លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពាក្យផ្ដើម

គម្ពីរ​បរិសុទ្ធ​ជា​ប្រសាសន៍​របស់​ព្រះ​ដែល​បាន​ត្រូវ​សរសេរ​ដើម្បី​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​យើង​ទាំង​អស់​គ្នា។ ដូច្នេះ យើង​ត្រូវ​សិក្សា​គម្ពីរ​ដើម្បី​ស្គាល់​ព្រះ​ដែល​ជា​អ្នក​និពន្ធ​គម្ពីរ។ (​យ៉ូហាន ១៧:៣; ធីម៉ូថេ​ទី​២ ៣:១៦​) ក្នុង​គម្ពីរ​នេះ ព្រះ​យេហូវ៉ា​ប្រាប់​អំពី​គោល​បំណង​របស់​លោក​សម្រាប់​មនុស្ស និង​សម្រាប់​ផែនដី។—ដើម​កំណើត ៣:១៥; ការ​បើក​បង្ហាញ ២១:៣, ៤

គម្ពីរ​ជា​សៀវភៅ​ដែល​មាន​ឥទ្ធិពល​លើ​ជីវិត​មនុស្ស ខ្លាំង​ជាង​សៀវភៅ​ឯ​ទៀត​ទាំង​អស់។ គម្ពីរ​ជួយ​យើង​ឲ្យ​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់ សេចក្ដី​មេត្តា​ករុណា និង​ចិត្ត​អាណិត​អាសូរ។ គម្ពីរ​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម ហើយ​អាច​ជួយ​មនុស្ស​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​វេទនា​ដ៏​ខ្លាំង​បំផុត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គម្ពីរ​បក​អាក្រាត​អំពី​អ្វី​ៗ​ដែល​មាន​ក្នុង​ពិភព​លោក​នេះ ដែល​មិន​ស្រប​តាម​បំណង​ប្រាថ្នា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ។—ចម្រៀង​សរសើរ​ព្រះ ១១៩:១០៥; ហេប្រឺ ៤:១២; យ៉ូហាន​ទី​១ ២:១៥​-​១៧

ដំបូង គម្ពីរ​បាន​ត្រូវ​សរសេរ​ជា​ភាសា​ហេប្រឺ អេរ៉ាម និង​ក្រិច។ ក្រោយ​មក គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ទាំង​មូល​ឬ​ផ្នែក​ខ្លះ ច្រើន​ជាង​៣.០០០​ភាសា។ រហូត​មក​ដល់​ពេល​នេះ គម្ពីរ​បាន​ត្រូវ​បក​ប្រែ​និង​ចែក​ចាយ​ច្រើន​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ។ នេះ​មិន​មែន​ជា​រឿង​ភ្ញាក់​ផ្អើល​ទេ ព្រោះ​គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ[​ប្រធានបទ​សំខាន់​ក្នុង​គម្ពីរ​]នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែនដី ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​ឡាយ​បាន​ឮ រួច​ទី​បញ្ចប់​នឹង​មក​ដល់​»។—ម៉ាថាយ ២៤:១៤

ពេល​ពិចារណា​អំពី​សារៈ​សំខាន់​នៃ​ព័ត៌មាន​ក្នុង​គម្ពីរ យើង​តាំង​ចិត្ត​ធ្វើ​កំណែ​ថ្មី ដោយ​គោរព​តាម​ឯកសារ​ដើម ហើយ​ក៏​ព្យាយាម​បញ្ជាក់​គំនិត​យ៉ាង​ត្រឹម​ត្រូវ​ដែរ។ កំណែ​ថ្មី​នេះ​មាន​មូលដ្ឋាន​លើ​គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ដែល​បាន​ចេញ​លើក​ដំបូង​ជាង​៦០​ឆ្នាំ​មុន។ ក៏​ប៉ុន្តែ ក្នុង​អំឡុង​៥០​ឆ្នាំ​មក​នេះ ភាសា​អង់គ្លេស​បាន​ផ្លាស់​ប្ដូរ ដូច្នេះ​គណៈ​កម្មាធិការ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​យល់​ឃើញថា ត្រូវ​មាន​កំណែ​ថ្មី​ដែល​ស្រួល​យល់។ យើង​មាន​បំណង​បង្កើត​សេចក្ដី​បក​ប្រែ​នេះ មិន​គ្រាន់​តែ​បក​យ៉ាង​ស្មោះត្រង់​នឹង​អត្ថន័យ​ភាសា​ដើម​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ច្បាស់ និង​ស្រួល​អាន​ដែរ។ នៅ​ផ្នែក​ខាង​ក្រោយ មាន​សេចក្ដី​ពន្យល់​បន្ថែម​ដូច​ជា ​«​គោល​ការណ៍​នៃ​ការ​បក​ប្រែ​គម្ពីរ​»​ ​«​លក្ខណៈ​នៃ​សេចក្ដី​បក​ប្រែ​នេះ​»​ និង​«​របៀប​ដែល​គម្ពីរ​បាន​ត្រូវ​រក្សា​មក​ដល់​យើង​»​ ដែល​ប្រាប់​អំពី​លក្ខណៈ​និង​របៀប​បក​ប្រែ​កំណែ​ថ្មី​នេះ។

អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​គោរព​ប្រណិប័តន៍​លោក ចង់​អាន​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ ដែល​មាន​ការ​បក​ប្រែ​យ៉ាង​ត្រឹម​ត្រូវ និង​ស្រួល​យល់។ (​ធីម៉ូថេ​ទី​១ ២:៤​) ដើម្បី​ធ្វើ​ដូច្នេះ យើង​បាន​បកប្រែ​គម្ពីរ​នេះ​ជា​ភាសា​ខ្មែរ ស្រប​តាម​បំណង​របស់​យើង​ដែល​ចង់​បក​ប្រែ​គម្ពីរ​ជា​ភាសា​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ អ្នក​អាន​ជា​ទី​ស្រឡាញ់ យើង​អធិដ្ឋាន​ហើយ​សង្ឃឹម​ថា គម្ពីរ​បរិសុទ្ធ​នេះនឹង​មាន​ប្រយោជន៍​សម្រាប់​អ្នក កាល​ដែល​អ្នក​ខំ​ព្យាយាម​«​ស្វះ​ស្វែង​រក​លោក នោះ . . . នឹង​រក​លោក​ឃើញ​»។—សកម្មភាព ១៧:២៧

គណៈ​កម្មាធិការ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

ខែសីហា ឆ្នាំ២០១៣