លោតទៅអត្ថបទ

ជំនួយ​សម្រាប់​ក្រុម​គ្រួសារ | ឪពុក​ម្ដាយ

របៀប​សរសើរ​កូន

របៀប​សរសើរ​កូន

ការ​ពិបាក

អ្នក​ខ្លះ​និយាយ​ថា ការ​ឧស្សាហ៍​សរសើរ​កូន​មិន​មែន​ជា​អ្វី​អាក្រក់​ទេ តែ​អ្នក​ខ្លះ​ទៀត​អះអាង​ថា បើ​សរសើរ​កូន​ច្រើន​ពេក នោះ​អាច​ធ្វើ​ឲ្យ​កូន​បាន​ចិត្ត គិត​ថា​ខ្លួន​ធ្វើ​អ្វី​ក៏​ត្រូវ និង​ចូល​ចិត្ត​ធ្វើ​តាម​ទំនើង​ចិត្ត។

ឪពុក​ម្ដាយ​មិន​គ្រាន់​តែ​គិត​ថា​ត្រូវ​សរសើរ​កូន​ច្រើន​ប៉ុណ្ណា​ទេ តែ​គាត់​ក៏​ត្រូវ​គិត​ពិចារណា​ថា ការ​សរសើរ​របស់​គាត់​ជា​ការ​សរសើរ​បែប​ណា​ដែរ។ តើ​ការ​សរសើរ​មួយ​ណា​ដែល​លើក​ទឹក​ចិត្ត​កូន? តើ​ការ​សរសើរ​មួយ​ណា​ដែល​បង្អាក់​ការ​រីក​ចម្រើន​របស់​កូន? ហើយ​តើ​ឪពុក​ម្ដាយ​អាច​សរសើរ​កូន​យ៉ាង​ណា​ដើម្បី​មាន​លទ្ធផល​ល្អ​ដល់​កូន?

អ្វី​ដែល​អ្នក​គួរ​ដឹង

ការ​សរសើរ​ទាំង​អស់​មិន​តែង​តែ​ទទួល​ផល​ដូច​គ្នា​ទេ។ សូម​ពិចារណា​ចំណុច​ដូច​ខាង​ក្រោម​៖

ការ​សរសើរ​ហួស​ហេតុ​ពេក​អាច​ផ្ដល់​ផល​វិបាក។ ឪពុក​ម្ដាយ​ខ្លះ​ចេះ​តែ​សរសើរ​កូន ព្រោះ​ពួក​គេ​គិត​ថា​ការ​ធ្វើ​ដូច្នេះ​ជួយ​កូន​ចេះ​ឲ្យ​តម្លៃ​ចំពោះ​ខ្លួន។ ប៉ុន្តែ លោក​ដាវីឌ វ័ស បាន​រៀប​រាប់​អំពី​ប្អូន​ៗ​វ័យ​ក្មេង​ថា​៖​«​ពួក​គេ​អាច​ដឹង​ថា​ពាក្យ​ណា​ជា​ពាក្យ​សរសើរ​ពិត ពាក្យ​ណា​ជា​ពាក្យ​បញ្ជោរ។ បើ​អ្នក​ចេះ​តែ​សរសើរ​ពួក​គេ​ដោយ​គ្មាន​ហេតុ នោះ​ពួក​គេ​ប្រហែល​ជា​សន្និដ្ឋាន​ថា​អ្នក​ចេះ​តែ​ថា ហើយ​នេះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា​ពួក​គេ​មិន​អាច​ជឿ​ទុក​ចិត្ត​អ្នក​បាន​ទេ​»។ a

