គម្ពីរជួយមនុស្សឲ្យកែប្រែជីវិត
ខ្ញុំមិនជឿថាមានព្រះទេ
-
ឆ្នាំកំណើត: ១៩៧៤
-
ប្រទេសកំណើត: អតីតសាធារណៈរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់
-
ប្រវត្ដិ: អ្នកដែលជឿថាគ្មានព្រះ
អតីតកាលរបស់ខ្ញុំ
ខ្ញុំបានកើតនៅភូមិមួយក្នុងរដ្ឋសាសូនី ដែលស្ថិតនៅក្នុងអតីតសាធារណៈរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ (GDR)។ ក្នុងក្រុមគ្រួសារខ្ញុំពោរពេញដោយភាពកក់ក្ដៅនិងសេចក្ដីស្រឡាញ់ ហើយឪពុកម្ដាយខ្ញុំបង្រៀនខ្ញុំឲ្យមានគោលការណ៍សីលធម៌ល្អ។ អតីតសាធារណៈរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់កាន់របបកុម្មុយនីស្ដ ដូច្នេះមនុស្សភាគច្រើននៅរដ្ឋសាសូនីមិនឲ្យតម្លៃទៅលើសាសនាឡើយ។ ម្យ៉ាងទៀត ខ្ញុំមិនជឿថាមានព្រះទេ។ ទស្សនៈថាគ្មានព្រះនិងរបបកុម្មុយនីស្ដបានមានឥទ្ធិពលយ៉ាងខ្លាំងមកលើខ្ញុំតាំងពីតូចរហូតដល់ខ្ញុំអាយុ១៨ឆ្នាំ។
មូលហេតុដែលខ្ញុំចូលចិត្ដរបបកុម្មុយនីស្ដគឺដោយសារខ្ញុំចង់ឲ្យមនុស្សទាំងអស់ស្មើភាពគ្នា។ លើសពីនេះទៅទៀត ខ្ញុំជឿថាមនុស្សនឹងមានទ្រព្យសម្បត្ដិស្មើៗគ្នា នេះមានន័យថានឹងលែងមានវណ្ណៈអ្នកមានអ្នកក្រទៀត។ ដូច្នេះ ខ្ញុំបានចូលរួមយ៉ាងសកម្មក្នុងអង្គការយុវជនកុម្មុយនីស្ដ។ ពេលខ្ញុំអាយុ១៤ឆ្នាំ ខ្ញុំបានចំណាយពេលជាច្រើនជួយកិច្ចការខាងបរិស្ថានដោយកែច្នៃក្រដាសដែលគេបោះចោល។ ពួកអាជ្ញាធរក្នុងក្រុងអោរបានបង្ហាញអំណរគុណយ៉ាងខ្លាំងចំពោះការខំប្រឹងរបស់ខ្ញុំ ហេតុនេះបានជាពួកគេបានប្រគល់ពានរង្វាន់ដល់ខ្ញុំ។ ទោះជាខ្ញុំនៅក្មេងក្ដី ខ្ញុំបានស្គាល់បុគ្គលមួយចំនួនដែលមានមុខមាត់ក្នុងឆាកនយោបាយនៅអតីតសាធារណៈរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់។ ខ្ញុំគិតថាខ្ញុំកំពុងចាប់យកគោលដៅត្រឹមត្រូវ ហើយថាអនាគតរបស់ខ្ញុំនឹងត្រចះត្រចង់។
ប៉ុន្ដែ ជីវិតរបស់ខ្ញុំបានផ្លាស់ប្ដូរក្នុងមួយរំពេច។ នៅឆ្នាំ១៩៨៩ ជញ្ជាំងបែរឡាំងបានដួលរលំ ហើយរបបកុម្មុយនីស្ដនៃទ្វីបអឺរ៉ុបខាងកើតក៏បានរលំដែរ។ ខ្ញុំបានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ មិនយូរក្រោយមក ខ្ញុំដឹងថាមានអំពើអយុត្ដិធម៌ច្រើនណាស់នៅអតីតសាធារណៈរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់។ ជាឧទាហរណ៍ បើអ្នកណាមិនគាំទ្ររបបកុម្មុយនីស្ដ គេនឹងចាត់ទុកជននោះជាមនុស្សបាតសង្គម។ តើនេះអាចកើតឡើងយ៉ាងដូចម្ដេច? ក្រែងអ្នកដែលកាន់របបកុម្មុយនីស្ដជឿថាមនុស្សទាំងអស់គឺស្មើភាពគ្នា មែនទេ? តើលទ្ធិកុម្មុយនីស្ដគ្រាន់តែជាការស្រមើស្រមៃឬ? នោះបានធ្វើឲ្យខ្ញុំខកចិត្ដនិងកើតទុក្ខជាខ្លាំង។
ដូច្នេះខ្ញុំបានផ្លាស់ប្រែគោលដៅរបស់ខ្ញុំ ហើយផ្ដោតអារម្មណ៍ទៅលើវិចិត្រសិល្បៈនិងតន្ដ្រី។ ដោយសារខ្ញុំអាចចូលរៀននៅសាលាតន្ដ្រីមួយដែលផ្ដល់ឱកាសឲ្យខ្ញុំអាចបន្ដទៅសាកលវិទ្យាល័យ ហេតុនេះខ្ញុំមានក្ដីស្រមៃចង់ទៅជាតន្ដ្រីករ។ មួយវិញទៀត ខ្ញុំលែងធ្វើតាមគោលការណ៍សីលធម៌ដែលខ្ញុំបានរៀនកាលនៅតូច។ អ្វីដែលសំខាន់សម្រាប់ខ្ញុំនៅពេលនោះគឺការសប្បាយ ហើយខ្ញុំក៏មានមិត្ដស្រីច្រើនក្នុងពេលតែមួយដែរ។ ទោះជាខ្ញុំមានសិល្បៈ តន្ដ្រី និងអាចធ្វើអ្វីបានតាមចិត្ដក៏ដោយ តែខ្ញុំនៅតែមានទុក្ខកង្វល់
ដដែល។ សូម្បីតែគំនូរដែលខ្ញុំគូក៏បង្កប់នូវភាពភ័យព្រួយដែរ។ តើអនាគតនឹងទៅជាយ៉ាងណា? តើអ្វីជាគោលបំណងក្នុងជីវិត?ទីបំផុត ខ្ញុំបានរកឃើញចម្លើយចំពោះសំណួរដែលខ្ញុំចង់ដឹង ហើយនោះធ្វើឲ្យខ្ញុំកោតស្ងើចណាស់។ ល្ងាចមួយនៅសាលា ខ្ញុំបានអង្គុយជុំគ្នាជាមួយសិស្សមួយក្រុមដែលកំពុងពិភាក្សាគ្នាអំពីអនាគត។ មេនឌី *រៀននៅសាលានោះដែរ ហើយនាងជាសាក្សីព្រះយេហូវ៉ាម្នាក់។ នៅល្ងាចនោះ នាងបានឲ្យយោបល់ល្អមួយដល់ខ្ញុំ នាងនិយាយថា៖ «អាន់ដ្រេអាស សូមពិនិត្យមើលគម្ពីរ បើចង់ដឹងចម្លើយចំពោះសំណួរអំពីជីវិតនិងអនាគត»។
ខ្ញុំមិនសូវជឿប៉ុន្មានទេ ប៉ុន្ដែដោយសារខ្ញុំពិតជាចង់ដឹងយ៉ាងខ្លាំង ដូច្នេះខ្ញុំបានសម្រេចចិត្ដពិនិត្យមើលគម្ពីរដើម្បីរកចម្លើយ។ មេនឌីបានប្រាប់ខ្ញុំឲ្យមើលសៀវភៅដានីយ៉ែលជំពូកទី២ ហើយអ្វីដែលខ្ញុំបានអានធ្វើឲ្យខ្ញុំកោតស្ងើចជាខ្លាំង។ ទំនាយនេះរៀបរាប់អំពីមហាអំណាចជាបន្ដបន្ទាប់ រហូតដល់សម័យយើង។ មេនឌីបានបង្ហាញខ្ញុំនូវទំនាយឯទៀតក្នុងគម្ពីរស្ដីអំពីអនាគតរបស់យើង។ ទីបំផុត ខ្ញុំបានរកឃើញចម្លើយចំពោះសំណួររបស់ខ្ញុំ! ប៉ុន្ដែ តើអ្នកណាជាអ្នកសរសេរទំនាយទាំងនោះ ហើយតើអ្នកណាអាចប្រាប់អំពីអនាគតយ៉ាងត្រឹមត្រូវបាន? តើនេះមានន័យថាមានព្រះឬ?
