សំបុត្រទី១ជូនចំពោះធីម៉ូថេ ៥:១-២៥

  • របៀប​ប្រព្រឹត្ត​ចំពោះ​បង​ប្អូន​វ័យ​ក្មេង​និង​បង​ប្អូន​វ័យ​ចាស់ (​១, ២)

  • ការ​ផ្គត់​ផ្គង់​ស្ត្រី​មេម៉ាយ (​៣​-​១៦)

    • ទំនុក​បម្រុង​ក្រុម​គ្រួសារ​របស់​ខ្លួន (​)

  • ចូរ​លើក​កិត្តិយស​ពួក​អ្នក​ចាស់​ទុំ​ដែល​ធ្វើ​ការ​នឿយ​ហត់ (​១៧​-​២៥)

    • ‹ពិសា​ស្រា​បន្តិច​បន្តួច​ដើម្បី​ជួយ​ក្រពះ​អ្នក› (​២៣)

 កុំ​រិះ​គន់​បុរស​វ័យ​ចាស់​ខ្លាំង​ពេក។+ ផ្ទុយ​ទៅ​វិញ ចូរ​និយាយ​ជា​មួយ​នឹង​គាត់ ដូច​និយាយ​ជា​មួយ​នឹង​ឪពុក ហើយ​និយាយ​ជា​មួយ​នឹង​បុរស​វ័យ​ក្មេង ដូច​និយាយ​ជា​មួយ​នឹង​បង​ប្អូន​ប្រុស ២  និយាយ​ជា​មួយ​នឹង​ស្ត្រី​វ័យ​ចាស់ ដូច​និយាយ​ជា​មួយ​នឹង​ម្ដាយ និយាយ​ជា​មួយ​នឹង​ស្ត្រី​វ័យ​ក្មេង ដូច​និយាយ​ជា​មួយ​នឹង​បង​ប្អូន​ស្រី ដោយ​សេចក្ដី​បរិសុទ្ធ​គ្រប់​ជំពូក។ ៣  ចូរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ*ស្ត្រី​មេម៉ាយ​ដែល​ពិត​ជា​ខ្វះ​ខាត។*+ ៤  ប៉ុន្តែ ប្រសិន​បើ​ស្ត្រី​មេម៉ាយ​ណា​មាន​កូន ឬ​មាន​ចៅ ចូរ​ឲ្យ​កូន​ចៅ​ទាំង​នោះ​រៀន​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន​ជា​មុន​សិន+ ហើយ​បន្ត​សង​គុណ​ឪពុក​ម្ដាយ​និង​ជីដូន​ជីតា+ ព្រោះ​ព្រះ​ពេញ​ចិត្ត​នឹង​ការ​នោះ។+ ៥  ឯ​ស្ត្រី​មេម៉ាយ​ដែល​ពិត​ជា​ខ្វះ​ខាត​និង​គ្មាន​ទី​ពឹង នាង​បាន​សង្ឃឹម​លើ​ព្រះ+ ហើយ​អធិដ្ឋាន​និង​អង្វរ​សុំ​ឥត​ឈប់​ទាំង​យប់​ទាំង​ថ្ងៃ។+ ៦  ប៉ុន្តែ ស្ត្រី​មេម៉ាយ​ដែល​ខំ​ស្វែង​រក​ការ​សប្បាយ* គឺ​ប្រៀប​ដូច​ជា​ស្លាប់ ទោះ​ជា​នាង​នៅ​រស់​ក៏​ដោយ។ ៧  ចូរ​បន្ត​ឲ្យ​ពួក​នាង​ធ្វើ​តាម​បង្គាប់*ទាំង​នេះ ដើម្បី​ឲ្យ​ពួក​នាង​គ្មាន​កន្លែង​បន្ទោស។ ៨  ប្រាកដ​ណាស់ ប្រសិន​បើ​មាន​អ្នក​ណា​មិន​ទំនុក​បម្រុង​ពួក​អ្នក​នៅ​ក្នុង​បន្ទុក​ខ្លួន ជា​ពិសេស​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន អ្នក​នោះ​បាន​លះ​បង់​ជំនឿ​ហើយ ក៏​អាក្រក់​ជាង​អ្នក​ដែល​មិន​ជឿ​ទៅ​ទៀត។+ ៩  ស្ត្រី​មេម៉ាយ​ដែល​ត្រូវ​រាប់​បញ្ចូល​ក្នុង​បញ្ជី ត្រូវ​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ ធ្លាប់​មាន​ប្ដី​តែ​មួយ ១០  មាន​សាក្សី​បញ្ជាក់​ថា​នាង​បាន​ធ្វើ​ការ​ល្អ​ដូច​ជា+ បាន​ចិញ្ចឹម​អប់រំ​កូន+ បាន​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់+ បាន​លាង​ជើង​ពួក​អ្នក​បរិសុទ្ធ+ បាន​ជួយ​អ្នក​ដែល​រង​ទុក្ខ​វេទនា+ និង​បាន​ព្យាយាម​ធ្វើ​ការ​ល្អ​គ្រប់​យ៉ាង។ ១១  ក៏​ប៉ុន្តែ មិន​ត្រូវ​រាប់​បញ្ចូល​ស្ត្រី​មេម៉ាយ​វ័យ​ក្មេង​ក្នុង​បញ្ជី​ឡើយ ព្រោះ​ពេល​ដែល​ចំណង់​ផ្លូវ​ភេទ​របស់​ពួក​នាង​រា​រាំង​ពួក​នាង​ក្នុង​ការ​បម្រើ​គ្រិស្ត នោះ​ពួក​នាង​ចង់​រៀប​ការ។ ១២  ម្ល៉ោះ​ហើយ ពួក​នាង​នឹង​ទទួល​ការ​ផ្ដន្ទា​ទោស ដោយ​សារ​ពួក​នាង​មិន​គោរព​តាម​ពាក្យ​ដែល​ពួក​នាង​បាន​សន្យា​ពី​មុន​ស្ដី​អំពី​ជំនឿ។ ១៣  នៅ​ដំណាល​គ្នា​នោះ ពួក​នាង​ក្លាយ​ជា​មនុស្ស​ទម្លាប់​ទំនេរ​ដៃ ហើយ​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​នាង​ក៏​និយាយ​ដើម​គេ ជ្រៀត​ជ្រែក​ក្នុង​រឿងអ្នក​ដទៃ+ ហើយ​និយាយ​អំពី​អ្វី​ដែល​ពួក​នាង​មិន​គួរ​និយាយ។ ១៤  ដូច្នេះ ខ្ញុំ​ចង់ឲ្យ​ស្ត្រីមេម៉ាយ​វ័យ​ក្មេង​រៀប​ការ+ មាន​កូន+ និង​ចាត់​ចែង​កិច្ច​ការ​ផ្ទះ ដើម្បីកុំឲ្យអ្នក​ប្រឆាំង​មាន​ហេតុ​រិះ​គន់។ ១៥  តាម​ពិត មាន​ស្ត្រី​មេម៉ាយ​ខ្លះ​បាន​បែរ​ទៅ​តាម​សាថាន*រួច​ហើយ។ ១៦  ប្រសិន​បើ​ស្ត្រី​ណា​ម្នាក់​ដែល​ជា​អ្នក​ជឿ មាន​សាច់​ញាតិ​ដែល​ជា​ស្ត្រី​មេម៉ាយ ចូរ​ឲ្យ​នាង​ជួយ​ស្ត្រី​មេម៉ាយ​ទាំង​នោះ ហើយ​កុំ​ដាក់​បន្ទុក​លើ​ក្រុម​ជំនុំ។ យ៉ាង​នោះ ក្រុម​ជំនុំ​អាច​ជួយ​ស្ត្រី​មេម៉ាយ​ដែល​ពិត​ជា​ខ្វះ​ខាត។*+ ១៧  ពួក​អ្នក​ចាស់​ទុំ​គួរ​ទទួល​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ+ ចំពោះ​ការ​នាំ​មុខ​យ៉ាង​ល្អ​ប្រសើរ​របស់​ពួក​គាត់+ ជា​ពិសេស​ពួក​គាត់​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​និយាយ​និង​ការ​បង្រៀន​អំពី​បណ្ដាំ​របស់​ព្រះ។+ ១៨  ព្រោះ​បទ​គម្ពីរ​ចែង​ថា​៖ ​«​អ្នក​មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ឈ្មោល ពេល​ដែល​វា​បញ្ជាន់​ស្រូវ​ឡើយ​»​+ ហើយ​«​កម្មករ​សម​នឹង​ទទួល​ថ្លៃ​ឈ្នួល​»។+ ១៩  បើ​មាន​អ្នក​ណា​ចោទ​ប្រកាន់​បុរស​ចាស់​ទុំ* កុំ​ទទួល​ពាក្យ​ចោទ​ប្រកាន់​នោះ​ឲ្យ​សោះ លុះ​ត្រា​តែ​មាន​ការ​បញ្ជាក់​ពី​សាក្សី​ពីរ​ឬ​បី​នាក់​សិន។+ ២០  ចូរ​ប្រដៅ​តម្រង់+ពួក​អ្នក​ដែល​ធ្វើ​ខុស​ជា​ទម្លាប់+ នៅ​មុខ​អស់​អ្នក​ដែល​នៅ​ទី​នោះ ដើម្បី​ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀត។* ២១  នៅ​ចំពោះ​មុខ​ព្រះ​និង​គ្រិស្ត​យេស៊ូ ព្រម​ទាំង​បណ្ដា​ទេវតា​ដែល​លោក​បាន​ជ្រើស​រើស ខ្ញុំ​សុំ​បង្គាប់​អ្នក​ជា​ផ្លូវ​ការ​ឲ្យ​ធ្វើ​តាម​បង្គាប់​ទាំង​នេះ ដោយ​គ្មាន​ចិត្ត​ប្រកាន់​ឬ​ចិត្ត​លម្អៀង​ទាល់​តែ​សោះ។+ ២២  កុំ​ឆាប់​ដាក់​ដៃ​លើ​បុរស​ណា​ម្នាក់​ឡើយ*+ ហើយ​កុំ​រួម​ចំណែក​ក្នុង​អំពើ​ខុស​ឆ្គង*របស់​អ្នក​ឯ​ទៀត។ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​ជា​និច្ច។ ២៣  កុំ​ពិសា​តែ​ទឹក​ប៉ុណ្ណោះ* តែ​ចូរ​ពិសា​ស្រា​បន្តិច​បន្តួច​ផង​ដើម្បី​ជួយ​ក្រពះ​របស់​អ្នក និង​ជួយ​ជំងឺ​ដែល​អ្នក​មាន​ជា​ញឹក​ញយ។ ២៤  ការ​ខុស​ឆ្គង​របស់​មនុស្ស​ខ្លះ​ត្រូវ​ស​ឲ្យ​ឃើញ​ជា​សាធារណៈ ហើយ​នាំ​ឲ្យ​ពួក​គេ​ទទួល​ការ​ផ្ដន្ទា​ទោស​ភ្លាម​ៗ តែ​ការ​ខុស​ឆ្គង​របស់​មនុស្ស​ឯ​ទៀត នឹង​ត្រូវ​ស​ឲ្យ​ឃើញ​នៅ​ពេល​ក្រោយ។+ ២៥  ដូច​គ្នា​ដែរ ការ​ល្អ​ខ្លះ​ត្រូវ​ស​ឲ្យ​ឃើញ​ជា​សាធារណៈ+ ឯ​ការ​ល្អ​ខ្លះ​ទៀត​ដែល​មិន​បាន​ត្រូវ​ស​ឲ្យ​ឃើញ នោះ​មិន​អាច​ត្រូវ​លាក់​រហូត​បាន​ឡើយ។+

