សៀវភៅសាំយូអែលទី១ ១៥:១-៣៥

  • សុល​មិន​ស្ដាប់​បង្គាប់​ព្រះ​ដោយ​ត្រា​ប្រណី​ដល់​អាកាក់ (​១​-​៩)

  • សាំយូអែល​កែ​តម្រង់​សុល (​១០​-​២៣)

    • «​ការ​ស្ដាប់​បង្គាប់​គឺ​ប្រសើរ​ជាង​ការ​ជូន​គ្រឿង​បូជា​»​ (​២២)

  • ព្រះ​លែង​ឲ្យ​សុល​ធ្វើ​ជា​ស្ដេច​ទៀត (​២៤​-​២៩)

  • សាំយូអែល​សម្លាប់​អាកាក់ (​៣០​-​៣៥)

១៥  សាំយូអែល​បាន​និយាយ​ទៅ​កាន់​សុល​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​រើស​តាំង​អ្នក​ជា​ស្ដេច​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​រាស្ត្រ​របស់​លោក។+ ឥឡូវ សូម​ស្ដាប់​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។+ ២  ព្រះ​យេហូវ៉ា​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌​បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​នឹង​ដាក់​ទោស​ពួក​អាម៉ាលេក ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ដល់​ជន​ជាតិ​អ៊ីស្រាអែល។ ពួក​គេ​បាន​ចេញ​មក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ពេល​កំពុង​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប។+ ៣  ឥឡូវ ចូរ​ទៅ​សម្លាប់​ពួក​អាម៉ាលេក+ ហើយ​បំផ្លាញ​ពួក​គេ​ចោល+ រួម​ទាំង​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​មាន។ កុំ​ត្រា​ប្រណី*ពួក​គេ​ឲ្យ​សោះ។ ទោះ​ជា​ប្រុស ស្រី កូន​ក្មេង ទារក សត្វ​គោ សត្វ​ចៀម សត្វ​អូដ្ឋ និង​សត្វ​លា​ក៏​ដោយ+ អ្នក​ត្រូវ​សម្លាប់​ចោល​ទាំង​អស់›​»។+ ៤  សុល​បាន​កោះ​ហៅ​បណ្ដា​ជន​ឲ្យ​មក ហើយ​រាប់​ចំនួន​ពួក​គេ​នៅ​ថេលែម ឃើញ​ថា​មាន​ពល​ទ័ព​ថ្មើរ​ជើង​ចំនួន​២០០.០០០​នាក់ និង​បុរស​យូដា​ចំនួន​១០.០០០​នាក់។+ ៥  សុល​បាន​ទៅ​ដល់​ក្រុង​របស់​ពួក​អាម៉ាលេក ហើយ​បាន​បង្កប់​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ។ ៦  សុល​បាន​ប្រាប់​ទៅ​ជន​ជាតិ​កែន​ថា​៖+ ​«​ចូរ​ចាក​ចេញ​ពី​ពួក​អាម៉ាលេក ក្រែង​លោ​ខ្ញុំ​សម្លាប់​ទាំង​អ្នក​រាល់​គ្នា​ដែរ+ ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់+ កាល​ដែល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប​»។ ម្ល៉ោះ​ហើយ ជន​ជាតិ​កែន​បាន​ចេញ​ពី​ចំណោម​ពួក​អាម៉ាលេក។ ៧  បន្ទាប់​មក សុល​សម្លាប់​ពួក​អាម៉ាលេក+ ចាប់​ពី​ស្រុក​ហាវីឡា+រហូត​ដល់​ស៊ើ+ដែល​នៅ​ជាប់​នឹង​ស្រុក​អេហ្ស៊ីប។ ៨  សុល​បាន​សម្លាប់​ពួក​អាម៉ាលេក​ចោល​ទាំង​អស់+ តែ​គាត់​មិន​សម្លាប់​អាកាក់+ដែល​ជា​ស្ដេច​ពួក​អាម៉ាលេក​ទេ។ សុល​ចាប់​ស្ដេច​នោះ​ទៅ​ទាំង​រស់។ ៩  សុល​និង​ពួក​ទ័ព​បាន​ត្រា​ប្រណី*អាកាក់ និង​សត្វ​ធាត់​ៗ​ល្អ​បំផុត​ពី​ហ្វូង​សត្វ​ផ្សេង​ៗ មាន​សត្វ​ចៀម