៅ​ចុង​ទសវត្សរ៍​ទី​៧០ ការិយាល័យ​សាខា​សំប៊ី​បាន​ចាប់​ផ្ដើម​មើល​ការ​ខុស​ត្រូវ​លើ​ប្រទេស​ម៉ាឡាវី។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​នឹក​គិត​អំពី​បង​ប្អូន​នៅ​ប្រទេស​ម៉ាឡាវី និង​អធិដ្ឋាន​ឲ្យ​ពួក​គេ ដូច​បង​ប្អូន​ជា​ច្រើន​ទៀត​បាន​ធ្វើ​ដែរ។ ដោយ​សារ​ខ្ញុំ​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ស៊ីមបាវ៉េ ម្ដង​ម្កាល​ខ្ញុំ​មាន​ឱកាស​ជួប​តំណាង​មន្ទីរ​ចាត់​ការ​ពិភព​លោក ព្រម​ទាំង​បង​ប្អូន​ប្រុស​ដែល​មាន​ភារកិច្ច​ពី​ប្រទេស​ម៉ាឡាវី ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​ប្រទេស​សំប៊ី។ រាល់​ដង យើង​តែង​តែ​គិត​អំពី​សំណួរ​ដដែល​ថា ​«​តើ​យើង​អាច​ធ្វើ​អ្វី​បាន​ទៀត​ដើម្បី​ជួយ​ដល់​បង​ប្អូន​នៅ​ប្រទេស​ម៉ាឡាវី?​»។

យូរ​ៗ​ទៅ ការ​បៀតបៀន​លើ​បង​ប្អូន​ដែល​បន្ត​នៅ​ប្រទេស​ម៉ាឡាវី​បាន​ត្រូវ​បន្ធូរ​បន្ថយ។ បង​ប្អូន​ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ម៉ាឡាវី​ចាប់​ផ្ដើម​ត្រឡប់​ទៅ​វិញ​ជា​បណ្ដើរ​ៗ។ ប្រទេស​ជិត​ខាង​បាន​ទទួល​ស្គាល់​សាក្សី​ព្រះ​យេហូវ៉ា​តាម​ផ្លូវ​ច្បាប់ ហើយ​បាន​ដក​កម្រិត​ចេញ​ពី​សកម្មភាព​របស់​បង​ប្អូន​ទាំង​នោះ។ ប្រទេស​ម៉ូសំប៊ិក​ក៏​បាន​ធ្វើ​ដូច​គ្នា​នៅ​ឆ្នាំ​១៩៩១។ ប៉ុន្តែ​យើង​ឆ្ងល់​ថា ‹តើ​ពេល​ណា​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ម៉ាឡាវី​នឹង​មាន​សេរី​ភាព​ដែរ?›។

ត្រឡប់​ទៅ​ប្រទេស​ម៉ាឡាវី​វិញ

នៅ​ទី​បំផុត ស្ថានភាព​នយោបាយ​នៅ​ប្រទេស​ម៉ាឡាវី​បាន​ផ្លាស់​ប្ដូរ ហើយ​នៅ​ឆ្នាំ​១៩៩៣ រដ្ឋាភិបាល​លើក​បម្រាម​ចេញ​ពី​សាក្សី​ព្រះ​យេហូវ៉ា។ មិន​យូរ​ក្រោយ​មក ខ្ញុំ​បាន​និយាយ​ជា​មួយ​បង​ប្រុស​ជា​សាសនទូត​ម្នាក់​ដែល​សួរ​ថា​៖ ​«​តើ​បង​នឹង​ត្រឡប់​ទៅ​ប្រទេស​ម៉ាឡាវី​វិញ​ឬ​ទេ?​»។ ពេល​នោះ​ខ្ញុំ​មាន​អាយុ​៥៩​ឆ្នាំ ដូច្នេះ​ខ្ញុំ​បាន​តប​ថា​៖ ​«​អត់​ទេ ខ្ញុំ​ចាស់​ណាស់​ហើយ!​»។ ប៉ុន្តែ​នៅ​ថ្ងៃ​នោះ ខ្ញុំ​បាន​ទទួល​សារ​ពី​គណៈ​អភិបាល​ដែល​សុំ​យើង​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ម៉ាឡាវី​វិញ។

