អ្នកបង្កើតដែលប្រកបដោយសេចក្ដីស្រឡាញ់យកចិត្តទុកដាក់ចំពោះយើង
១. លោកធ្វើឲ្យថ្ងៃរះឡើង
តើអ្នកអាចស្រមៃគិតបានទេថា ជីវិតនឹងទៅជាយ៉ាងណាបើគ្មានពន្លឺព្រះអាទិត្យ? ពន្លឺព្រះអាទិត្យផ្ដល់ថាមពលឲ្យរុក្ខជាតិបង្កើតស្លឹក ផ្កា ផ្លែ និងគ្រាប់។ ពន្លឺព្រះអាទិត្យក៏ផ្ដល់លទ្ធភាពឲ្យរុក្ខជាតិទាញយកទឹកពីក្នុងដីតាមរយៈឫសឡើងទៅដល់ស្លឹក ហើយស្លឹកបានបំលែងទឹកទៅក្នុងខ្យល់ ដោយធ្វើឲ្យទឹកទៅជាចំហាយ។
២. លោកធ្វើឲ្យភ្លៀងធ្លាក់
ព្រះបានផ្ដល់ទឹកភ្លៀងឲ្យយើង ហើយដោយសារភ្លៀង ដីអាចបង្កើតអាហារសម្រាប់យើងបរិភោគ។ ព្រះធ្វើឲ្យមានទឹកភ្លៀងធ្លាក់ពីលើមេឃ ឲ្យមានរដូវដែលសម្បូរភោគផល មានអាហារជាបរិបូរ និងធ្វើឲ្យចិត្តរបស់យើងពោរពេញទៅដោយក្ដីរីករាយ។
៣. លោកផ្ដល់អាហារនិងសម្លៀកបំពាក់
ឪពុកជាច្រើនខ្វល់ខ្វាយអំពីការផ្គត់ផ្គង់អាហារនិងសម្លៀកបំពាក់ដល់ក្រុមគ្រួសារ។ តែសូមកត់សម្គាល់អ្វីដែលគម្ពីរចែង៖ «ចូរសង្កេតមើលសត្វស្លាបនៅលើមេឃ ព្រោះវាមិនសាបព្រោះ ច្រូតកាត់ ឬក៏ប្រមូលផលទុកក្នុងជង្រុកឡើយ តែបិតារបស់អ្នករាល់គ្នាដែលស្ថិតនៅស្ថានសួគ៌ផ្ដល់ចំណីឲ្យវា។ តើអ្នកមិនមានតម្លៃជាងសត្វស្លាបទាំងនោះទៅទៀតទេឬ?»។—ម៉ាថាយ ៦:២៥, ២៦
«ចូរទាញយកមេរៀនពីរបៀបដែលផ្កានៅឯវាលដុះឡើង។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែ[ស្ដេច]សាឡូម៉ូនកាលដែលតែងខ្លួនល្អប្រណីតបំផុត ក៏មិនស្មើនឹងផ្កាមួយទងបែបនោះផង។ ម្ល៉ោះហើយ ព្រះតុបតែងរុក្ខជាតិដែលដុះនៅឯវាល . . . បើដូច្នេះ ព្រះនឹងផ្ដល់សម្លៀកបំពាក់លើសជាងនោះទៅទៀតឲ្យអ្នករាល់គ្នា . . . មែនទេ?»។—ម៉ាថាយ ៦:២៨-៣០
ដោយសារព្រះអាចផ្ដល់ឲ្យយើងនូវអាហារនិងសម្លៀកបំពាក់ នោះលោកក៏អាចជួយឲ្យយើងមានអ្វីៗដែលយើងត្រូវការក្នុងជីវិតប្រចាំថ្ងៃដែរ។ បើយើងធ្វើតាមបំណងប្រាថ្នារបស់លោក នោះលោកនឹងផ្ដល់ពរដល់ការខំប្រឹងរបស់យើង ឬលោកអាចជួយយើងឲ្យរកការងារធ្វើដើម្បីយើងអាចទិញអ្វីដែលយើងត្រូវការ។—ម៉ាថាយ ៦:៣២, ៣៣
ពិតណាស់ ពេលយើងរំពឹងគិតអំពីព្រះអាទិត្យ ទឹកភ្លៀង សត្វស្លាបនិងផ្កា យើងមានហេតុត្រឹមត្រូវដែលឲ្យស្រឡាញ់ព្រះជាអ្នកបង្កើតយើង។ អត្ថបទបន្ទាប់នេះ នឹងជួយយើងឲ្យពិចារណាអំពីរបៀបដែលអ្នកបង្កើតទាក់ទងជាមួយនឹងមនុស្សជាតិ។