សត្វ​គោ សត្វ​ចៀម​ឈ្មោល ព្រម​ទាំង​អ្វី​ល្អ​ៗ​ឯ​ទៀត។+ ប៉ុន្តែ អ្វី​ៗ​ដែល​ពួក​គេ​មិន​ចង់​បាន​និង​គ្មាន​តម្លៃ ពួក​គេ​បំផ្លាញ​ចោល​វិញ។ ១០  រួច​មក ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​សាំយូអែល​ថា​៖ ១១  ​«​ខ្ញុំ​ស្ដាយ​ដែល​បាន​រើស​តាំង​សុល​ឲ្យ​ធ្វើ​ជា​ស្ដេច។ គាត់​បាន​បែរ​ចេញ​ពី​ខ្ញុំ ហើយ​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​ខ្ញុំ​ទេ​»។+ ឮ​ដូច្នេះ សាំយូអែល​ឈឺ​ចិត្ត​ខ្លាំង​ណាស់ ហើយ​គាត់​បាន​អធិដ្ឋាន​អង្វរ​ព្រះ​យេហូវ៉ា​ពេញ​មួយ​យប់។+ ១២  សាំយូអែល​បាន​ក្រោកពីព្រលឹម ធ្វើ​ដំណើរ​ទៅ​ជួប​សុល តែ​គេ​ប្រាប់​សាំយូអែល​ថា​៖ ​«​សុល​បាន​ចេញ​ទៅ​ក្រុង​កើមែល+ ដើម្បី​សង់​បង្គោល​សម្រាប់​រំលឹក​អំពី​ខ្លួន​គាត់។+ រួច​មក គាត់​នឹង​ត្រឡប់​ចុះ​ទៅ​ក្រុង​គីលកាល​វិញ​»។ ១៣  ពេល​សាំយូអែល​បាន​ជួប​សុល នោះ​សុល​និយាយ​ទៅ​គាត់​ថា​៖ ​«​សូម​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​អ្នក។ ខ្ញុំ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​ហើយ​»។ ១៤  ប៉ុន្តែ សាំយូអែល​និយាយ​ថា​៖ ​«​ចុះ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ឮ​សំឡេង​ហ្វូង​គោ​ហ្វូង​ចៀម?​»។+ ១៥  សុល​ឆ្លើយ​ថា​៖ ​«​ពួក​ទាហាន​បាន​យក​សត្វ​ទាំង​នោះ​ពី​ពួក​អាម៉ាលេក ព្រោះ​ពួក​គេ​ចង់​ទុក​ហ្វូង​សត្វ​ល្អ​បំផុត ដើម្បី​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ ប៉ុន្តែ ក្រៅ​ពី​នោះ​យើង​បាន​បំផ្លាញ​ចោល​អស់​ហើយ​»។ ១៦  ភ្លាម​នោះ សាំយូអែល​និយាយ​ទៅ​កាន់​សុល​ថា​៖ ​«​បាន​ហើយ! ខ្ញុំ​ចង់​ប្រាប់​អ្នក​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​ខ្ញុំ​កាល​ពី​យប់​មិញ​»។+ សុល​និយាយ​ថា​៖ ​«​សូម​ប្រាប់​មក!​»។ ១៧  ដូច្នេះ សាំយូអែល​ប្រាប់​ថា​៖ ​«​អ្នក​បាន​ដឹង​ច្បាស់​ហើយ​ថា ព្រះ​យេហូវ៉ា​បាន​រើស​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​ជន​ជាតិ​អ៊ីស្រាអែល+ ហើយ​អ្នក​បាន​ត្រូវ​លើក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ក្នុង​ពេល​ដែល​អ្នក​ចាត់​ទុក​ខ្លួន​ថា​ទន់​ទាប​នៅ​ឡើយ មែន​ទេ?+ ១៨  ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ចាត់​អ្នក​ឲ្យ​បំពេញ​ភារកិច្ច​មួយ ដោយ​ប្រាប់​ថា​៖ ‹ចូរ​ទៅ​សម្លាប់​ពួក​អាម៉ាលេក​ជា​ពួក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង+ ហើយ​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សាប​សូន្យ​ទៅ›។+ ១៩  ប៉ុន្តែ ហេតុ​អ្វី​អ្នក​មិន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា? អ្នក​បាន​ស្ទុះ​ទៅ​ចាប់​យក​ជ័យភណ្ឌ​ដោយ​ចិត្ត​លោភ​លន់+ ទោះ​ជា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ក៏​ដោយ!