តើព្រះចាប់អារម្មណ៍នឹងអ្នកឬទេ?
តើអ្វីៗដែលព្រះបានបង្កើតបង្រៀនយើងយ៉ាងណា?
មួយម៉ោងដំបូងក្រោយពីទារកកើតមក គឺសំខាន់ណាស់ឲ្យម្ដាយមានទំនាក់ទំនងជិតស្និទ្ធជាមួយកូនរបស់គាត់។ ហេតុអ្វី? ពីព្រោះពេលម្ដាយធ្វើដូច្នេះ នោះជួយដល់ការលូតលាស់និងការរីកចម្រើនរបស់កូន។ *
តើអ្វីជំរុញម្ដាយឲ្យយកចិត្តទុកដាក់និងថ្នាក់ថ្នមចំពោះកូនដែលទើបនឹងកើតរបស់គាត់? យោងទៅតាមសៀវភៅមួយ អ្នកជំនាញម្នាក់ឈ្មោះជឺណេត ក្រេនហ្សូ ពន្យល់ថា អ័រម៉ូនមួយប្រភេទកើនឡើង«ក្រោយពីម្ដាយប៉ះ សម្លឹងមើល និងបំបៅកូនរបស់គាត់ដែលទើបនឹងកើត អ័រម៉ូននេះបង្កើនភាពកក់ក្ដៅជាម្ដាយ»។ (The Journal of Perinatal Education) នៅដំណាលគ្នានោះ អ័រម៉ូនមួយទៀតក៏បានកើតឡើងដែរ អ័រម៉ូននេះ«ជួយម្ដាយឲ្យមានអារម្មណ៍ជិតស្និទ្ធជាមួយកូនរបស់គាត់» ហើយធ្វើឲ្យអារម្មណ៍នោះកាន់តែខ្លាំងឡើងចំពោះកូនរបស់គាត់។ ហេតុអ្វីនេះសំខាន់ម្ល៉េះ?
អារម្មណ៍ជិតស្និទ្ធរវាងម្ដាយនិងទារកគឺមកពីអ្នកបង្កើតរបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ គឺព្រះយេហូវ៉ា។ * ស្ដេចដាវីឌបានលើកសរសើរព្រះដែលធ្វើឲ្យគាត់មានអារម្មណ៍សុវត្ថិភាពក្នុងពោះម្ដាយគាត់ ហើយយកគាត់«ចេញពីក្នុងផ្ទៃម្ដាយ»។ គាត់បានអធិដ្ឋានថា៖ «ខ្ញុំបានត្រូវផ្ញើឲ្យលោកថែរក្សា តាំងពីខ្ញុំកើតមក តាំងពីក្នុងផ្ទៃម្ដាយ លោកជាព្រះរបស់ខ្ញុំ»។—ចម្រៀងសរសើរព្រះ ២២:៩, ១០
សូមពិចារណា: បើព្រះបានបង្កើតអ័រម៉ូនដ៏សាំញ៉ាំបែបនេះ ដើម្បីធ្វើឲ្យប្រាកដថាម្ដាយនឹងថែរក្សាទារករបស់គាត់យ៉ាងថ្នាក់ថ្នម និងបំពេញសេចក្ដីត្រូវការរបស់ទារកនោះ ដូច្នេះគឺសមហេតុផលដែលព្រះក៏យកចិត្តទុកដាក់នឹងយើងម្នាក់ៗដែលជា«កូនរបស់ព្រះ»ដែរ មែនទេ?—សកម្មភាព ១៧:២៩
តើគម្ពីរបង្រៀនអ្វីខ្លះដែលឲ្យយើងដឹងថាព្រះយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះយើង?
