ពរសម្រាប់អ្នកដែលស្ដាប់បង្គាប់ព្រះ
ម៉ូសេជាអ្នកនាំសាររបស់ព្រះបាននិយាយថា បើយើងស្ដាប់តាមបង្គាប់ព្រះ យើងនឹងទទួលពរពីលោក។ (ចោទិយកថា ១០:១៣; ១១:២៧) យើងស្ដាប់បង្គាប់ព្រះមិនមែនដោយសារយើងខ្លាចលោកដាក់ទោសយើងទេ តែដោយសារគុណសម្បត្តិដ៏ល្អរបស់លោក នេះទើបជំរុញចិត្តយើងឲ្យស្ដាប់បង្គាប់លោក ហើយដោយសារយើងស្រឡាញ់លោក និងចង់ជៀសចេញពីការប្រព្រឹត្តណាដែលនាំឲ្យលោកមិនពេញចិត្ត។ «ពីព្រោះការស្រឡាញ់ព្រះ មានន័យថា យើងកាន់តាមបញ្ញត្ដិរបស់លោក ហើយបញ្ញត្ដិរបស់លោកមិនមែនជាបន្ទុកធ្ងន់ទេ»។—យ៉ូហានទី១ ៥:៣
ប៉ុន្តែតើការស្ដាប់បង្គាប់ព្រះនាំឲ្យយើងទទួលពរយ៉ាងដូចម្ដេច? សូមពិចារណាហេតុផលពីរយ៉ាង។
១. ការស្ដាប់បង្គាប់ព្រះនាំឲ្យយើងមានប្រាជ្ញា
‹ខ្ញុំនេះ គឺយេហូវ៉ា ជាព្រះនៃឯង ជាអ្នកដែលបង្រៀនឲ្យឯងបានទទួលប្រយោជន៍ ហើយក៏នាំឯងទៅក្នុងផ្លូវដែលឯងគួរដើរ›។—អេសាយ ៤៨:១៧
ព្រះយេហូវ៉ាដែលជាអ្នកបង្កើតរបស់យើងស្គាល់យើងច្បាស់ ហើយលោកផ្ដល់ឲ្យយើងនូវការណែនាំដែលយើងត្រូវការ។ បើយើងចង់ទទួលប្រាជ្ញាពីព្រះដើម្បីជួយយើងឲ្យធ្វើការសម្រេចចិត្តល្អ នោះយើងត្រូវសិក្សាគម្ពីរបរិសុទ្ធ ព្រោះក្នុងគម្ពីរមានការណែនាំអំពីអ្វីដែលព្រះចង់ឲ្យយើងធ្វើ ហើយយើងក៏ត្រូវធ្វើតាមអ្វីដែលយើងបានរៀនពីគម្ពីរដែរ។
២. ការស្ដាប់បង្គាប់ព្រះនាំឲ្យយើងមានជីវិតសប្បាយ
«អស់អ្នកដែលឮបណ្ដាំរបស់ព្រះហើយធ្វើតាម ទើបមានសុភមង្គល!»។—លូកា ១១:២៨
នៅសព្វថ្ងៃនេះ មនុស្សរាប់លាននាក់ដែលស្ដាប់បង្គាប់ព្រះ ពួកគេមានសុភមង្គលពិតប្រាកដ។ ជាឧទាហរណ៍ សូមគិតអំពីបុរសជនជាតិអេស្ប៉ាញម្នាក់ គាត់ជាមនុស្សឆាប់ខឹង ហើយគាត់ប្រព្រឹត្តចំពោះអ្នកឯទៀតដោយមិនសប្បុរសឡើយ សូម្បីតែជាមួយប្រពន្ធរបស់គាត់ក៏ដោយ។ ថ្ងៃមួយគាត់បានអានអំពីអ្វីដែលម៉ូសេជាអ្នកនាំសារបស់ព្រះបានកត់ទុក ស្ដីអំពីចិត្តសុភាពស្លូតបូតរបស់យ៉ូសែបដែលជាកូនយ៉ាកុប។ យ៉ូសែបបានត្រូវលក់ឲ្យធ្វើជាទាសករនិងបានត្រូវគេចាប់ដាក់គុកដោយអយុត្តិធម៌ ទោះជាយ៉ាងនោះក៏ដោយ គាត់បានរក្សាឲ្យមានចិត្តស្លូតបូត មានសន្តិភាព និងអភ័យទោសចំពោះអ្នកដែលធ្វើខុសនឹងគាត់។ (លោកុប្បត្តិ ជំពូក ៣៧-៤៥) បុរសជនជាតិអេស្ប៉ាញនោះបាននិយាយថា៖ «ដោយគិតអំពីគំរូរបស់យ៉ូសែប នេះបានជំរុញចិត្តខ្ញុំឲ្យបណ្ដុះគុណសម្បត្តិដូចជា ចិត្តស្លូតបូត ចិត្តសប្បុរស និងការចេះទប់ចិត្ត។ ជាលទ្ធផល ឥឡូវខ្ញុំមានជីវិតសប្បាយ»។
ស្ដីអំពីរបៀបប្រព្រឹត្តចំពោះអ្នកឯទៀត គម្ពីរបរិសុទ្ធក៏មានការណែនាំថែមទៀតដែរ។ សូមពិចារណាអំពីរឿងនេះនៅអត្ថបទបន្ទាប់។