​»។ ២០  សុល​និយាយ​ទៅ​សាំយូអែល​ថា​៖ ​«​តែ​ខ្ញុំ​បាន​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ហើយ! ខ្ញុំ​បាន​បំពេញ​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ធ្វើ ហើយ​ខ្ញុំ​បាន​ចាប់​អាកាក់​ជា​ស្ដេច​របស់​ពួក​អាម៉ាលេក ថែម​ទាំង​បាន​សម្លាប់​ចោល​ពួក​អាម៉ាលេក​ទាំង​អស់​ទៀត​ផង។+ ២១  ប៉ុន្តែ ពួក​ទ័ព​បាន​យក​ចៀម​និង​គោ​ដែល​ល្អ​បំផុត​ពី​ជ័យ​ភណ្ឌ​ដែល​ត្រូវ​បំផ្លាញ​នោះ មក​ជូន​ជា​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នៅ​ក្រុង​គីលកាល​»។+ ២២  រួច​សាំយូអែល​និយាយ​ថា​៖ ​«​តើ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​គ្រឿង​បូជា​ដុត​និង​គ្រឿង​បូជា​ផ្សេង​ទៀត+ ខ្លាំង​ជាង​ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ឬ? ការ​ស្ដាប់​បង្គាប់​គឺ​ប្រសើរ​ជាង​ការ​ជូន​គ្រឿង​បូជា+ ហើយ​ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក៏​ប្រសើរ​ជាង​ការ​ជូន​ខ្លាញ់+នៃ​ចៀម​ឈ្មោល​ដែរ។ ២៣  រីឯ​ការ​រឹង​ទទឹង​គឺ​អាក្រក់+ដូច​ការ​ទស្សន៍​ទាយ+ ហើយ​ការ​ប្រព្រឹត្ត​ដោយ​ព្រហើន*គឺ​អាក្រក់​ដូច​ការ​ប្រើ​វេទមន្ត​និង​ការ​គោរព​បូជា​រូប​ព្រះ។* ដោយ​សារ​អ្នក​បាន​បោះ​បង់​ចោល​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា+ នោះ​លោក​បាន​បោះ​បង់​ចោល​អ្នក ហើយ​លែង​ឲ្យ​អ្នក​ធ្វើ​ជា​ស្ដេច​ទៀត​»។+ ២៤  រួច​សុល​និយាយ​ទៅ​សាំយូអែល​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ ព្រោះ​ខ្ញុំ​បាន​ល្មើស​បញ្ជា​របស់​ព្រះ​យេហូវ៉ា​និង​បញ្ជា​របស់​អ្នក។ ខ្ញុំ​ខ្លាច​ពួក​ទ័ព ដូច្នេះ​ខ្ញុំ​ក៏​ស្ដាប់​តាម​សម្ដី​ពួក​គេ។ ២៥  ឥឡូវ​នេះ សូម​លើក​លែ​ង​ទោស​ឲ្យ​ខ្ញុំ​ផង។ សូម​អ្នក​ត្រឡប់​ទៅ​ជា​មួយ​នឹង​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​លំឱន​កាយ​គោរព​ព្រះ​យេហូវ៉ា​»។+ ២៦  ប៉ុន្តែ សាំយូអែល​និយាយ​ទៅ​សុល​ថា​៖ ​«​ខ្ញុំ​មិន​ត្រឡប់​ទៅ​ជា​មួយ​នឹង​អ្នក​ទេ ព្រោះ​អ្នក​បាន​បោះ​បង់​ចោល​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា។ ដូច្នេះ ព្រះ​យេហូវ៉ា​ក៏​បាន​បោះ​បង់​ចោល​អ្នក ហើយ​លែង​ឲ្យ​អ្នក​បន្ត​ធ្វើ​ជា​ស្ដេច​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត​»។+ ២៧  កាល​ដែល​សាំយូអែល​ហៀបនឹង​ដើរ​ចេញ​ទៅ នោះ​សុល​លូក​ដៃ​ទៅ​ចាប់​ជាយ​អាវ​វែង​របស់​សាំយូអែល ស្រាប់​តែ​ជាយ​អាវ​នោះ​រហែក​ទៅ។ ២៨  សាំយូអែល​និយាយ​ទៅ​សុល​ថា​៖ ​«​នៅ​ថ្ងៃ​នេះ ដូច​អាវ​នេះ​រហែក នោះ​ព្រះ​យេហូវ៉ា​បាន​ដក​ហូត​អំណាច​ពី​អ្នក