សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស ១៣:១-១៣

  • សេចក្ដី​ស្រឡាញ់​គឺ​សំខាន់​បំផុត (​១​-​១៣)

១៣  ប្រសិន​បើ​ខ្ញុំ​និយាយ​ភាសា​មនុស្ស​និង​ភាសា​ទេវតា តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​គឺ​ដូច​ជា​ឃ្មោះ​ដែល​លាន់​ឮ​ខ្ទរ​ខ្ទារ ឬ​ឆាប​ដែល​ទង្គិច​គ្នា។ ២  ម្យ៉ាង​ទៀត ប្រសិន​បើ​ខ្ញុំ​បាន​អំណោយ​ជា​សមត្ថភាព​ប្រកាស​ទំនាយ ហើយ​ស្គាល់​អាថ៌​កំបាំង​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ​និង​ចំណេះ​ទាំង​អស់+ ហើយ​បើ​ខ្ញុំ​មាន​ជំនឿ​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ភ្នំ​រើ​ចេញ​បាន តែ​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​មិន​ជា​អ្វី​សោះ។*+ ៣  ប្រសិន​បើ​ខ្ញុំ​ឲ្យ​ទ្រព្យ​ទាំង​អស់​របស់​ខ្ញុំ ដើម្បី​ជួយ​អ្នក​ឯ​ទៀត+ ហើយ​ប្រសិន​បើ​ខ្ញុំ​លះ​បង់​ជីវិត​ដើម្បី​ខ្ញុំ​អាច​អួតអាង តែ​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់+ នោះ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ ៤  សេចក្ដី​ស្រឡាញ់+មាន​ចិត្ត​អត់​ធ្មត់+ ហើយ​សប្បុរស។+ សេចក្ដី​ស្រឡាញ់​មិន​ចេះ​ច្រណែន*+ មិន​ចេះ​និយាយ​អួតអាង មិន​ចេះ​ក្រអឺតក្រអោង+ ៥  មិន​ប្រព្រឹត្ត​ឥត​សម​រម្យ*+ មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន+ មិន​ឆាប់​ខឹង+ និង​មិន​ចាំ​ទុក​ក្នុង​ចិត្ត​នូវ​អ្វី​ដែល​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត។*+ ៦  សេចក្ដី​ស្រឡាញ់​មិន​អរ​សប្បាយ​អំពី​អ្វី​ដែល​មិន​សុចរិត​ឡើយ+ តែ​អរ​សប្បាយ​អំពី​សេចក្ដី​ពិត។ ៧  សេចក្ដី​ស្រឡាញ់​អត់​ធន់​នឹង​អ្វី​ៗ​ទាំង​អស់+ ជឿ​អ្វី​ៗ​ទាំង​អស់+ សង្ឃឹម​លើ​អ្វី​ៗ​ទាំង​អស់+ ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់។+ ៨  សេចក្ដី​ស្រឡាញ់​មិន​ចេះ​សាប​សូន្យ*ឡើយ។ ប៉ុន្តែ ទោះ​ជា​បាន​ទទួល​អំណោយ​ជា​សមត្ថភាព​ប្រកាស​ទំនាយ និយាយ​ភាសា​ផ្សេង​ៗ​* ឬ​ទទួល​ចំណេះ​ក៏​ដោយ អ្វី​ៗ​ទាំង​នោះ​នឹង​ត្រូវ​ធ្វើ​ឲ្យ​សាប​សូន្យ​ទៅ។ ៩  ព្រោះ​ចំណេះ​របស់​យើង​គឺ​មិន​ទាន់​សព្វ​គ្រប់+ ហើយ​ទំនាយ​ដែល​យើង​ប្រកាស​ក៏​មិន​ទាន់​សព្វ​គ្រប់​ដែរ ១០  ប៉ុន្តែ កាល​ណា​យើង​មាន​ចំណេះ​សព្វ​គ្រប់ ហើយ​ប្រកាស​ទំនាយ​សព្វ​គ្រប់ នោះ​ចំណេះ​ដែល​មិន​ទាន់​សព្វ​គ្រប់​និង​ទំនាយ​ដែល​មិន​ទាន់​សព្វ​គ្រប់ នឹង​ត្រូវ​ធ្វើ​ឲ្យ​សាប​សូន្យ​ទៅ។ ១១  កាល​ដែល​ខ្ញុំ​នៅ​ជា​កូន​ក្មេង ខ្ញុំ​និយាយ​ដូច​កូន​ក្មេង គិត​ដូច​កូន​ក្មេង និង​វែក​ញែក​ដូច​កូន​ក្មេង តែ​ពេល​ខ្ញុំ​ជា​មនុស្ស​ពេញ​វ័យ ខ្ញុំ​ក៏​បាន​បំបាត់​លក្ខណៈ​ដែល​ដូច​កូន​ក្មេង។ ១២  ព្រោះ​នៅ​ឥឡូវ​នេះ យើង​មើល​ឃើញ​ស្រពិល​ៗ​ដូច​មើល​ក្នុង​ដែក​ឆ្លុះ​មុខ តែ​នៅ​ថ្ងៃ​មុខ​យើង​នឹង​ឃើញ​ច្បាស់។* នៅ​ឥឡូវ​នេះ ខ្ញុំ​មិន​ទាន់​ដឹង​សព្វ​គ្រប់​ទេ តែ​នៅ​ថ្ងៃ​មុខ​ខ្ញុំ​នឹង​ដឹង​ច្បាស់ ដូច​ព្រះ​ស្គាល់​ខ្ញុំ​ច្បាស់​ដែរ។ ១៣  ក៏​ប៉ុន្តែ​ឥឡូវ​នេះ មាន​បី​យ៉ាង​ដែល​នៅ​គង់​វង្ស​គឺ ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្ដី​ស្រឡាញ់ តែ​ក្នុង​ចំណោម​ទាំង​បី​យ៉ាង​នេះ សេចក្ដី​ស្រឡាញ់​គឺ​សំខាន់​បំផុត។+

កំណត់សម្គាល់

ឬ​«​ខ្ញុំ​ឥត​ប្រយោជន៍​សោះ​ឡើយ​»​
ឬ​«​សេចក្ដី​ស្រឡាញ់​មិន​ចេះ​ប្រច័ណ្ឌ​»​
ឬ​«​នូវ​កំហុស​របស់​គេ​»​
ឬ​«​មិន​ឈ្លើយ​»​
ឬ​«​មិន​ដែល​បរាជ័យ​»​
សំដៅ​លើ​ការ​និយាយ​ភាសា​ផ្សេង​ៗ​បាន​ដោយ​ការ​អស្ចារ្យ
ន័យ​ត្រង់​«​នឹង​ទល់​មុខ​គ្នា​»​