របៀបដែលគម្ពីរបានកែប្រែជីវិតរបស់ខ្ញុំ
មេនឌីបានឲ្យខ្ញុំជួបជាមួយនឹងប្ដីប្រពន្ធមួយគូដែលជាសាក្សីព្រះយេហូវ៉ា គឺហូសនិងអេនជីលីកា ពួកគាត់បានជួយខ្ញុំឲ្យយល់គម្ពីរកាន់តែច្រើន។ ខ្ញុំបានកត់សម្គាល់ឃើញថាមានតែសាក្សីព្រះយេហូវ៉ាទេដែលជាអង្គការសាសនាដែលតែងតែប្រើនិងចាប់អារម្មណ៍នឹងនាមរបស់ព្រះ ពោលគឺយេហូវ៉ា។ (ទំនុកតម្កើង ៨៣:១៨; ម៉ាថាយ ៦:៩) ខ្ញុំបានរៀនថាព្រះយេហូវ៉ាបានផ្ដល់ឲ្យមនុស្សមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅលើផែនដីដែលជាសួនឧទ្យាន។ ទំនុកតម្កើង ៣៧:៩ ចែងថា៖ «អស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក»។ នេះបង្ហាញថាសេចក្ដីសង្ឃឹមនេះគឺសម្រាប់អស់អ្នកដែលព្យាយាមប្រព្រឹត្ដតាមខ្នាតតម្រារបស់ព្រះ ដែលមាននៅក្នុងគម្ពីរ។
ប៉ុន្ដែ ខ្ញុំនៅតែពិបាកកែប្រែរបៀបរស់នៅរបស់ខ្ញុំឲ្យស្របតាមគម្ពីរ។ ខ្ញុំគឺជាតន្ដ្រីករម្នាក់ដែលមានភាពជោគជ័យ ដោយហេតុនោះខ្ញុំបានទៅជាមនុស្សមានអំណួត ដូច្នេះដំបូងខ្ញុំត្រូវរៀនឲ្យមានចិត្ដរាបទាបសិន។ ម្យ៉ាងទៀត ខ្ញុំពិបាកលះចោលរបៀបរស់នៅដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ខ្ញុំពិតជាសប្បាយចិត្ដដែលព្រះយេហូវ៉ាបង្ហាញចិត្ដអត់ធ្មត់ មេត្ដាករុណា និងយោគយល់ដល់អស់អ្នកដែលខំព្យាយាមធ្វើតាមអ្វីដែលខ្លួនបានរៀនពីគម្ពីរ។
របបកុម្មុយនីស្ដនិងទស្សនៈថាគ្មានព្រះបានមានឥទ្ធិពលមកលើខ្ញុំអស់រយៈពេល១៨ឆ្នាំ។ ប៉ុន្ដែពេលខ្ញុំបានរៀនគម្ពីរ ជីវិតរបស់ខ្ញុំបានកែប្រែចាប់តាំងពីពេលនោះមក។ អ្វីដែលខ្ញុំបានរៀនពីគម្ពីរធ្វើឲ្យខ្ញុំមិនសូវមានការព្រួយបារម្ភអំពីអនាគត ហើយធ្វើឲ្យខ្ញុំមានគោលបំណងក្នុងជីវិត។ នៅឆ្នាំ១៩៩៣ ខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ា ហើយនៅឆ្នាំ២០០០ ខ្ញុំបានរៀបការជាមួយនឹងតាប៊ីថាដែលជាសាក្សីដ៏ខ្នះខ្នែងម្នាក់។ យើងខំប្រឹងចំណាយពេលជាច្រើនដើម្បីជួយមនុស្សឯទៀតឲ្យរៀនគម្ពីរ។ យើងជួបមនុស្សជាច្រើនដែលមានប្រវត្ដិដូចខ្ញុំ គឺមនុស្សដែលមានទស្សនៈថាគ្មានព្រះ និងដែលទទួលឥទ្ធិពលពីរបបកុម្មុយនីស្ដ។ ពេលខ្ញុំជួយពួកគេឲ្យស្គាល់ព្រះយេហូវ៉ា នោះធ្វើឲ្យខ្ញុំស្កប់ចិត្ដក្រៃលែង។
ប្រយោជន៍ដែលខ្ញុំបានទទួល
ពេលខ្ញុំចាប់ផ្ដើមរៀនគម្ពីរជាមួយនឹងសាក្សីព្រះយេហូវ៉ា ឪពុកម្ដាយរបស់ខ្ញុំបានខឹង។ ក៏ប៉ុន្ដែក្រោយមក ពួកគាត់បានឃើញថាសាក្សីព្រះយេហូវ៉ាមានឥទ្ធិពលល្អមកលើជីវិតខ្ញុំ។ ខ្ញុំរីករាយណាស់ ដោយសារឥឡូវពួកគាត់អានគម្ពីរ ហើយចូលរួមកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ា។
ខ្ញុំនិងតាប៊ីថាមានចំណងអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល ដោយសារយើងព្យាយាមធ្វើតាមយ៉ាងដិតដល់នូវឱវាទក្នុងគម្ពីរសម្រាប់ប្ដីប្រពន្ធ។ ជាឧទាហរណ៍ ការធ្វើតាមឱវាទស្ដីអំពីការរក្សាភាពស្មោះត្រង់ជាប្ដីប្រពន្ធបានជួយពង្រឹងចំណងអាពាហ៍ពិពាហ៍របស់យើង។—ហេប្រឺ ១៣:៤
ខ្ញុំលែងភ័យខ្លាចក្នុងជីវិត និងលែងព្រួយបារម្ភអំពីអនាគត។ ខ្ញុំបានទៅជាសមាជិកក្នុងចំណោមបងប្អូនរួមជំនឿទូទាំងពិភពលោក ដែលប្រៀបដូចជាក្រុមគ្រួសារដ៏ធំមួយ។ ក្រុមគ្រួសារនេះមានសេចក្ដីសុខសាន្ដនិងសាមគ្គីភាពពិតប្រាកដ។ ម្យ៉ាងទៀត ក្នុងក្រុមគ្រួសារនេះ យើងប្រព្រឹត្ដដោយស្មើភាពចំពោះគ្នា។ នេះជាអ្វីដែលខ្ញុំជឿនិងចង់បានយូរមកហើយ។
^ វគ្គ 12 ឈ្មោះបានត្រូវផ្លាស់ប្ដូរ។