តើការអប់រំនិងលុយអាចធានាថាអ្នកនឹងមានអនាគតដ៏ល្អប្រសើរទេ?
មនុស្សជាច្រើនគិតថា អ្នកដែលបានទទួលការអប់រំខ្ពស់ ហើយជាអ្នកមាន នឹងមានអនាគតដ៏ល្អប្រសើរ។ ពួកគេជឿថា បើពួកគេទទួលការអប់រំពីសាកលវិទ្យាល័យ នោះអាចជួយពួកគេឲ្យទៅជាអ្នកធ្វើការល្អ មេគ្រួសារល្អ និងប្រជាពលរដ្ឋល្អ។ ពួកគេក៏គិតថា ការទទួលការអប់រំល្អនឹងនាំឲ្យពួកគេទទួលការងារដែលមានប្រាក់ខែខ្ពស់ ហើយនោះនឹងនាំឲ្យពួកគេមានជីវិតសប្បាយរីករាយ។
ជម្រើសរបស់មនុស្សជាច្រើន
សូមពិចារណាពាក្យសម្ដីរបស់ហ្សាង ជិន ដែលមកពីប្រទេសចិន។ គាត់រៀបរាប់ថា៖ «ខ្ញុំជឿថាខ្ញុំត្រូវការសញ្ញាប័ត្រសាកលវិទ្យាល័យដើម្បីខ្ញុំអាចចាកចេញពីភាពក្រីក្រ ហើយទទួលការងារដែលមានប្រាក់ខែខ្ពស់ ហើយនេះនឹងធានាថាខ្ញុំនឹងទទួលបានជីវិតដែលជោគជ័យ»។
ដើម្បីបានជីវិតល្អ មនុស្សជាច្រើនពិតជាចង់រៀននៅសាកលវិទ្យាល័យល្បីៗដូចជានៅក្រៅប្រទេស។ មនុស្សជាច្រើនបានធ្វើដូច្នេះរហូតដល់មានជំងឺកូវីដ-១៩ ដែលបណ្ដាលឲ្យមានការពិបាកចំពោះការធ្វើដំណើរទៅប្រទេសក្រៅ។ យោងទៅតាមសេចក្ដីរាយការណ៍នៅឆ្នាំ២០១២របស់អង្គការសម្រាប់សហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចបានរៀបរាប់ឲ្យដឹងថា៖ «ក្នុងចំណោមមនុស្សដែលចេញទៅរៀននៅក្រៅប្រទេស មាន៥២ភាគរយជាជនជាតិអាស៊ី»។
ឪពុកម្ដាយតែងតែធ្វើការលះបង់ជាច្រើនដើម្បីឲ្យកូនពួកគេទៅរៀននៅសាកលវិទ្យាល័យក្រៅប្រទេស។ ឈីសៀង មកពីប្រទេសតៃវ៉ាន់បានរៀបរាប់ថា៖ «ឪពុកម្ដាយខ្ញុំមិនមែនជាអ្នកមានទេ ប៉ុន្តែពួកគាត់បានបញ្ជូនបងប្អូនយើងទាំងបួននាក់ឲ្យទៅរៀននៅសាកលវិទ្យាល័យក្នុងសហរដ្ឋអាម៉េរិក»។ ដើម្បីធ្វើដូច្នេះ ក្រុមគ្រួសាររបស់គាត់ក៏ដូចជាក្រុមគ្រួសារដទៃទៀតដែរគឺត្រូវជំពាក់បំណុលគេ។
តើមានលទ្ធផលអ្វី?