កំណត់សម្គាល់

ន័យ​ត្រង់​«​ឲ្យ​កិត្តិយស​ដល់​»​
សំដៅ​លើ​ស្ត្រី​មេម៉ាយ​ដែល​គ្មាន​អ្នក​ទំនុក​បម្រុង
ប្រហែល​ជា​សំដៅ​លើ​ស្ត្រី​ដែល​ខំ​បំពេញ​ចំណង់​ខាង​ផ្លូវ​ភេទ​របស់​ខ្លួន
ឬ​«​បញ្ញត្តិ​»​
ភាសា​ក្រិច​«​សាថាណាស​»​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ឬ​«​សត្រូវ​»​
សំដៅ​លើ​ស្ត្រី​មេម៉ាយ​ដែល​គ្មាន​អ្នក​ទំនុក​បម្រុង
ឬ​«​អ្នក​ចាស់​ទុំ​»​
ន័យ​ត្រង់​«​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​ខ្លាច​»​
សំដៅ​លើ​ការ​ឆាប់​តែង​តាំង​បុរស​ណា​ម្នាក់
សំដៅ​លើ​អ្វី​ក៏​ដោយ​ដែល​មិន​សម​ស្រប​តាម​បុគ្គលិក​លក្ខណៈ ខ្នាត​តម្រា ការ​ប្រព្រឹត្ត ឬ​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​អ្វី​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​ល្អក់​កករ​ដល់​ទំនាក់​ទំនង​ជា​មួយ​នឹង​ព្រះ
ឬ​«​កុំ​ពិសា​ទឹក​ទៀត​»​