លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ដី​នឹង​បង្កើត​ផល​ឡើង ហើយ​ព្រះ​ដ៏​ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​នឹង​ប្រទាន​ពរ​មក​យើង​ខ្ញុំ​»។—ទំនុក​តម្កើង ៦៧:៦

អ្នកអាចទទួលពរពីអ្នកបង្កើតរបស់យើងជារៀងរហូត

អ្នកអាចទទួលពរពីអ្នកបង្កើតរបស់យើងជារៀងរហូត

ព្រះ​បាន​សន្យា​ជា​មួយ​នឹង​អាប្រាហាំ​ដែល​ជា​អ្នក​នាំ​សារ​របស់​លោក​ថា កូន​ចៅ​ម្នាក់​របស់​គាត់​នឹង​នាំ​ឲ្យ​«​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​»​ទទួល​ពរ។ (​លោកុប្បត្តិ ២២:១៨​) តើ​កូន​ចៅ​នោះ​ជា​នរណា?

ជាង​២.០០០​ឆ្នាំ​មុន ព្រះ​បាន​ឲ្យ​លោក​យេស៊ូ​មក​ផែនដី លោក​យេស៊ូ​បាន​មក​កើត​ជា​កូន​ចៅ​របស់​អាប្រាហាំ ហើយ​លោក​មាន​អំណាច​ធ្វើ​ការ​អស្ចារ្យ។ ការ​អស្ចារ្យ​ទាំង​នោះ​បញ្ជាក់​ពី​សេចក្ដី​សន្យា​ដែល​ព្រះ​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ​ដែល​ថា គ្រប់​ជាតិ​សាសន៍​នឹង​ទទួល​ពរ​តាម​រយៈ​កូន​ចៅ​របស់​គាត់​ពោល​គឺ​លោក​យេស៊ូ។—កាឡាទី ៣:១៤

ការ​អស្ចារ្យ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​នោះ​ជួយ​យើង​ឲ្យ​ស្គាល់​ថា​លោក​ជា​អ្នក​ដែល​ព្រះ​បាន​ជ្រើស​រើស​ឲ្យ​ពរ​ដល់​មនុស្សជាតិ ហើយ​ការ​អស្ចារ្យ​ទាំង​នោះ​ក៏​បញ្ជាក់​ដែរ​ពី​របៀប​ដែល​ព្រះ​នឹង​ប្រើ​លោក​យេស៊ូ​ឲ្យ​ផ្ដល់​ពរ​ដល់​មនុស្សជាតិ​ជា​រៀង​រហូត។ សូម​កត់​សម្គាល់​ពី​ការ​អស្ចារ្យ​ខ្លះ​របស់​លោក​យេស៊ូ​ដែល​បង្ហាញ​ពី​គុណ​សម្បត្តិ​ខ្លះ​ៗ​របស់​លោក។

ចិត្ត​ស្លូត​បូត លោក​យេស៊ូ​ព្យាបាល​អ្នក​ដែល​ឈឺ។

មាន​ពេល​មួយ អ្នក​កើត​ឃ្លង់​ម្នាក់​បាន​អង្វរ​លោក​យេស៊ូ​ឲ្យ​ធ្វើ​ឲ្យ​គាត់​ជា។ លោក​យេស៊ូ​បាន​ប៉ះ​គាត់​ទាំង​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន!​»​ រំពេច​នោះ ជំងឺ​ឃ្លង់​ក៏​បាន​ជា​បាត់​ទៅ។—ម៉ាកុស ១:៤០​-​៤២

ចិត្ត​ទូលាយ លោក​យេស៊ូ​ផ្ដល់​អាហារ​ឲ្យ​មនុស្ស​ដែល​ឃ្លាន។

លោក​យេស៊ូ​មិន​ចង់​ឲ្យ​មនុស្ស​ឃ្លាន​នោះ​ទេ។ មាន​ប៉ុន្មាន​ដង​ដែល​លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ដើម្បី​ផ្ដល់​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់​ដោយ​មាន​តែ​នំ​ប៉័ង​ប៉ុន្មាន​ដុំ​និង​ត្រី​ពីរ​បី​កន្ទុយ​ប៉ុណ្ណោះ។ (​ម៉ាថាយ ១៤:១៧​-​២១; ១៥:៣២​-​៣៨​) នៅ​មាន​សល់​អាហារ​ជា​ច្រើន ទោះ​ជា​ក្រោយ​ពី​មនុស្ស​ទាំង​អស់​បាន​បរិភោគ​ឆ្អែត​ក៏​ដោយ។

ចិត្ត​អាណិត​អាសូរ លោក​យេស៊ូ​បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។

​«​ចិត្ត​ក្ដួល​អាណិត​»​ជំរុញ​លោក​យេស៊ូ​ឲ្យ​ប្រោស​កូន​ប្រុស​តែ​មួយ​របស់​ស្ត្រី​មេម៉ាយ​ម្នាក់​ឲ្យ​រស់​ឡើង​វិញ ស្ត្រី​មេម៉ាយ​នោះ​គ្មាន​សាច់​ញាតិ​ណា​ដែល​មើល​ថែ​រក្សា​គាត់​ឡើយ គាត់​មាន​តែ​កូន​ប្រុស​ម្នាក់​នេះ​ប៉ុណ្ណោះ។—លូកា ៧:១២​-​១៥