សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងថែស្សាឡូនិច ២:១-២០
២ បងប្អូនអើយ អ្នករាល់គ្នាដឹងច្បាស់ថា ការដែលយើងបានមកឯអ្នករាល់គ្នា នោះមិនមែនឥតប្រយោជន៍ទេ។+
២ ព្រោះដូចអ្នករាល់គ្នាដឹងហើយ ទោះជានៅពេលដំបូងយើងបានរងទុក្ខលំបាក និងត្រូវគេប្រព្រឹត្តដោយគ្មានការគោរពមកលើយើងនៅក្រុងភីលីពក៏ដោយ+ យើងបានតាំងចិត្តក្លាហាន*ដោយសារព្រះរបស់យើង ដើម្បីប្រាប់ដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នា+ ទាំងត្រូវប្រឈមមុខនឹងការបៀតបៀនយ៉ាងខ្លាំង។*
៣ ព្រោះការដាស់តឿនរបស់យើង មិនមែនផុសចេញពីគំនិតខុស ឬបំណងចិត្តមិនបរិសុទ្ធ ឬការបោកបញ្ឆោតឡើយ។
៤ ប៉ុន្តែ ព្រះបានពេញចិត្តយើង ដោយប្រគល់កិច្ចការផ្សាយដំណឹងល្អឲ្យយើង។ ដូច្នេះ យើងមិនមែននិយាយដើម្បីឲ្យមនុស្សពេញចិត្តទេ តែដើម្បីឲ្យព្រះពេញចិត្ត គឺព្រះដែលពិនិត្យមើលចិត្តរបស់យើង។+
៥ តាមការពិត អ្នករាល់គ្នាដឹងហើយថា យើងមិនដែលប្រើពាក្យបញ្ជោរ ឬលាក់ពុតដោយលោភចង់បានរបស់ណាមួយឡើយ+ មានព្រះជាសាក្សី!
៦ យើងក៏មិនបានរកកិត្តិយសពីមនុស្សដែរ ទោះជាពីអ្នករាល់គ្នាឬពីអ្នកឯទៀតក្ដី ហើយទោះជាយើងអាចធ្វើឲ្យអ្នករាល់គ្នាចំណាយប្រាក់ច្រើនដោយសារយើងជាសាវ័ក*របស់គ្រិស្តក៏ដោយ តែយើងមិនធ្វើដូច្នោះទេ។+
៧ ផ្ទុយទៅវិញ យើងបានប្រព្រឹត្តដោយស្លូតបូតចំពោះអ្នករាល់គ្នា ដូចម្ដាយដែលបំបៅកូនយ៉ាងថ្នាក់ថ្នមដោយសេចក្ដីស្រឡាញ់។
៨ ដូច្នេះ ដោយមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះអ្នករាល់គ្នា យើងតាំងចិត្ត*ផ្ដល់ឲ្យអ្នករាល់គ្នាមិនត្រឹមតែដំណឹងល្អរបស់ព្រះប៉ុណ្ណោះទេ តែថែមទាំងជីវិត*របស់យើងទៀតផង+ ពីព្រោះយើងស្រឡាញ់អ្នករាល់គ្នាខ្លាំងណាស់។+
៩ បងប្អូនអើយ អ្នករាល់គ្នាប្រាកដជាចាំអំពីការនឿយហត់របស់យើង។ កាលដែលយើងផ្សព្វផ្សាយដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នា យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាណាម្នាក់ត្រូវចំណាយប្រាក់ច្រើនមកលើយើង។+
១០ ព្រះនិងអ្នករាល់គ្នាដែលជាអ្នកជឿ ក៏បានឃើញថាយើងសុចរិត ហើយស្មោះត្រង់ និងគ្មានកន្លែងបន្ទោសក្នុងរបៀបដែលយើងប្រព្រឹត្តចំពោះអ្នករាល់គ្នា។
១១ អ្នករាល់គ្នាដឹងច្បាស់ថា យើងបានព្យាយាមដាស់តឿន និងសម្រាលទុក្ខអ្នករាល់គ្នា ព្រមទាំងលើកទឹកចិត្តអ្នករាល់គ្នាម្នាក់ៗ+ ដូចឪពុក+ប្រព្រឹត្តចំពោះកូន