យើង​ចូល​ចិត្ត​ភារកិច្ច​របស់​យើង​នៅ​ប្រទេស​ស៊ីមបាវ៉េ​ខ្លាំង​ណាស់។ ដូច្នេះ នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​មួយ​សម្រាប់​យើង។ យើង​សប្បាយ​ចិត្ត​នៅ​ប្រទេស​ស៊ីមបាវ៉េ និង​មាន​មិត្ត​ភក្តិ​ល្អ​ៗ​ជា​ច្រើន​នៅ​ទី​នោះ។ គណៈ​អភិបាល​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ដោយ​ប្រាប់​ថា យើង​អាច​បន្ត​ស្នាក់​នៅ​ប្រទេស​ស៊ីមបាវ៉េ​បាន បើ​យើង​ចង់។ ការ​ជ្រើស​រើស​ផ្លូវ​ជីវិត​ដោយ​ខ្លួន​ឯង ហើយ​បន្ត​នៅ​ប្រទេស​ស៊ីមបាវ៉េ គឺ​ជា​ផ្លូវ​ស្រួល​មួយ​សម្រាប់​យើង។ ប៉ុន្តែ នៅ​ពេល​នោះ ខ្ញុំ​បាន​នឹក​ចាំ​អំពី​របៀប​ដែល​អាប្រាហាំ​និង​សារ៉ា​បាន​ចាក​ចេញ​ពី​ផ្ទះ​ដ៏​សុខ​ស្រួល​របស់​ពួក​គេ​ក្នុង​វ័យ​ចំណាស់ ដើម្បី​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។—ដក. ១២:១​-​៥

យើង​បាន​សម្រេច​ចិត្ត​ធ្វើ​តាម​ការ​ណែនាំ​ពី​អង្គការ​របស់​ព្រះ​យេហូវ៉ា ហើយ​បាន​ត្រឡប់​ទៅ​ប្រទេស​ម៉ាឡាវី​វិញ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៥។ នោះ​ជា​ថ្ងៃ​ខួប​២៨​ឆ្នាំ​នៃ​ការ​មក​ដល់​របស់​យើង​នៅ​ប្រទេស​ម៉ាឡាវី​ជា​លើក​ដំបូង។ ពេល​នោះ គណៈ​កម្មាធិការ​ការិយាល័យ​សាខា​បាន​ត្រូវ​បង្កើត​ឡើង ដែល​មាន​ខ្ញុំ​និង​បង​ប្រុស​២​នាក់​ទៀត ហើយ​មិន​យូរ​ក្រោយ​មក យើង​ជាប់​រវល់​ក្នុង​ការ​រៀបចំ​សកម្មភាព​ផ្សេង​ៗ​របស់​សាក្សី​ព្រះ​យេហូវ៉ា។

ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ដុះ​លូត​លាស់​ឡើង

ការ​ឃើញ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​កិច្ច​ការ​លោក​រីក​ចម្រើន​យ៉ាង​លឿន​គឺ​ជា​ពរ​មួយ! ចំនួន​អ្នក​ផ្សាយ​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ពី​ប្រហែល​ជា​៣០.០០០​នាក់​នៅ​ឆ្នាំ​១.៩៩៣​ទៅ​ដល់​ជាង​៤២.០០០​នាក់​នៅ​ឆ្នាំ​១៩៩៨។ a គណៈ​អភិបាល​បាន​អនុញ្ញាត​ឲ្យ​រៀបចំ​គម្រោង​សាង​សង់​ការិយាល័យ​សាខា​ថ្មី ដើម្បី​មើល​ការ​ខុស​ត្រូវ​លើ​កិច្ច​ការ​ជា​ច្រើន​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ទី​នោះ។ យើង​បាន​ទិញ​ដី​១២​ហិចតា​នៅ​ក្រុង​លីឡុងវ៉េ ហើយ​ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​សមាជិក​គណៈ​កម្មាធិការ​សាង​សង់។