ការ​សរសើរ​សមត្ថភាព​កូន​គឺ​ប្រសើរ​ជាង។ ឧបមា​ថា​កូន​ស្រី​របស់​អ្នក​មាន​ទេព​កោសល្យ​ខាង​គំនូរ។ ជា​ការ​ធម្មតា​ទេ​ដែល​អ្នក​ចង់​សរសើរ​នាង​ចំពោះ​ទេព​កោសល្យ​នោះ ព្រោះ​នេះ​នឹង​ជំរុញ​ចិត្ត​នាង​ឲ្យ​គូរ​កាន់​តែ​ស្អាត​ជាង។ ប៉ុន្តែ ការ​សរសើរ​បែប​នោះ​អាច​នាំ​ឲ្យ​មាន​ផល​វិបាក។ ហេតុ​អ្វី? ព្រោះ​ការ​សរសើរ​តែ​ទេព​កោសល្យ​របស់​នាង​ប៉ុណ្ណោះ អាច​នាំ​ឲ្យ​នាង​គិត​ថា​មាន​តែ​ការ​គូរ​គំនូរ​មួយ​ទេ​ដែល​ស្រួល ក្រៅ​ពី​នោះ​សុទ្ធ​តែ​ពិបាក។ នាង​ប្រហែល​ជា​មិន​ចង់​សាក​ធ្វើ​អ្វី​ថ្មី​ៗ ព្រោះ​ខ្លាច​ថា​ធ្វើ​មិន​បាន​ល្អ។ នាង​អាច​គិត​ថា‹ខ្ញុំ​អត់​មាន​ដុង​ខាង​នោះ​ទេ អ៊ីចឹង​ខ្ញុំ​មិន​បាច់​ព្យាយាម​ទេ ព្រោះ​អត់​មាន​ប្រយោជន៍›។

ការ​សរសើរ​ចំពោះ​ការ​ខំ​ព្យាយាម គឺ​ជា​ការ​សរសើរ​ល្អ​បំផុត។ ពេល​ឪពុក​ម្ដាយ​សរសើរ​កូន​ចំពោះ​ការ​ត​ស៊ូ​និង​ការ​ព្យាយាម​ធ្វើ​អ្វី​មួយ មិន​មែន​សរសើរ​ទេព​កោសល្យ​របស់​ពួក​គេ នោះ​នឹង​ជួយ​ពួក​គេ​ឲ្យ​ទទួល​ស្គាល់​ថា​ដើម្បី​សម្រេច​កិច្ច​ការ​ណា​មួយ​ពួក​គេ​ត្រូវ​ចេះ​អត់​ធ្មត់​និង​ខំ​ព្យាយាម។ ពេល​កូន​ដឹង​អំពី​ចំណុច​នេះ​«​ពួក​គេ​នឹង​ខំ​ព្យាយាម​សម្រេច​កិច្ចការ​ដែល​ពួក​គេ​ធ្វើ ដើម្បី​ទទួល​បាន​លទ្ធផល​ជា​ទី​ពេញ​ចិត្ត។ ប៉ុន្តែ ទោះ​ជា​មិន​បាន​លទ្ធផល​ល្អ​ក្ដី ពួក​គេ​មិន​គិត​ថា​ខ្លួន​បរាជ័យ​នោះ​ទេ តែ​ចាត់​ទុក​ថា​នោះ​ជា​បទ​ពិសោធន៍​ថ្មី​»។ ដក​ស្រង់​ពី​សៀវភៅ​Letting Go With Love and Confidence។

អ្វី​ដែល​អ្នក​អាច​ធ្វើ

សរសើរ​ការ​ព្យាយាម មិន​គ្រាន់​តែ​ទេព​កោសល្យ​ទេ។ ពេល​អ្នក​សរសើរ​កូន​ថា​«​ប៉ា​ម៉ាក់​ឃើញ​ថា​កូន​ខំ​ព្យាយាម​គិត​យ៉ាង​ដិត​ដល់​ដើម្បី​គូរ​រូប​ភាព​នេះ​ចេញ​មក​យ៉ាង​ស្រស់​ស្អាត​»​ នោះ​ជា​ពាក្យ​សរសើរ​ដ៏​ល្អ​ជាង​ពាក្យ​ថា​«​កូន​មាន​ដុង​គូរ​គំនូរ​តាំង​ពី​កំណើត​»។ តាម​ពិត ពាក្យ​សម្ដី​ទាំង​ពីរ​នេះ​ជា​ពាក្យ​សរសើរ តែ​ពាក្យ​សម្ដី​ទី​២​អាច​បង្កប់​អត្ថន័យ​ថា​កូន​ខ្ញុំ​មាន​ទេព​កោសល្យ​តែ​មួយ​គត់​គឺ​គូរ​គំនូរ។

ពេល​អ្នក​សរសើរ​ការ​ខំ​ព្យាយាម​របស់​កូន នោះ​អ្នក​បង្រៀន​គាត់​ថា សមត្ថភាព​របស់​គាត់​អាច​រីក​ចម្រើន​បាន បើ​មាន​ការ​ព្យាយាម​អនុវត្ត​ម្ដង​ហើយ​ម្ដង​ទៀត។ ក្រោយ​មក កូន​របស់​អ្នក​ប្រហែល​ជា​ខំ​រៀន​ធ្វើ​អ្វី​មួយ​ថ្មី​ដោយ​មាន​ទំនុក​ចិត្ត។—គោល​ការណ៍​គម្ពីរ​៖ សុភាសិត ១៤:២៣