លោកយេស៊ូគ្រិស្តដែលស្គាល់អ្នកបង្កើតច្បាស់ជាងអ្នកណាទាំងអស់ បានបង្រៀនថា៖ «គេលក់ចាបពូកពីរក្បាលថ្លៃមួយសេន មែនទេ? ប៉ុន្តែ គ្មានចាបពូកណាមួយធ្លាក់ដល់ដី ដែលបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌មិនជ្រាបឡើយ។ សូម្បីតែចំនួនសរសៃសក់នៅលើក្បាលអ្នករាល់គ្នា ក៏លោកជ្រាបដែរ។ ដូច្នេះ កុំខ្លាចឡើយ ព្រោះអ្នករាល់គ្នាមានតម្លៃជាងចាបពូកជាច្រើនទៅទៀត»។—ម៉ាថាយ ១០:២៩-៣១
តើអ្នកចាប់អារម្មណ៍នឹងសត្វចាបតូចៗទាំងអស់ដែលអ្នកឃើញទេ? ប្រហែលមិនមែនទេ។ ពេលដែលសត្វចាបតូចមួយធ្លាក់ដល់ដី អ្នកក៏ប្រហែលជាមិនចាប់អារម្មណ៍ដែរ។ ប៉ុន្តែ បិតារបស់យើងដែលនៅស្ថានសួគ៌ចាប់អារម្មណ៍នឹងចាបនីមួយៗ។ ទោះជាយ៉ាងនេះក្ដី សម្រាប់លោក មនុស្សម្នាក់មានតម្លៃខ្លាំងជាងចាបជាច្រើនក្បាលទៅទៀត! ដូច្នេះ មេរៀនគឺច្បាស់ណាស់: អ្នកមិនគួរ«ខ្លាច»ថាព្រះមិនចាប់អារម្មណ៍នឹងអ្នកនោះទេ។ ផ្ទុយទៅវិញ លោកយកចិត្តទុកដាក់នឹងអ្នកខ្លាំងណាស់!
ព្រះចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់យើង និងរមែងគិតអំពីយើង
បទគម្ពីរពង្រឹងទំនុកចិត្តយើង
-
«ភ្នែករបស់ព្រះយេហូវ៉ាឃើញគ្រប់ទីកន្លែង លោកសង្កេតមើលទាំងមនុស្សល្អទាំងមនុស្សអាក្រក់»។—សុភាសិត ១៥:៣
-
«ភ្នែករបស់ព្រះយេហូវ៉ាគន់មើលមនុស្សសុចរិត ត្រចៀករបស់លោកស្ដាប់ ពេលពួកគេស្រែកសុំលោកឲ្យជួយ»។—ចម្រៀងសរសើរព្រះ ៣៤:១៥
-
«ខ្ញុំនឹងត្រេកអរជាខ្លាំង ដោយសារលោកមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ លោកបានឃើញទុក្ខវេទនារបស់ខ្ញុំ ហើយលោកដឹងច្បាស់ថាខ្ញុំគ្រាំគ្រាចិត្តខ្លាំងណាស់»។—ចម្រៀងសរសើរព្រះ ៣១:៧
«ខ្ញុំមានអារម្មណ៍ថា ព្រះយេហូវ៉ាមិនស្រឡាញ់ខ្ញុំទេ»
តើការដឹងថាព្រះចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់យើង និងរមែងគិតអំពីយើង អាចធ្វើឲ្យជីវិតយើងប្រសើរជាងឬទេ? ប្រាកដជាអាច! យើងដឹងដូច្នេះតាមរយៈបទពិសោធន៍របស់ហាណា * ដែលមកពីប្រទេសអង់គ្លេស។ នាងរៀបរាប់ថា៖