លែង​ឲ្យ​អ្នក​គ្រប់​គ្រង​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល​ទៀត។ រួច​លោក​នឹង​ប្រគល់​អំណាច​ជា​ស្ដេច​ឲ្យ​បុរស​ម្នាក់​ទៀត​ដែល​ល្អ​ជាង​អ្នក។+ ២៩  ព្រះ​ដ៏​ឧត្តុង្គឧត្តម​នៃ​ជន​ជាតិ​អ៊ីស្រាអែល+នឹង​មិន​កុហក+ ឬ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត*ទេ ពី​ព្រោះ​លោក​ខុស​ពី​មនុស្ស លោក​ពុំ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​ឡើយ​»។+ ៣០  នោះ​សុល​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ។ តែ​សូម​មេត្តា​ផ្ដល់​កិត្តិយស​ឲ្យ​ខ្ញុំ​នៅ​ចំពោះ​មុខ​បុរស​ចាស់​ទុំ​នៃ​រាស្ត្រ​របស់​ខ្ញុំ និង​ចំពោះ​មុខ​ជន​ជាតិ​អ៊ីស្រាអែល​ផង។ សូម​ត្រឡប់​ទៅ​ជា​មួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នឹង​លំឱន​កាយ​គោរព​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​អ្នក​»។+ ៣១  ម្ល៉ោះ​ហើយ សាំយូអែល​ក៏​ត្រឡប់​ទៅ​ជា​មួយ​នឹង​សុល ហើយ​សុល​បាន​លំឱន​កាយ​គោរព​ព្រះ​យេហូវ៉ា។ ៣២  រួច​មក សាំយូអែល​និយាយ​ថា​៖ ​«​ចូរ​នាំ​អាកាក់​ស្ដេច​អាម៉ាលេក​មក​ជួប​ខ្ញុំ​»។ អាកាក់​ចេញ​មក​ជួប​សាំយូអែល​ដោយ​ចិត្ត​ស្ទាក់​ស្ទើរ* ព្រោះ​អាកាក់​ធ្លាប់​គិត​ថា​៖ ‹ខ្ញុំ​ច្បាស់​ជា​បាន​រួច​ពី​ស្លាប់​ហើយ›។ ៣៣  ប៉ុន្តែ សាំយូអែល​និយាយ​ថា​៖ ​«​ដូច​អ្នក​បាន​ធ្វើ​ឲ្យ​ពួក​ស្ត្រី​ត្រូវ​សោកសង្រេង​ដោយ​សារ​ការ​ព្រាត់​ប្រាស​កូន នោះ​ម្ដាយ​របស់​អ្នក​ក៏​នឹង​ត្រូវ​សោកសង្រេង​ខ្លាំង​ជាង​ពួក​គេ​ទៅ​ទៀត ដោយ​សារ​ការ​ព្រាត់​ប្រាស​កូន​របស់​ខ្លួន​»។ រួច​សាំយូអែល​ក៏​កាប់​អាកាក់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ត្រង់​ក្រុង​គីលកាល។+ ៣៤  បន្ទាប់​មក សាំយូអែល​ត្រឡប់​ទៅ​ក្រុង​រ៉ាម៉ា​វិញ។ រីឯ​សុល​បាន​ត្រឡប់​ទៅ​លំនៅ​របស់​គាត់​នៅ​ឯ​ក្រុង​គីបៀ​វិញ។ ៣៥  សាំយូអែល​កើត​ទុក្ខ​ដោយ​សារ​រឿង​សុល។+ គាត់​លែង​ជួប​សុល​ទៀត រហូត​ដល់​គាត់​ស្លាប់។ ចំណែក​ព្រះ​យេហូវ៉ា​វិញ លោក​ស្ដាយ​ដែល​បាន​រើស​តាំង​សុល​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ជន​ជាតិ​អ៊ីស្រាអែល។+

កំណត់សម្គាល់

ឬ​«​បង្ហាញ​ចិត្ត​មេត្តា​ករុណា​ចំពោះ​»​
ឬ​«​បង្ហាញ​ចិត្ត​មេត្តា​ករុណា​ចំពោះ​»​
ពាក្យ​នេះ​ជា​ភាសា​ហេប្រឺ​សំដៅ​លើ​ការ​ធ្វើ​លើស​ពី​សិទ្ធិ​របស់​ខ្លួន ព្រម​ទាំង​បង្ហាញ​ចិត្ត​ក្លាហាន​តាម​របៀប​មិន​ត្រឹម​ត្រូវ ទាំង​ការ​ប្រព្រឹត្ត​ទាំង​ចិត្ត​គំនិត
ន័យ​ត្រង់​«​រូប​ធេរ៉ាភីម​»​សំដៅ​លើ​រូប​ព្រះ​ក្នុង​ផ្ទះ និង​រូប​សំណាក​ផ្សេង​ៗ​
ឬ​«​ស្ដាយ​ក្រោយ​»​
ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ដោយ​មាន​ទំនុក​ចិត្ត​»​