អត្ថបទអំពីក្របទស្សនាវដ្ដី
ការពិតអំពីបុណ្យហាឡូវីន
តើនៅតំបន់ដែលលោកអ្នករស់នៅគេធ្វើបុណ្យហាឡូវីនទេ? បុណ្យហាឡូវីនគេនិយមធ្វើនៅសហរដ្ឋអាម៉េរិកនិងប្រទេសកាណាដា ហើយគេធ្វើបុណ្យនេះជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣១ ខែតុលា។ យ៉ាងណាមិញ គេឃើញទំនៀមទម្លាប់នៃបុណ្យហាឡូវីននេះ នៅប្រទេសផ្សេងៗទៀតដែរ។ នៅកន្លែងខ្លះ គេធ្វើបុណ្យនោះតាមឈ្មោះផ្សេង តែមានគំនិតស្រដៀងគ្នា គឺទាក់ទងនឹងពិភពវិញ្ញាណ ខ្មោច ព្រាយបិសាច ធ្មប់ អារក្ស និងពួកទេវតាអាក្រក់ជាដើម(សូមមើលប្រអប់« ពិធីបុណ្យស្រដៀងនឹងបុណ្យហាឡូវីន)។
រូបអ្នកផ្ទាល់ប្រហែលជាមិនជឿថាមានពិភពវិញ្ញាណទេ។ ប៉ុន្តែ អ្នកប្រហែលជាចាត់ទុកការចូលរួមបុណ្យហាឡូវីននិងបុណ្យដែលស្រដៀងនឹងនោះ គឺជាឱកាសសប្បាយរីករាយ និងជាវិធីមួយដែលអ្នកអាចបង្រៀនកូនៗរបស់អ្នកឲ្យចេះស្រមៃគិត។ ទោះជាយ៉ាងនោះក៏ដោយ មនុស្សជាច្រើនគិតថាពិធីបុណ្យទាំងនោះអាចមានគ្រោះថ្នាក់ ព្រោះមានមូលហេតុដូចខាងក្រោម៖
១. សព្វវចនាធិប្បាយមួយបានពន្យល់ថា«បុណ្យហាឡូវីនត្រូវគេចាត់ទុកជាឱកាសទាក់ទងពួកវិញ្ញាណ ដែលច្រើនតែគំរាមឬបំភ័យមនុស្ស»។(Encyclopedia of American Folklore)។ (សូមមើលប្រអប់« តារាងពេលដែលគេធ្វើបុណ្យហាឡូវីន»)។ ពិធីបុណ្យជាច្រើនទៀតដែលស្រដៀងនឹងបុណ្យហាឡូវីន គឺមានប្រភពមកពីអ្នកដែលមិនមែនកាន់សាសនាគ្រិស្ត ហើយគេធ្វើបុណ្យទាំងនោះក្នុងគោលបំណងគោរពបូជាជីដូនជីតានិងបុព្វបុរសដែលបានស្លាប់ទៅ។ សូម្បីតែនៅសព្វថ្ងៃនេះ មនុស្សជុំវិញពិភពលោកក៏ជ្រើសយកថ្ងៃទាំងនោះដើម្បីទាក់ទងនឹងអ្វីដែលគេចាត់ទុកថាជាវិញ្ញាណមនុស្សស្លាប់ដែរ។
២. ទោះជាបុណ្យហាឡូវីនគេនិយមធ្វើនៅសហរដ្ឋអាម៉េរិកក្ដី តែពីមួយឆ្នាំទៅមួយឆ្នាំមានប្រទេសកាន់តែច្រើនឡើងៗបានធ្វើបុណ្យនោះដែរ។ ប៉ុន្តែ អ្នកដែលទើបតែធ្វើបុណ្យនេះ មិនដឹងអំពីដើមកំណើតនៃបុណ្យនេះទេ។ នៅពិធីបុណ្យនោះ គេច្រើនតែមានទម្លាប់តុបតែងលម្អផ្ទះសម្បែងឲ្យដូចពិភពវិញ្ញាណ និងតែងខ្លួនឲ្យដូចនឹងពួកខ្មោច ព្រាយ បិសាចជាដើម(សូមមើលប្រអប់« តើបុណ្យហាឡូវីនមានប្រភពមកពីណា?»)។
៣. អ្នកកាន់សាសនាវីកកា(Wicca)រាប់ពាន់រូប ដែលជាអ្នកកាន់តាមទំនៀមទម្លាប់របស់ជនជាតិឃេល(Celtic) នៅតែហៅបុណ្យហាឡូវីនតាមឈ្មោះបុរាណមួយគឺបុណ្យសោអឹន(Samhain)។ ពួកគេចាត់ទុកថ្ងៃបុណ្យនេះជារាត្រីដ៏ពិសិដ្ឋបំផុតក្នុងមួយឆ្នាំ។ គ្រូធ្មប់ម្នាក់បាននិយាយថា៖«អ្នកកាន់សាសនាគ្រិស្ត‹មិនដឹងអំពីប្រភពនៃបុណ្យនេះទេ តែពួកគេធ្វើបុណ្យនេះជាមួយយើងដែរ។ . . . យើងសប្បាយណាស់›»(ដកស្រង់ពីសារព័ត៌មានUSA Today)។
៤. ពិធីបុណ្យផ្សេងៗដូចជាហាឡូវីនគឺប្រឆាំងនឹងសេចក្ដីបង្រៀនក្នុងគម្ពីរ។ គម្ពីរព្រមានថា៖«ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យមានអ្នកណាម្នាក់ . . . [ធ្វើជា]គ្រូមើលប្រផ្នូល គ្រូធ្មប់ គ្រូដាក់អំពើ . . . គ្រូខាប គ្រូទាយ ឬគ្រូអន្ទងខ្មោចដែរ»។—ការបំភ្លឺច្បាប់ ១៨:១០, ១១; សូមពិនិត្យបន្ថែមច្បាប់លេវី ១៩:៣១; កាឡាទី ៥:១៩-២១
ពេលគិតពិចារណាអំពីចំណុចខាងលើនេះ ជាការល្អឲ្យលោកអ្នកស្វែងយល់អំពីប្រភពដើមនៃបុណ្យហាឡូវីនឬបុណ្យផ្សេងទៀតដែលស្រដៀងនឹងនោះដែរ។ បើលោកអ្នកយល់កាន់តែច្បាស់អំពីប្រភពនៃបុណ្យទាំងនោះ លោកអ្នកប្រហែលជាចង់រួមចំណែកជាមួយនឹងមនុស្សជាច្រើនទៀតដែលមិនចូលរួមពិធីបុណ្យទាំងនោះ។
គ្រូធ្មប់ម្នាក់បាននិយាយថា៖«អ្នកកាន់សាសនាគ្រិស្ត‹មិនដឹងអំពីប្រភពនៃបុណ្យនេះទេ តែពួកគេធ្វើបុណ្យនេះជាមួយយើងដែរ។ . . . យើងសប្បាយណាស់›»(ដកស្រង់ពីសារព័ត៌មានUSA Today)