ចូរចាំយាម!
បរិមាណសត្វព្រៃបានបាត់បង់អស់៧៣ភាគរយក្នុងអំឡុង៥០ឆ្នាំ តើគម្ពីរចែងយ៉ាងណា?
កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ អង្គការមូលនិធិពិភពលោកដើម្បីធម្មជាតិ(WWF) បានរាយការណ៍ថាសកម្មភាពរបស់មនុស្សជាដើមហេតុចម្បងដែលប៉ះពាល់យ៉ាងខ្លាំងទៅលើបរិមាណសត្វព្រៃ។ នេះបង្ហាញថា«ជាង៥០ឆ្នាំកន្លងមកនេះ(ឆ្នាំ១៩៧០-ឆ្នាំ២០២០) បរិមាណសត្វព្រៃបានថយចុះរហូតដល់ទៅ៧៣ភាគរយ»។ របាយការណ៍នេះបានព្រមានថា៖«បើយើងមិនប្រញាប់ចាត់វិធានការក្នុងអំឡុងប្រាំឆ្នាំទៅមុខទៀតទេ នោះជីវិតទាំងឡាយនៅផែនដីនឹងស្រោចស្រង់លែងបានហើយ»។
ហេតុនេះ មនុស្សជាច្រើនបានតក់ស្លុតពេលឮរបាយការណ៍នេះ។ យើងស្រឡាញ់ផែនដីដ៏ស្រស់ស្អាតរបស់យើង ហើយពេលឮថាសត្វព្រៃរងទុក្ខ យើងពិតជាពិបាកចិត្តណាស់។ យើងមានអារម្មណ៍ដូច្នេះ ដោយសារព្រះបានបង្កើតមនុស្សយើងឲ្យស្រឡាញ់និងថែរក្សាសត្វ។—ដើមកំណើត ១:២៧, ២៨; សុភាសិត ១២:១០
ដូច្នេះ អ្នកប្រហែលជាឆ្ងល់ថា‹តើមនុស្សយើងអាចការពារជីវិតសត្វព្រៃបានទេ? តើគម្ពីរចែងយ៉ាងណា?›។
សេចក្ដីសង្ឃឹមនៅថ្ងៃអនាគត
មិនថាយើងខំព្យាយាមយ៉ាងណាក៏ដោយ យើងមិនអាចការពារសត្វព្រៃបានទេ គឺមានតែព្រះប៉ុណ្ណោះដែលអាចការពារពួកវាបាន។ យោងទៅតាមការបើកបង្ហាញ ១១:១៨ គម្ពីរបានប្រកាសទុកជាមុនថាព្រះនឹង«បំផ្លាញពួកអ្នកដែលកំពុងបង្ខូចផែនដី»។ ខនេះបង្រៀនយើងនូវអ្វីពីរយ៉ាង៖
១. ព្រះនឹងបំបាត់ចោលពួកអ្នកដែលបង្ខូចឬបំផ្លិចបំផ្លាញផែនដី។
២. ព្រះនឹងចាត់វិធានការនៅពេលឆាប់ៗខាងមុខ។ ហេតុអ្វីយើងដឹង? ដោយសារសព្វថ្ងៃនេះ គ្រោះថ្នាក់ដែលមនុស្សបង្កឡើងមានកាន់តែខ្លាំងទៅលើសត្វព្រៃជាងពេលណាៗទាំងអស់។
តើព្រះនឹងធ្វើអ្វីដើម្បីដោះស្រាយបញ្ហានេះ? លោកនឹងប្រើរដ្ឋាភិបាលឬរាជាណាចក្ររបស់លោកនៅស្ថានសួគ៌ឲ្យគ្រប់គ្រងលើផែនដីទាំងមូល។ (ម៉ាថាយ ៦:១០) រដ្ឋាភិបាលនេះនឹងផ្ដល់ការអប់រំដល់មនុស្សដែលស្ដាប់បង្គាប់ ហើយបង្ហាត់បង្រៀនពួកគេឲ្យថែរក្សានិងការពារជីវិតសត្វព្រៃនៅផែនដី។—អេសាយ ១១:៩