ការអប់រំអាចជួយឲ្យយើងមានជីវិតល្អប្រសើរតាមរបៀបមួយចំនួន ប៉ុន្តែវាមិនបានផ្ដល់លទ្ធផលដូចអ្វីដែលយើងបានរំពឹងទុកនោះទេ។ ជាឧទាហរណ៍ ក្រោយពីខំប្រឹងយ៉ាងនឿយហត់អស់ជាច្រើនឆ្នាំហើយត្រូវខ្ចីលុយយ៉ាងច្រើនដើម្បីបង់ថ្លៃសាលា មនុស្សជាច្រើនមិនអាចស្វែងរកការងារដែលពួកគេចង់បាននោះទេ។ យោងទៅតាមសេចក្ដីរាយការណ៍របស់រ៉ាជែល មួ ក្នុងកាសែតដ៏ល្បីមួយនៅប្រទេសសិង្ហបុរីបានឲ្យដឹងថា៖ «អ្នកដែលបញ្ចប់ការសិក្សាហើយគ្មានការងារធ្វើ កំពុងតែកើនឡើង»។ (Business Times) ចៀន ជី ដែលរស់នៅប្រទេសតៃវ៉ាន់ជាបុគ្គលម្នាក់ដែលបានបញ្ចប់ការសិក្សាផ្នែកបណ្ឌិតបានរៀបរាប់ថា៖ «មនុស្សជាច្រើនមិនអាចមានការងារដែលស្របនឹងវិជ្ជាជីវៈរបស់ពួកគេក្រោយពេលពួកគេបញ្ចប់ការសិក្សាទេ»។
ទោះជាមនុស្សខ្លះបានទទួលការងារស្របតាមវិជ្ជាជីវៈរបស់ពួកគេក៏ដោយ ក៏ពួកគេនៅតែយល់ឃើញថា ជីវិតរបស់ពួកគេមិនដូចអ្វីដែលពួកគេបានរំពឹងទុកឡើយ។ ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនៃចក្រភពអង់គ្លេស នីរ៉ាន់ដែលជាជនជាតិថៃបានទទួលការងារដែលស្របតាមវិជ្ជាជីវៈរបស់គាត់។ គាត់បានរៀបរាប់ថា៖ «ដូចអ្វីដែលខ្ញុំបានរំពឹងទុក ការមានសញ្ញាប័ត្រជួយខ្ញុំឲ្យទទួលការងារដែលមានប្រាក់ខែខ្ពស់។ ប៉ុន្តែនេះតម្រូវឲ្យខ្ញុំធ្វើការយ៉ាងនឿយហត់ ហើយធ្វើការច្រើនម៉ោងជាងដើម្បីទទួលប្រាក់ខែខ្ពស់នោះ។ ទោះជាយ៉ាងនោះក៏ដោយ ក្រុមហ៊ុនបានបញ្ឈប់បុគ្គលិកជាច្រើននាក់ ហើយនោះក៏រួមបញ្ចូលខ្ញុំដែរ។ ដូច្នេះ ខ្ញុំយល់ឃើញថាគ្មានការងារណាដែលអាចធានាឲ្យយើងមានអនាគតដ៏ល្អនោះទេ»។
ទោះបីជាមនុស្សដែលមានលុយច្រើនឬអ្នកដែលមើលទៅមានជីវិតល្អក្ដី ពួកគេនៅតែមានបញ្ហាគ្រួសារ បញ្ហាសុខភាព និងការខ្វល់ខ្វាយអំពីលុយកាក់ជាដើម។ កាត់ស៊ូតូស្ស៊ី ដែលមកពីប្រទេសជប៉ុនបានសារភាពថា៖ «ខ្ញុំមានទ្រព្យសម្បត្តិជាច្រើន ប៉ុន្តែខ្ញុំនៅតែមិនសប្បាយ ដោយសារអ្នកឯទៀតច្រណែនខ្ញុំហើយប្រព្រឹត្តមិនល្អមកលើខ្ញុំ»។ ឡាម ជាស្ត្រីម្នាក់ដែលរស់នៅប្រទេសវៀតណាមបាននិយាយថា៖ «ខ្ញុំឃើញថាមនុស្សជាច្រើនព្យាយាមរកការងារដែលមានប្រាក់ខែខ្ពស់ដើម្បីពួកគេអាចមានអនាគតដែលល្អប្រសើរជាង ប៉ុន្តែច្រើនដងពួកគេមានការព្រួយបារម្ភកាន់តែច្រើន ថែមទាំងឈឺ ហើយធ្លាក់ទឹកចិត្តទៀតផង»។
ដូចហ្វ្រេងឃ្លីន មនុស្សជាច្រើនយល់ឃើញថា ក្នុងជីវិតមានអ្វីដែលសំខាន់ជាងការទទួលបានការអប់រំខ្ពស់ និងការមានទ្រព្យសម្បត្តិច្រើនទៅទៀត។ ចំណែកឯមនុស្សខ្លះទៀតជាជាងផ្ដោតអារម្មណ៍ទៅលើទ្រព្យសម្បត្តិ ពួកគេគិតថាដើម្បីមានអនាគតល្អ ពួកគេត្រូវខំព្យាយាមធ្វើជាមនុស្សល្អហើយប្រព្រឹត្តអំពើល្អ។ ប៉ុន្តែតើការធ្វើដូច្នេះនឹងធានាថាពួកគេនឹងមានអនាគតល្អឬទេ? អត្ថបទបន្ទាប់នឹងមានចម្លើយចំពោះសំណួរនេះ។