ជួយ​កូន​កុំ​ឲ្យ​ខក​ចិត្ត​បើ​មាន​ការ​បរាជ័យ។ សូម្បី​តែ​មនុស្ស​ល្អ​ក៏​ចេះ​ធ្វើ​ខុស​ដែរ ហើយ​ប្រហែល​ជា​ធ្វើ​ខុស​ច្រើន​ដង​ទៀត​ផង។ (​សុភាសិត ២៤:១៦​) ប៉ុន្តែ ក្រោយ​ពី​ធ្វើ​ខុស ពួក​គេ​ព្យាយាម​ក្រោក​ឡើង ហើយ​ទាញ​មេ​រៀន​ពី​បទ​ពិសោធន៍​នោះ និង​បន្ត​ទៅ​មុខ​ទៀត។ តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​កូន​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​បែប​នោះ?

គឺ​ដោយ​សរសើរ​ការ​ខំ​ព្យាយាម​របស់​គាត់។ សូម​ពិចារណា​ឧទាហរណ៍​មួយ។ ឧបមា​ថា អ្នក​តែង​តែ​ប្រាប់​កូន​ថា​«​កូន​ឯង​មាន​ដុង​ខាង​គណិត​តាំង​ពី​កំណើត​»​ តែ​ក្រោយ​មក​គាត់​ប្រឡង​គណិត​ធ្លាក់។ គាត់​ប្រហែល​ជា​គិត​ថា​គាត់​លែង​មាន​ដុង​ខាង​គណិត​ទៀត​ហើយ ហើយ​អាច​គិត​ថា​មិន​ចាំ​បាច់​ខំ​រៀន​គណិត​ទៀត​ទេ ព្រោះ​គ្មាន​ប្រយោជន៍​ផង។

ប៉ុន្តែ ពេល​អ្នក​សរសើរ​ការ​ខំ​ព្យាយាម​របស់​កូន អ្នក​ជួយ​គាត់​ឲ្យ​ចេះ​ត​ស៊ូ​និង​អត់​ធ្មត់។ អ្នក​ជួយ​គាត់​ឲ្យ​ចាត់​ទុក​ការ​ធ្លាក់​នោះ ជា​កំហុស​ធម្មតា មិន​មែន​ជា​រឿង​ធ្ងន់​ធ្ងរ​ទេ ហើយ​នេះ​នឹង​ជួយ​គាត់​មិន​ងាយ​ចុះ​ចាញ់ តែ​ខំ​រក​ដំណោះ​ស្រាយ​ផ្សេង​ឬ​ខំ​ព្យាយាម​ថែម​ទៀត។—គោល​ការណ៍​គម្ពីរ​៖ យ៉ាកុប ៣:២

ការ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា។ ពេល​យើង​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា នោះ​នឹង​ជួយ​កូន មិន​មែន​បំបាក់​ទឹក​ចិត្ត​គាត់​ទេ។ បន្ថែម​ទៅ​ទៀត បើ​អ្នក​មាន​ទម្លាប់​សរសើរ​គាត់​តាម​របៀប​ត្រឹម​ត្រូវ នោះ​ពេល​អ្នក​កែ​តម្រង់​គាត់​ចំពោះ​រឿង​ណា​មួយ គាត់​នឹង​ងាយ​ស្រួល​ទទួល​យក​ដើម្បី​រីក​ចម្រើន​ថែម​ទៀត ហើយ​មិន​ខក​ចិត្ត​ទេ​ពេល​គាត់​ធ្វើ​អ្វី​មួយ​មិន​បាន​ល្អ។ ក្រោយ​មក ពេល​គាត់​សម្រេច​អ្វី​មួយ​បាន​ល្អ គាត់​នឹង​មាន​អារម្មណ៍​ស្កប់​ចិត្ត ហើយ​អ្នក​ក៏​សប្បាយ​ចិត្ត​និង​មាន​មោទនភាព​ចំពោះ​គាត់​ដែរ។—គោល​ការណ៍​គម្ពីរ​៖ សុភាសិត ១៣:៤

a ដក​ស្រង់​ពី​សៀវភៅ​No: Why Kids—of All Ages—Need to Hear It and Ways Parents Can Say It.