«ជាច្រើនដង ខ្ញុំមានអារម្មណ៍ថាព្រះយេហូវ៉ាមិនស្រឡាញ់ខ្ញុំទេ ហើយថាសេចក្ដីអធិដ្ឋានរបស់ខ្ញុំក៏មិនទទួលចម្លើយដែរ។ ខ្ញុំគិតថានេះមកពីខ្ញុំខ្លួនឯងគ្មានជំនឿ។ ហេតុនេះហើយបានជាខ្ញុំមានអារម្មណ៍ថាលោកកំពុងដាក់ទោសខ្ញុំ ឬមិនស្ដាប់ខ្ញុំ ដោយសារខ្ញុំជាមនុស្សមិនសំខាន់។ ខ្ញុំគិតថាព្រះមិនខ្វល់ទេ»។
ហាណាធ្លាប់សង្ស័យថាព្រះយេហូវ៉ាមិនស្រឡាញ់និងមិនយកចិត្តទុកដាក់ចំពោះគាត់ទេ។ ក៏ប៉ុន្តែ ពេលនេះនាងលែងសង្ស័យទៀតហើយ។ តើអ្វីធ្វើឲ្យអារម្មណ៍របស់នាងផ្លាស់ប្ដូរ? នាងពន្យល់ថា៖ «ខ្ញុំផ្លាស់ប្ដូរអារម្មណ៍បន្តិចម្ដងៗ។ ខ្ញុំនឹកចាំសុន្ទរកថាមួយច្រើនឆ្នាំមុនដែលមានមូលដ្ឋានលើគម្ពីរ ស្ដីអំពីគ្រឿងបូជាលោះរបស់លោកយេស៊ូ។ សុន្ទរកថានោះមានឥទ្ធិពលយ៉ាងខ្លាំងមកលើខ្ញុំ ហើយជួយខ្ញុំឲ្យមានទំនុកចិត្តទៅលើសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។ ម្យ៉ាងទៀត ពេលសេចក្ដីអធិដ្ឋានខ្ញុំទទួលចម្លើយ ខ្ញុំច្រើនតែស្រក់ទឹកភ្នែក ដោយសារខ្ញុំឃើញថាតាមពិតព្រះយេហូវ៉ាគឺស្រឡាញ់ខ្ញុំ។ ណាមួយទៀត តាមរយៈការសិក្សាគម្ពីរនិងការចូលរួមកិច្ចប្រជុំគ្រិស្តសាសនិក ខ្ញុំរៀនថែមទៀតអំពីព្រះយេហូវ៉ា បុគ្គលិកលក្ខណៈរបស់លោក និងអារម្មណ៍របស់លោកចំពោះយើង។ ឥឡូវ ខ្ញុំឃើញច្បាស់ថាព្រះយេហូវ៉ាគាំទ្រនិងស្រឡាញ់យើងគ្រប់គ្នា ហើយមានបំណងចង់ថែរក្សាយើងម្នាក់ៗ»។
ពាក្យសម្ដីរបស់ហាណាលើកទឹកចិត្តណាស់! តែតើតាមរបៀបណាអ្នកអាចប្រាកដថាព្រះយល់និងចាំអំពីអារម្មណ៍របស់អ្នក? អត្ថបទបន្ទាប់នឹងពិចារណាអំពីសំណួរនេះ។
^ វគ្គ 3 ម្ដាយខ្លះដែលមានជំងឺផ្លូវចិត្តប្រហែលជាពិបាកមានអារម្មណ៍ជិតស្និទ្ធនិងកក់ក្ដៅចំពោះកូនរបស់ពួកគាត់។ ក៏ប៉ុន្តែ ពួកគាត់មិនគួរមានអារម្មណ៍បន្ទោសខ្លួនឡើយ។ យោងទៅតាមស្ថាប័នជាតិសុខភាពផ្លូវចិត្តនៅសហរដ្ឋអាម៉េរិក ជំងឺផ្លូវចិត្តមិនមែនកើតឡើងដោយសារតែអ្វីដែលម្ដាយធ្វើឬមិនធ្វើនោះទេ។
^ វគ្គ 5 យេហូវ៉ាគឺជាឈ្មោះរបស់ព្រះដែលមាននៅក្នុងគម្ពីរ។—ចម្រៀងសរសើរព្រះ ៨៣:១៨
^ វគ្គ 15 ឈ្មោះខ្លះដែលមាននៅក្នុងអត្ថបទបន្តបន្ទាប់នេះបានត្រូវផ្លាស់ប្ដូរ។