បង​ប្រុស​ហ្គាយ ភាស​ពី​គណៈ​អភិបាល​បាន​ថ្លែង​សុន្ទរកថា​ប្រគល់​ជូន​អគារ​ថ្មី​ដល់​ព្រះ​យេហូវ៉ា នៅ​ខែ​ឧសភា ឆ្នាំ​២០០១។ អ្នក​ចូល​រួម​ក្នុង​ស្រុក​មាន​ជាង​២.០០០​នាក់ ហើយ​ពួក​គេ​ភាគ​ច្រើន​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជាង​៤០​ឆ្នាំ។ បង​ប្អូន​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​បាន​ស៊ូ​ទ្រាំ​នឹង​ការ​បៀតបៀន​ដ៏​ព្រៃ​ផ្សៃ​អស់​ជា​ច្រើន​ឆ្នាំ​ក្នុង​អំឡុង​ការ​ដាក់​បម្រាម។ ពួក​គេ​មាន​ជីវភាព​ក្រី​ក្រ តែ​ជា​អ្នក​មាន​ខាង​ជំនឿ គឺ​ថា​ពួក​គេ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ ពួក​គេ​សប្បាយ​ចិត្ត​ទៅ​មើល​បេតអែល​ថ្មី។ ពេល​ពួក​គេ​ទៅ​កន្លែង​ណា​នៅ​បេតអែល ពួក​គេ​ច្រៀង​ចម្រៀង​រាជាណាចក្រ​រួម​គ្នា​បែប​អាហ្វ្រិក​នៅ​កន្លែង​នោះ។ នេះ​ធ្វើ​ឲ្យ​បរិយាកាស​រំជួល​ចិត្ត​ខ្លាំង​បំផុត ជា​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប។ នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ជា​បរិបូរ​ដល់​ពួក​អ្នក​ដែល​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដោយ​ចិត្ត​ស្មោះ​ត្រង់។

ក្រោយ​ពី​ការិយាល័យ​សាខា​បាន​សាង​សង់​រួច​រាល់ ខ្ញុំ​រីករាយ​ពេល​ចាប់​ផ្ដើម​ទទួល​ភារកិច្ច​ថ្លែង​សុន្ទរកថា​សម្ពោធ​សាល​ប្រជុំ។ ក្រុម​ជំនុំ​នៅ​ប្រទេស​ម៉ាឡាវី​ទទួល​ប្រយោជន៍​ពី​ការ​រៀបចំ​របស់​អង្គការ ចំពោះ​ការ​សាង​សង់​សាល​ប្រជុំ​យ៉ាង​លឿន​នៅ​ប្រទេស​ដែល​ខ្វះ​ធន​ធាន។ ពី​មុន ក្រុម​ជំនុំ​ខ្លះ​ជួប​ជុំ​គ្នា​នៅ​រោង​ដែល​ធ្វើ​ពី​ដើម​ប្រេង​ខ្យល់។ ពួក​គេ​បាន​ប្រើ​ស្បូវ​ដើម្បី​ប្រក់​ដំបូល ហើយ​ប្រើ​បង់​ដែល​ធ្វើ​ពី​ដី​ឥដ្ឋ​សម្រាប់​អង្គុយ។ ឥឡូវ បង​ប្អូន​ខំ​ប្រឹង​ដុត​ឥដ្ឋ​ក្នុង​ឡ​ដែល​ពួក​គេ​បាន​សាង​សង់ និង​សង់​កន្លែង​ប្រជុំ​ថ្មី​ដ៏​ស្រស់​ស្អាត។ ប៉ុន្តែ ពួក​គេ​នៅ​តែ​ចូល​ចិត្ត​អង្គុយ​លើ​កៅអី​បង់ ដោយ​សារ​តែង​តែ​អាច​ប្រជ្រៀត​ម្នាក់​ទៀត​ឲ្យ​ចូល​បាន។

