តើលោកអ្នកដឹងឬទេ?
តើឧទាហរណ៍របស់លោកយេស៊ូអំពី«ឆ្កែតូចៗ»គឺជាការមើលងាយឬទេ?
មានពេលមួយលោកយេស៊ូនៅខាងក្រៅព្រំដែននៃស្រុកអ៊ីស្រាអែល។ ពេលលោកនៅក្នុងតំបន់ស៊ីរីរបស់ជនជាតិរ៉ូម ស្ដ្រីជនជាតិក្រិចម្នាក់បានមកសុំជំនួយពីលោក។ លោកយេស៊ូបានតបឆ្លើយដោយប្រើឧទាហរណ៍ដែលប្រៀបធៀបជនជាតិដទៃដែលមិនមែនជាជនជាតិយូដាទៅនឹង«ឆ្កែតូចៗ»។ ក្នុងច្បាប់ម៉ូសេ ឆ្កែបានត្រូវចាត់ទុកជាសត្វមិនស្អាត។ (លេវីវិន័យ ១១:២៧) ដូច្នេះ តើនេះមានន័យថាលោកយេស៊ូបានមើលងាយស្ដ្រីជនជាតិក្រិចនេះ និងជនជាតិដទៃឬទេ?
មិនមែនដូច្នេះទេ! ប្រសាសន៍របស់លោកយេស៊ូបានបញ្ជាក់ថាអ្វីដែលសំខាន់បំផុតចំពោះលោកនៅពេលនោះ គឺជួយជនជាតិយូដា។ ក្រោយមក លោកបានពន្យល់អ្នកកាន់តាមអំពីចំណុចនោះ។ ដូច្នេះ លោកបានបញ្ជាក់ចំណុចសំខាន់នេះដោយមានប្រសាសន៍ទៅស្ដ្រីជនជាតិក្រិចនោះថា៖ «គឺមិនត្រឹមត្រូវទេ បើយកនំប៉័ងរបស់កូនក្មេង ហើយបោះទៅឲ្យឆ្កែតូចៗវិញ»។ (ម៉ាថាយ ១៥:២១-២៦; ម៉ាកុស ៧:២៦) សម្រាប់ជនជាតិក្រិចនិងជនជាតិរ៉ូម ឆ្កែជាសត្វចិញ្ចឹមដ៏គួរឲ្យស្រឡាញ់ ហើយវាលេងជាមួយកូនក្មេង។ ដូច្នេះ ពាក្យ«ឆ្កែតូចៗ»អាចឃើញថាកក់ក្ដៅ និងគួរឲ្យស្រឡាញ់។ ស្ដ្រីជនជាតិក្រិចនោះបានទទួលយល់ព្រមនូវពាក្យសម្ដីរបស់លោកយេស៊ូ ហើយតបឆ្លើយថា៖ «មែនហើយលោក! ប៉ុន្ដែតាមការពិត ឆ្កែតូចៗស៊ីកម្ទេចនំប៉័ងដែលជ្រុះពីតុរបស់ម្ចាស់វា»។ លោកយេស៊ូបានសរសើរនាងដោយសារជំនឿរបស់នាង ហើយលោកបានធ្វើឲ្យកូនស្រីរបស់ស្ដ្រីនោះជាសះស្បើយ។—ម៉ាថាយ ១៥:២៧, ២៨
ពេលសាវ័កប៉ូលជូនយោបល់ឲ្យពន្យារពេលធ្វើដំណើរតាមសមុទ្រ តើយោបល់នោះសមហេតុផលឬទេ?
សំពៅដែលប៉ូលកំពុងជិះឆ្ពោះទៅប្រទេសអ៊ីតាលីកំពុងព្យាយាមបើកបញ្ច្រាសខ្យល់។ ដូច្នេះ ក្នុងអំឡុងពេលឈប់ផ្អាក សាវ័កប៉ូលបានជូនយោបល់ឲ្យពន្យារពេលធ្វើដំណើរ។ (សកម្មភាព ២៧:៩-១២) ហេតុអ្វីគាត់ជូនយោបល់បែបនោះ?
អ្នកបើកសំពៅដែលមានបទពិសោធន៍ដឹងថាការធ្វើដំណើរលើសមុទ្រមេឌីទែរ៉ានេក្នុងអំឡុងរដូវត្រជាក់ អាចនាំឲ្យមានគ្រោះថ្នាក់។ ក្នុងអំឡុងខែវិច្ឆិការហូតដល់ពាក់កណ្ដាលខែមីនា គេបិទការធ្វើដំណើរតាមសមុទ្រ។ ប៉ុន្ដែ ការធ្វើដំណើរតាមសមុទ្រដែលប៉ូលនិយាយគឺនៅខែកញ្ញាឬខែតុលា។ នៅក្នុងសៀវភៅមួយ អ្នកនិពន្ធជនជាតិរ៉ូមម្នាក់ឈ្មោះវីជិសា (សតវត្សរ៍ទី៤ គ.ស.) បានពន្យល់អំពីការស្ទង់មើលការធ្វើដំណើរតាមសមុទ្រថា៖ «នៅខែខ្លះ ការធ្វើដំណើរមានភាពងាយស្រួល ខែខ្លះទៀតគឺមិនសូវស្រួលប៉ុន្មានទេ រីឯខែខ្លះទៀតគឺមិនអាចធ្វើដំណើរតែម្ដង» (Epitome of Military Science)។ លោកវីជិសាបាននិយាយថាការធ្វើដំណើរតាមសមុទ្រគឺមានសុវត្ថិភាពចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១៤ ខែកញ្ញា ប៉ុន្ដែចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី១១ ខែវិច្ឆិកា និងពីថ្ងៃទី១១ ខែមីនាដល់ថ្ងៃទី២៦ ខែឧសភា ការធ្វើដំណើរអាចនាំឲ្យមានគ្រោះថ្នាក់។ ប៉ូលជាមនុស្សដែលមានបទពិសោធន៍ក្នុងការធ្វើដំណើរ ដូច្នេះគាត់ច្បាស់ជាដឹងហេតុការណ៍ពិតទាំងនោះ។ អ្នកបើកសំពៅនិងម្ចាស់សំពៅទំនងជាដឹងហេតុការណ៍ពិតទាំងនោះដែរ ប៉ុន្ដែពួកគេមិនព្រមធ្វើតាមយោបល់របស់ប៉ូលទេ។ ជាលទ្ធផល សំពៅនោះបានលិច។—សកម្មភាព ២៧:១៣-៤៤