១២ ដើម្បីឲ្យអ្នករាល់គ្នាបន្តប្រព្រឹត្តឲ្យសមជាអ្នកដែលព្រះ+បានហៅទៅឯរាជាណាចក្រ+និងសិរីរុងរឿងរបស់លោក។+
១៣ ហេតុនេះ យើងអរគុណព្រះជានិច្ច+ ដោយសារពេលដែលអ្នករាល់គ្នាបានឮបណ្ដាំរបស់ព្រះពីយើង អ្នករាល់គ្នាបានទទួលយក មិនមែនទុកជាបណ្ដាំរបស់មនុស្សទេ តែបានទទួលយកទុកជាបណ្ដាំរបស់ព្រះតាមភាពពិតនៃបណ្ដាំនោះ ជាបណ្ដាំដែលកំពុងមានឥទ្ធិពលទៅលើអ្នករាល់គ្នាដែលជាអ្នកជឿ។
១៤ បងប្អូនអើយ អ្នករាល់គ្នាបានធ្វើតាមគំរូនៃក្រុមជំនុំគ្រិស្តសាសនិកនានានៅតំបន់យូឌាដែលជាក្រុមជំនុំរបស់ព្រះ ពីព្រោះអ្នករាល់គ្នាបានរងទុក្ខក្នុងកណ្ដាប់ដៃនៃជនរួមជាតិរបស់ខ្លួន+ ដូចបងប្អូននៅតំបន់យូឌាកំពុងរងទុក្ខក្នុងកណ្ដាប់ដៃនៃជនជាតិយូដា
១៥ ដែលបានសម្លាប់ទាំងលោកម្ចាស់យេស៊ូ+និងពួកអ្នកប្រកាសទំនាយ ហើយក៏បានបៀតបៀនពួកយើងដែរ។+ បន្ថែមទៅទៀត ពួកគេមិនបានធ្វើឲ្យព្រះពេញចិត្តទេ តែពួកគេធ្វើឲ្យមនុស្សទាំងអស់បង់ប្រយោជន៍
១៦ កាលដែលពួកគេខំព្យាយាមឃាត់ឃាំងយើងមិនឲ្យផ្សព្វផ្សាយដល់ជនជាតិដទៃ ដើម្បីកុំឲ្យអ្នកទាំងនោះទទួលសេចក្ដីសង្គ្រោះ។+ តាមរបៀបនេះ ពួកគេបន្តធ្វើអំពើខុសឆ្គង*កាន់តែច្រើនឡើង។ ប៉ុន្តែនៅទីបំផុត ព្រះបញ្ចេញកំហឹងរបស់លោកមកលើពួកគេ។+
១៧ បងប្អូនអើយ ពេលយើងបានត្រូវពង្រាត់ចេញពីអ្នករាល់គ្នាអស់មួយរយៈពេលខ្លី (ឃ្លាតកាយ តែមិនឃ្លាតចិត្ត) នោះយើងបានខំប្រឹងខ្លាំងជាងធម្មតា ដោយសារយើងចង់ជួប*អ្នករាល់គ្នាខ្លាំងណាស់។
១៨ ដោយសារតែយើងចង់មកជួបអ្នករាល់គ្នា ដូច្នេះខ្ញុំ ប៉ូល ខ្ញុំបានព្យាយាមអស់ពីរដង តែសាថាន*បានរារាំងផ្លូវយើង។
១៩ ព្រោះតើអ្នកណាជាសេចក្ដីសង្ឃឹម អំណរ ឬមកុដនៃមោទនភាពរបស់យើងក្នុងអំឡុងវត្តមានរបស់លោកម្ចាស់យេស៊ូ? តើមិនមែនជាអ្នករាល់គ្នាទេឬ?+
២០ ត្រូវហើយ អ្នករាល់គ្នាជាមោទនភាពនិងជាអំណររបស់យើង។
កំណត់សម្គាល់
^ ឬ«ចិត្តអង់អាច»
^ ឬប្រហែលជាមានន័យថា«ដោយខំតស៊ូយ៉ាងខ្លាំង»
^ ភាសាក្រិច«អាប៉ូស្តូឡូស»មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
^ ន័យត្រង់«សប្បាយចិត្ត»
^ មើលនិយមន័យពាក្យ«ជីវិត»
^ សំដៅលើអ្វីក៏ដោយដែលមិនសមស្របតាមបុគ្គលិកលក្ខណៈ ខ្នាតតម្រា ការប្រព្រឹត្ត ឬបំណងប្រាថ្នារបស់ព្រះ ហើយអ្វីក៏ដោយដែលធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងជាមួយនឹងព្រះ
^ ន័យត្រង់«ចង់ឃើញមុខ»
^ ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»