ខ្ញុំ​ក៏​រំភើប​ចិត្ត​ដែរ​ពេល​ឃើញ​ព្រះ​យេហូវ៉ា​ជួយ​បង​ប្អូន​ឲ្យ​រីក​ចម្រើន។ ជា​ពិសេស​ខ្ញុំ​កោត​ស្ងើច​ចំពោះ​ប្អូន​ប្រុស​ៗ​អាហ្វ្រិក​វ័យ​ក្មេង ដែល​សុខ​ចិត្ត​ជួយ ហើយ​បាន​រៀន​ឆាប់​ចេះ​នូវ​អ្វី​ៗ​ជា​ច្រើន​ពី​ការ​បង្ហាត់​បង្រៀន​របស់​អង្គការ​ព្រះ​យេហូវ៉ា ព្រម​ទាំង​ពី​ការ​បំពេញ​ភារកិច្ច​របស់​ពួក​គេ។ ហេតុ​នេះ ពួក​គេ​អាច​ទទួល​ភារកិច្ច​ថែម​ទៀត​នៅ​បេតអែល​និង​នៅ​ក្នុង​ក្រុម​ជំនុំ។ ក្រុម​ជំនុំ​នានា​បាន​ត្រូវ​ពង្រឹង​ឡើង​កាន់​តែ​ខ្លាំង​ដោយ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ជន​ជាតិ​ម៉ាឡាវី ដែល​ទើប​តែ​បាន​ត្រូវ​តែង​តាំង។ ពួក​គេ​ភាគ​ច្រើន​ជា​អ្នក​ដែល​រៀប​ការ​ហើយ។ ទោះ​ជា​មនុស្ស​ភាគ​ច្រើន ហើយ​ថែម​ទាំង​សាច់​ញាតិ​របស់​ពួក​គេ រំពឹង​ថា​គូ​អាពាហ៍ពិពាហ៍​នឹង​មាន​កូន​ក្ដី ប្ដី​ប្រពន្ធ​ទាំង​នេះ​សម្រេច​ចិត្ត​មិន​យក​កូន​ក្នុង​របៀប​របប​ពិភព​លោក​នេះ ដើម្បី​ពួក​គេ​អាច​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​ជាង។

ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ

ខ្ញុំ​និង​អាន​នៅ​បេតអែល​អង់គ្លេស

ក្រោយ​ពី​៥២​ឆ្នាំ​នៅ​ទ្វីប​អាហ្វ្រិក ខ្ញុំ​មាន​បញ្ហា​សុខភាព​ខ្លះ​ៗ។ គណៈ​អភិបាល​បាន​ធ្វើ​តាម​យោបល់​របស់​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​ឲ្យ​យើង​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ។ យើង​ខក​ចិត្ត​ចាក​ចេញ​ពី​ភារកិច្ច​ដែល​យើង​ចូល​ចិត្ត​ខ្លាំង ប៉ុន្តែ​ក្រុម​គ្រួសារ​បេតអែល​អង់គ្លេស​មើល​ថែ​យើង​យ៉ាង​ល្អ​ណាស់​នៅ​គ្រា​ដែល​យើង​មាន​វ័យ​ចាស់។

ខ្ញុំ​ជឿ​ជាក់​ថា​ការ​ឲ្យ​ព្រះ​យេហូវ៉ា​ណែនាំ​ផ្លូវ​ជីវិត​របស់​ខ្ញុំ គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត។ បើ​ខ្ញុំ​បាន​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​របស់​ខ្លួន ខ្ញុំ​មិន​មាន​ជីវិត​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។ ព្រះ​យេហូវ៉ា​តែង​តែ​ដឹង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​ដើម្បី​‹ធ្វើ​ឲ្យ​ផ្លូវ​ជីវិត​របស់​ខ្ញុំ​បាន​រលូន›។ (​សុភ. ៣:៥, ៦​) ពេល​ខ្ញុំ​មាន​វ័យ​ក្មេង ខ្ញុំ​ជ្រួល​ជ្រើម​ចង់​ស្គាល់​ការ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ធំ។ ប៉ុន្តែ អង្គការ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ការ​ងារ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្កប់​ចិត្ត​ជាង​ឆ្ងាយ​ណាស់។ សម្រាប់​ខ្ញុំ ការ​បម្រើ​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹម​សារ​រហូត​ដល់​ឥឡូវ​នេះ​និង​ត​រៀង​ទៅ!

a សព្វ​ថ្ងៃ​នេះ ប្រទេស​ម៉ាឡាវី​មាន​អ្នក​ផ្សាយ​ជាង​១០០.០០០​នាក់។